៦យ៉ាង បង្ហាញថាខួរក្បាលអ្នកកំពុងផ្ទុកសម្ពាធធ្ងន់ គួរសម្រាកលំហែបន្តិចសិន
- 2019-04-29 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦យ៉ាង បង្ហាញថាខួរក្បាលអ្នកកំពុងផ្ទុកសម្ពាធធ្ងន់ គួរសម្រាកលំហែបន្តិចសិន
បេះដូងគឺជារបស់បញ្ជាខ្លាំងជាងគេនៅក្នុងរាងកាយមនុស្ស ហើយវាលោតគ្រប់នាទីទាំងអស់។ កាលណាបេះដូងហត់នឹងបញ្ហា វានឹងបញ្ជូនសម្ពាធទោកាន់ខួរក្បាល ធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់នឿយខ្លាំង លែងចង់ធ្វើអ្វីទាំងអស់។ បើមានកំពុងតែមានសញ្ញា ៦យ៉ាងនេះ គូរសម្រាកលំហែបន្តិចសិនទៅ ដើម្បីអាចបន្ធូរភាពតានតឹងចេញពីខ្លួន។
១. មានអារម្មណ៍ឯកោ
ពេលជុំជាមួយមិត្តភ័ក្តិ ឬមានកម្មវិធីជប់លៀង មនុស្សច្រើនកុះករយ៉ាងណា ក៏អ្នកតែមានអារម្មណ៍ថាឯកោកណ្តោចកណ្តែង រកនរណាម្នាក់យល់ចិត្តខ្លួនឯងមិនបាន។ អ្នកតែងចង់ស្វែងរកមនុស្សម្នាក់មកអង្គុយស្តាប់ពីបញ្ហាទាំងអស់ក្នុងចិត្ត ពិសេសនៅពេលភាពរីករាយធ្លាក់ដល់កម្រិតសូន្យ។
២. ហត់នឿយចំពោះរឿងគ្រប់បែបយ៉ាង
នៅពេលរវល់ អ្នកតែងគិតចង់មានពេលសម្រាក ប៉ុន្តែដល់ទំនេរហើយ អ្នកបែរជានឿយហត់ធុញទ្រាន់ មិនចង់ធ្វើអ្វីទាំងអស់។ អាចបានត្រឹមបណ្តោយឲ្យពេលវេលាកន្លងផុតទៅទទេៗ។ កាន់តែគិត អ្នកកាន់តែមានអារម្មណ៍មិនល្អ។ មិនចង់គិត មិនចង់ខ្វល់ ប៉ុន្តែនៅតែស្មុគស្មាញគ្មានហេតុផល។ ពេលខ្លះចង់តែគេង មិនចង់បើកភ្នែកដឹងខ្លួនឡើយ។ សូម្បីរឿងភាគដែលធ្លាប់ចូលចិត្តមើលពីមុន ក៏អស់ចិត្តចង់ទៀតដែរ។
៣. ចង់គេចវេះពីជីវិតបច្ចុប្បន្ន
អ្នកមិនពេញចិត្តនូវជីវិតសព្វថ្ងៃនេះទេ ថែមទាំងចង់គេចខ្លួនឲ្យផុតៗទៀត។ អ្នកគិតស្រមើស្រមៃ ចង់បានជីវិតបែបនេះបែបនោះ ចង់ប្រើសមត្ថភាពរកលុយឲ្យបានច្រើន ចង់ជួបដៃគូល្អ ចង់ដើរលេងជុំវិញពិភពលោកជាដើម។ មហិច្ឆតាធំខ្ពស់ហួសកម្រិតទាំងនោះហើយ ដែលបណ្តាលឲ្យខួរក្បាលវិលវល់គ្មានលំនឹង ក្នុងការចាប់ផ្តើមពីតូចទៅធំ។
៤. មិនរំភើបសប្បាយចេញពីក្នុងចិត្ត
ទោះបីជាមានរឿងល្អកើតឡើងជុំវិញខ្លួន ប៉ុន្តែអ្នកមានអារម្មណ៍ធម្មតាៗ មិនរំភើបសប្បាយអីបន្តិចសោះ។ សូម្បីតែសើច ក៏មិនចេញពីចិត្ត ដូចមានលាក់របស់អ្វីម្យ៉ាងក្នុងខ្លួន។ ជួនកាលអ្នកឆាប់ខឹងមួម៉ៅ អន់ចិត្ត កើតទុក្ខ និងគ្មានកម្លាំងចិត្តដូចមុនទេ។
៥. ចង់សំងំនៅតែឯងៗ
អ្នកលែងមានចិត្តចង់ចេញទៅខាងក្រៅ មិនចង់ជួបមនុស្សម្នា សូម្បីតែមិត្តជិតស្និទ្ធ ព្រោះអ្នកជឿថា ខ្លួនឯងគ្មានរឿងល្អៗដែលអាចចែករំលែកទៅកាន់អ្នកដទៃបាន។ បើចេញទៅ មានតែស្ពាយទុក្ខ មិនអាចធ្វើឲ្យខ្លួនឯងនិងអ្នកដទៃសប្បាយចិត្តបាន។ ហេតុនេះហើយ ទើបបានជាពេលទំនេរចង់សំងំនៅតែឯងៗ។
៦. ពិបាកចិត្តមិនឈប់
ខំព្យាយាមបន្តគំនិតវិជ្ជមានយ៉ាងណា នៅតែគ្មានកម្លាំងកំហែងឆ្ពោះទៅមុខ។ រាងកាយមានសុខភាពល្អធម្មតា ថាមពលក្នុងចិត្តធ្លាក់នៅកម្រិតទាបមិនគូរឲ្យជឿ។ មួយថ្ងៃៗ មានរឿងពិបាកចិត្តមិនឈប់ ព្យាយាមរកដំណោះស្រាយ នៅមិនអាចទៅរួចដដែល។
ប្រសិនបើអ្នកកំពុងមានសញ្ញាដូចបានរៀបរាប់ខាងលើពិតមែន ប្រញាប់ថែរក្សាខ្លួនឡើងវិញជាបន្ទាន់ កុំទុក្ខយូរឲ្យសោះ។ អាចដកឃ្លាពីកិច្ចការផ្សេងៗបន្តិច ដើម្បីសម្រាកលំហែកាយ។ បើនៅតែមិនប្រសើរឡើងទៀត គួរទៅជួបគ្រូពេទ្យជំនាញដើម្បីប្រឹក្សាយោបល់ និងព្យាបាលឲ្យទាន់ពេលវេលា៕
ចុចអានបន្ត៖