ស្រីៗ​ហ៊ាន​ធ្វើ​ចិត្ត​ដាច់ លះ​បង់​ចោល​រឿង​ទាំង​នេះ ជីវិត​នឹង​ស្រស់​បំព្រង​ភ្លាម

  • 2019-04-10 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​ជា​មនុស្ស​ស្រី កុំ​ចាំ​ដល់​វ័យ​៥០​ឆ្នាំ​ ទើប​ហ៊ាន​បោះបង់​រឿង​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​សប្បាយ​ចិត្ត ហើយ​តាំង​ប្រើ​ពាក្យ​ថា “ប្រសិន​បើ​ថ្ងៃ​មុន”។

អ្នក​មាន​ធ្លាប់​សួរ​ខ្លួន​​ឯង​ទេ​ថា នៅ​ក្នុង​មួយ​ជីវិត​នេះ អ្នក​បាន​ស្ដាយ​ក្រោយ​ប៉ុន្មាន​រឿងហើយ ហើយ​រឿង​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​មិន​បាន? តាម​ការ​ពិត កំហុស​មួយ​ចំនួន មិន​គួរ​បំភ្លេច​ឡើយ ព្រោះ​វា​ជា​មេរៀន​ដ៏​មាន​តម្លៃ។ តែ​មាន​រឿង​មួយ​ចំនួន​ដែល​ខ្លួន​មិន​គួរ​យក​ដាក់​ខ្លួន​នោះ​ទេ ព្រោះ​វា​បាន​ត្រឹម​ធ្វើ​ទុក្ខ​បុក​ទម្នេញ​យើង​ប៉ុណ្ណោះ។ រឿង​នានា ខាង​ក្រោម​នេះ បើ​អ្នក​បោះបង់​ចោល​បាន គឺ​ប្រៀប​ដូច​ដក​បន្លា​ចេញ​ពី​ទ្រូង។

១. ភាព​សោកសៅ​ក្នុង​អតីតកាល

ការ​ពិបាក​គឺ​ជា​រឿង​ដែល​ពូកែ​ឆ្លង​រាលដាល ប្រសិនបើ​អ្នក​រស់​នៅ​តែ​ក្នុង​ភាព​សោកសៅ នោះ​ប្រៀប​ដូច​អ្នក​កំពុង​ជ្រមុជ​ខ្លួន​ឯង​ចូល​សមុទ្រ​ទុក្ខ។ គួរ​យក​ពេល ដែល​គិត​ពី​រឿង​ដែល​ហួស​ហើយ​ក្នុង​អតីតកាល​នេះ មក​ផ្ដោត​លើ​បច្ចុប្បន្ន​វិញ​​ថា​តើ​គួរ​ធ្វើ​យ៉ាង​ម៉េច ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ទើប​មាន​ប្រយោជន៍ ព្រោះ​ទោះ​បី​ជា​យ៉ាងណា ក៏​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​រឿង​ដែល​កើត​ឡើង​ហើយ​បាន​ដែរ។

២. ភាព​​កំសាក អន់​ចិត្ត​ខ្លួន​ឯង

ចង់​មាន​ក្ដី​សុខ​ត្រូវ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន កុំ​មើល​គេ​ហើយ​រត់​តាម​ទាំង​ខ្លួន​មិន​មាន​សមត្ថភាព​ឲ្យ​សោះ។ ហើយ​ក៏​កុំ​ប្រៀបធៀប​គេ​ជាមួយ​ខ្លួន​ឯង ហើយ​អន់ចិត្ត​អី។ អ្វី​ដែល​យើង​ឃើញ គ្រាន់​តែ​ជា​សម្បក​ក្រៅ​នោះ​ទេ។ យើង​មាន​ទៅ​ដឹង​ឯណា នៅ​ក្នុង​ផ្ទះ​វីឡា​ដែល​គេ​នៅ​នោះ មាន​ផ្ទុក​ទឹក​ភ្នែក​ឬ​អត់ និង​ក្នុង​ឡាន​ដែល​គេ​ជិះ​នោះ ធ្លាប់​មាន​ជម្លោះ​អ្វី​ខ្លះ​ដែល​កើត​ឡើង​ក្នុង​នោះ។ សូមរីករាយ​នឹង​អ្វី​ខ្លួន​មាន ដោយ​មិន​ចាំ​បាច់​ប្រៀប​ធៀប​នឹង​គេ។

៣. កំហឹង និង​គំនុំ

រស់​លើលោក​នេះ រឿង​មួយ​គត់​ដែល​មិន​អាច​លើក​លែង​បាន​គឺ​មនុស្ស​ក្បត់ ក្រៅ​ពី​នោះ អ្វី​ដែល​ចោល​បាន​ គួរ​ចោល​ទៅ ទុក​នាំ​តែ​ធ្ងន់​ចិត្ត​ហើយ​គ្មាន​បាន​អី​មក​វិញ។ ឃ្លា​ដែល​ថា ១០​ឆ្នាំ​សង​សឹក​ក៏​មិន​ហួស​ពេល​នោះ គឺ​ប្រើ​បាន​តែ​ក្នុង​រឿង​ភាគ​ទេ បើ​ជីវិត​ខាង​ក្រៅ អ្នក​ប្រកាន់​នូវ​ពាក្យ​​នេះ​នោះ អ្នក​បាន​ត្រឹម​យក​ក្ដៅ​ក្រហាយ​ដាក់​ខ្លួន​ប៉ុណ្ណោះ។

៤. សម្ពាធ​មង្គលការ

កើត​ជា​មនុស្ស​ស្រី តែង​ត្រូវ​គេ​ដាក់​កំហិត​ថា ដល់​អាយុ​ណា​គួរ​ធ្វើ​អី ជា​ពិសេស​គឺ​រឿង​មង្គលការ​តែ​ម្ដង។ ស្រី​ៗ​អាយុ​លើស​២៥​ឆ្នាំ តែ​មិន​ទាន់​មាន​ប្ដី នឹង​ត្រូវ​គេ​មើល​ដោយ​កែវ​ភ្នែក​ចម្លែក។ តែ​ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​នោះ កុំ​ដោយ​សារ​តែ​សម្ពាធ​របស់​អ្នក​ដទៃ​ហើយ​បង្ខំ​ខ្លួន​យក​ប្ដី​ឲ្យ​សោះ។ វា​អាច​ផ្គាប់​ចិត្ត​អ្នក​ផង​បាន​មួយ​ពេល តែ​អ្នក​អាច​រង​ទុក្ខ​មួយ​ជីវិត៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម