តៅហ៊ូ​មាន​តម្លៃ​ថោក ងាយ​រក​ទិញ តែ​មាន​​ប្រយោជន៍​​ចំពោះ​សុខភាព​​​ច្រើន​ហួស​ស្មាន

  • 2019-03-25 07:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តៅហ៊ូ​ត្រូវ​បាន​ផលិត​ចេញ​ពី​សណ្ដែក​សៀង​ដោយ​វិធី​បង្កក ឬ​ធ្វើ​ឱ្យ​រឹង ប៉ុន្តែ​​​​​គ្មាន​ការ​ប្រើ​ម្សៅ​ស្អិត​ដូច​ដែល​ឃើញ​ឡើយ។ វា​ជា​អាហារ​ដែល​មាន​កម្រិត​កាឡូរី​ទាប គ្មាន​ខូលេស្តេរ៉ូល និង​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក និង​កាល់ស្យូម​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព។

លើស​ពី​នេះ​ទៅ​ទៀត បរិមាណ​កាបូហាយដ្រាត​ដែល​មាន​នៅ​ក្នុង​តៅហ៊ូ​មាន​កម្រិត​ទាប ហេតុ​នេះ​ហើយ​វា​គឺ​ជា​អាហារូបត្ថម្ភ​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​ធាត់​ជ្រុល ដុះ​ក្បាល​ពោះ និង​ជា​អាហារ​ថ្នាំ​សម្រាប់​នារីៗ​ទៀត​ផង។​

ចុចអាន៖ ជៀស​បាន​ជៀស​ទៅ​! ​អាហារ​​ ៥ ​ប្រភេទ​នេះ​ស្រី​ៗមិន​គួរ​ញ៉ាំ​ទេ​​ពេល​មករដូវ

អាហារ​ដែល​គួរ​ញ៉ាំ​គូ​ជាមួយ​តៅហ៊ូ​ដើម្បី​បាន​សារប្រយោជន៍​កាន់​តែ​លើស​លប់

តៅហ៊ូ+ ទឹក​ដោះ​គោ = សារធាតុ​បំប៉ន​ទ្វេ​ដង

ការ​ញ៉ាំ​អាហារ​ទាំង​ពីរ​មុខ​បញ្ចូល​គ្នា​គឺ​ដូច​ជា​ការ​ផ្សំ​គ្នា​រវាង​ប្រូតេអ៊ីន​ពី​រុក្ខជាតិ និង​ប្រូតេអ៊ីន​ពី​សត្វ​ដូច្នោះ​ដែរ។ នៅ​ពេល​អ្នក​ញ៉ាំ​តៅហ៊ូ ហើយ​ផឹក​ទឹក​ដោះ​គោ​ក្នុង​ពេល​តែ​មួយ​ បាន​ន័យ​ថា​អ្នក​នឹង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទ្វេ​ដង​ទៅ​ដល់​រាងកាយ ដែល​ល្អ​សម្រាប់​ការ​លូត​លាស់។

តៅហ៊ូ +ចេក = សម្រួល​ការ​បន្ទោរ​បង់

ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម និង​ម៉ាញេស្យូម​ ចំណែក​តៅហ៊ូ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម។ ហេតុ​នេះ​ហើយ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទល់​លាមក ពិបាក​បន្ទោរបង់ ជា​ពិសេស​សម្រាប់​មនុស្ស​វ័យ​កណ្ដាល និង​វ័យ​ចំណាស់​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ គួរ​សាក​ល្បង​ញ៉ាំ​ផ្លែ​ចេក​ផ្គួប​ជាមួយ​តៅហ៊ូ​ដើម្បី​សម្រួល​ដំណើរ​ការ​ពោះវៀន​ឱ្យ​មាន​កម្លាំង​រុញ​កាក​សំណល់​ចេញ​មក​ក្រៅ និង​ទប់​ស្កាត់​អាការ​ទល់​លាមក។

តៅហ៊ូ+ ស៊ុត​លឿង = បង្កើន​សមត្ថភាព​ស្រូប​យក​កាល់ស្យូម

ដូច​ដឹង​ស្រាប់​ហើយ តៅហ៊ូ​សម្បូរ​ជាតិ​កាល់ស្យូម ហើយ​ស៊ុត​លឿង​សម្បូរ​ដោយ​វីតាមីន D ដែល​វីតាមីន​ D នេះ​ជួយ​សម្រួល​ការ​ស្រូប​យក​ជាតិ​កាល់​ស្យូម​កាន់​តែ​​បាន​ល្អ។ ដូច្នេះ​ការ​ញ៉ាំ​របស់​ទាំង​ពីរ​ជាមួយ​គ្នា​គឺ​ជា​ជម្រើស​ដ៏​ល្អ។

ចុចអាន៖ ទំពាំង​ញ៉ាំ​ឆ្ងាញ់​​មែន តែ​បើ​ចំអិន​មិន​ត្រូវ​វិធី អាច​នាំ​ឲ្យ​ពុល​ដល់​ស្លាប់បាន

តៅហ៊ូ +សារ៉ាយ = ពន្យារ​ភាព​ចាស់ សម្រួល​ចរន្ត​ឈាម

សារ៉ាយ​សមុទ្រ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូច​ជា ប៉ូតាស្យូម អ៊ីយ៉ូដ ​និង​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ដែល​នាំ​ឱ្យ​សរសៃ​ឡើង​រឹង ជួយ​បញ្ចុះ​សម្ពាធ​ឈាម និងមាន​ជាតិ​កាក​សរសៃ​ដ៏​ច្រើន​ក្រៃ​លែង​សម្រាប់​ជួយ​ពន្យារ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ឱ្យ​រត់​លឿន។

តាម​ការ​សិក្សា​បាន​ឱ្យ​ដឹង​ថា ការ​យក​តៅហ៊ូ និង​សារ៉ាយ​សមុទ្រ​ទៅ​ធ្វើ​ម្ហូប​ចូល​គ្នា​អាច​ជួយ​ឱ្យ​អ្នក​ញ៉ាំ​គ្រប់​គ្រង​សម្ពាធ​ឈាម​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​​ស្រួល ដែល​ល្អ​​សម្រាប់​មនុស្ស​វ័យ​កណ្ដាល និង​វ័យ​ចំណាស់។

តៅហ៊ូ + បន្លែ​បៃតង = បង្កើន​សមត្ថភាព​ប្រឆាំង​អុកស៊ីតកម្ម

សារធាតុ​បំប៉ន​ក្នុង​តៅហ៊ូ​ និង​ក្នុង​បន្លែ​បៃតង​គឺ​លើស​លប់​ដូច​គ្នា។ ការ​យក​របស់​ទាំង​ពីរ​មុខ​នេះមក​ធ្វើ​ម្ហូប​អាច​ជួយ​បង្កើន​កម្រិត​ជាតិ​កាក​សរសៃ​ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ប្រឆាំង​អុកស៊ីតកម្ម​ការ​ពារ​រាងកាយ ទប់​ស្កាត់​ភាព​ចាស់​បាន​ទៀត​ផង។

ចុចអាន៖ អាហារ​៥​យ៉ាង​មិន​គួរ​កម្ដៅ​ញ៉ាំ​ឡើង​វិញ​ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់!

តៅហ៊ូ +ខ្ទឹម​ស = សម្រក​ទម្ងន់ កាត់​ជាតិ​ខ្លាញ់

នេះ​ជា​វិធី​ដែល​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់ ជា​ពិសេស​សម្រាប់​អ្នក​ធាត់ៗ​ចង់​សម្រក​ទម្ងន់។ ជំនួស​ឱ្យ​ការ​ញ៉ាំ​តៅហ៊ូ​ស្ងោរ អ្នក​អាច​ងាក​មក​ចៀន​ហើយ​បន្ថែម​ខ្ទឹម​លីង​ឈ្ងុញៗ​ដាក់​ពី​ដើម្បី​កាន់​តែ​មាន​ប្រសិទ្ធភាព។ បើ​អ្នក​បារម្ភ​ពី​ការ​ឡើង​គីឡូ​ដោយ​សារ​ការ​ញ៉ាំ​តៅហ៊ូ​ដែល​សម្បូរ​ប្រូតេអ៊ីន​ច្រើន​នោះ ខ្ទឹម​ស​នឹង​អាច​ជួយ​មិន​ឱ្យ​អ្នក​ធាត់​លើស​គីឡូ និង​សម្រក​ខ្លាញ់​បាន។

ចុចអាន៖ ​​​​​​​​​វិធី​​សាស្រ្ត​​ការពារ​​ជំងឺ​​មហារីក​ ដែល​​​​អ្នក​​​គួរ​​យក​​ចិត្ត​​​ទុក​​ដាក់​​បំផុត

គុណ​ប្រយោជន៍​រួម​របស់​តៅហ៊ូ

-ការ​ពារ​ជំងឺ​បេះដូង

-ការ​ពារ​ជំងឺ​មហារីក​ពោះវៀន និង​ក្រពេញ​ប្រូស្តាត (សម្រាប់​បុរសៗ)

-កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម

-ការ​ពារ​ការ​ជ្រុះ​សក់

-ទប់​ស្កាត់​ភាព​ចាស់​ជាង​វ័យ

-ជំនួយ​ឆ្អឹង​ ជា​ពិសេស​សម្រាប់​ស្ត្រី​ស្ថិត​ក្នុង​វ័យ​អស់​រដូវ

ផល​វិបាក​នៃ​ការ​ញ៉ាំ​តៅហ៊ូ​ច្រើន​ជ្រុល

ជំងឺ​មហារីក​សុដន់៖

នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ឱ្យ​ច្បាស់​លាស់​នៅ​ឡើយ ព្រោះ​ការ​សិក្សា​ខ្លះ​អះ​អាង​ថា តៅហ៊ូ​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​នេះ តែ​ការ​សិក្សា​ខ្លះ​បែរ​ជា​ថា​វា​អាច​បណ្ដាល​ឱ្យ​ស្ត្រី​ទៅ​ជា​កើត​ជំងឺ​នេះ​ទៅ​វិញ)

បង្ក​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​សម្រាប់​បុរស៖

តាម​​អ្នក​ឯកទេស​ផ្នែក​អាហារូបត្ថម្ភ​ជនជាតិ​ឥណ្ឌា​ឈ្មោះ​ថា Neha Sanwalka បាន​អះ​អាង​ថា ការ​ញ៉ាំ​តៅហ៊ូ​ច្រើន​ពេក ជា​ពិសេស​សម្រាប់​បុរស​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​អសមត្ថភាព​ផ្លូវ​ភេទ កាត់​បន្ថយ​ចំណង់ បរិមាណ​ទឹក​កាម​ក៏​មាន​ការ​ថយ​ចុះ។

កើត​ទៅ​ជា​ក្រួស​តម្រងនោម៖

តាម​ការ​ស្រាវជ្រាវ​របស់​​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​កសិកម្ម និង​គីមី​ចំណី​អាហារ​របស់​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​តៅហ៊ូ​មាន​សារធាតុ​អុកសាឡាត (Oxalate) ដែល​អាច​​​វិវត្ត​ទៅ​ជា​ក្រួស​ក្នុង​តម្រងនោម។ កាល​ណា​ អុកសាឡាត​ចូល​ទៅ​ក្នុង​ទឹក​នោម ហើយ​​​ផ្ដុំ​ជា​មួយ​ជាតិ​កាល់ស្យូម​ វា​នឹង​​មិន​​​​រលាយ​​​ដូច​សារធាតុ​ផ្សេង​ ដែល​នាំ​បញ្ហា​ដល់​តម្រងនោម៕

​​​

ប្រភព៖ Zing | bbcgoodfood | medicalnewstoday ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម