អាហារ​៥​យ៉ាង​មិន​គួរ​កម្ដៅ​ញ៉ាំ​ឡើង​វិញ​ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់!

  • 2018-10-05 03:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទទួលទាន​អាហារ​ដែល​សុវត្ថិភាព​គឺ​ត្រូវ​ធ្វើ​ឲ្យ​ឆ្អិន​ល្អ​ដើម្បី​សម្លាប់​បាក់តេរី​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់។ ប៉ុន្តែ​ការ​កម្ដៅ​អាហារ​លើស​ពី​ម្ដង ឬ​កម្ដៅ​ហើយ​កម្ដៅ​ទៀត​អាច​ធ្វើ​អាហារ​ចេញ​ជាតិ​ពុល​បាន ជា​ពិសេស​សម្រាប់​អាហារ​ខាង​ក្រោម​នេះ៖

១. ស៊ុត​ស្ងោរ និង​ស៊ុត​ចៀន៖ អាហារ​ដែល​មាន​ប្រើ​ស៊ុត​ជា​គ្រឿង​ផ្សំ​អាច​យក​មក​កម្ដៅ​ម្ដង​ទៀត​ដោយ​គ្មាន​បញ្ហា ប៉ុន្តែ​សម្រាប់​ស៊ុត​ស្ងោរ និង​ស៊ុត​ចៀន​​តែ​ម្ដង បើ​កម្ដៅ​ម្ដង​ហើយ​ម្ដង​ទៀត នឹង​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ផ្លាស់​ប្ដូរ​សភាព និង​អាច​ឲ្យ​អ្នក​បរិភោគ​មិន​ស្រួល​ខ្លួន​បាន។

២. ផ្សិត៖ ផ្សិត​ដែល​មិន​ពុល​គ្រប់​ប្រភេទ​អាច​យក​មក​ធ្វើ​ជា​គ្រឿងផ្សំ​ក្នុង​ម្ហូប​បាន ប៉ុន្តែ​មិន​គួរ​យក​មក​កម្ដៅ​​ច្រើន​ដង​ទេ ព្រោះ​នឹង​ធ្វើ​ឲ្យ​សារជាតិ​ប្រូតេអ៊ីន​ប្រែប្រួល បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ក្រពះ។

៣. ដំឡូង​បារាំង៖ បន្ទាប់​ពី​ចម្អិន​ឲ្យ​ឆ្អិន​ម្ដង ហើយ​ទុក​ឲ្យ​​ដល់​ត្រជាក់ ឬ​ទុក​ក្នុង​ទូ​ទឹក​កក វា​នឹង​មាន​ការ​លូតលាស់​នៃ​មេរោគ​​ Botulinum ហើយ​បើ​សិន​យក​ទៅ​កម្ដៅ​ទៀត​នឹង​បង្ក​ជា​ជាតិ​ពុល​បាន។

៤. សាច់​មាន់៖ ការ​យក​សាច់​មាន់​ដែល​ឆ្អិន​ហើយ​មក​កម្ដៅ​ជា​ថ្មី នឹង​ធ្វើ​ជាតិ​ប្រូតេអ៊ីន​ដែល​ស្ថិត​ក្នុង​សាច់​ប្រែ​សភាព ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បរិភោគ​មួយ​ចំនួន​​កើត​មាន​បញ្ហា​ពាក់ព័ន្ធ​ប្រព័ន្ធ​រំលាយ​អាហារ។

៥. បាយ៖ ការ​ពិត​ទៅ​ ការ​កម្ដៅ​បាយ​មិន​បាន​ធ្វើ​ឲ្យ​កកើត​ជាតិ​ពុល​​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ការ​​រក្សា​ទុក​អង្ករ​​ថា​តើ​វា​មាន​សុវត្ថិភាព​ប៉ុណ្ណា។ បើ​អង្ករ​មាន​ជាប់​មេរោគ​បាក់តេរី​ច្រើន​ ទោះ​បាយ​ដាំ​ឆ្អិន​ក៏​មេរោគ​មិន​ងាប់​អស់​ដែរ ហើយ​មេរោគ​​នឹង​អាច​រីក​លូតលាស់​នៅ​ពេល​ទុក​វា​ចោល​យូរ​​ក្នុង​សីតុណ្ហភាព​ធម្មតា។ បើ​​យើង​យក​វា​មក​កម្ដៅ​ម្ដង​ទៀត​វា​នឹង​ធ្វើ​ឲ្យ​កើត​មាន​ជាតិ​ពុល​ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​មាន​អាការ​ក្អួត​ចង្អោរ ឬ​ចុក​ពោះ​បាន។ ដូច្នេះ​បាយ​​ដែល​ញ៉ាំ​សល់ អ្នក​គួរ​រក្សា​វា​ក្នុង​ទូទឹក​កក​​ដើម្បី​ទប់​ស្កាត់​ការ​រីក​លូតលាស់​របស់​បាក់តេរី ៕

ប្រភព៖ manager ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន