កុំ​ជឿ​ពាក្យ​ថា«ស្រឡាញ់»​ចេញ​ពី​មាត់​គេ តែ​ត្រូវ​ជឿ​លើ​ភ្នែក​ និង​បេះ​ដូង​អ្នក​វិញ

  • 2019-03-18 02:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ឲ្យ​តែ​បាន​ស្ដាប់​ពាក្យ​ផ្អែម​គឺ​ជឿ​គេ​ងប់​ខ្លួន​តែ​ម្ដង។ គ្រប់ពេល​គេ​តែង​ផ្ញើសារ​មក​ផ្អែមល្ហែម​បំផុត ហើយ​ពាក្យ​ដែល​គេ​ថា​ស្រឡាញ់​ប្រពន្ធ​ក៏​មិន​ដែល​ភ្លេច​និយាយ​ដែរ ប៉ុន្តែ​មាន​មនុស្ស​ប្រុស​ជា​ច្រើន​និយាយ​ថា​ស្រឡាញ់​ប្រពន្ធ​នៅ​នឹង​មុខ​ប្រពន្ធ​ តែ​ខាង​ក្រោយ​វិញ​មាន​ស្រី​រាប់​មិន​អស់។

រូបតំណាង

ពី​ព្រោះ​តែ​ពាក្យ​ថា «​បង​ស្រឡាញ់អូន»​នេះ​ហើយ ទើប​ខ្ញុំ​មិន​ដែល​ចង់​បោះបង់​ចំណង​អាពាហ៍ពិពាហ៍​នេះ។ បន្ទាប់​ពី​គាត់​ញ៉ាំ​អាហារ​​ថ្ងៃ​ត្រង់​រួច គាត់​ក៏​ត្រឡប់​មក​និយាយ​ពាក្យ​នេះ​ម្ដង​ទៀត ពេល​នោះ​ហើយ​ជា​ពេល​ដែល​ខ្ញុំ​លាក់​ការ​ឈឺចាប់​ខ្ញុំ​ទាំង​ប៉ុន្មាន​ទុក​ក្នុង​ទ្រូង។

កន្លះ​ខែ​មក​ទៀត​ខ្ញុំ​បាន​ឃើញ​សារ​ដ៏​ផ្អែមល្ហែម ក្លិន​ទឹក​អប់​ដ៏​ក្រអូប​របស់​មនុស្ស​ស្រី។ តើ​ខ្ញុំ​អាច​ធ្វើ​អី​បាន​ទៅ?

ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អាច​អត់ធ្មត់​ខ្លាំង​បាន​ប៉ុណ្ណា​ទៀត​នោះ​ទេ ខ្ញុំ​អភ័យ​លើស​ពី​អភ័យ​ទៅ​ឲ្យ​គេ។ មិត្តភក្តិ​ស្ដី​ឲ្យ​ខ្ញុំ​ថា​ហេតុ​អី​នៅ​ទ្រាំ​បែប​នេះ? គ្រួសារ​ខ្ញុំ​បន្ទោស​ខ្ញុំ​យ៉ាង​ខ្លាំង ហើយ​បាន​ឲ្យ​ខ្ញុំ​ដាក់​ពាក្យ​លែងលះ​គ្នា។ តែ​គ្រប់​យ៉ាង​គឺ​ជា​កំហុស​ខ្ញុំ​ព្រោះ​ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន។ ខ្ញុំ​ពិត​ជា​មិន​អាច​ឲ្យ​គាត់​ទៅ​ក្នុង​ដៃ​មនុស្ស​ស្រី​ផ្សេង​នោះ​ទេ។ ប្រហែល​ខ្ញុំ​អាត្មានិយម​សុខ​ចិត្ត​ឱប​គេ​ជាប់​ទ្រូង​ជាង​ទទួល​បាន​ការ​ស្រឡាញ់​ពិត​ពី​គេ។

ស្រី​ទី​១​របស់​គេ​គឺ​ជា​ក្មេង​ស្រី​ដែល​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។ គាត់​ផ្គត់ផ្គង់​នាង​តាំង​ពី​តិចតួច​រហូត​ក្លាយ​ទៅ​ជា​អាជីព​ទៅ​ហើយ។ ពេល​គ្រួសារ​យើង​ចាប់​ផ្ដើម​មាន​បញ្ហា​រឿង​លុយ​កាក់ ជីវិត​គ្រួសារ​យើង​ក៏​ចាប់​ផ្ដើម​រកាំរកូស​គ្មាន​ថ្ងៃ​ស្រាន្ត។

ខ្ញុំ​ធ្លាប់​ស្ដាប់​រឿង​ដែល​គេ​និយាយ​ពី​ប្ដី​មាន​ស្រី តែ​ខ្ញុំ​មិន​យល់​ពី​ទំហំ​នៃ​ការ​ឈឺចាប់​នោះ​ទេ​ព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​នៅ​ក្នុង​រឿង​នោះ តែ​ពេល​នេះ​ខ្ញុំ​យល់​វា​ច្បាស់​ណាស់។ វា​ឈឺ​លើស​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​រំពឹង​ទុក។

រូបតំណាង

គាត់​បាន​សុំទោស​ខ្ញុំ ហើយ​និយាយ​ថា​គាត់​ពិត​ជា​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់ អ្នក​ផ្សេង​គ្រាន់​តែ​ជា​អ្នក​កំដរ​អារម្មណ៍​គាត់​ពេល​គាត់​ត្រូវ​ការ​តែ​ប៉ុណ្ណោះ។ គាត់​ពិត​ជា​មិន​ចង់​បែកបាក់​ជាមួយ​ខ្ញុំ​ទេ ហើយ​គាត់​ក៏​ផ្ដាច់​ការ​ទាក់ទង​ជាមួយ​នាង។ ដោយ​អំណាច​ចិត្ត​ដែល​ខ្ញុំ​នៅ​ស្រឡាញ់​គាត់​ខ្ញុំ​ក៏​បាន​អភ័យទោស​ឲ្យ​គាត់ ហើយ​គ្រួសារ​យើង​ក៏​ត្រឡប់​មក​ល្អ​ដូច​ពី​មុន។

ពេល​វេលា​កាន់​តែ​ដើរ​ទៅ​មុខ ទើប​តែ​ ៣​ខែ​សោះ​គាត់​ក៏​ចាប់​ផ្ដើម​ម្ដង​ទៀត។ ខ្ញុំ​បាន​តាម​ទាន់​នៅ​លើ​ខ្លួន​គាត់​មាន​ក្លិន​ទឹក​អប់​បារាំង ស្នាម​ក្រែម​នៅ​លើ​អាវ។ គាត់​ពិត​ជា​ឃោរឃៅ​ពេក​ហើយ​ចំពោះ​ខ្ញុំ។ ថ្ងៃនោះ​​ខ្ញុំ​បាន​ទទួល​សារ​មួយ​ពី​លេខ​ទូរស័ព្ទ​គាត់​ដោយ​បាន​សរសេរ​ថា« នាង​ប្រាកដ​ជា​ដឹង​ហើយ​មែន​ទេ ខ្ញុំ​គិត​ថា​នាង​ឆ្លាត​គ្រប់គ្រាន់​ណាស់ ហើយ​ក៏​យល់​​ពី​​ក្លិន​ទឹកអប់ និង​ស្នាម​ក្រែម​នោះ​ច្បាស់​ដែរ។ មិន​អីចឹង​ហី?»

ឃើញ​សារ​នេះ​ហើយ​ខ្ញុំ​ស្ទើរ​តែ​ក្លាយ​ជា​មនុស្ស​ឆ្កួត​ទៅ​ហើយ។ ខ្ញុំ​ក៏​យក​សារ​នេះ​ហើយ​ឲ្យ​គាត់​មើល តែ​គាត់​បាន​បដិសេធ។ ព្រោះ​តែ​ពាក្យ​ថា​ «បង​ស្រឡាញ់​អូន» ខ្ញុំ​ក៏​ទុក​ឱកាស​ឲ្យ​គាត់​បក​ស្រាយ។

គាត់​ប្រាប់​ថា​អ្នក​ធ្វើ​ការ​ជាមួយ​គាត់​ចង់​ធ្វើ​បាបគាត់​ យក​ទូរស័ព្ទ​​ពេល​គាត់​កំពុង​ប្រជុំ​ធ្វើ​បែប​នេះ​តែ​ប៉ុណ្ណោះ ។

ម្ដង​ទៀត​គឺ​ខ្ញុំ​បាន​ទទួល​សារ​រូបភាព​ដែល​គាត់​បាន​ឱប​ចង្កេះ​នាង​យ៉ាង​ត្រេកត្រអាល​បំផុត។ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​គេ​យក​ឡាម​មក​វះទ្រូង​ខ្ញុំ​រាប់​រយ​ឆ្នូត​អីចឹង។ ខ្ញុំ​ទន់​ខ្លួន​ដួល​ដល់​ដី ភ្នែក​បើក​ទាំង​ផ្សារ​ដូច​ហូរ​ឈាម​ចេញ​ពី​ភ្នែក ហើយ​នឹក​ឃើញ​នូវ​ពាក្យ​ដែល​គាត់​តែង​​ថា«បងស្រឡាញ់អូន»។ ខ្ញុំ​កោត​ណាស់​ ហេតុអី​គាត់​និយាយ​ពាក្យ​នេះ​ចេញ​ពី​មាត់​កើត? នឹក​ដល់​ពាក្យ​នេះ​ខ្ញុំ​ហួស​ចិត្ត​ចង់​តែ​សើច​ព្រោះ​ប្រហែល​ពាក្យ​នេះ​គាត់​ប្រើ​ជាមួយ​មនុស្ស​ស្រី​ជាច្រើន​រួច​មក​ហើយ។

រូបតំណាង

គាត់​មក​ដល់​ផ្ទះ​ឃើញ​រូប​នេះ​ គាត់​ក៏​បាន​និយាយ​គ្រាន់​តែ​ជា​មិត្ត​រួម​ការងារ​តែ​ប៉ុណ្ណោះ​ព្រោះ​ពេល​នោះ​គឺ​ជប់លៀង​រាំរែក​សប្បាយ​ ដូច្នេះ​ពេល​ខ្លះ​ក៏​ស្និទ្ធ​គ្នា​ដោយ​មិន​បាន​ចាប់អារម្មណ៍។

ខ្ញុំ​លឺ​ពាក្យ​ទាំង​នោះ​ហើយ​អ្វី​ក៏​ខ្ញុំ​និយាយ​មិន​ចេញ​បាន​ត្រឹម​តែ​ស្រក់​ទឹកភ្នែក​ចោល​ឥត​អំពើ។ មក​ដល់​ពេល​នេះ​ខ្ញុំ​ពិត​ជា​អាណិត​ខ្លួន​ឯង​ណាស់។ ហេតុ​អី​ខ្ញុំ​ល្ងង់​ដល់​ថ្នាក់​នេះ? ខ្ញុំ​ឆ្កួត​ដោយសារ​តែ​ពាក្យ​ស្រឡាញ់​របស់​គេ​រហូត​​លែង​ខ្វល់​ពី​ទំហំ​នៃ​ការ​ឈឺចាប់​របស់​ខ្លួន​ឯង។

អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​មនុស្ស​ស្រី​ដទៃ​ទៀត​គឺ ត្រូវ​ជឿ​ពាក្យ​ថា​ស្រឡាញ់​ជាមួយ​នឹង​ភ្នែក​របស់​អ្នក បេះដូង​របស់​អ្នក កុំ​ជឿ​វា​ដោយសារ​ត្រចៀក​អ្នក​អី។ ពាក្យ​ដែល​ចេញ​មក​ពី​មាត់​មនុស្ស​ប្រុស​គឺ​គ្មាន​ន័យ​អី​ទាំង​អស់​ នៅ​ពេល​គេ​មិន​បាន​បង្ហាញ​ទង្វើ​ឲ្យ​អ្នក​ឃើញ៕

ចុចអាន៖ធ្លាប់​ទេ ​ឈឺ​ចាប់​ព្រោះ​ស្រលាញ់​មនុស្ស​ដែល​ខ្លួន​មិន​គួរ​ស្រលាញ់? អ្នក​មាន​វិបត្តិ​ស្នេហ៍​គួរ​តែ​អាន

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា