ស្រី​ៗ​រក​លុយ​មិន​បាន កុំ​សង្ឃឹម​មាន​សិទ្ធិ​ស្មើ​ជាមួយ​មនុស្ស​ប្រុស​ក្នុង​គ្រួសារ​ឲ្យ​សោះ

  • 2019-03-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​ជា​មនុស្ស​ស្រី បើ​រក​លុយ​ខ្លួន​ឯង​មិន​បាន​ទេ មាន​ន័យ​ថា​ខ្លួន​កំពុង​បាត់​សិទ្ធិ​មួយ​ចំណែក​ទៅ​លើ​ដៃ​គេ​បាត់​ទៅ​ហើយ។ ទោះ​តិច​ច្រើន​ក្ដី មនុស្ស​ស្រី​ឆ្លាត​ត្រូវ​តែ​មាន​ការងារ​មួយ​សម្រាប់​ខ្លួន​ឯង ហើយ​រក​លុយ​ឲ្យ​បាន​ខ្លួន​ឯង កុំ​ឲ្យ​គេ​មើល​ងាយ។

រូបតំណាង

រៀបការ កើត​កូន ហើយ​សម្រាក ៦ ខែ​មើល​កូន​គ្មាន​ពេល​សម្រាក​ទើប​ធ្វើ​ឲ្យ​ស្ត្រី​ភ្លឺ​ភ្នែក​ថា ពេល​រក​លុយ​ចូល​មិន​បាន ហើយ​ត្រូវ​រ៉ាប់រង​ការងារ​ផ្ទះ​ទាំង​អស់​ថា​វា​ពិបាក​យ៉ាង​ណា។ បើ​កូន​សុខភាព​មិន​ល្អ ឧស្សាហ៍​ឈឺ​ទៀត​នោះ សូម្បី​តែ​គេង ក៏​គ្មាន​ពេល​ដែរ។

ដូច​នេះ កុំ​ឲ្យ​គិត​ថា នៅ​ផ្ទះ​ឲ្យ​ប្ដី​ចិញ្ចឹម​គឺ​ស្រួល​នោះ។ ពេល​គេ​អារម្មណ៍​ល្អ ហើយ​ឃើញ​ថា​ផ្ទះ​សម្បែង​រៀប​ចំ​ស្អាត បាយ​ម្ហូប​ហើយ​អស់ នោះ​គេ​នឹង​សរសើរ​យើង​ថា​ជា​ប្រពន្ធ​ល្អ។ ផ្ទុយ​មក​វិញ ថ្ងៃ​ណា​មួម៉ៅ​ពី​ក្រៅ​មក ហើយ​គ្រាន់​តែ​ផ្ទះ​មិន​បាន​ដូច​ចិត្ត​បន្តិច​នោះ នឹង​ជះ​កំហឹង​លើ​ក្បាល​យើង​ភ្លាម​ៗ​ថា គ្រាន់​តែ​នៅ​ផ្ទះ​មើល​ផ្ទះ​សោះ ក៏​ធ្វើ​មិន​បាន​ល្អ​ដែរ។ ពេល​នេះ ប្រសិន​ជា​យើង​រក​លុយ​មិន​បាន​ទេ ហើយ​ចាំ​តែ​គេ​ផ្គត់​ផ្គង់​នោះ យើង​នឹង​ហារ​មាត់​និយាយ​អ្វី​មិន​ចេញ​ឡើយ ហើយ​អារម្មណ៍​នេះ​វា​ឈឺចាប់​ជា​ទី​បំផុត។

ពេល​គ្មាន​ការងារ រក​លុយ​មិន​បាន មនុស្ស​ស្រី​សូម្បី​តែ​សេរីភាព​ក៏​មិន​មាន​ផង។ ចង់​ប្ដី​ធ្វើ​អាក្រក់ គាប​សង្កត់​យ៉ាង​ណា​ក៏​យើង​មិន​អាច​បញ្ចេញ​សំឡេង មាន​តែ​លេប​ទឹក​ភ្នែក​ចូល​ក្នុង​ពោះ ហើយ​រក​អ្នក​ចែក​រំលែក​ក៏​គ្មាន។ បើ​រំពឹង​សាច់​ថ្លៃ​ខ្លះ មានតែ​ជាន់​ពន្លិច​ថែម​ទៀត។

រូបតំណាង

ដូច្នេះ​ហើយ មនុស្ស​ស្រី​ត្រូវ​ចាំ​ថា ក្រោយ​រៀបការ មាន​កូន ក៏​ត្រូវ​តែ​មាន​ការងារ​ធ្វើ។ អាច​ឲ្យ​ឪពុកម្ដាយ​ទាំង​សង​ខាង​ជួយ​មើល​កូន​ឲ្យ ឬ​ជួល​ម៉ែ​ដោះ​មើល​កូន​ក៏​បាន ទោះ​បី​ជា​ថ្លៃ​ជួល​នោះ ជិត​ស្មើ​នឹង​ចំណូល​ពី​ការងារ​របស់​អ្នក​ក៏​ដោយ។ ព្រោះ​យ៉ាង​ហោច​ណាស់ ការ​ធ្វើ​បែប​នេះ នឹង​រក្សា​សិទ្ធិ​របស់​អ្នក​នៅ​ក្នុង​គ្រួសារ។

ពេល​យើង​រក​លុយ​បាន ខាង​សាច់​ថ្លៃ អ្នក​ជិត​ខាង​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ក្អក​ជាមួយ​យើង​ដែរ។ លើស​ពី​នេះ គឺ​យើង​មាន​សេរី​ភាព សម្ដី​យើង​មាន​ទម្ងន់​ពេល​បញ្ចេញ​មតិ​ជាមួយ​ប្ដី៕

ចុចអាន៖ជីវិត​​គ្មាន​​​​​​​ថ្ងៃ​​​​​​​​​​រីក​​​​ចម្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​​មុខ​​​ទេ បើអ្នក​​​​​​​​​​នៅ​​​ប្រកាន់​​​ទម្លាប់​​​៥​​​​​​​​​​នេះ​​ទៀត

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម