ជីវិតគ្មានថ្ងៃរីកចម្រើនទៅមុខទេ បើអ្នកនៅប្រកាន់ទម្លាប់៥នេះទៀត
- 2019-02-25 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតគ្មានថ្ងៃរីកចម្រើនទៅមុខទេ បើអ្នកនៅប្រកាន់ទម្លាប់៥នេះទៀត
មនុស្សយើងមានជិវិតតែមួយដូចគ្នា នរណាក៏ចង់បានភាពរីកចម្រើនរុងរឿង ចង់មានលុយចាយរស់ស្រួលដែរ។ អ្នកខ្លះចង់មាននឹងគេ ប៉ុន្តែមិនចេះខិតខំ បែរជាដេកចាំរំពឹងលើព្រេងសំណាងទៅវិញ។ បើអ្នកនៅប្រកាន់ទម្លាប់៥នេះទៀត ជីវិតអាចធ្លាក់ថយក្រោយ ឬនៅនឹងថ្កល់គ្មានថ្ងៃភ្លឺស្វាងអភិវឌ្ឍទៅមុខនោះទេ។
១. គ្មានគោលដៅ
រាល់ថ្ងៃបើកភ្នែកឡើង មិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីខ្លះ ត្រូវដើរទៅផ្លូវណាទើបល្អ ព្រោះអ្នកគ្មានផែនការសម្រាប់ថ្ងៃស្អែក និងគ្មានគោលដៅច្បាស់លាស់សម្រាប់ពេលអនាគត រស់មួយថ្ងៃឲ្យរួចតែមួយថ្ងៃប៉ុណ្ណោះ។
២. សម្ភារៈនិយមជ្រុលពេក
តើអ្នកធ្លាប់សង្កេតដែរទេ អ្នកមានទ្រព្យហូរហៀរឬមហាសេដ្ឋីមួយចំនួន គេមិនសូវចូលចិត្តបង្អួតបង្អាញរបស់ឲ្យនរណាស្ញប់ស្ញែងឡើយ។ សម្រាប់អ្នកខ្លះក្នុងសម័យនេះវិញ មិនសូវជាមានប៉ុន្មានទេ តែចូលចិត្តប្រើរបស់ថ្លៃៗ ចូលហាងល្បី ជួនកាលសឹងតែខ្ចីលុយគេថែមក៏មាន ឲ្យតែបានឡូយហ៊ឺហារមួយពេល។ មនុស្សដែលធ្វើអ្វីមួយផ្តោតតែលើសំបកក្រៅបែបនេះ គ្មានបានប្រយោជន៍អ្វីមកវិញក្រៅពីហិនហោចនោះទេ។
៣. ច្រណែនពេលឃើញគេមានបាន
បើរវល់តែអង្គុយច្រណែន ពេលឃើញអ្នកដទៃមានបាន តើអ្នកមានពេលឯណា ដើម្បីគិតគូពីជីវិតផ្ទាល់ខ្លួននោះ? គួរលៃកលយកពេលវេលាដ៏មានតម្លៃរបស់អ្នក ទៅធ្វើកិច្ចការណាដែលនាំផលប្រយោជន៍សម្រាប់ខ្លួនឯងវិញប្រសើរជាង នៅស្ងៀមចាំតាមដានតែរឿងគេ។
៤. មិនចេះអត់ធ្មត់
មនុស្សដែលមិនចេះអត់ធ្មត់ អាចនឹងមានលឿន ប៉ុន្តែមិនសូវគង់វង្សបានយូរប៉ុន្មានទេ ព្រោះមនុស្សប្រភេទនេះច្រើនតែមានគំនិតមានៈ យកត្រូវតែឯង មិនចេះគោរពមេកើយនិងមិនចូលចិត្តស្តាប់ឬនៅក្រោមការបញ្ជារបស់អ្នកផ្សេង។ បែបនេះហើយ ទើបធ្វើឲ្យជីវិតពិបាករស់នៅក្នុងសង្គម ដោយសារតែភាពមិនចុះសម្រុងជាមួយគេ។
៥. ខ្ជះខ្ជាយពេលធ្វើរឿងឥតប្រយោជន៍
មួយថ្ងៃៗចូលចិត្តតែខ្ជះខ្ជាយពេល ចុចទូរសព្ទ តាមដានតារាល្បី ដេកច្រើន និយាយដើម ឬទៅជ្រោមជ្រែងពីបញ្ហាអ្នកដទៃ ដោយភ្លេចគិតថា តាមពិតជាខ្លួនអ្នកទេដែលកំពុងតែមានបញ្ហាធំជាងគេទៅទៀត ព្រោះអ្នកបានបណ្តោយឲ្យពេលវេលាកន្លងហួសដោយគ្មានន័យអ្វីទាល់តែសោះ។
ជិវិតខ្លីខ្លាំងណាស់ ចូរព្យាយាមធ្វើរឿងណាដែលនាំឲ្យអ្នករីកចម្រើន ហើយកុំផ្តោតលើសំបកក្រៅខ្លាំងពេក ព្រោះវាមិនសំខាន់ដូចជាលទ្ធផលជាក់ស្តែង ដែលអ្នកខំធ្វើចេញពីចិត្តនោះទេ៕
ចុចអានបន្ត៖ មនុស្សយើងមានជិវិតតែមួយដូចគ្នា នរណាក៏ចង់បានភាពរីកចម្រើនរុងរឿង