គួរដឹង! អាកប្បកិរិយាអាក្រក់ៗដែលធ្វើឲ្យមនុស្សគ្រប់គ្នាចង់ចាកចេញពីអ្នក
- 2019-02-22 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! អាកប្បកិរិយាអាក្រក់ៗដែលធ្វើឲ្យមនុស្សគ្រប់គ្នាចង់ចាកចេញពីអ្នក
នៅក្នុងជីវិតរបស់មនុស្សគ្រប់រូបមានវិបត្តិ និងបញ្ហាដែលធ្វើឲ្យមិនសប្បាយចិត្ត។ ពេលខ្លះការបញ្ចេញអារម្មណ៍ ឬអាកប្បកិរិយាពេលនោះអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនអ្នក ហើយបើនៅតែញឹកញាប់រហូតដល់ទម្លាប់អាចបណ្ដាលឲ្យមនុស្សនៅក្បែររត់ចេញ។ តោះពិនិត្យមើលថាតើអាកប្បកិរិយាទាំងនោះជាអ្វីខ្លះ ទើបធ្វើឲ្យគ្មានអ្នកចង់នៅជិត។
១.តែងតែចង់បន្ទោសអ្នកដទៃ
ក្នុងការធ្វើការជាក្រុមមានបញ្ហាជាច្រើន ត្រូវដោះស្រាយ។ បើអ្នករាល់គ្នាបើកចិត្តអ្នក នឹងជួយគ្នាទៅវិញទៅមកដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល ប៉ុន្ដែបើចូលចិត្តតែបន្ទោសអ្នកដទៃ អ្នកគ្មានថ្ងៃមានមនុស្សចូលចិត្តទេ។
២.មានគំនិតទុទ្ទិដ្ឋិនិយម
ទុទ្ទិដ្ឋិនិយមត្រូវបានគេចាត់ទុកជាភាពអវិជ្ជមាន ហើយនរណាមានវាក្នុងខ្លួនហើយ អ្នកដទៃក៏នឹងរត់ចេញពីជីវិត។
**៣.ថាអ្នកដទៃអន់មិនដល់ខ្លួន**
ការដែលនិយាយបង្អាប់អ្នកដទៃថា មិនល្អ គេគ្មានសមត្ថភាព ធ្វើឲ្យខ្លួនក្លាយជាទីសម្អប់នៃអ្នកជុំវិញខ្លួន។
៤.មិនជួយអ្នកដទៃ
គ្មាននរណាម្នាក់រស់នៅក្នុងពិភពលោកនេះដោយមិនជួយគ្នាទៅវិញទៅមកឡើយ។ ពេលមានបញ្ហា យើងត្រូវការជំនួយពីអ្នកដទៃ ហើយពេលអ្នកដទៃជួបបញ្ហាក៏ត្រូវការជំនួយពីអ្នកដូចគ្នា។ តែបើអ្នក នៅមិនចង់ជួយអ្នកដទៃ អ្នកមិនអាចរស់នៅលើលោកនេះជាមួយគេឯងបានឡើយ។
៥.ឆាប់ខឹង
ពេលលេងគេបាន តែបើគេលេងវិញគឺដឹងតែខឹងគេ ឲ្យគេតាមលួង។ អាកប្បកិរិយាបេបនេះគ្មានអ្នកណាគេចង់នៅក្បែរឡើយ។
៦.រិះគន់គេច្រើនពេក
មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា ពេលឃើញអ្នកដទៃធ្វើមិនត្រូវចិត្តខ្លួនរិះគន់ថាគេអន់ មិនល្អមិនស្អាត។ ចរិតបែបនេះអាចប៉ះពាល់ដល់ទំនាក់ទំនងមនុស្សជិតខ្លួន។
៧.ប្រកាន់គំនិតបែបចាស់បុរាណ
មកដល់សម័យនេះ គំនិតចាស់បុរាណខ្លះអាចនៅប្រើការបាន តែខ្លះក៏មិនអាចប្រើការបានដែរ ដូចនេះកុំប្រកាន់ខ្ជាប់ខ្លាំងពេក បើមិនដូចនោះទេ អ្នកអាចនឹងមិនចូលចុះក្នុងចំណោមគេឯង។
៨.មុខមិនចេះរីក
ទឹកមុខញញឹមញញែម គឺជាមន្តស្នេហ៍ទាក់ទាញអ្នកដទៃឲ្យចូលមកជិតខ្លួន។ តែបើមួយថ្ងៃៗមុខមិនស្រស់ តើនរណាគេចង់មកក្បែរ។
៩.និយាយតែរឿងអាក្រក់ៗ
ចាស់ៗតែងនិយាយថា សិរីសួស្ដី គឺនៅលើមាត់មនុស្សនេះឯង បើបើកភ្នែកឡើងនិយាយស្ដីពីរោះមានន័យ មួយថ្ងៃនេះអ្នកនឹងជួបតែរឿងសប្បាយ។ ប៉ុន្តែបើហាឡើងតែពាក្យអាក្រក់ឲ្យចេញពីមាត់ ច្បាស់ណាស់ថាគ្មានអ្នកណាហ៊ានមកក្បែរដែរ។
១០.និយាយអួតតែខ្លួនឯង មិនស្ដាប់អ្នកដទៃ
មួយថ្ងៃៗនិយាយតែពីខ្លួនឯងបែបនេះបែបនោះឲ្យគេស្ដាប់ តែពេលអ្នកដទៃគេរៀបរាប់ទុក្ខលំបាកវិញ មិនខ្ចីស្ដាប់គេ។ បើបែបៗនេះ សួរថាអ្នកណាគេចង់មករកយើងពិភាក្សា៕
ចុចអាន៖វិធី ៤ យកឈ្នះកំហុសឆ្គងពីអតីត ហើយក្រោកឈរឡើងវិញយ៉ាងហំហាន