កើតមកជាមនុស្សស្រី កុំឈប់ធ្វើរឿងទាំង១០នេះឱ្យសោះ
- 2019-01-23 04:02:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតមកជាមនុស្សស្រី កុំឈប់ធ្វើរឿងទាំង១០នេះឱ្យសោះ
ហេតុអីត្រូវតូចចិត្តត្រង់ខ្លួនយើងកើតមកជាស្រី? អ្នកដែលគិតតូចចិត្តបែបនេះ មកពីពួកគេមិនយល់ពីតម្លៃរបស់មនុស្សស្រីពិតប្រាកដ។ មនុស្សស្រីអាចធ្វើអ្វីគ្រប់យ៉ាងដែលភេទផ្សេងទៀតអាចធ្វើបាន ដូច្នេះក្នុងនាមយើងជាស្រី ដាច់ខាតកុំបញ្ឈប់ខ្លួនឯងពីការធ្វើរឿងដូចខាងក្រោមឡើយ៖
១. កុំឈប់ធ្វើឱ្យខ្លួនស្អាត
ហួសសម័យហើយដែលថានារីធ្វើខ្លួនគឺចង់ទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សប្រុសនោះ។ ការពិតការធ្វើខ្លួនឱ្យស្អាតគឺដើម្បីក្ដីសុខផ្ទាល់ខ្លួន និងធ្វើឱ្យខ្លួនឯងមានជំនឿចិត្តកាន់តែខ្ពស់ទៅវិញទេ។ ស្រីៗយើងត្រូវចាំណា៎ មិនថាខ្លួននៅលីវ មានសង្សារ មានប្ដី មានកូនប៉ុន្មាននាក់នោះទេ ត្រូវប្រាប់ខ្លួនឯងជានិច្ចថា ខ្ញុំត្រូវតែស្អាតរហូត គ្មានអ្វីអាចមកឃាត់ឃាំងមិនឱ្យខ្ញុំស្អាតបានទេ។ កុំធ្វើខ្លួនរយីករយាក ក្រោយរៀបការរួច ឬគ្រាន់តែមានកូននោះ ព្រោះមិនត្រឹមតែខ្លួនយើងដែលលែងស្រឡាញ់ខ្លួនឯង សូម្បីតែប្ដីក៏អាចបែកចិត្តបានលឿនដែរ។
២. កុំឈប់ស្វែងរកចំណេះ
មិនមែនទាល់តែត្រូវចូលរៀននៅសាលាទើបហៅថាជាការស្វែងរកចំណេះទេ។ ការស្វែងយល់ពីអ្វីៗដែលនៅជុំវិញខ្លួន ការរៀនសូត្រពីអ្នកដទៃ ការស្ដាប់ និងការអានឱ្យបានច្រើនសុទ្ធតែជាអ្វីដែលអាចឱ្យនារីយើងរីកចម្រើនបាន។ មិនត្រូវដាក់របាំងខ្លួនឯងដោយរឿងគ្រួសារ ឬបន្ទុកណាមួយដែលធ្វើឱ្យខ្លួនឯងខកខានរៀនសូត្រអ្វីថ្មីឡើយ។ កាលណាមានចំណេះ អ្នកអាចធ្វើអ្វី ឬសម្រេចចិត្តអ្វីបានល្អជាងមុន ហើយក៏ចេះមើលមនុស្សបានល្អជាងមុនដែរ។
៣. កុំឈប់ធ្វើការ
គ្រាន់តែក្លាយជាប្រពន្ធគេ ហេតុអីត្រូវឈប់ធ្វើការ មកអង្គុយមើលកូន ថែទាំផ្ទះតែមួយមុខនោះ? អ្នកណាក៏ចង់បានជីវិតជារបស់ខ្លួន អ្នកណាក៏ចង់ដេញតាមក្ដីស្រមៃរបស់ខ្លួនដែរ មិនមែនមានតែមនុស្សប្រុសនោះទេ។
៤. កុំឈប់សន្សំ
មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដាច់ខាតកុំឈប់សន្សំប្រាក់ឱ្យសោះ។ ប្រាក់ដែលរកបានមក ហើយចាយទៅវិញគឺជារឿងងាយស្រួលបំផុត។ ដូច្នេះហើយ បើយើងមិនចេះសន្សំ កាលណាប្រាក់នោះអស់ គឺនឹងអស់រលីងតែម្ដង។ ប៉ុន្តែការឆ្លៀតដកសន្សំ ទោះតិចឬច្រើន វានឹងអាចដោះស្រាយបញ្ហាបន្ទាន់ណាមួយដែលយើងមើលមិនឃើញ។
៥. កុំឈប់ទាក់ទងជាមួយមិត្តភ័ក្ដិ
ការរាប់អានអ្នកណាម្នាក់គឺជារឿងងាយស្រួលទេ ប៉ុន្តែការរក្សាទំនាក់ទំនងឱ្យបានយូរអង្វែងទើបពិបាក។ នារីភាគច្រើនក្រោយរៀបការរួច ច្រើនតែដាច់ទំនាក់ទំនងជាមួយមិត្តភ័ក្ដិ ឬមនុស្សដែលធ្លាប់តែជិតស្និទ្ធពីមុនមក ដោយមូលហេតុរវល់រឿងក្នុងគ្រួសារពេក។ ប៉ុន្តែគួរផ្លាស់ប្ដូរការគិតនេះមកវិញ ដោយងាកមករក្សាមនុស្សល្អៗ ព្រោះបន្ទាប់ពីគ្រួសារមក គឺមិត្តភ័ក្ដិនេះហើយដែលអាចជួយដោះស្រាយបញ្ហា ឬចែករំលែកក្ដីស្រលាញ់ដល់យើងបាន។
៦. កុំឈប់ញ៉ាំអាហារឆ្ងាញ់ៗ ឬអាហារដែលខ្លួនចូលចិត្ត
ញ៉ាំទៅ! បើឃ្លាន ញ៉ាំឱ្យឆ្ងាញ់ និងឆ្អែតៗទៅ ព្រោះជីវិតនេះមិនវែងទេ ទាន់នៅមានឱកាស ធ្វើអ្វីដែលខ្លួនពេញចិត្តឱ្យហើយទៅ។ ស្រីៗត្រូវចាំថា បើយើងទូលរបស់ធ្ងន់នៅលើក្បាល គេអាចជួយរំលែកទៅទូលខ្លះបាន តែបើយើងធ្ងន់ដោយជំងឺ គ្មានអ្នកណាអាចមករំលែកពីយើងបានឡើយ។ ដូច្នេះ ត្រូវគិតគូរពីសុខភាពខ្លួនឯងឱ្យបានល្អ ញ៉ាំអាហារណាដែលខ្លួនចូលចិត្ត និងមានវីតាមីនឱ្យបានច្រើន កុំសន្សំលុយទៅទិញអីផ្សេងដោយមិនបានផ្ដល់កាដូរដល់អណ្ដាតខ្លួនឯងខ្លះសោះនោះ។
ចុចអាន៖ វិញ្ញាសាជីវិត ៤ដែលគ្រប់គ្នាត្រូវប្រលងឲ្យជាប់ទើបហៅថាជីវិតមានន័យ
៧. កុំឈប់ធ្វើកតញ្ញុតា*
ការដឹងគុណ ដាច់ខាតត្រូវធ្វើជានិច្ចមិនថាអ្នកណាឬអ្នកណាទេ។ ជឿអត់? គ្រប់ជោគជ័យដែលយើងទទួលបានតែងតែមានការជួយជ្រោមជ្រែង ឬលើកទឹកចិត្តពីអ្នកណាម្នាក់ជានិច្ច។ ជួនកាលមិនមែនអ្នកដទៃដែលជួយយើង តែជាខ្លួនយើងក៏គួរដឹងគុណខ្លួនឯងដែរ។ អ្នកខ្លះទៀតបានត្រឹមជួយជាពាក្យសម្ដីក៏យើងត្រូវដឹងគុណដែរ។ ពាក្យមួយដែលគួរចងចាំគឺ "មនុស្សដែលចេះដឹងគុណ ច្រើនតែរុងរឿង"។
៨. កុំឈប់ធ្វើអំពើល្អ និងធ្វើបុណ្យសន្សំកុសល
ការធ្វើអំពើល្អ មិនចាំបាច់ទាល់តែមានលុយច្រើន ឬធ្វើធំដុំឱ្យគេកោតស្ញប់ស្ញែងនោះទេ។ ការបរិច្ចាគអ្វីដែលយើងមានទៅកាន់អ្នកកំពុងត្រូវការជំនួយគឺជារឿងល្អបំផុតដែលមនុស្សគ្រប់គ្នាគួរធ្វើ។ លទ្ធផលនៃការធ្វើអំពើល្អ ទោះមិនបានទទួលការតបស្នង តែក៏បានធ្វើឱ្យចិត្តមានក្ដីសុខដែរ។
៩. កុំឈប់ហាត់ប្រាណ ឬលេងកីឡា
កុំរវល់រកលុយពេក ភ្លេចគិតពីសុខភាព។ ក្រៅពីការញ៉ាំឱ្យបានគ្រប់គ្រាន់ ការលេងកីឡាឬហាត់ប្រាណនេះក៏សំខាន់ណាស់ដែរ។ វាធ្វើឱ្យរាងកាយយើងរឹងមាំ ហើយខួរក្បាលក៏ស្រឡះល្អ គិតអ្វីឆាប់ចេញ ឆាប់បានសម្រេច។
១០. កុំឈប់ស្រលាញ់ខ្លួនឯង
ចំណុចនេះសំខាន់ណាស់។ នារីភាគច្រើនតែងភ្លេចស្រលាញ់ខ្លួនឯង ពេលក្លាយជាប្រពន្ធ និងជាម្ដាយគេ។ ធ្វើអ្វីគិតតែពីប្ដី និងកូន តែមិនសូវហ៊ានចំណាយលើរបស់ដែលខ្លួនចង់បានឡើយ។ សុខចិត្តអត់ ឱ្យតែបានប្ដីនិងកូនមានក្ដីសុខ។ សូមកុំគិតបែបនេះអី ចូររៀនផ្ដល់ក្ដីស្រលាញ់ដែលខ្លួនឯងចង់បានឱ្យបានច្រើនតាមដែលអាចធ្វើបាន ចេះលើកទឹកចិត្តខ្លួនឯង ទោះគ្មានអ្នកណានៅក្បែរក៏ដោយ ត្រូវចេះមើលឃើញតម្លៃខ្លួនឯង ទើបធ្វើឱ្យជីវិតនេះអាចរស់ដោយរីករាយ៕
ចុចអាន៖ ធ្វើរឿងទាំងនេះបានមុនអាយុ ៣០ អ្នកក្លាយជានារីដែលរីករាយ និងរស់នៅមានតម្លៃ