នៅ​ពេល​មាន​គំនិត​ចាស់​ទុំ​មែនទែន អ្នក​នឹង​​មាន​ការ​គិត​ខុស​ប្លែក​ពី​មុន ៥យ៉ាង​នេះ

  • 2019-01-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ​ កញ្ញា សូម​បង្ហាញ​ពី​​ការ​យល់​ដឹង​ល្អ​ៗ​​ដែល​កើត​មាន​ចំពោះ​​អ្នក​ដែល​ចាប់​ផ្ដើម​ឈាន​ដល់​វ័យ​​ចាស់​ចិត្ត​ចាស់​គំនិត​បន្ទាប់​ពី​ប្រឡូក​ក្នុង​ជីវិត​ច្រើន​គួរ​សម។ អាច​និយាយ​បាន​ថា ភាគ​ច្រើន​ អ្នក​ដែល​មាន​អាយុ​ចាប់​ពី ២៥ឆ្នាំ​ឡើង​ទៅ​នឹង​ចាប់​ផ្ដើម​មាន​ការ​គិត​​ចំពោះ​ជីវិត​ខុស​ប្លែក​ពី​កាល​នៅ​ក្មេង ដែល​ក្នុង​នោះ​រួម​មាន៖

១. អ្នក​នឹង​ដឹង​​ថា​អ្នក​ណា​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់ ហើយ​អ្នក​ណា​មិន​គួរ

អ្នក​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ពិភពគុន​ច្រើន​គួរ​សម​ហើយ ដូច្នេះ​អ្នក​នឹង​អាច​ដឹង​ថា​អ្នក​ណា​ដែល​អ្នក​​មិន​គួរ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ដូច​ជា អ្នក​ពូកែ​និយាយនិន្ទា​ពី​អ្នក អ្នក​ដែល​រិះគន់​បំបាក់​អ្នក​ជាដើម។

២. ពេល​វេលា​របស់​អ្នក​កាន់​តែ​មាន​តម្លៃ

ក្នុង​វ័យ​នេះ​អ្នក​នឹង​ចាប់​ផ្ដើម​គិត​ថា ពេល​វេលា​អ្នក​ពិត​ជា​មាន​តម្លៃ​ណាស់ ដូច្នេះ​មុន​គិត មុន​ធ្វើ​អ្វី អ្នក​នឹង​មាន​គម្រោង​ច្បាស់​លាស់ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​វេលា ហើយ​អ្នក​នឹង​ប្រើ​ពេល​វេលា​របស់​អ្នក​​យ៉ាង​ត្រឹមត្រូវ ដោយ​មិន​បង្ហិន​វា​ជាមួយ​រឿង​ឥតប្រយោជន៍​ច្រើន​ដូច​មុន​ទៀត​ហើយ ដូច​ជា​ការ​ឈ្លោះ​គ្នា​ជាមួយ​សង្សារ មិត្តភ័ក្ដិ ឬ​ការ​គិត​រឿង​គ្មាន​ប្រយោជន៍​ជា​ដើម។

៣. សង្សារ​លែង​សំខាន់​ខ្លាំង​ដូច​មុន

នៅ​ពេល​វ័យ​ជំទង់ អ្នក​​អាច​គិត​ថា​សង្សារ​គឺ​សំខាន់​ជាង​អ្វី​​ទាំង​អស់ សង្សារ​គឺ​គ្រប់​យ៉ាង​ ឬ​ថា​បើ​មិន​មាន​សង្សារ គឺ​អ្នក​នឹង​ខំប្រឹង​ស្វះស្វែង​រក​យ៉ាង​ណា​ឲ្យ​បាន។ ប៉ុន្តែ​​​ដល់​វ័យ​នេះ អ្នក​នឹង​ចាប់​ផ្ដើម​​​ស្ងប់ស្ងៀម​​​​ក្នុង​រឿង​នេះ។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ឯកោ​ខ្លះ ប៉ុន្តែ​ក៏​អាច​រស់​នៅ​ម្នាក់​ឯង​បាន អាច​ដោយ​សារ​ជីវិត​របស់​អ្នក​មាន​អ្វី​ដែល​ត្រូវ​គិត​គូរ​ច្រើន​ជាង​មុន ជាជាង​គិត​ពី​រឿង​ស្នេហា​តែ​ម្យ៉ាង។ ម្យ៉ាង​ទៀត ក្នុង​វ័យ​នេះ​អ្នក​នឹង​ឈប់​គិត​ពី​ស្នេហា​លេង​ៗ ឬ​កំដរ​អារម្មណ៍​ទៀត​ហើយ បើ​មាន​​គឺ​មាន​លក្ខណៈ​ពិត​ប្រាកដ​តែ​ម្ដង។

៤. គ្រួសារ​គឺ​សំខាន់​បំផុត​សម្រាប់​អ្នក

ចំណុច​ដែល​អ្នក​ផ្ដោត​សំខាន់​នៅ​ពេល​នេះ មិន​មែន​រឿង​រៀន រឿង​មិត្ត រឿង​សង្សារ រឿង​ដើរ​លេង​ដូច​មុន​ទៀត​ទេ ព្រោះ​អ្នក​អាយុ​កាន់​តែ​ច្រើន ការគិត​របស់​អ្នក​គឺ​ផ្លាស់​ប្ដូរ​ដូច​គ្នា។ អ្នក​នឹង​យល់​ការ​កាន់​តែ​ច្រើន និង​មើល​ឃើញ​​ក្ដី​សុខ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ច្រើន​ជាង​ខ្លួន​ឯង អ្នក​នឹង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​មនុស្ស​ក្នុង​គ្រួសារ​កាន់​តែ​ច្រើន ជា​ពិសេស​ឪពុក​ម្ដាយ​ ព្រោះ​ពួក​គាត់​ក៏​កាន់​តែ​ចាស់​ជាង​មុន។

៥. យល់​ពី​​សង្គម​ការងារ

នៅ​ពេល​នៅ​រៀន​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​​ខំ​រៀន​ប៉ុណ្ណោះ ដើម្បី​គ្រប់​យ៉ាង​នឹង​បាន​តាម​អ្នក​រំពឹង​ទុក។ ប៉ុន្តែ​នៅ​ពេល​ឈាន​ជើង​ចូល​ជីវិត​ធ្វើ​ការ​ អ្នក​នឹង​មិន​អាច​​​ស្មាន​​ដឹង​ឡើយ​ថា អ្វី​ដែល​អ្នក​ខំ​ប្រឹង​នឹង​​​ហុច​ផល​តាម​ការ​រំពឹង​ទុក​ឬ​ក៏​អត់ ព្រោះ​​ការ​ខំ​ធ្វើ​ការ​មិន​មែន​ជា​បច្ច័យ​តែ​ម្យ៉ាង​នោះ​ឡើយ​ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​វា​នៅ​មាន​កត្តា​ជុំវិញ​ជា​ច្រើន​ទៀត មិន​ថា​មិត្ត​រួម​ការងារ ជំនាញ​ក្នុង​ការនិយាយ អារម្មណ៍​បុគ្គល និង​កត្តា​ជា​ច្រើន​ទៀត ៕

ចុចអាន៖

អត្ថបទ៖ ផេង ផលធិតា