ទម្លាប់៤យ៉ាង គួរអនុវត្តដើម្បីបានសុខភាពល្អ និងរាងស្អាតតាមប្រាថ្នា
- 2019-01-08 08:35:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់៤យ៉ាង គួរអនុវត្តដើម្បីបានសុខភាពល្អ និងរាងស្អាតតាមប្រាថ្នា
នារីគ្រប់រូបតែងចង់ឱ្យអ្នកដទៃមើលមកថានាងជានារីរឹងមាំ មានសុខភាពល្អ ចំណែករាងរៅក៏ត្រូវតែសមឥតខ្ចោះដែរ។ ប៉ុន្តែទោះគ្មានអ្នកណាអាចបានដូចបំណង១០០%ក៏ដោយ ក៏ហោចណាស់គួរបានច្រើនតាមដែលអាចទៅរួច។ សម្រាប់អ្នកចង់បានរាងស្អាត និងសុខភាពល្អព្រមជាមួយគ្នា គួរងាកមកចាប់អារម្មណ៍អនុវត្តទម្លាប់ទាំង៤ដូចខាងក្រោមនេះ ហើយរង់ចាំមើលលទ្ធផលនៅពេលបន្ទាប់។
១. ហាត់ប្រាណពី ៣-៥ដងក្នុងមួយសប្ដាហ៍
ពិតណាស់ដែលថា ដើម្បីបានរាងស្អាត ស្រីៗត្រូវគិតគូរលើរឿងញ៉ាំឱ្យបានល្អិតល្អន់។ ប៉ុន្តែក្រៅពីនេះ ការថែរក្សារាងដោយលំហាត់ប្រាណក៏សំខាន់ណាស់ដែរ ព្រោះវានឹងជួយដុតបំផ្លាញជាតិខ្លាញ់ដែលមិនល្អសម្រាប់រាងកាយ។ គួរអនុវត្តការហាត់ប្រាណឱ្យបានហោចណាស់ ៣ទៅ៥ដង ក្នុង១សប្ដាហ៍ បើមិនមានពេលហាត់បានរាល់ថ្ងៃ ដើម្បីឱ្យសាច់ដុំធ្វើចលនាបានល្អ និងទទួលបានរាងដ៏ទាក់ទាញ។
២. គ្រប់គ្រងការញ៉ាំឱ្យបានត្រឹមត្រូវ មិនមែនតមអាហារសុទ្ធនោះទេ
ការតមអាហារដើម្បីឱ្យស្រកគីឡូ ឬបានរាងស្អាតគឺជារឿងខុសឆ្គងសម្រាប់រាងកាយខ្លាំងណាស់។ មិនថាក្នុងកាលៈទេសៈណាទេ រាងកាយត្រូវការចាំបាច់នូវសារជាតិចិញ្ចឹមពីចំណីអាហារដើម្បីទៅផ្គត់ផ្គង់ដំណើរការនៃសរីរាង្គទាំងឡាយ។ ដូច្នេះគួរបញ្ឈប់ការតមអាហារ ហើយងាកមកជ្រើសរើសរបបអាហារដែលត្រឹមត្រូវ ពោលគឺញ៉ាំតិចតែសម្បូរជីវជាតិ និងមិនធ្វើឱ្យរាងកាយទ្រុឌទ្រោមព្រោះការញ៉ាំមិនគ្រប់គ្រាន់។
ចុចអាន៖ ៦សញ្ញាបញ្ជាក់ថា ផ្លូវចិត្តនិងផ្លូវកាយអ្នកកំពុងទ្រុឌទ្រោមខ្លាំង
៣. ទម្លាប់ចូលគេងមុនពាក់កណ្ដាលយប់
គ្នាយើងមានដឹងអត់ ថាអ្នកដែលមានទម្លាប់ចូលគេងយប់ៗច្រើនតែប្រឈមនឹងការធាត់? មិនមែនសំដៅតែលើការគេងយប់ជ្រៅ ពោះត្រូវឃ្លានហើយរកអីញ៉ាំទាំងយប់ទេ ប៉ុន្តែវាទាក់ទងនឹងពេលវេលាដែលអរម៉ូនក្នុងរាងកាយធ្វើការ។ ពេលវេលាដ៏ល្អបំផុតសម្រាប់រាងកាយត្រូវការសម្រាកគឺ៨ម៉ោង។ បើគេងបានគ្រប់គ្រាន់ ភ្នែកក៏អត់ខ្មៅស្លក់ ក្រោកឡើងក៏មានកម្លាំងគ្រប់គ្រាន់ធ្វើការថ្ងៃថ្មីក៏បានប្រសើរ។
៤. ទម្លាប់កាត់បន្ថយស្ត្រេសពីរាងកាយ
អ្នកដែលស្ត្រេសច្រើនក៏ងាយនឹងប្រឈមការធាត់ដូចគ្នា។ ដូច្នេះដើម្បីបានរាងស្អាត និងសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ត្រូវចេះធ្វើទម្លាប់ទាំងឡាយណាដែលអាចកាត់បន្ថយអារម្មណ៍តានតឹងបានដូចជា ច្រៀង រាំ ស្ដាប់ចម្រៀង លេងកីឡា មើលកុន អានសៀវភៅ ឬចេញទៅជួបមិត្តភ័ក្ដិជាដើម។ ក្រៅពីនេះ ការតាំងសមាធិ ឬហាត់ Yoga ក៏អាចជួយកាត់បន្ថយស្ត្រេសបានដែរ៕