៦សញ្ញាបញ្ជាក់ថា ផ្លូវចិត្តនិងផ្លូវកាយអ្នកកំពុងទ្រុឌទ្រោមខ្លាំង
- 2019-01-04 04:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦សញ្ញាបញ្ជាក់ថា ផ្លូវចិត្តនិងផ្លូវកាយអ្នកកំពុងទ្រុឌទ្រោមខ្លាំង
ជីវិតពិតជាពោរពេញដោយបញ្ហាស្មុគស្មាញ រហូតពេលខ្លះធ្វើឱ្យយើងហត់នឿយ លែងចង់ធ្វើអ្វីទាំងអស់។ ប៉ុន្មានវិនាទីពេលនេះ អ្នកកំពុងតែសើចសប្បាយ តែប្រហែល៥វិនាទីក្រោយ អ្នកអាចជួបរឿងខកចិត្តមួយក៏ថាបាន។ ដូច្នេះកញ្ញានឹងបង្ហាញចំណុចទាំង៦ ដែលបង្ហាញថា ទាំងផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកកំពុងមានបញ្ហា ហើយត្រូវការដំណោះស្រាយជាបន្ទាន់៖
១. អ្នកប្រែជាឆាប់ខឹង
មិនថាថ្ងៃណាក៏ដូចថ្ងៃណា អ្នកហាក់ផ្លាស់ប្ដូរពីមនុស្សដែលធ្លាប់តែអត់ធ្មត់ មិនងាយបញ្ចេញប្រតិកម្ម មកជាមនុស្សឆាប់ខឹង ឆាប់រំជួលចិត្តសូម្បីតែជាមួយខ្លួនឯង ទោះគ្មានអ្នកដទៃមកធ្វើដាក់ក៏ដោយ។ ក្រៅពីនេះ ពេលខ្លះអ្នកហាក់មានអារម្មណ៍ធូរស្រាលជាងមុន បើមិនបានទៅប្រាស្រ័យទាក់ទងនឹងអ្នកដទៃ ហើយចង់តែនៅម្នាក់ឯង។
នេះជាចំណុចដែលអ្នកគួរចាប់អារម្មណ៍មុនគេ ហើយកុំបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងរឿងនេះយូរពេក។ ត្រូវចេះប្រាប់ខ្លួនឯងឱ្យរម្ងាប់ចិត្ត និងព្យាយាមចេញទៅជួបពិភពខាងក្រៅឱ្យបានកាន់តែច្រើន ជាជាងឃុំខ្លួនឯងនៅតែក្នុងបន្ទប់។
២. អ្នកគ្មានកម្លាំងចិត្តនឹងធ្វើអ្វីទាំងអស់
ធ្លាប់ទេ? ជួនកាលគិតថាមិនចង់ធ្វើអ្វីទាំងអស់ ឬលែងចង់អើពើនឹងអ្វីទាំងអស់។ អ្នកតែងគិតថា ខ្លួនឯងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយ ឬគោលដៅដែលខ្លួនធ្លាប់ស្រមៃចង់សម្រេចឱ្យបាន ប្រែជាលែងមានន័យទៅវិញ។
ប៉ុន្តែនេះជាសញ្ញាគ្រោះថ្នាក់ បើមិនដោះស្រាយ អ្នកនឹងធ្លាក់ចូលកាន់តែជ្រៅទៅក្នុងពិភពអស់សង្ឃឹម និងឯកោ។ បើអ្នកកំពុងស្ថិតក្នុងដំណាក់កាលនេះ ត្រូវធ្វើយ៉ាងណាឱ្យរាងកាយ និងផ្លូវចិត្តរបស់អ្នកសម្រាកឱ្យបានច្រើនជាមុនសិន ព្រោះពេលនេះ ទាំងផ្លូវចិត្តនិងផ្លូវកាយកំពុងរងសម្ពាធខ្លាំងពីការស្ដីបន្ទោសខ្លួនឯងឥតឈប់ឈរ ហើយឈប់រំពឹងលើអ្វីដែលខ្ពស់ពេក។
៣. អ្នកជួបប្រទះអាការៈថប់អារម្មណ៍ញឹកញាប់ជាងធម្មតា
អ្នកស្រាប់តែអស់កម្លាំងជាញឹកញាប់ ឬខួរក្បាលចេះតែស្មុគស្មាញ មិនដឹងគិតពីអ្វីខ្លះ ហើយក៏ចេះតែពិបាកដកដង្ហើមទៅៗ។
សម្រាប់ដំណាក់កាលមួយនេះ អ្នកត្រូវប្រមូលអារម្មណ៍ឱ្យនឹងនឡើងវិញ ហើយចេញទៅខាងក្រៅ ឃើញគេឯង ស្រូបខ្យល់អាកាសបរិសុទ្ធឱ្យបានច្រើន ដើម្បីសម្រួលទាំងផ្លូវដង្ហើម និងខួរក្បាលដំណើរការបានល្អ។ ក្រៅពីនេះ អ្នកអាចស្វែងរកដៃគូដែលអាចប្រឹក្សាយោបល់ ស្ដាប់រឿងអ្នក និងលើកទឹកចិត្តជាជាងរកមនុស្សដែលនឹងនិយាយបំភ័យអ្នកបន្ថែម។
៤. ដំណេករបស់អ្នកលែងស្កប់ស្កល់ដូចមុន
កាលណាអារម្មណ៍មិននឹងន ចេះតែអស់កម្លាំង បាក់ទឹកចិត្ត វានឹងធ្វើឱ្យរាងកាយ និងផ្លូវចិត្តរបស់អ្នកមិនស្ងប់ ហើយប៉ះពាល់ដល់ការគេង។ យប់ខ្លះក៏បញ្ឈប់ភ្នែកស្ទើរតែពេញមួយយប់ យប់ខ្លះក៏យល់សប្តិតាំងពីបិទភ្នែករហូតដល់បើកភ្នែកក៏មាន។
៥. សូម្បីតែរឿងអត់ប្រយោជន៍ខ្លះក៏ធ្វើឱ្យអ្នកពិបាកចិត្តដែរ
នៅពេលផ្លូវកាយនិងផ្លូវចិត្តអ្នកចុះខ្សោយហើយ អ្នកនឹងឆាប់ប៉ះពាល់ផ្លូវចិត្តខ្លាំងបំផុត។ ជួនកាល រឿងដែលមិនពាក់ព័ន្ធនឹងអ្នកសោះ ឬរឿងដែលកើតពីណាពីណីមកសោះក៏ធ្វើឱ្យអ្នកអង្គុយខូចចិត្ត ឬហូរទឹកភ្នែកដោយមិនដឹងមូលហេតុបានដែរ។
ហេតុនេះ សូមកុំដាក់បន្ទុកលើអារម្មណ៍ខ្លួនឯងពេក។ ត្រូវប្រាប់ខ្លួនឯងថា គ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ មិនមែនអាចសម្រេចបានត្រឹមតែពេល១យប់នោះទេ។ កុំភ្លេចចេញទៅក្រៅឱ្យបានច្រើន ព្រោះខ្យល់អាកាសបរិសុទ្ធអាចសម្រួលការគិតរបស់អ្នកបានប្រសើរឡើងវិញ។
៦. ចេះតែវិលមុខ ឬចង់ក្អួត
ចំណុចគួរឱ្យព្រួយបារម្ភមួយទៀតដែលបង្ហាញថា រាងកាយអ្នកត្រូវការព្យាបាលបន្ទាន់ហើយនោះ គឺចេះតែមានអារម្មណ៍ឈឺក្បាលខ្ទោកៗមិនឈប់ ហើយពេលខ្លះចង់ក្អួតចង្អោរ ព្រោះថាបើកាលណាផ្លូវចិត្តចុះខ្សោយហើយ សុខភាពក៏ត្រូវទ្រុឌទ្រោមទៅតាមនោះដែរ៕