សម្រាប់​អ្នក​​ស្រលាញ់​សត្វ​ឆ្កែ គួរ​ដឹង​ពី​អារម្មណ៍​​វា​តាម​​រយៈ​កាយ​វិការ​ទាំង​នេះ​

  • 2018-12-31 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​អ្នក​ជា​មនុស្ស​​ស្រលាញ់​ និង​​ចូល​ចិត្ត​ចិញ្ចឹម​សត្វ​ឆ្កែ អ្នក​គួរ​​រៀន​កត់​សម្គាល់​យល់​ពី​អារម្មណ៍​របស់​វា តាម​រយៈ​ការ​បង្ហាញ​នូវ​កាយ​​វិការ​ផ្សេងៗ​គ្នា។ ទោះ​បី​វា​ជា​សត្វ​ក៏​ដោយ​ចុះ អ្នក​ត្រូវ​​ចេះ​ឲ្យ​តម្លៃ យក​ចិត្ត​​ទុក​ដាក់​ ព្រោះ​វា​ក៏​ចង់​រស់​រាន​មាន​ជីវិត សប្បាយ​រីក​រាយ​ និង​ការ​​​យល់​ចិត្ត​ពី​ម្ចាស់​ដែរ ជា​ពិសេស​ឆ្កែ​គឺ​មាន​ភាព​ស្មោះត្រង់​​ជាមួយ​ម្ចាស់​ណាស់។

​​​​​១. បក់​កន្ទុយ​ចុះ​ក្រោម​​​​​

បើ​វា​បក់​កន្ទុយ​ចុះ​ក្រោម​យឺតៗ មាន​ន័យ​ថា​វា​មិន​យល់​ពី​ស្ថាន​ភាព​ដែល​កំពុង​តែ​កើតឡើង ហើយ​​​​ចង់​សួរ​អ្នក​ថា ចង់​ឲ្យ​វា​ធ្វើ​អ្វី។ បើ​វា​បក់​កន្ទុយ​ចុះ​ក្រោម​លឿន​ៗ មាន​ន័យ​ថា​វា​បាន​យល់​ពី​អ្នក​ហើយ។

​​​​​​​​២. បក់​កន្ទុយ​ឡើង​លើ​​​​​

បើ​វា​បក់​កន្ទុយ​ឡើង​លើ​តិចៗ មាន​ន័យ​ថា​វា​ចង់​ទៅ​ចូល​រួម​ជា​មួយ​សកម្មភាព​ដែល​អ្នក​កំពុង​ធ្វើ ដោយ​លែង​​ខ្វល់​​​​ថា​អ្នក​ជា​ម្ចាស់​វា​នោះ​ទេ។

​​​​​៣. ដាក់​​កន្ទុយ​នៅ​ចន្លោះ​ជើង​ទាំង​ពីរ​​​​​

មានន័យ​ថា​វា​​កំពុង​តែ​ភ័យ​ខ្លាច​អ្វី​ម្យ៉ាង ឬ​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ខ្លួន បើ​អ្នក​ប្រទះ​ឃើញ​វា​ធ្វើ​បែប​នេះ​ញឹកញាប់ អ្នក​គួរតែ​យក​វា​ទៅ​​ពិនិត្យ​នៅ​ពេទ្យ​សត្វ។

​​​​​៤. បើក​ភ្នែក​ធំៗ​​​​​

នេះ​ជា​សញ្ញា​ដែល​វា​ចង់​ទាម​​ទារ​ការ​ចាប់​អារម្មណ៍​ពី​អ្នក ហើយ​ចង់​ឲ្យ​​អ្នក​យក​ចិត្ត​ទុក​ដាក់​ជាមួយ​វា។

​​​​​៥. សម្លឹង​អ្នក​ហើយ​​ ធ្វើ​ភ្នែក​ព្រិចបើកៗ​​​​​

មាន​ន័យ​ថា​វា​ចង់​​​ប្រលែង​លេង​ជាមួយ​អ្នក ប៉ុន្តែ​បើ​វា​ព្រិច​បើក​ខុស​ធម្មតា​ញយ​ដង គឺ​វា​អាច​​នឹង​ឈឺ​ភ្នែក ដូច្នេះ​ហើយ​អ្នក​កុំ​ភ្លេច​តាម​ដាន​និង​យក​ទៅ​ពេទ្យ​សត្វ​ឲ្យ​បាន​ស្រួល​បួល។

​​​​​៦. បញ្ឈរ​ស្លឹក​ត្រចៀក​ត្រង់​ទៅ​ខាង​លើ​​​​​

បើ​វា​ធ្វើ​បែប​នេះ មាន​ន័យ​ថា​វា​​កំពុង​តែ​សង្ស័យ​ងឿង​ឆ្ងល់​ និង​ប្រតិកម្ម​ទៅ​នឹង​ស្ថានភាព​ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក។

​​​​​៧. ទម្លាក់​ត្រចៀកចុះ ហើយ​បះ​ចេញ​​ក្រៅ​បន្តិច​​​​​

មាន​ន័យ​ថា​វា​កំពុង​តែ​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង ឬ​ខ្លាច​មនុស្ស​ដែល​មិន​ស្គាល់​មុខ ហើយ​ពេល​ខ្លះ​វា​ទម្លាក់​ត្រចៀក​ចុះ​តែ​ម្ខាង​ទេ ភាគ​ច្រើន​ត្រចៀក​​ខាង​ឆ្វេង។

​​​​​​​​៨. ស្ងាប​​​​​

កាយ​​​វិការ​នេះ​មិន​មែន​មាន​ន័យ​ថា វា​ងងុយ​ដេក​រហូត​នោះ​ទេ ពេល​ខ្លះ​ដោយ​សារ​តែ វា​ភ័យ​ខ្លាច​​ ពេល​​នៅ​​ជិត​ឆ្កែ​ដែល​ធំៗ​ជាង​វា ហើយ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក ប៉ុន្តែ​បើ​វា​ស្ងាប​បន្ទាប់​ពី​អ្នក​ស្ងាប​ហើយ គឺ​​បាន​ន័យ​ថា​វា​ព្យាយាម​ធ្វើ​តាម​អ្នក។

​​​​​៩. ​យក​អណ្តាត​លិឍមុខ​​​​​

វា​កំពុង​តែ​មាន​ទុក្ខ​ មិន​សប្បាយ​ចិត្ត មាន​សម្ពាធ ឬ​ខ្លាច​ជួប​គ្រោះ​ថ្នាក់។

​​​​​១០. ហា​មាត់​​បញ្ចេញ​ធ្មេញ​តែ​មិន​បញ្ចេញ​សម្លេង​​​​​

​ភាគ​ច្រើន​ឆ្កែ​ធ្វើ​បែប​នេះ​នៅ​ពេល​ដែល​វា​ ស៊ី​ចំណី​អាហារ ហើយ​​វា​ព្យាយាម​​ការពារ​មិន​ឲ្យ​ឆ្កែ​ដទៃ​មក​លុកលុយ។

​​​​​១១. រមៀល​ចុះ​រមៀល​ឡើង​​បង្ហាញ​ក្បាល​ពោះ​​​​​

​នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ថា វា​ជឿ​ទុក​ចិត្ត​​និង​ចង់បាន​ការ​ស្រលាញ់​ថ្នាក់​ថ្នម​ពី​អ្នក បើ​អ្នក​យក​ដៃ​ទៅ​អង្អែល​ក្បាល​ពោះ​របស់​វា វា​​ប្រាកដ​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

​​​​​១២. ដាក់​ក្បាល​នៅ​លើ​ជង្គង់​អ្នក​​​​​

នេះ​វា​ចង់​បង្ហាញ​​ប្រាប់​​ថា វា​ត្រូវ​ការ​អ្នក ហើយ​បើ​វា​យក​ច្រមុះ​ប៉ះ​ដៃ​អ្នក​ មាន​ន័យ​ថា​​វា​ឃ្លាន​ហើយ។

​​​​​១៣. ដាក់​ក្រញាំ​​លើ​ជង្គង់​អ្នក​​​​​

មានន័យ​ថា​វា​ចង់​​​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​ សម្រាប់​វា ដូច​ជា​កាត់​ក្រចក​​ចេញ​ជា​ដើម។

​​​​​១៤. ​លើក​ជើង​មុខ​​តែ​ម្ខាង​​​​​

​ ធ្វើ​បែប​នេះ ពេល​ខ្លះ​វា​ឃ្លាន ពេល​ខ្លះ​វា​អាច​ចង់​ប្រលែង​លេង​ជាមួយ​​អ្នក ពេល​ឃើញ​អ្វី​មួយ​ប្លែក​ដែល​វា​ចូល​ចិត្ត។

​​​​​១៥. អង្គុយ​បែរ​ខ្នង​​​​​

កាយ​វិការ​​នេះ​បញ្ជាក់​ថា វា​ចាត់​ទុក​អ្នក​ដូច​ជា​មិត្ត ដែល​គួរ​ឲ្យ​​ជឿ​ទុក​ចិត្ត​បំផុត៕

​​​​​១៦. គ្រលាស់​ខ្លួន​​​​​

វា​តែង​ធ្វើ​បែប​​នេះ បន្ទាប់​ពី​​ងូត​ទឹក​រួច ឬ​​នៅ​ពេល​ដែល​វា​​ចង់​បន្ធូរ​ភាព​តាន​តឹង​នៅ​ក្នុង​ខ្លួន។

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម