ដើម្បីកុំឲ្យឆាប់ចាស់ក្មេងហៅយាយ គួរចោលទម្លាប់អាក្រក់ប្រចាំថ្ងៃទាំងនេះ
- 2018-12-13 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីកុំឲ្យឆាប់ចាស់ក្មេងហៅយាយ គួរចោលទម្លាប់អាក្រក់ប្រចាំថ្ងៃទាំងនេះ
អាថ៌កំបាំងនៃការថែរក្សាសុខភាពនិងសម្រស់ តែងមានអ្នកដឹងច្រើន ដូចជាញ៉ាំអាហារល្អៗសម្រាប់រាងកាយ និងធ្វើលំហាត់ប្រាណជាដើម។ ដឹងពីរបៀបថែទាំ ប៉ុន្តែមិនបានដឹងពីទម្លាប់ប្រចាំថ្ងៃផ្សេងៗ ដែលអាចប៉ះពាល់ដល់សម្រស់ នោះវានឹងធ្វើឲ្យអ្នកឆាប់ចាស់ជាងវ័យ ក្មេងហៅយាយមិនខានឡើយ។
១. ទម្លាប់គេងផ្កាប់មុខ
ពេលដេកផ្កាប់មុខ អ្នកបានដាក់សម្ពាធដល់ផ្នែកកនិងសាច់ដុំស្មា បណ្តាលឲ្យឈាមពិបាករត់ទៅកាន់ខួរក្បាល នាំឲ្យភ្នែកដក់ខ្មៅ ហើមមុខ សរសៃដើរមិនស្រួល មុខនិងកឆាប់ជ្រីវជ្រួញបំផុត។
២. មិនពាក់វ៉ែនតាការពារពន្លឺថ្ងៃ
ស្បែកនៅក្រោមភ្នែកមានសភាពស្តើងខ្លាំងណាស់។ ស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅ ប្រសិនបើអ្នកខំប្រឹងសម្លឹងមើល ភ្នែកនឹងឆាប់លេចស្នាមជ្រួញនិងប៉ះពាល់សុខភាពភ្នែក។
៣. ញ៉ាំខុសក្បួន
បើអ្នកចូលចិត្តទំពាដោយប្រើថ្គាមតែម្ខាង នោះសាច់ដុំថ្ពាល់មិនស្មើគ្នាឡើយ ព្រោះម្ខាងទៀតមិនបានធ្វើចលនាបញ្ចេញកម្លាំងទាល់តែសោះ។
៤. និយាយទូរសព្ទ
ការនិយាយទូរសព្ទ ដោយប្រើថ្ពាល់និងស្មាជំនួសដៃ វានឹងឲ្យសាច់មុខ សាច់ក ឆាប់ជ្រីវជ្រួញដូចគ្នា។
៥. អោនឈ្ងោកចុះក្រោមពេលចុចទូរសព្ទ
ភាគច្រើននរណាក៏ដូចនរណា ចូលចិត្តអោនឈ្ងោកចុះក្រោមពេលចុចទូរសព្ទម្តងៗ។ បែបនេះ ពិតជាអាចធ្វើឲ្យភ្នែកឆាប់ស្រវាំង ឬចេញទឹកភ្នែក ជាពិសេសធ្វើឲ្យផ្នែកខាងក្រោមនៃមុខឆាប់យារធ្លាក់ ស្បែកកងាយជ្រួញ។
៦. យកដៃច្រតចង្កា
ពេលអង្គុយធ្វើការ ឬអានសៀវភៅ ប្រសិនបើអ្នកមានទម្លាប់ចូលចិត្តយកដៃច្រតចង្កា គួរឈប់ធ្វើតទៅទៀត ព្រោះវានឹងបណ្តាលឲ្យស្បែកមុខ ឆាប់វិវត្តទៅរកភាពចាស់មុនវ័យ។
៧. ចងចិញ្ចើម
ការកើតទុក្ខ គិតខ្វាយខ្វល់ច្រើន បានឲ្យនាំអ្នកប្រែទឹកមុខដូចជា ចងចឹញ្ចើម ជ្រួញថ្ងាស ផ្តល់សម្ពាធដល់សាច់ដុំមុខជាដើម។ ហេតុនេះគូរសប្បាយរីករាយ ទើបមិនបាក់សម្រស់។
៨. ងូតទឹកក្តៅយូរពេក
ពេលងូតទឹកក្តៅ អាចធ្វើឲ្យស្រួលខ្លួន អារម្មណ៍ល្អពិតមែន ប៉ុន្តែវាបានបំផ្លាញកោសិការបស់អ្នកយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យស្បែកស្ងួត របក និងឆាប់ចាស់។ គួរបើកទឹកក្តៅក្នុងសីតុណ្ហភាពទាបបំផុត ហើយកុំងូតយូរពេក។
៩. បើកម៉ាស៊ីនត្រជាក់
ម៉ាស៊ីនត្រជាក់ បានស្រូបយកជាតិសំណើមពីក្នុងខ្យល់ ធ្វើឲ្យស្បែកស្ងួត និងឆាប់ខូច ដូច្នេះហើយមិនត្រូវភ្លេចលាបឡេផ្តល់សំណើមដល់ស្បែក ហើយកុំបើកម៉ាស៊ីនត្រជាក់យូរម៉ោងពេក។
១០. ស្រោមខ្នើយកើយ
ស្រោមខ្នើយកើយដែលផលិតចេញពីសំឡីកប្បាស ជាជម្រើសដ៏ល្អបំផុត រីឯស្រោមខ្នើយកើយផលិតចេញពីសរសៃអំបោះវិញ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ស្បែកមុខ ជាពិសេសពេលអ្នករើខ្លួន អំឡុងពេលគេង៕
ចុចអានបន្ត៖ តិចនិកផាត់មុខឲ្យជាប់ផូផង់ពេញមួយថ្ងៃដូចអ្នកជំនាញ