អ្នក​សំណាង​ធំ​ខ្លាំង​ណាស់ បើ​អាច​​បាន​បុរស​មាន ៧​ចំណុច​នេះ​ជា​​គូ

  • 2018-12-04 06:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ពិភពលោក​កាន់​តែ​ចង្អៀត ដោយ​សារ​តែ​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​មនុស្ស​អាច​ជួប​គ្នា​កាន់​តែ​ងាយ​ជាង​មុន ស្គាល់​គ្នា​កាន់​តែ​ងាយ​ជាង​មុន ទំនាក់ទំនង​ស្នេហា​ក៏​កើត​ឡើង​ងាយ​ជាង​មុន​ដូច​គ្នា។ ប៉ុន្តែ​ស្នេហា​សម័យ​នេះ​​មក​លឿន ទៅ​វិញ​ក៏​លឿន ធ្វើ​ឲ្យ​មនុស្ស​ស្រី​ជា​ច្រើន​ឈឺ​ចាប់​មិន​តិច​ទេ។ មនុស្ស​ល្អ មនុស្ស​ស្រលាញ់​ស្មោះ ហាក់​មាន​ចំនួន​កាន់​តែ​តិច។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​គុណសម្បត្តិ​ខ្លះ​ៗ​របស់​បុរស​ល្អ​ៗ ដែល​​បើ​សិន​នារី​ណា​បាន​ជា​គូ​អនាគត​គឺ​ចាត់​ទុក​ថា​មាន​សំណាង​ខ្លាំង​ណាស់៖

១. មិន​ចេះ​កុហក

មនុស្ស​ស្រី​ជា​ច្រើន​អ្នក​ប្រាកដ​ជា​ធ្លាប់​ឈឺ​ចាប់​ដោយ​សារ​ត្រូវ​សង្សារ​កុហក​មែន​អត់? កុហក​តាំង​ពី​រឿង​តូចៗ​ ដូច​ជា​រឿង​លេង​ហ្គេម រហូត​ដល់​រឿង​ធំ​ដូច​ជា​លួច​មាន​ស្រី​​តែ​ម្ដង។ មនុស្ស​ប្រុស​មួយ​ចំនួន​ក៏​ឲ្យ​ហេតុផល​សម្រាប់​ការ​និយាយ​កុហក​ថា​មិន​ចង់​ឈ្លោះ​គ្នា ខ្ជិល​ឈ្លោះប្រកែក ប៉ុន្តែ​​មិន​បាន​យល់​ទេ​ថា​ការ​ឈ្លោះ​គ្នា​មួយ​ភ្លែត​ហើយ​​​នឹង​អាច​ល្អ​នឹង​គ្នា​វិញ ប៉ុន្តែ​ការ​កុហក​នឹង​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​ទាំង​អស់​ត្រូវ​បាត់បង់។ ដូច្នេះ​ហើយ​បើ​អ្នក​បាន​ជួប​ប្រុស​ៗ​ដែល​មិន​និយាយ​កុហក មិន​ថា​រឿង​តូច ឬ​រឿង​ធំ សូម​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ។

២. យក​ចិត្ត​ទុក​ដាក់​មិន​ប្រែប្រួល   មនុស្ស​ស្រី​គ្រប់​គ្នា​ប្រាកដ​ជា​ធុញ​ទ្រាន់​ហើយ​មែន​អត់​ចំពោះ​មនុស្ស​ប្រុស​ដែល​មហា​ល្អ​នៅ​ពេល​ដំបូង​ៗ បែប​យក​ចិត្ត​ទុក​ដាក់​គ្រប់​យ៉ាង មើល​ថែ​គ្រប់​ជំហាន ប៉ុន្តែ​ដល់​បាន​មួយ​រយៈ​ក៏​ចាប់​ផ្ដើម​ចេញ​ធាតុ​ពិត ចាប់​ផ្ដើម​ទុក​មនុស្ស​ស្រី​របស់​ខ្លួន​ចោល លែង​ចាប់​អារម្មណ៍។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ស្រី​មិន​សូវ​ប្រាថ្នា​បុរស​ដែល​ផ្អែមល្ហែម​ខ្លាំង​ពេក​ឡើយ សុំ​ត្រឹម​តែ​បុរស​ម្នាក់​ដែល​ស្រលាញ់ យក​ចិត្ត​ទុក​ដាក់​នាង​ធម្មតា​ប៉ុន្តែ​មិន​ថមថយ​ទោះ​ស្រលាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ។

រូបតំណាង

**៣. សន្យា​ហើយ​តែង​ធ្វើ**

គួរ​ឲ្យ​ស្អប់​ណាស់​មែន​អត់​ មនុស្ស​ប្រុស​ដែល​ចូល​ចិត្ត​សន្យា​អ្វី​ៗ​ដូច​អស្ចារ្យ​ណាស់ ប៉ុន្តែ​ដល់​ទង្វើ​ជាក់​ស្ដែង គឺ​មិន​បាន​១%នៃ​អ្វី​ដែល​ខ្លួន​និយាយ​ឡើយ។ ប៉ុន្តែ​កុំ​ទាន់​អស់​សង្ឃឹម​អី ព្រោះ​ក៏​នៅ​មាន​ដែរ មនុស្ស​ប្រុស​ដែល​និយាយ​ម៉ាត់ណា​ម៉ាត់​ហ្នឹង។ ​បុរស​បែប​នេះ​ហើយ​ដែល​អ្នក​គួរ​ជ្រើសរើស​ព្រោះ​គេ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​លើ​អ្វី​ដែល​ខ្លួន​និយាយ មិន​​​មែន​​ធ្វើ​ឲ្យ​អ្នក​រំពឹង​ខ្ពស់ ហើយ​​ខក​បំណង​នៅ​ពេល​ក្រោយ​នោះ​ឡើយ។

៤. ហ៊ាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​ស្រលាញ់​យើង

មនុស្ស​ប្រុស​ដែល​ហ៊ាន​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​យើង មិន​សំដៅ​លើ​ការ​ឱបថើប​ទេ ប៉ុន្តែ​សំដៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សេង​ៗ ដែល​បង្ហាញ​ថា​យើង​ជា​មនុស្ស​សំខាន់​របស់​គេ​ ទាំង​ខាង​មុខ និង​ក្រោយ​ខ្នង​អ្នក​ដទៃ។

៥. យល់​ព្រម​កែ​លម្អ​ខ្លួន​ដើម្បី​យើង

ការ​ផ្លាស់​ប្ដូរ​មិន​មែន​មាន​ន័យ​ថា​គេ​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​តាម​បញ្ជា​របស់​យើង​នោះ​ទេ ប៉ុន្តែ​សំដៅ​លើ​ការ​ផ្លាស់​ប្ដូរ​ចំណុច​ខ្លះ​ៗ​របស់​គេ​ដើម្បី​ឲ្យ​ចុះ​សម្រុង​ជាមួយ​យើង ដូច​ជា​ គេ​ព្រម​កាត់​បន្ថយ​ពេល​លេង​ហ្គេម​ដើម្បី​មក​មើល​រឿង​​ស្នេហា​ជាមួយ​យើង គេ​ព្រម​ប្ដូរ​ទម្លាប់​បើក​ឡាន​លឿន​ៗ​នៅ​ពេល​ជិះ​ជាមួយ​យើង គេ​ព្រម​កាត់​បន្ថយ​ពេល​វេលា​ជួបជុំ​មិត្តភ័ក្ដិ​ដើម្បី​ចំណាយ​ពេល​ជាមួយ​យើង។ល។ រឿង​ទាំង​នេះ​អាច​​ជា​រឿង​តូច​ៗ​ក៏​ពិត​មែន ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​ឡើយ​ដើម្បី​រក​បាន​មនុស្ស​ដែល​ព្រម​​កាត់​បន្ថយ​អ្វី​ដែល​គេ​ចូល​ចិត្ត​ដើម្បី​មក​ធ្វើ​អ្វី​ដែល​យើង​ចូល​ចិត្ត​។

៦. ផ្ដល់​កិត្តិយស​ឲ្យ​យើង

ចំណុច​នេះ​មើល​ទៅ​ដូច​បុរាណ​បន្តិច ប៉ុន្តែ​វា​នៅ​តែ​ជា​រឿង​សំខាន់​ដែលមនុស្ស​ស្រលាញ់​គ្នា​ត្រូវ​ធ្វើ​ដើម្បី​គ្នា។ ស្រលាញ់​គ្នា​ត្រូវ​ផ្ដល់​កិត្តិយស​ឲ្យ​គ្នា ផ្ដល់​តម្លៃ​ឲ្យ​គ្នា។ មនុស្ស​ប្រុស​ដែល​ផ្ដល់​កិត្តិយស​​ឲ្យ​យើង​ក្នុង​ឋានៈ​ជា​មនុស្ស​ដែល​គេ​ស្រលាញ់ ដោយ​មិន​បំពាន​យើង​ទាំង​រាងកាយ និង​ផ្លូវ​ចិត្ត មិន​និយាយ​ស្ដី​គំរោះ​គំរើយ​ ស្រែក​គំហក មិន​លាក់​បាំង មិន​ក្បត់​ចិត្ត នោះ​ចាត់​ទុក​ថា​ជា​សុភាព​បុរស​ដែល​យើង​គួរ​ផ្ញើ​ជីវិត​បាន។

៧. តាំង​ចិត្ត​សាង​អនាគត​ជាមួយ​យើង

ការ​ពិត​ទៅ​គូស្នេហ៍​សម័យ​នេះ នៅ​ពេល​ស្រលាញ់​គ្នា​ប្រាកដ​ជា​​មាន​និយាយ​គ្នា​ហើយ ថា​បន្តិច​ទៀត​នឹង​បែប​នេះ ឆ្នាំ​ក្រោយ​នឹង​ធ្វើ​រឿង​នេះ រឿង​នោះ... ប៉ុន្តែ​កុំ​ជឿជាក់​លើ​ពាក្យ​សម្ដី​ខ្លាំង​ពេក ប៉ុន្តែ​ចូរ​ជឿ​លើ​ទង្វើ​របស់​គេ​វិញ។ បើ​អ្នក​បាន​ជួប​មនុស្ស​ប្រុស​ដែល​​មាន​ចរិត​មោះមុត​ក្នុង​ការ​កសាង​អនាគត និង​អាច​មើល​ឃើញ​ច្បាស់​ថាយើង​ក៏​មាន​ចំណែក​ក្នុង​អនាគត​របស់​គេ នោះ​មាន​ន័យ​ថា​អ្នក​មាន​សំណាង​ហើយ ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម