ជិត​ដាច់​ឆ្នាំ​ហើយ! គោលដៅ​ជីវិត​ ៥​នេះ​ជា​អ្វី​​ដែល​អ្នក​គួរ​កំណត់​ធ្វើ​នៅ​ឆ្នាំ​ថ្មី ដើម្បី​​​ជីវិត​ល្អ​ជាង​មុន

  • 2018-12-03 08:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្មេច​បើក​ៗ​ជិត​​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​ទៀត​ហើយ ហើយ​ជីវិត​កន្លង​មក​ក៏​​មាន​ទាំង​រឿង​ល្អ រឿង​អាក្រក់ សុខ​ទុក្ខ​លាយឡំ​គ្នា។ ដោយ​សារ​ជិត​ឈាន​ចូល​ឆ្នាំ​ថ្មី​ហើយ ដូច្នេះ​រឿង​មិន​ល្អ សូម​ចោល​វា​ជាមួយ​ឆ្នាំ​ចាស់​ទៅ​ចុះ ហើយ​យើង​មក​កំណត់​គោលដៅ​ជីវិត​ថ្មី​ៗ​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​នៅ​ឆ្នាំ​ថ្មី​វិញ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន។ ថា​តើ​មាន​គោលដៅ​អ្វី​ខ្លះ​ដែល​យើង​គួរ​កំណត់​ធ្វើ​សម្រាប់​ឆ្នាំ​ថ្មី សូម​តាមដាន​ជាមួយ​កញ្ញា ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

រូបតំណាង

**គោលដៅ​ទី១៖ សន្សំ​លុយ**

គោលដៅ​ជីវិត​​ទី​១​ដែល​ស្រី​ៗ​យើង​គួរ​ធ្វើ​បំផុត​នោះ​គឺ​ការ​សន្សំ​លុយ​នេះ​ឯង ដែល​ការ​សន្សំ​លុយ​នេះ យើង​ត្រូវ​​បែង​ចែក​​​ឲ្យ​បាន​ល្អ​ ថា​តើ​លុយ​ប៉ុន្មាន​ត្រូវ​សន្សំ លុយ​ប៉ុន្មាន​ត្រូវ​ទុក​ចាយ ហើយ​មួយ​ថ្ងៃ​ៗ​គួរ​ចាយ​ប៉ុន្មាន។ល។ យក​ល្អ​គួរ​បង្កើត​កុងធនាគារ​ពីរ​សម្រាប់​លុយ​ដែល​ត្រូវ​ចាយ និង​លុយ​ដែល​ត្រូវ​សន្សំ​ឲ្យ​ដាច់​ដោយ​ឡែក ដើម្បី​​ចាប់​ផ្ដើម​ទម្លាប់​សន្សំ​លុយ ទុក​ប្រើ​ពេល​អាសន្ន​អន់​ក្រ​នានា។ ក្រៅ​ពី​នេះ បើ​ដឹង​ថា​ខ្លួន​​ពូកែ​ចាយ​លុយ យើង​គួរ​​រក​​ធ្វើ​ការ​ក្រៅ​ម៉ោង​ដើម្បី​រក​លុយ​​បន្ថែម។

គោលដៅ​ទី​២៖ ទៅ​ដើរ​ឆ្ងាយ​ឲ្យ​បាន​​មួយ​ឆ្នាំ​ម្ដង

ដើម្បី​​ស្វែង​រក​បទពិសោធន៍​ថ្មី​ៗ​​ឲ្យ​ខ្លួន​ឯង យើង​គួរ​តែ​កំណត់​គោលដៅ​ថា ត្រូវ​ទៅ​ដើរ​លេង​​ក្រៅ​ប្រទេស​យ៉ាង​ហោច​ម្ដង ឬ​​ទៅ​ដើរ​លេង​ខេត្ត​នានា​ក្នុង​ប្រទេស​យ៉ាង​ហោច​ពីរ​បី​ដង​ក្នុង​មួយ​ឆ្នាំ។ មិន​តែ​ប៉ុណ្ណោះ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នឹង​ធ្វើ​ឲ្យ​យើង​​ទទួល​បាន​កម្លាំង​ជំរុញ​ចិត្ត​ក្នុង​ការ​ប្រកប​ការងារ ដែល​ប្រៀប​ដូច​ជា​ការ​សាក​ថាមពល​ឲ្យ​ខ្លួន​ឯង​ដូច្នោះ​ដែរ។

គោលដៅ​ទី​៣៖ ចំណាយ​ពេល​វេលា​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់ និង​គ្រួសារ​ឲ្យ​បាន​ច្រើន

ពេល​យើង​អាយុ​កាន់​តែ​ច្រើន ពេល​វេលា​ដែល​យើង​អាច​នៅ​ជាមួយ​គ្រួសារ​ក៏​មាន​កាន់​តែ​តិច ហើយ​ឪពុក​ម្ដាយ​របស់​យើង​ក៏​កាន់​តែ​ចាស់​ដូច​គ្នា​ដែរ។ ជា​ការ​ល្អ យើង​គួរ​តែ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ និង​គ្រួសារ​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ និង​ក្ដី​ស្រលាញ់​ក្នុង​រង្វង់​គ្រួសារ។ ប៉ុន្តែ​បើ​អ្នក​នៅ​តែ​ម្នាក់​ឯង​តាំង​ពី​ដំបូង​ហើយ អ្នក​ក៏​អាច​ចំណាយ​ពេល​វេលា​ជាមួយ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ឲ្យ​បាន​ពេញ​ទំហឹង។

គោលដៅ​ទី​៤៖ អភិវឌ្ឍ​ខ្លួន​ឯង និង​កែប្រែ​ទម្លាប់​មិន​ល្អ

នៅ​ពេល​យើង​ចាស់​ទុំ​គ្រប់​គ្រាន់ និង​​អាច​យល់​បញ្ហា​ផ្សេង​ៗ ថា​បែប​នេះ​ល្អ ឬ​មិន​ល្អ​យ៉ាង​ណា​ហើយ យើង​ក៏​គួរ​កែ​លម្អ​ និង​អភិវឌ្ឍ​​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ជានិច្ច ព្រោះ​វា​នឹង​នាំ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ ។ អាច​ទៅ​រក​រៀន​ភាសា​បន្ថែម ដើម្បី​បន្ថែម​ឱកាស​ក្នុង​ការងារ​ទៅ​អនាគត ឬ​ទៅ​រៀន​អ្វី​ដែល​យើង​ចូល​ចិត្ត​ក៏​បាន។ វា​អាច​ជា​គោលដៅ​លំបាក ប៉ុន្តែ​យើង​មិន​អាច​ក្លាយ​ជា​​មនុស្ស​ជោគជ័យ​បាន​ឡើយ​បើ​មួយ​ឆ្នាំ​ៗ​យើង​គ្មាន​ការ​អភិវឌ្ឍ​ខ្លួន​ទាំង​ចំណេះដឹង សមត្ថភាព​ធ្វើ​ការ និង​វិន័យ​ក្នុង​ការ​រស់​នៅ។

គោលដៅ​ទី​៥៖ មើល​ថែ​ខ្លួន​ឯង​ឲ្យ​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ​ជានិច្ច

គោលដៅ​ជីវិត​ចុង​ក្រោយ​ដែល​យើង​មិន​គួរ​មើល​រំលង​នោះ​គឺ ការ​មើល​ថែ​សុខភាព​របស់​ខ្លួន​នេះ​តែ​ម្ដង ព្រោះ​ការ​​ដែល​គ្មាន​ជំងឺ​ឈឺ​ថ្កាត់ គឺ​ចាត់​ទុក​ថា​ជា​លាភ​សំណាង​ច្រើន​ជាង​ការ​មិន​ជំពាក់​លុយ​គេ​ទៅ​ទៀត។ មិត្ត​ៗ​នារី​គួរ​តែ​ងាក​មក​មើល​ថែ​ខ្លួន​ឯង ហាត់​ប្រាណ ញ៉ាំ​អាហារ​ណា​ដែល​មាន​ប្រយោជន៍ និង​មិន​បំផ្លាញ​សុខភាព ហើយ​ស្វែង​យល់​ពី​របៀប​តែង​ខ្លួន​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត ចូល​ភ្នែក ព្រោះ​ភាព​ឆ្លាត​វៃ​ក្នុង​ការ​តុបតែង​ខ្លួន​តាម​កាលៈទេសៈ​ក៏​ជា​ចំណែក​សំខាន់​មួយ​ដែរ​សម្រាប់​ភាព​ជោគជ័យ​របស់យើង។   ទាំង​នេះ​គឺ​ជា​គោលដៅ​​ជីវិត​ខ្លះ​ៗ​ដែល​ កញ្ញា​គិត​ថា​គ្នា​យើង​គួរ​តែ​កំណត់​ទុក​ធ្វើ​នៅ​ឆ្នាំ​ថ្មី ប៉ុន្តែ​ប្រិយមិត្ត​ផ្ទាល់​ក៏​អាច​នឹង​កំណត់​គោលដៅ​ផ្សេង​ៗ​បន្ថែម​ទៀត​បាន​ដែរ។ ការ​ចេះ​​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ក្ដី​សុខ គឺ​ជា​រឿង​សំខាន់​បំផុត ព្រោះ​​គង់​គ្មាន​អ្នក​ណា​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ​បាន​រៀងរហូត​នោះ​ទេ។ នៅ​ពេល​យើង​មាន​ក្ដី​សុខ យើង​ក៏​នឹង​មាន​ជីវិត​ល្អ​ប្រសើរ កាន់​តែ​មាន​ថាមពល និង​បើក​ឱកាស​ឲ្យ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត​យើង​ថែម​ទៀត​ផង ៕

ចុចអានបន្ត៖

ប្រភព៖ jelly ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន