ដឹងខ្លួនថាកំពុងញៀនកាហ្វេខ្លាំង គួរប្រញាប់កាត់បន្ថយដោយវិធី ៤យ៉ាងមុនជួបបញ្ហាធ្ងន់
- 2018-11-20 03:58:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងខ្លួនថាកំពុងញៀនកាហ្វេខ្លាំង គួរប្រញាប់កាត់បន្ថយដោយវិធី ៤យ៉ាងមុនជួបបញ្ហាធ្ងន់
ចូលគេងយប់ជ្រៅ ហើយត្រូវក្រោកពីព្រលឹម ប្រាកដជាមានអារម្មណ៍មិនស្រស់ស្រាយ មិនស្វាហាប់ ដូច្នេះហើយបានជាកាហ្វេបានក្លាយជាភេសជ្ជៈសំខាន់សម្រាប់មនុស្សជាច្រើន។ នៅពេលផឹកកាហ្វេយូរៗរាងកាយរបស់យើងនឹងចាប់ផ្ដើមញៀននឹងសារធាតុកាហ្វេអ៊ីន បើថ្ងៃណាមិនផឹកនឹងមានអារម្មណ៍មិនល្អ មិនស្រលះក្នុងខ្លួនជាដើម។ ការញៀនកាហ្វេនឹងអាចឲ្យអ្នកប្រឈមមុខនឹងជំងឺធាត់ កើនខ្លាញ់ ព្រមទាំងបង្កបញ្ហាសុខភាពក្នុងរយៈពេលវែងថែមទៀត។ ដូច្នេះហើយគួរសាកល្បងមកកាត់បន្ថយទម្លាប់ញ៉ាំកាហ្វេ ដើម្បីឲ្យទទួលបានសុខភាពល្អទាំងអស់គ្នា តាមរយៈវិធីចំនួន ៤ខាងក្រោមនេះ៖
១. ចាប់ផ្ដើមកាត់បន្ថយបរិមាណកាហ្វេដែលផឹករាល់ថ្ងៃ
ការកាត់បន្ថយអាការញៀនកាហ្វេដោយវិធីងាយៗដែលមិនជះឥទ្ធិពលអាក្រក់ដល់សុខភាព គឺគួរកាត់ផ្ដាច់វាទាំងស្រុងនោះទេ ប៉ុន្តែគួរកាត់បន្ថយបរិមាណកាហ្វេដែលផឹកម្ដងបន្តិចៗ។ ដូចជាបើសិនអ្នកផឹកមួយថ្ងៃ ៤កែវ គួរកាត់បន្ថយឲ្យសល់ត្រឹមមួយថ្ងៃ៣កែវ រួច ២កែវនៅប៉ុន្មានថ្ងៃបន្ទាប់ៗ ទៀតបន្ថយនៅត្រឹម ១កែវ រហូតពីរបីថ្ងៃទើបផឹក ១កែវជាដើម។
២. គួរផឹកកាហ្វេតែពេលព្រឹកបានហើយ
ការទទួលទានកាហ្វេនាពេលរសៀល ឬពេលល្ងាចនឹងផ្ដល់ផលអាក្រក់ដល់សុខភាពនៃការគេង។ បើអ្នកមានបញ្ហាគេងមិនលក់នៅពេលយប់ជ្រៅ សូមសាកល្បងសួរខ្លួនឯងថាជាធម្មតាអ្នកផឹកកាហ្វេនៅពេលណាម៉ោងណា ដោយសារសារធាតុកាហ្វេអ៊ីនដែលយើងផឹកចូលក្នុងខ្លួននឹងមានឥទ្ធិពលធ្វើឲ្យយើងមិនងងុយយ៉ាងហោច ៦ម៉ោង។ ដូច្នេះហើយគួរទម្លាប់ឲ្យរាងកាយរបស់អ្នកទទួលជាតិកាហ្វេតែពេលព្រឹកបានហើយ។
៣. ញ៉ាំជាតិប្រូតេអ៊ីនបន្ថែម
ប្រូតេអ៊ីនគឺជាសារធាតុចាំបាច់សម្រាប់រាងកាយ។ ការទទួលទានប្រូតេអ៊ីនក្នុងរយៈពេលដែលយើងកំពុងព្យាយាមផ្ដាច់កាហ្វេនឹងធ្វើឲ្យយើងមានសារធាតុចិញ្ចឹមជួយបម្រុងរាងកាយ ដែលប្រូតេអ៊ីននេះនឹងមានសមត្ថភាពក្នុងការជំរុញការសាយភាយសារធាតុ catechol ក្នុងខួរក្បាល ដើម្បីជំរុញរំញោចសរសៃប្រសាទ ធ្វើឲ្យរាងកាយស្រលះ កាត់បន្ថយការអស់កម្លាំងល្ហិតល្ហៃ។ អាហារមានប្រូតេអ៊ីនល្អគួរតែជាសាច់ទ្រូងមាន់ និងស៊ុត។
៤. ងាកមកហាត់ប្រាណជាប្រចាំ
ការបង្កើនភាពស្រស់ស្រាយសម្រាប់រាងកាយដោយវិធីហាត់ប្រាណគឺជាវិធីមួយទៀតដែលនឹងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លា មានកម្លាំង កាត់បន្ថយអាការល្ហិតល្ហៃ ព្រមទាំងជួយជំរុញឲ្យរាងកាយបញ្ចេញអ័រម៉ូន Endorphin ដែលជាអ័រម៉ូនធ្វើឲ្យយើងមានអារម្មណ៍ល្អ មិនតប់ប្រម៉ល់ និងកាត់បន្ថយការចង់កាហ្វេបានទៀត។
អ្នកដែលកំពុងស្វែងរកវិធីកាត់បន្ថយការញៀនកាហ្វេ គួរតែសាកល្បងវិធីទាំង ៤នេះហើយ នឹងអាលបានសន្សំលុយ ចៀសឆ្ងាយពីជំងឺធាត់ ថែមទាំងបានសុខភាពល្អត្រលប់មកវិញទៀត ៕
ចុចអានបន្ត៖
រឿងអាក្រក់ ១០យ៉ាង អាចកើតឡើងចំពោះស្រីៗដែលចូលចិត្តផឹកកាហ្វេរាល់ថ្ងៃ
អ្នកចូលចិត្តផឹកកាហ្វេ គួរតែដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងអស់នេះ