ចង់​ស្រក​គីឡូ​ដោយ​មិន​​ប៉ះពាល់​សុខភាព គួរ​សាកវិធីសាស្ត្រ​ជនជាតិជប៉ុន​​វិញ

  • 2018-11-04 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ស្រក​គីឡូ​​មិន​មែន​​​​មាន​ន័យ​ថា​អ្នក​​​ ត្រូវ​តែ​​តម​អត់​​អាហារ​​​​នោះ​ទេ។ ធ្វើ​បែប​នោះ វា​អាច​បណ្តាល​ឲ្យ​​​ឈឺ​ក្រពះ រហូតដល់ប៉ះ​ពាល់​សុខភាព​ធ្ងន់ធ្ងរ​ក៏មានដែរ។ ក្រៅ​ពី​ការ​ធ្វើ​លំហាត់​ប្រាណ អ្នក​គួរ​តែ​ងាក​មក​ផ្តោត​​​ពី​របៀប​ញ៉ាំ​​​តាម​ជន​ជាតិ​ជប៉ុនវិញ​ម្ដង ដើម្បី​​ទទួល​បាន​រាង​​ស្អាត ស្រក​គីឡូ​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព។

​​​​១. ​ការ​ជ្រើស​រើស​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​​​​

​ជនជាតិ​ជប៉ុន​ត្រូវ​បាន​គេ​ឲ្យ​​ឈ្មោះ​ថា ជា​ជន​ជាតិ​ដែល​មាន​សុខភាព​ល្អ​ និង​មាន​អាយុ​វែង​ជាង​គេ។ ​នេះ​ក៏​ព្រោះ​​តែ ពួក​គេ​​​ចេះ​ជ្រើសរើស​របប​អាហារ​ត្រឹម​ត្រូវ ដោយ​​ការ​ញ៉ាំ​បន្លែ សារាយ​សមុទ្រ​ និង​សាច់​ត្រី​​​រៀង​រាល់​​ពេលបាយ។ អាហារ​ទាំង​នោះគឺ​ត្រជាក់​ ហើយ​​​អាច​ជួយ​ឲ្យ​អ្នក​ស្រក​គីឡូ​យ៉ាង​មាន​ប្រសិទ្ធភាព។ ម្យ៉ាង​វិញ​ទៀត​ជនជាតិ​ជប៉ុនកម្រ​​ញ៉ាំ​​អាហារ Fast Food ដែល​សម្បូរ​ជាតិ​ស្ករ​​ និង​ជាតិ​ខ្លាញ់​ច្រើន នាំ​ឲ្យ​ដុះ​ក្បាល​ពោះ​ពិបាក​ស្រោច​ស្រង់​​ឡើង​វិញ​ណាស់។

​​​​២. ញ៉ាំ​​ស៊ុប​មុន​​អាហារ​​ពេល​ល្ងាច​​​​

មុន​ញ៉ាំ​អាហារ​ពេល​ល្ងាច ជប៉ុន​​តែងតែ​ញ៉ាំ​ស៊ុប​មួយ​ចាន​ ដែល​ជាតិ​​កាឡូរី​តិច។ ស៊ុប​អាច​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង មាន​អារម្មណ៍​ល្អ និង​មិន​ញ៉ាំ​លើស​កម្រិត​​នៅ​ពេល​ល្ងាច ហើយ​វា​​ជា​​ទម្លាប់​​ដ៏​ល្អ​​បំផុត​សម្រាប់​​អ្នក​​​ចង់​តម ឲ្យ​មាន​រាង​ស្អាត។

​​​​៣. ញ៉ាំ​ចេក​មុន​ពេលបាយ​​​​

​​​​​​ចេក​តែង​តែ​មាន​នៅ​ក្នុង​​បញ្ជី​​សម្រក​ទម្ងន់ ហេតុ​នេះ​ហើយ​ជនជាតិ​ជប៉ុន​មិន​ដែល​ភ្លេច​ញ៉ាំ​ចេក​​​​មួយ​ផ្លែ​មុន​ពេល​បាយ​​ ព្រោះ​វា​អាច​ជួយ​គ្រប់​គ្រង​ថាមពល មាន​ជាតិ​កាឡូរី​តិច ​មិន​ធ្វើ​ឲ្យ​ធាត់។

​​​​៤. ញ៉ាំ​យឺតៗ ទំពា​មួយៗ​​​​

ទោះ​បី​ជា​​ជីវិត​របស់​ជនជាតិ​ជប៉ុនមាន​ភាព​រវល់ ឬកើត​ទុក្ខ​យ៉ាង​ណា ក៏​គេ​មិន​ដែល​អត់​អាហារ​ដែរ។ ជាពិសេស ​រាល់​ពេល​ដែល​​​ញ៉ាំ​ម្តងៗ ប្រជាជន​ជប៉ុន​តែង​ញ៉ាំ​យឺត​ៗ ទំពា​ឲ្យ​បាន​ម៉ត់​ល្អ ដើម្បី​​កុំ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ។ មួយ​វិញ​ទៀតឮការ​ទំពា​​យឺត​​ៗ អាច​ជួយ​ឲ្យ​រាងកាយ ​ស្រូប​យក​ជីវជាតិ​បាន​យ៉ាង​ល្អ។

​​​​៥. ផ្តោត​អារម្មណ៍​ពេល​កំពុង​ញ៉ាំ​អាហារ​​​​

ជប៉ុន មាន​ទម្លាប់​មួយ​ គឺ​ពេល​ដែល​ញ៉ាំ​អាហារ​ គេ​​មិន​គិត ​បារម្ភ​ ខ្វាយ​ខ្វល់​ ឬ​ធ្វើ​រឿង​អ្វី​​ផ្សេង​ដូច​ជា​មើល​ទូរទស្សន៍ ចុច​ទូរសព្ទ​អី​​នោះ​ឡើយ​ ព្រោះ​វា​​មិន​ល្អ​សម្រាប់​ក្រពះ​​ និង​ពោះវៀន ហើយ​ថែមទាំង​អាច​​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​លើស​កម្រិត​ទៀតផង។ ​ទន្ទឹម​នឹង​ការ​តម​អាហារ​នេះ​ដែរ ត្រូវ​គួប​ផ្សំ​ជាមួយ​ការ​ហាត់ប្រាណឲ្យ​បាន​ទៀងទាត់​ ដើម្បី​ទទួលបាន​លទ្ទផល​ និង​រូបរាង​ដូចប្រាថ្នា៕

ចុចអាន​បន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី