កុំធ្វើ​ជា​មនុស្ស​បញ្ញើ​ក្អែក តែ​ចូរ​ធ្វើ​ជា​​​មនុស្ស​អ័រគីដេ

  • 2018-10-26 04:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ័រគីដេ និង​បញ្ញើ​ក្អែក

​រុក្ខជាតិ​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​​ស្រដៀង​គ្នា ដោយ​​សុទ្ធ​តែ​ជា​រុក្ខជាតិ​ដែល​តោង​ទាម​រុក្ខជាតិ​ដទៃ​ដើម្បី​ខ្លួន​បាន​លូតលាស់។ តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ៖

ដើម​អ័រគីដេ

ឫស​របស់​វា​គ្មាន​ពិស មិន​ដណ្ដើម​អាហារ​ពី​ដើម​ដែល​ខ្លួន​តោង និង​ចេញ​ផ្កា​ស្រស់​ស្អាត។ ពូជ​អ័រគីដេ​ខ្លះ​មាន​តម្លៃ​ថ្លៃ ជា​ទី​ប្រាថ្នា​របស់​​អ្នក​ផង​ទាំង​ពួង ដែល​អាច​ចាត់​ទុក​ថា​ជា​រុក្ខជាតិ​ដ៏​​មាន​មន្តស្នេហ៍។

ដើម​បញ្ញើ​ក្អែក

ឫស​មាន​ពិស ដណ្ដើម​ជីវជាតិ​ទាំង​អស់​ពី​ដើម​ឈើ​ដែល​ខ្លួន​តោង ហើយ​ក៏​គ្មាន​ផ្កា​អ្វី​ឲ្យ​មើល​ទៅ​ល្អ​មើល​ដែរ។ វា​ជា​រុក្ខជាតិ​​អភ័ព្វ គ្មាន​អ្នក​​គាប់​ប្រាថ្នា​ ដោយ​សារ​ពិស​របស់​វា​នេះ​ឯង ពោល​នៅ​ពេល​ដែល​វា​ទៅ​តោង​ដើម​ឈើ​ណា​ហើយ ដើម​ឈើ​នោះ​នឹង​ត្រូវ​ស្ងួត​ខ្សោះ រហូត​ដល់​ងាប់​។  

មនុស្ស​មាន​ចរិត​ជា​ដើម​អ័រគីដេ ជា​មនុស្ស​មាន​មន្តស្នេហ៍

​ជា​កូន​អ្នក​ណា ក៏​ជា​កូន​​ល្អ​គាប់​សម្រាប់​ឪពុក​ម្ដាយ

​ជា​សិស្ស​អ្នក​ណា ក៏​គ្រូបាអាចារ្យ​ក៏​អាណិត​ស្រលាញ់

ជា​សង្ឃ​វត្ត​ណា ក៏​នាំ​តែ​ការ​រីក​ចម្រើន​ដល់​វត្ត​នោះ ជា​សង្ឃ​ដែល​កសាង​ប្រយោជន៍ ប្រតិបត្តិ​ពុទ្ធ​វិន័យ សុភាព​រៀបរយ នាំ​កិត្តិយស និង​កេរ្តិ៍​ឈ្មោះ​ដល់​វត្ត។

មនុស្ស​​សន្ដាន​បញ្ញើ​ក្អែក គឺ​ជា​មនុស្ស​មាន​ពិស

ជា​កូន​អ្នក​ណា ក៏​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ក្ដៅ​ក្រហាយ បង្ក​បញ្ហា​ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ វង្ស​ត្រកូល

ជា​សិស្ស​អ្នក​ណា ក៏​ធ្វើ​ឲ្យ​គ្រូបាអាចារ្យ​រអា ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​​សាលារៀន។

បើ​ជា​សង្ឃ ក៏​ជា​សង្ឃ​ដែល​គ្មាន​ការ​គោរព​​ច្បាប់​ធម៌​វិន័យ មិន​ចាប់​អារម្មណ៍​ធម៌អាថ៌ មិន​មាន​របៀប​រៀបរយ បង្ក​តែ​រឿង​ដែល​នាំ​ឲ្យ​អាប់ឱន​ដល់​វត្ត និង​ពុទ្ធ​សាសនា។

ឃើញ​បែប​នេះ ចូរ​ជ្រើសរើស​ទៅ​ថា អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ចរិត​អ័រគីដេ ឬ​មនុស្ស​សន្ដាន​បញ្ញើ​ក្អែក ៕

ចុចអាន៖

ប្រភព៖ khitpen ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន