ទម្លាយ​ ១៥​ ចំណុច​​ខុស​គេ​របស់​ប្រជាជន​ជប៉ុន​ពី​និស្សិត​​​ខ្មែរ​​​មួយ​រូប

  • 2018-10-25 00:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និស្សិត​​​ខ្មែរ​មួយ​​រូប​​​​មាន​ឈ្មោះ​ថា ​​​រស់ ចាន់ត្រា​​​​ បាន​​​​​​ជាប់​​ការ​​​បម្លាស់​​ប្តូរការសិក្សា​​ទៅ​​​​​​​​​​​​​​​​​​​ប្រទេស​ជប៉ុន​​ដោយ​​​ឥត​គិត​​​ថ្លៃ​ ក្នុង​រយៈពេល ១០​​ខែ​​​​​​​ ​​​​​តាម​​កម្មវិធីExchange Program to Tokyo University Of Foreign Studies ​​ដែល​​ជា​ដៃ​គូ​​​សហការ​​​ជាមួយ​​​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ​និស្សិត​​​ស្រី ​​​​​វ័យ​២០​ឆ្នាំ​រូប​​នេះ ​បាន​ប្រាប់​មក​កាន់​​វេបសាយ​ "កញ្ញា"​ ថា​ "​​​​​​​​​​​​ក្នុង​​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​ ឈាន​​ចូល​​​ដល់​​​ទឹក​ដី​ជប៉ុន​ជា​លើក​ដំបូង ​មាន​ទិដ្ឋភាព​​​​ជា​​ច្រើន​ដែល​ខ្ញុំ​​ពុំ​​ធ្លាប់​ជាប់​ពី​មុន​​មក និង​អាច​​ចាត់​ទុក​​វា​ជា​បទពិសោធន៍​​​​​ល្អ​​​​​សម្រាប់​​ចែក​​រំលែក​​ជូន​​​​ប្រិយមិត្ត​និង​មិត្ត​និស្សិត​ទាំង​អស់​គ្នា​​ផង​ដែរ​​​​”។

និស្សិត ​​​រស់ ចាន់ត្រា​​​​
  • ប្រជាជន​ជប៉ុន​​​​មាន​សុជីវធម៌​​​​​​​​ត្រឹមត្រូវ​ ​មាន​​ទឹក​ចិត្ត​ល្អ​​​ មិន​​កំណាញ់​ពេល​អ្នក​​ពឹង​ឲ្យ​ជួយ​។

  • គ្រប់​ទី​កន្លែង​មាន​អនាម័យ​និង​មាន​​សណ្តាប់​រៀបរយ ​​មិន​ថា​អ្នក​ធ្វើ​ការ​​តាម​​ដង​ផ្លូវ ឬ​មាន​ឋានៈ​ខ្ពស់​ប៉ុនណា​ ពួក​គេ​តែង​​តែ​សាមគ្គី ​ចូល​រួម​​ជួយ​​​ថែរក្សា​​​បរិស្ថាន​ទាំង​អស់​គ្នា។

  • នៅ​​ក្នុង​ភោជនីយដ្ឋាន​​ឬ​កន្លែង​ផ្សេងៗ ​ទោះ​បី​ជា​មាន​កៅអី​ទំនេរ​ក៏​ដោយ​ ប្រជាជន​ជប៉ុន​តែង​​​សួរ​​​គួរ​​សម មុន​​ពេល​ចូល​​​អង្គុយ​រួម​តុ​​​ជាមួយ​អ្នក។​​​​​ ​​

  • សន្សំ​​សំចៃ​​ក្នុង​​ការ​ប្រើប្រាស់​សម្ភារ​​​​ផ្សេងៗ​ និង​​​​​​​​​មាន​ការ​​​កែ​ច្នៃ​​​​ប្រើ​ប្រាស់​ឡើង​វិញ សូម្បី​​តែ​​​​​ម្ហូប​​អាហារ​​ក៏​ត្រូវ​ញ៉ាំ​ឲ្យ​អស់​ពី​​ចាន ដើម្បី​​កុំ​​ឲ្យ​​​ខ្ជះខ្ជាយ។

រូបតំណាង
  • ប្រសិន​​បើ​អ្នក​​​​​​​យក​​របស់របរ​​​​​​ដែល​អាច​កែ​ច្នៃ​ឡើង​​វិញ​ទៅ​​បោះ​​ចោល ដូចជា​​កង់ ទូទឹកកក​​...​​អ្នក​នឹង​​ត្រូវ​​បង់​​ថ្លៃ​ផាក​​​ពិន័យ​លើ​​​​សម្ភារៈ​ទាំង​នោះ​។

  • ​​កន្លែង​​សាធារណ​មួយ​​ចំនួន​​​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ថត​រូប​ផ្ដេសផ្ដាស។

និស្សិត ​​​រស់ ចាន់ត្រា​​​​
  • បើ​ចង់​បង្ហោះ​​រូប​ថត​ជាមួយ​មិត្ត​ភ័ក្តិ​​ឬ​នរណា​​ម្នាក់​នៅ​ក្នុង​​បណ្តាញ​សង្គម​​ ត្រូវ​​សុំ​​សិទ្ធិ​​ពី​សាមី​​ខ្លួន​ជាមុន​សិន​ ដើម្បី​​​បង្ហាញ​​ពី​ការ​​​​​គោរព​​​​​គ្នា​ទៅ​វិញ​ទៅ​មក​។
និស្សិត ​​​រស់ ចាន់ត្រា​​​​ និង​មិត្ត​ភ័ក្តិ​​
  • គ្រប់​មធ្យោបាយ​ធ្វើ​​​ដំណើរ​សាធារណ​ដូច​ជា​ ឡាន​ក្រុង រថភ្លើង ធ្វើ​ការ​​ដឹក​ជញ្ជូន​​ភ្ញៀវ​​ដោយ​គោរព​ពេល​វេលា​ទៀត​ទាត់​ល្អ​ មិន​​លើស​មិន​ខ្វះ សូម្បី​តែ​១​វិនាទី។

  • មិន​​អនុញ្ញាត​ឲ្យ​​និយាយ​ទូរស័ព្ទ ​ក្នុង​​អំឡុង​ពេល​ធ្វើ​ដំណើរ​​​ដោយ​មធ្យោបាយ​​សាធារណ ប៉ុន្តែ​​​អាច​ផ្ញើ​ជា​សារ ដោយ​គ្មាន​​សំឡេង​​រំខាន។

  • អ្នក​ធ្វើ​ការ​ជា​​បុរស​ ​​មិន​ថា​ទទួល​​​​បាន​ប្រាក់​ខែ​​ខ្ពស់​ឬ​ទាប គឺ​​​​ស្លៀកពាក់​​​ឯកសណ្ឋាន​​ខ្មៅ​​​​ យួរ​​កាបូប​​ខ្មៅ​​ដូចៗ​គ្នា។

  • ចំណែក​នារី​ជប៉ុន​​វិញ មិន​សូវ​​ធ្វើ​​ខ្លួន​​ខ្លាំង ចូល​​ចិត្ត​ស្លៀកពាក់​បែប​សាមញ្ញ​ ​​តុបតែង​មុខ​បែប​​ស្តើងៗ និង​មិន​សូវ​​​មាន​អ្នក​​ចេះ​ជក់​បារី ដូច​ប៉ែក​អឺរ៉ុប។

  • ក្មេង​តូចៗ​ មាន​អាកប្បកិរិយា​ល្អ​ គួរ​​ឲ្យ​​ស្រលាញ់ ហើយ​ពួក​គេ​អាច​ដើរ​ឆ្លង​​ផ្លូវ​​​ខ្លួន​ឯង​​​​ដោយ​​​សុវត្ថិភាព។

រូបតំណាង
  • បុគ្គលិក​បម្រើ​ការ​ក្នុង​ហាង តែង​​មាន​ស្នាម​ញញឹម​​និង​អារម្មណ៍​ស្រស់​ស្រាយ​​ជាប់​ជានិច្ច ហើយ​ពួក​គេ​​​មិន​ព្យាយាម​ដើរ​តាម​អ្នក​ឡើយ។

  • សឹង​​​​​គ្រប់​​ដង​ផ្លូវ ​​មាន​​ដាក់​​ម៉ាស៊ីន​​លក់​​ទំនិញ​​ស្វ័យ​ប្រវត្ត ​ ​ដែល​អាច​​រក​ទិញ​​​​​អីវ៉ាន់​​ខ្លះៗ​​បាន​​ពេញ​​២៤​ម៉ោង​។

រូបតំណាង
  • អ្វីៗ​​​ស្ទើរ​​ទាំង​អស់​​ ដូច​ជា​​ខិត្តប័ណ្ណ​​ផ្សព្វផ្សាយ ផលិតផល​នានា​ ​មាន​​​​ភ្ជាប់​ជាមួយ QR codes  ដើម្បី​ឲ្យ​អ្នក​​​​អាច​ស្កេន​​ដឹង​​​​ពី​ព័ត៌មាន​លម្អិត​​បន្ថែម។

​​​នៅ​មាន​​​​​​រឿង​រ៉ាវ​​​​​ជា​ច្រើន​ទៀត ដែល​និស្សិត​​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ រៀប​រាប់​មិន​ទាន់​​អស់ ប៉ុន្តែ​​​​នាង​​​​នឹង​​ធ្វើ​ការ​សិក្សា​​បន្ថែម​​​និង​​ចែក​​រំលែក​​ក្នុង​ឱកាស​លើក​ក្រោយៗ​ទៀត។

រូបភាពផ្តល់​ឲ្យ៖ ​ រស់​ ចាន់ត្រា​ ​​​​​ ចុចអានបន្ត៖

​​​ ​​

​​

អត្ថបទ៖ ដេត ឈុនអ៉ី