ចង់​បាន​អាហារូបករណ៍​​បន្ថែម​ទៅ​រៀន​​​​នៅ​អាមេរិក ​គួរ​ដឹង​ដំណាក់​កាល​សំខាន់ៗ​​​​សម្រាប់​ត្រៀម​ខ្លួន​

  • 2018-08-15 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវតី​ខ្មែរ​​​​ សុខ សេតា​​ ​វ័យ​២៦​ឆ្នាំ ​​ជា​និស្សិត​​កំពុង​បន្ត​​ការ​សិក្សា​​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ ​ជំនួញ​​អន្តរជាតិ ​​​នៅ​​​​​សកលវិទ្យាល័យ Hult ក្នុង​រដ្ឋ​ Massachusetts​​ សហរដ្ឋ​អាមេរិក​​បាន​​​​​ចែក​រំលែក​បទ​ពិសោធន៍​ខ្លះៗ​មក​កាន់វិបសាយ កញ្ញា ​ទាក់​ទង​​ទៅ​នឹង​​ការ​​​ទទួល​បាន​អាហារូបករណ៍​​​​​បន្ថែម ពី​​ថ្នាក់​​អនុបណ្ឌិត​​ផ្នែក​ទីផ្សារ ​ឥត​បង់​ថ្លៃ​១០០% និង​ការ​រៀប​ចំ​​ឯកសារ​​​ពាក់ព័ន្ធ​សំខាន់ៗ​​ជា​ច្រើន​ទៀត​​ តាម​ដំណាក់​​កាល​​នីមួយៗ​​​។

កញ្ញា​ សុខ សេតា

**ដំណាក់​កាល​​​ទី១៖ ដឹង​ពី​​​​គោល​ដៅ​​​ដែល​ខ្លួន​ចង់​​ទៅ​​ឲ្យ​បាន​ច្បាស់​លាស់**

នេះ​​គឺ​ជា​​ជំហាន​ដំបូង​គេ​​បង្អស់ ​​ដែល​អ្នក​​ត្រូវ​តែ​ត្រៀម​ខ្លួន​រួច​រាល់​ ព្រម​ទាំង​​សម្រេច​ចិត្ត​​ឲ្យ​បាន​ច្បាស់​លាស់​ថា​ប្រ​ទេស​ណា​​ដែល​ខ្លួន​ចង់​ទៅ ​ហើយ​ធ្វើ​ការ​ស្រាវ​​ជ្រាវ​ពី​​​ព័ត៌មាន​​​តាម​វិបសាយ​ របស់​​​សកលវិទ្យាល័យ​​​​នៅ​ក្នុង​ប្រទេស​នោះ ដើម្បី​​ដឹង​​​​ថា​​​​គេ​ទាមទារ​​​តម្រូវ​​​​​ឲ្យ​​អ្នកមាន​អ្វី​ខ្លះ។

​ជាក់​ស្តែង​​​នៅ​​សកលវិទ្យាល័យ​ Hult ដែល​​ សេតា​​ កំពុង​តែ​សិក្សា​នេះ​ដែរ​ គឺ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ប្រឡង​​ (ទាក់ទង​ចំណេះ​ដឹង​​ក្នុង​ជំនាញ​ដែល​​ត្រូវ​រៀន) និង​​មាន​​​ GPA ចាប់​ពី​​ ៣,០០​ ឬ​មាន​ពិន្ទុ​ IELTS ចាប់​​​​ពី​ ៦,៥​ ឡើង​ទៅ​​។

ដំណាក់​កាល​ទី​២៖ ធ្វើ​​តេស្ត​ប្រឡង​តាម​​វិប​​សាយ​សាលា

បន្ទាប់​ពី​បាន​ព័ត៌មាន​​​ជាក់​លាក់​​ និង​សម្រេច​ចិត្ត​រួច​​​រាល់​អស់​ហើយ ​​អ្នក​ត្រូវ​ធ្វើ​តេស្ត​​ប្រឡង​តាម​​វិបសាយ​ដែល​សាលា​​​ផ្ញើ​ឲ្យ​។ ​នៅ​ដំណាក់​កាល​ទី​២​​​នេះ អ្នក​​ត្រូវ​ឆ្លើយ​ឲ្យ​បាន​គ្រប់​សំណួរ និង​ពិនិត្យ​​​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ​​ មុន​​​ផ្ញើ​ទៅ​ឲ្យ​​​ខាង​សាលា​វិញ។

ដំណាក់កាល​ទី​៣៖ Statement of Purpose

​​​​​​Statement of Purpose គឺ​ជា​សំណុំ​ឯកសារ​​ដ៏​សំខាន់​ ដែល​អ្នក​ត្រូវ​សរសេរ​រៀបរាប់​ពី​គោល​បំណង​​​ និង​ព័ត៌មាន​ពី​ការ​សិក្សា​របស់​អ្នក ​ដោយ​ផ្អែក​ទៅ​លើ​​​ចំណុច​​៤​ធំៗ​​​ដែល​​​សាលា​ដាក់​ឲ្យ​​ មាន​ដូច​ជា៖

១. និយាយ​រៀបរាប់​​ពី​​ជីវប្រវត្តិ​នៃ​ការ​សិក្សា​កន្លង​មក​របស់​អ្នក។

២. ពន្យល់​ពី​ហេតុ​ផល​ដែល​អ្នក​ចង់​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស។

៣. ប្រាប់​​ពី​មុខ​វិទ្យា ដែល​អ្នក​​​ចង់​រៀន​​ពេល​ទៅ​​ដល់​អាមេរិក។

៤. ប្រាប់​ពី​​​​មុខ​ជំនាញ​ដែល​អ្នក​មាន​សព្វ​​ថ្ងៃ​ និង​គោល​ដៅ​ដែល​​អ្នក​ចង់​​ធ្វើ​​បន្ទាប់ ​ក្រោយ​​ពី​បញ្ចប់​​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​​​​​​អាមេរិក។

និស្សិត​អាហារូបករណ៍​រូប​នេះ​បាន​បន្ត​ទៀត​ថា "គ្រប់​​ចំណុច​​ទាំង​​អស់​ត្រូវ​ឆ្លើយ​ឲ្យ​បាន​ក្បោះ​ក្បាយ ​ច្បាស់​លាស់ ហើយ​ត្រូវ​ប្រាកដ​ថា​​​ ខ្លូន​អ្នក​ពិត​ជា​មាន​ការ​តាំង​ចិត្ត​ខ្ពស់​​ និង​មាន​បំណង​​ចង់​ទៅ​រៀន​​នៅ​ទី​នោះ​ពិត​​មែន​ ប៉ុ​​ន្តែ​មិន​ត្រូវ​សរសេរ​ច្រំ​ដែល​ពេក​​ទេ" ។

ដំណាក់​កាល​ទី​៤៖ លិខិត​យោង​​ពី​​លោកគ្រូ​ឬ​អ្នក​គ្រូ​សាស្ត្រាចារ្យ​ ( Reference Letter )

​នារី​មក​ពី​ខេត្ត​សៀម​រាប​ខាង​លើ​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា "​​​​​អ្នក​ត្រូវ​​ធ្វើ​ការ​​ស្នើ​សុំ​​ លិខិត​​យោង​ ( Reference Letter ) ពី​លោក​គ្រូឬ​អ្នក​គ្រូ​សាស្ត្រាចារ្យ​​​ដែល​​ធ្លាប់​បង្រៀន​អ្នក​ យ៉ាង​​ហោច​ណាស់​ឲ្យ​​បាន​២ទៅ​៣​​​នាក់ ដើម្បី​ដាក់​ភ្ជាប់​ជា​មួយ​​ឯកសារ​ផ្សេង​ទៀត។"

ដំណាក់​កាល​ទី​៥៖ ​រៀប​ចំ​ឯកសារ​​ដែល​ចាំ​បាច់

ឯកសារ​​​ចាំ​បាច់ មាន​​ដូច​ជា​ ​ពិន្ទុ​​ IELTS ឬ​ពិន្ទុ​ TOEFL និង​លិខិត​បញ្ជាក់​បទពិសោធន៍​​ការងារ​ដែល​អ្នក​​​មាន​នៅ​​ប្រទេស​ខ្មែរ ព្រម​ទាំង​​ឯក​សារ​ពាក់​ព័ន្ធ​​​ដែល​​បាន​រៀប​រាប់​​តាម​ដំណាក់កាល​ខាង​លើ​ ត្រូវ​​​ផ្ញើ​​ទៅ​ឲ្យ​​ខាង​សាលា​​​ទាំង​អស់តាម​រយៈ​​អ៊ីមែល​។

​ដំណាក់​កាល​ទី​៦៖ ​​​ការ​ទទួល​​លទ្ធផល

ត្រឹម​តែ​​១ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ​ សាលា​​នឹង​​ផ្ញើ​លទ្ធផល​មក​វិញ​​ដូច​បំណង។ ពេល​​ដឹង​ថា​ជាប់​​ហើយ ​​​សាលា​ទាម​ទារ​ឲ្យ​អ្នក​កក់​លុយ​ ២០​%​ ស្មើ​នឹង​​​ ២៥០០​ដុល្លារ​ ដើម្បី​ធានា​​ថា​ អ្នក​​នឹង​ទៅ​រៀន​នៅ​ទី​នោះ​ពិត​ប្រាកដ​មែន​។ ​គួរ​បញ្ជាក់​​​ដែរ​ថា ​​ដំបូង​​​នាង​គ្រាន់​តែ​ដាក់​ពាក្យ​ប្រឡង​​មករៀន​​បង់​​ថ្លៃ​ធម្មតា​ទេ ប៉ុន្តែ​ដោយ​សារ​​​​​តែ​​មាន​បទ​ពិសោធន៍​​ការងារ​​ផ្នែក​ធនាគារ​ដ៏​ទៅ​៣​​​ឆ្នាំ ទើប​ធ្វើ​ឲ្យ​​ខាង​សាលា​​នៅ​​អាមេរិក​បើក​ឧកាស​ផ្តល់​អាហារូបករណ៍​ឥត​បង់​ថ្លៃ​១០០%​ ស្មើ​នឹង​សាច់​ប្រាក់​ ៤៥០០០​ដុល្លារ ដើម្បី​​បន្ត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទី​ផ្សារ បន្ទាប់​​ពី​នាង​បញ្ចប់​​​​ជំនាញ​​​​​ផ្នែក​​ជំនួញ​អន្ត​រជាតិ។

​​​​ដំណាក់​​កាល​​ទី​៧៖ ផ្នែក​សម្ភាសន៍​ផ្ទាល់​មាត់​នៅ​ទូត​អាមេរិក​

ក្នុង​​​រយៈ​ពេល​​៣​​ខែ​​ មុន​ឈាន​ចូ​ល​ដល់​ការ​សម្ភាសន៍ និស្សិត​​ស្រី​ដ៏​មាន​សមត្ថភាព​រូប​នេះ​បាន​បន្ត​ថា​ "​​ទោះ​បី​ជា​សិស្ស​បង់​ថ្លៃ​ពេញ​​ ឬ​ជា​សិស្ស​អាហារូបករណ៍​​ក៏​ដោយ អ្នក​ត្រូវ​ដាក់​លុយ​តម្កល់​នៅ​​ក្នុង​​​គណនេយ្យ​ធនាគារ ឲ្យ​​លើស​​​ចំនួន​​​​នៃ​ថ្លៃ​​សាលា​ដែល​ត្រូវ​បង់​​” ។

មុន​ត្រៀម​​ចូល​ទៅ​សម្ភាសន៍ អ្នក​​​ត្រូវ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ទាំង​អស់ មាន​ដូច​ជា​​រូប​​​ថត សៀវភៅ​​​ធនាគារ​​​ដែល​អ្នក​បាន​តម្កល់​លុយ លិខិត​បញ្ជាក់​​របរ​​ការងារ​របស់​ឪពុក​ម្តាយ...។ ​អ្វី​ដែល​​សំខាន់​​​គឺ​ ត្រូវ​ដឹង​ពី​ព័ត៌មាន​លម្អិត​​ទាំង​អស់​របស់​សាសា​ និង​​គោល​​​​បំណង​​​ច្បាស់​លាស់​របស់​អ្នក ជៀសវាង​ភាព​រអាក់រអួល និង​​ឆ្លើយ​សំណួរ​ខុស​​ក្នុង​អំឡុង​ពេលសម្ភាសន៍​។​​

ការ​សម្ភាសន៍​ គឺ​​និយាយ​ជា​ភាសា​​អង់គ្លេស ចំណាយ​​ពេល​ប្រមាណ​តែ​​៥​នាទី​ប៉ុណ្ណោះ​ ប៉ុន្តែ​​អ្នក​ខ្លះ​​​​ដល់​ទៅ​៣០​នាទី​ក៏​មាន​ បន្ទាប់​​មក​ទៀត​ទូត​អាមេរិក​នឹង​ប្រាប់​លទ្ធផល​ភា្លម​ៗ​​​ ក្រោយ​​​​ធ្វើ​ការ​សម្ភាសន៍​​រួច។

​​​​​​​​​​ដំណាក់​​កាល​​ទី​៨៖ រៀប​ចំ​​សម្ភារ​ដើម្បី​ចេញ​ដំណើរ

ក្រោយ​ពី​បាន​​​ដឹង​លទ្ធផល​ និង​អាច​មាន​សិទ្ធិ​ទៅ​​រៀន​​នៅ​​អាមេរិក​​ពេញ​លេញ​ហើយ កញ្ញា​​ សុខ សេតា​ ​រំភើប​​​ជា​ខ្លាំង មិន​​បង្អង់​​​​ក៏​បាន​រៀប​ចំ​វ៉ាលី​​២​ផ្សេង​គ្នា មួយ​សម្រាប់​​ដាក់​សម្លៀក​​បំពាក់​ និង​មួយ​ទៀត​សម្រាប់​​​ដាក់​ម្ហូប​អាហារ​ខ្មែរ​​​ក្រៀម​​ក្រោះ ដូច​​ជា​ត្រី​​​ងៀត​ប្រឡាក់​ជា​ដើម​​ ដោយ​ធ្វើ​ការ​វេច​​ខ្ចប់​ឲ្យ​​បាន​ត្រឹម​ត្រូវ បន្លែ​​និង​ផ្លែឈើ​គឺ​ត្រូវ​ហាម​ដាច់​ខាត។

​ចំណែក​ឯ​​ទម្ងន់​​​​កំណត់​​របស់​វ៉ាលី​មិន​ឲ្យ​លើស​ពី​៤០​គីឡូ​ក្រាម​នោះ​ទេ​។ ត្រឹម​តែ​មួយ​​សប្តាហ៍​ប៉ុណ្ណោះ​​ នាង​បាន​ត្រៀម​​ខ្លួន​រួច​រាល់​​ដើម្បី​​​ធ្វើ​​​ដំណើរ​ចាក​​ចេញ​​​ពី​​ទឹក​ដី​កំណើត ដើម្បី​​ទៅ​ក្រេប​យក​ចំណេះ​ដឹង ទទួល​យក​​បរិយាកាស​​ និង​​បទ​ពិសោធន៍​ថ្មី​សម្រាប់​ជី​វិត៕

កញ្ញា សុខ សេតា (រូប​ខាង​ស្ដាំ​ដៃ) និង​មិត្ត​ភ័ក្ដិ​នៅ​អាមេរិក

ដើម្បី​​​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​​ពី​​ទិដ្ឋភាព ការ​ប្រឈម​ផ្សេងៗ​ និង​រសជាតិ​​​ជីវិត​នៅ​​ក្នុង​អំឡុង​ពេល​សិក្សា​នៅ​ទីនោះ​ សូម​​ចាំ​តាម​ដាន​នៅ​អត្ថបទ​ក្រោយៗ​ទៀត។​​​​​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី