មនុស្ស​ខ្វះ​៤​យ៉ាងនេះ​ ធ្វើ​អ្វី​ក៏​មិន​ជោគជ័យ​ ឬ​សម្រេច​សាច់​ការ​​ដែរ

  • 2018-11-09 14:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

ពាក្យ​ជោគជ័យ​​​ត្រូវ​បាន​គេ​ឲ្យ​និយមន័យ​ខុស​ៗ​គ្នា ទៅ​តាម​បុគ្គល​ម្នាក់ៗ ឬ​​សង្គម​មនុស្ស​​ផ្សេងៗ​គ្នា​។ អ្នក​ខ្លះ​និយាយ​ថា ជោគជ័យ​ សំដៅ​ទៅ​​លើ​ការ​ដែល​មាន​ផ្ទះ​ធំ ឡាន​ទំនើប ឬ​ក៏​លុយ​ច្រើន​នៅ​ក្នុង​កុង​ធនាគារ​​។ ជាក់ស្ដែង វា​គ្រាន់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​។ ជោគជ័យ​ពិត​ប្រាកដ​ គឺ​សំដៅ​ដល់​សុភមង្គល​​ ដែល​អ្នក​ទទួល​បាន​ពី​រាល់​ការ​សម្រេច​ចិត្ត ជម្រើស ​ដែល​អ្នក​​​បាន​រៀបចំ​សម្រាប់​ជីវិត​ខ្លួន​ឯង​។ យ៉ាងណាមិញ​ ខាង​ក្រោម​នេះ​ជា​​អាកប្បកិរិយា​៤​យ៉ាង ដែល​​អ្នក​គួរ​ទម្លាក់​ចោល ប្រសិន​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​​បែប​នេះ​នៅ​ថ្ងៃ​អនាគត​៖​

រូបតំណាង

១. ខ្វះ​ការ​គ្រប់គ្រង​ខ្លួន​ឯង​

សញ្ញា​នៃ​កង្វះ​ការ​គ្រប់គ្រង​ខ្លួន​ឯង​គឺ ការ​ចាយ​លុយ​​​​ជ្រុល​ ញ៉ាំ​ច្រើន ខ្ជិល​ច្រអូស​ និង​គេចវេះ​​មិន​ធ្វើ​រឿង​មាន​ប្រយោជន៍ ដែល​គួរ​ធ្វើ​។​ ដើម្បី​សម្រេច​បាន​គោលដៅ​រយៈ​ពេល​វែង ទាល់​តែ​អ្នក​ចេះ​បង្ក្រាប​​​អារម្មណ៍​ និង​គ្រប់គ្រង​​ខ្លួន​ឯង​​​ជា​មុន​សិន​​។ ការ​​​បង្កើត និង​ព្យាយាម​គោរព​វិន័យ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ គឺ​ជា​រឿង​ចាំបាច់​បំផុត​។​

២. ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​

រាល់​ពេល​​ធ្វើ​កិច្ចការ​អ្វី​មួយ​ ​ខួរក្បាល​អ្នក​​​គិត​វិលវល់​ទៅ​លើ​រឿង​ផ្សេងៗ​ក្រៅ​ប្រធាន​បទ ឬ​​ពេល​ខ្លះ​ត្រឹម​តែ​ការ​រំខាន​ជុំវិញ​បន្តិចបន្តួច​ក៏​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​បែក​ខ្ញែក​បាន​ដោយ​​​ងាយ​ដែរ​។ អ្នក​មិន​អាច​ផ្ចង់​ស្មារតី​​ពេញលេញ ដូច្នេះ​លទ្ធផល​នៃ​ការងារ​របស់​អ្នក​ក៏​មិន​ល្អ​គ្រប់គ្រាន់​ដូច​គ្នា​។

រូបតំណាង

៣. ខ្វះ​​ទិសដៅ​សម្រាប់​ជីវិត​

ពេល​អ្នក​​ធ្វើ​ដំណើរ​​កម្សាន្ត​​នៅ​តំបន់​ដែល​មិន​ធ្លាប់​ស្គាល់ អ្នក​ប្រាកដ​ជា​ត្រូវការ​ផែនទី ឬ ​GPS ​​ជា​​មិន​ខាន​។ ជីវិត​ក៏​ដូច​គ្នា អ្នក​មិន​អាច​រស់នៅ​មួយ​ថ្ងៃ​ដើម្បី​តែ​មួយ​ថ្ងៃ​ដោយ​មិន​មាន​ទិសដៅ​ពិត​ប្រាកដ​ឡើយ​។ អ្នក​ត្រូវ​កំណត់​ថា “តើ​អ្នក​ចង់​បាន​ជីវិត​​បែប​ណា?” ហើយ​ត្រូវ​​ព្យាយាម​​ចាប់ផ្ដើម​​​​សម្រេច​រឿង​​តូចៗ​ដែល​ជួយ​​​តម្រង់​ទិសដៅ​មួយ​នេះ​ឲ្យ​រឹត​តែ​ឆាប់​ដល់​។​

៤. ខ្វះ​មហិច្ឆតា ចំណង់ និងគោល​បំណង​

មហិច្ឆតា ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​ក្លៀវក្លា មិន​​​រារែក​ជាមួយ​​​ឧបសគ្គ​ តែងតែ​ទៅ​ធ្វើ​ការ​ពី​ព្រលឹម និង​ចេញ​ពី​ធ្វើការ​​ក្រោយ​គេ​ស្ទើរ​រាល់​ថ្ងៃ​។ អ្នក​ខំ​ប្រឹងប្រែង​​ខ្លាំង​មែន ប៉ុន្តែ​អ្នក​សប្បាយ​ចិត្ត​ ព្រោះ​វា​ជា​អ្វី​ដែល​អ្នក​ស្រឡាញ់ និង​ចង់​ធ្វើ​។​ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​ខ្វះ​មហិច្ឆតា ចំណង់ និង គោល​បំណង គឺ​ដូច​ជា​កប៉ាល់​ដែល​គ្មាន​ចង្កូត រសាត់​តាម​ខ្យល់​​ គ្មាន​​​គោលដៅ​ នៅ​​លើ​ផ្ទៃ​សមុទ្រ​ដ៏​ស្រស់​ស្អាត​​បែប​នោះ​ឯង​ ៕

ចុចអាន៖


ប្រភព៖ powerofpositivity ប្រែសម្រួល៖ អូន បញ្ញា