អត់​ពិបាក​ទេ! រូប​មន្ត​​ធ្វើ​​ចេក​អាំង​ទឹក​ខ្ទិះ​​សម្រាប់​អ្នក​ចង់​ធ្វើ​ញ៉ាំ​ខ្លួន​ឯង ឬ​ធ្វើ​លក់

  • 2018-10-11 08:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចេក​អាំង​គឺ​ជា​អាហារ​ដ៏​សាមញ្ញ​និង​ពេញ​និយម​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ជា​យូរ​មក​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ចេក​អាំង​​ត្រូវ​បាន​កែច្នៃ​ដោយ​ការ​បន្ថែម​គ្រឿងគ្រៅ​ផ្សេង​ៗ​ដើម្បី​ឲ្យ​ប្លែក​ និង​មាន​រសជាតិ​ឆ្ងាញ់​ជាង​មុន ជាក់​ស្ដែង​ដូច​ជា​ចេក​អាំង​ដាក់​ដូង ឬ​ចេក​អាំង​ទឹក​ស្ករ​ដែល​កំពុង​ល្បី​ថ្មី​ៗ​ជាដើម។ យ៉ាង​ណា​មិញ ចេក​អាំង​កែច្នៃ​ទាំង​នោះ​ក៏​មាន​តម្លៃ​ខ្ពស់​ ឬ​អាច​និយាយ​បាន​ថា​ពិបាក​រក​ទិញ​ជាង​ចេក​អាំង​ធម្មតា​ដែរ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​​ធ្វើ​ញ៉ាំ​ខ្លួន​ឯង ឬ​ធ្វើ​លក់​យក​កម្រៃ ថ្ងៃ​នេះ កញ្ញា​សូម​ចែក​រំលែក​ពី​របៀប​ធ្វើ​ចេក​អាំង​ស្រោច​ទឹក​ខ្ទិះ ចង់​ដឹង​ថា​វិធី​ធ្វើ​យ៉ាង​ណា​នោះ សូម​តាមដាន​ខាង​ក្រោម​នេះ​តែ​ម្ដង៖

គ្រឿង​ផ្សំ៖

  • ចេក​ណាំវ៉ា ១ស្និត

  • ទឹក​ខ្ទិះ ១ចាន​គោម

  • ស្ករត្នោត ៣ស្លាបព្រាបាយ

  • អំបិល ១ស្លាបព្រាកាហ្វេ

  • ស្លឹក​តើយ ២សន្លឹក

វិធី​ធ្វើ៖

ជំហាន​ទី​១៖ អាំង​ចេក

យក​ចេក​ណាំវ៉ា​ដែល​ទុំ​ស្រគាល មក​បក​សម្បក​ ហាន់​ជា​កង់​ៗ​ រួច​យក​មក​ដោត​ឈើ​ចង្កាក់។ នៅ​ពេល​ដោត​ចេក​រួចរាល់​អស់​ហើយ ត្រូវ​យក​ទៅ​អាំង​រហូត​ដល់​ចេក​ឡើង​ពណ៌​ត្នោត​ក្រៀម​បន្តិច​ៗ។ នៅ​ពេល​ចេក​ឆ្អិន សឹម​យក​មក​កៀប​ឲ្យ​សំប៉ែត។

ជំហាន​ទី​២៖ ធ្វើ​ទឹក​ខ្ទិះ

ដាក់​ឆ្នាំង​លើ​ភ្លើង ដាក់​ខ្ទិះ ស្ករ​ត្នោត អំបិល​ និង​ស្លឹក​តើយ​ចូល កូរ​រហូត​ខ្ទិះ​ឡើង​ខាប់​បន្តិច សឹម​បិទ​ភ្លើង​ ដាក់​ចុះ​​ទុក​​ឲ្យ​ត្រជាក់​បន្តិច។ នៅ​ពេល​រៀប​ចំ​ញ៉ាំ អាចរូត​យក​ឈើ​ចង្កាក់​ចេញ ហើយ​ស្រោច​ទឹក​ខ្ទិះ ឬ​ជ្រលក់​ញ៉ាំ​ក៏​បាន​។

ទស្សនាវីដេអូខាងក្រោម​នេះ៖

ចុចអាន៖

ប្រភព៖ wongnai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន