អាហារតាមត្រីមាសនីមួយៗ អ្នកម្ដាយមិនគួររំលង បើចង់ឱ្យកូនកើតមកស្អាត ឆ្លាត គ្រប់លក្ខណៈ
- 2018-10-01 09:33:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារតាមត្រីមាសនីមួយៗ អ្នកម្ដាយមិនគួររំលង បើចង់ឱ្យកូនកើតមកស្អាត ឆ្លាត គ្រប់លក្ខណៈ
រយៈពេល៩ខែ១០ថ្ងៃតាំងពីដឹងថា កូនមកចាប់កំណើតក្នុងផ្ទៃមក អ្នកម្ដាយត្រូវយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាសុខភាព និងការហូបចុក។ ជំនួសឱ្យការញ៉ាំច្រើនជាងធម្មតា អ្នកម្ដាយគួរតែយល់ដឹងពីវិធីស្រូបយកសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ពីអាហារប្រចាំថ្ងៃ ដើម្បីទៅបំប៉នគភ៌ក្នុងផ្ទៃ និងរក្សាសុខភាពខ្លួនឯងបានផង។ ខាងក្រោមនេះ កញ្ញា សូមណែនាំអាហារចាំបាច់មួយចំនួនដែលនារីត្រូវការតាំងពីអំឡុងពេលត្រីមាសដំបូងនៃការពពោះ រហូតដល់ពេលឆ្លងទន្លេ។
៣ខែដំបូង
ក្នុងរយៈពេលនេះ អ្នកម្ដាយអាចដឹងពីការមានផ្ទៃពោះដោយការធ្វើតេស្តទឹកនោម ការពិនិត្យអេកូ ឬអាការៈចាញ់ដូចជាក្អួតចង្អោរនៅពេលព្រឹកជាដើម។ សម្រាប់គភ៌វិញ ក្នុងដំណាក់កាលនេះគឺជាដំណាក់កាលលូតលាស់ ដូច្នេះវាជាពេលវេលាដ៏សំខាន់ក្នុងការយកចិត្តទុកដាក់បំផុត ហើយលទ្ធភាពនៃការរលូតក៏មានច្រើនគួរសមដែរ។
ជាការណែនាំ អ្នកម្ដាយគួរញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនដើម្បីជំនួយដល់ការលូតលាស់កោសិការបស់គភ៌ ជាតិដែកដើម្បីបង្ការការខ្វះឈាមក្រហមក្នុងពេលពពោះ និងអាស៊ីត Folicដើម្បីបង្ការការលូតលាស់មិនគ្រប់គ្រាន់របស់គភ៌នៅក្នុងផ្ទៃ។
បន្ថែមពីនេះ អាការៈក្អួតចង្អោររបស់ស្ត្រីមានផ្ទៃពោះក្នុងអំឡុងពេលនេះអាចកើតមានជាញឹកញាប់ដែលអាចរំខានដល់ការញ៉ាំអាហារ ព្រោះវានឹងធ្វើឱ្យអ្នកម្ដាយប្រតិកម្មនឹងក្លិនអាហារមួយចំនួន ឬញ៉ាំអីមិនចូលជាដើម។ ជាធម្មតា វាអាចកើតមានចាប់ពី៦សប្ដាហ៍នៃការមានផ្ទៃពោះ ហើយបាត់ទៅវិញបន្តិចម្ដងៗក្នុងចន្លោះ១២ទៅ១៣សប្ដាហ៍។
ដូច្នេះដើម្បីជំនួយដល់ការញ៉ាំអាហារ និងបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយនិងកូនក្នុងផ្ទៃ អ្នកម្ដាយអាចញ៉ាំអាហារណាដែលមានសារធាតុបំប៉នច្រើន ហើយងាយរំលាយដូចជា ទឹកដោះគោ ទឹកស៊ុប ឬផ្លែឈើ។ ស៊ុបមានសារធាតុចិញ្ចឹមពីបន្លែនិងសាច់ដែលបានរម្ងាស់ផុយងាយរំលាយ ចំណែកទឹកដោះគោ មានជាតិប៉ូតាស្យូម ម៉ាញេស្យូម និងប្រូតេអ៊ីនដែលអាចជួយអ្នកម្ដាយឱ្យមានកម្លាំងឡើងវិញ បន្ទាប់ពីអាការៈចង្អោរអស់កម្លាំងនោះបាន។
សម្រាប់ទឹកដោះគោ អ្នកម្ដាយគួរតែជ្រើសរើសផលិតណាដែលមានសារធាតុជាវិតាមីន និងរ៉ែចាំបាច់ ដើម្បីទ្រទ្រងសុខភាពស្ត្រី ដែលត្រៀមខ្លួនពរពោះ កំពុងមានផ្ទៃពោះ និងបំបៅដោះកូន និងដែលអាចសំរួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោបង់។
ទោះយ៉ាងណា ក្នុងដំណាក់កាលនេះ ដាច់ខាតមិនត្រូវបង្អត់អាហារឡើយ ហើយជំនួសឱ្យការញ៉ាំបីពេលដូចធម្មតា អ្នកម្ដាយ អាចញ៉ាំច្រើនពេលបាន តែញ៉ាំតិចៗ មិនបាច់ដល់ថ្នាក់ឆ្អែតៗ ដើម្បីឱ្យរាងកាយទទួលបានថាមពលគ្រប់គ្រាន់ និងជួយកាត់បន្ថយអារម្មណ៍ធុញអាហារដោយការចាញ់កូននោះបានផង។
៣ខែបន្ទាប់
ចូលដល់ខែទី៤ រាងកាយអ្នកម្ដាយនឹងចាប់ផ្ដើមធូរស្រាលពីការចង្អោរនោះហើយ។ វាជាដំណាក់កាលនៃការលូតលាស់ផ្នែកខួរក្បាលរបស់គភ៌ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់បន្ថែមលើរបបអាហារ។ សារធាតុសំខាន់ៗដែលត្រូវផ្ដល់ដល់គភ៌និងរាងកាយនៅពេលនេះគឺ ប្រូតេអ៊ីន ស្ករ ខ្លាញ់ ជាតិរ៉ែ និង វីតាមីនដូចជា វីតាមីន A, C, D, E ជាដើមដែលអាចរកបាននៅក្នុង ផ្លែឈើ ទឹកផ្លែឈើ ទឹកដោះគោ គ្រាប់ធញ្ញជាតិ ហើយត្រូវនៅឱ្យឆ្ងាយពីអាហារដែលមានជាតិខ្លាញ់ច្រើន ឬផ្អែមខ្លាំងពេក។
អ្វីដែលពិសេស អ្នកម្ដាយគួរញ៉ាំត្រីសាលម៉ុនឱ្យបានច្រើនដើម្បីជំនួយឱ្យកូនឆ្លាតតាំងពីនៅក្នុងផ្ទៃ។ ត្រីសាលម៉ុនមានសារធាតុបំប៉នជាច្រើនដូចជា វីតាមីន D កាល់ស្យូម DHA តែមិនសូវមានជាតិបារតច្រើនដែលមានប្រយោជន៍ខ្លាំងសម្រាប់អំឡុងពេលមានផ្ទៃពោះ។ ចំណែកអាហារដែលមាន DHA មានដូចជា ត្រី គ្រាប់ធញ្ញជាតិ ល្ង និងសណ្ដែកដីជាដើម។
ចូលដល់៦ខែ ជាដំណាក់កាលនៃការលូតលាស់ឆ្អឹងរបស់គភ៌។ ដូច្នេះកាល់ស្យូមគឺជាអាហារដ៏ចាំបាច់បំផុតរបស់រយៈពេលនេះ។ អ្នកម្ដាយត្រូវយល់ដឹងថា កង្វះជាតិកាល់ស្យូមនឹងធ្វើឱ្យគភ៌ ឬទារកដែលកើតមកអាចកើតជំងឺក្រិស (ឆ្អឹងមិនរឹងមាំ ក្រិនមិនលូតលាស់ល្អ ទម្រង់ឆ្អឹងខុសប្រក្រតី...) ធ្មេញមិនរឹងមាំ ឬគមខ្នង-ល-។
ក្រៅពីនេះ អាហារដែលមានកាកសរសៃច្រើនអាចជួយអ្នកម្ដាយពីអាការៈទល់លាមកក្នុងពេលពពោះ និងគួរញ៉ាំទឹកឱ្យបានគ្រប់គ្រាន់នៅពេលថ្ងៃ ហោចណាស់ពី ១លីត្រកន្លះ ទៅ២លីត្រ។
៣ខែចុងក្រោយ
រយៈពេល៣ខែចុងក្រោយនេះ អ្នកម្ដាយរឹតតែត្រូវយកចិត្តទុកដាក់លើការញ៉ាំជាងមុនទៅទៀត ព្រោះត្រូវបង្កើនថាមពលសម្រាប់ខ្លួនឯងពេលសម្រាល និងសម្រាប់កូនដែលត្រូវត្រៀមខ្លួនចេញមកមើលពន្លឺព្រះអាទិត្យ។ សារធាតុចាំបាច់សម្រាប់រយៈពេលនេះគឺ ប្រូតេអ៊ីន កាបូហាយដ្រាត កាល់ស្យូម ជាតិខ្លាញ់ និងជាតិដែក។ ក្រៅពីនេះ គួរតមអាហារដែលមានជាតិផ្អែមខ្លាំង ជាតិខ្លាញ់បំពងដែលអាចធ្វើឱ្យឡើងទម្ងន់រហ័ស និងអាចធ្វើឱ្យអ្នកម្ដាយមានឱកាសកើតជំងឺបេះដូង ទឹកនោមផ្អែម ឬលើសឈាម។
សារធាតុសំខាន់មួយទៀតដែលត្រូវការមិនអាចខ្វះបានគឺ អូមេហ្កា៣ សម្រាប់ការលូតលាស់ខួរក្បាល និងសារពាង្គកាយកូននៅក្នុងផ្ទៃ។ មិនខុសពីចំណុចខាងលើ សារធាតុអូមេហ្កា៣អាចរកបាននៅក្នុងគ្រាប់ធញ្ញជាតិ ត្រីសាលម៉ុន ហើយអ្នកក៏អាចប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានជាតិអូមេហ្កា៣នេះពីថ្នាំវីតាមីនដទៃទៀតៗ ក្រៅពីបន្លែ សាច់ និងផ្លែឈើ៕
ចុចអាន៖ មូលហេតុពិតស្ត្រីមានផ្ទៃពោះគួរញុំាទឹកដោះគោពិសេសម្យ៉ាង