១០​ចំណុច​កូន​ស្រី​ត្រូវ​​ចាំ​ជាប់​ក្នុង​ចិត្ត មុន​​ពេល​រៀបការ ទើប​មិន​ឈឺចាប់​នៅ​ពេល​ក្រោយ

  • 2018-09-04 08:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គ្រួសារ​ក្រោយ​រៀបការ​ហើយ ពិត​ជា​មិន​ងាយស្រួល​ដូច​រឿង​ប្រលោមលោក​ដែល​យើង​ធ្លាប់​បាន​អាន​នោះ​ទេ។ ដូច​ចាន​នៅ​ក្នុង​រាវ ច្បាស់​ជា​នឹង​ប៉ះ​​ទង្គិច​គ្នា​ចៀស​មិន​បាន។ ដូច្នេះ​កូន​ស្រី​គ្រប់​រូប​គួរ​ប្រាប់​ខ្លួន​ឱ្យ​ចងចាំ​រឿង​ទាំង​១០​ខាង​ក្រោម​នេះ ទើប​មិន​ធ្វើ​ឱ្យខ្លួន​ឯង​ឈឺ​ចាប់​ ពេល​មាន​បញ្ហា​ក្នុង​គ្រួសារ​ប្ដីប្រពន្ធ។

១. ក្នុង​មួយ​ជីវិត​នេះ អ្នក​ដែល​ស្រលាញ់​អ្នក​ខ្លាំង និង​ស្មោះ​ស្ម័គ្រ​បំផុត គឺ​មាន​តែ​ឪពុកម្ដាយ​និង​ខ្លួន​អ្នក​តែ​ប៉ុននោះ។ ទោះ​បី​បុរស​ដែល​ស្រលាញ់​អ្នក​ពោល​ក្ដែង​ៗ​ថា​ ស្រលាញ់​អ្នក​លើស​អ្វី​ទាំង​​អស់ តែ​គ្មាន​អ្នក​ណា​នឹង​ហ៊ាន​លះបង់​ដើម្បី​អ្នក​ដូច​ឪពុក​ម្ដាយ​របស់​អ្នក​ឡើយ។

២. ត្រូវ​រៀន​ផ្ដល់​ក្ដី​ស្រលាញ់​ឱ្យ​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន​ស្មើ​នឹង​ក្ដី​ស្រលាញ់​ដែល​អ្នក​ចែក​រំលែក​ទៅ​ស្វាមី។ បាន​ន័យ​ថា បើ​អ្នក​ប្រគល់​ការ​ស្រលាញ់​ទៅ​ស្វាមី​៥០% ត្រូវ​ចេះ​ទុក​៥០%​ទៀត​សម្រាប់​មើល​ថែ​ខ្លួន ព្រោះ​គ្មាន​អ្នក​ណា​ដឹង​ពី​អនាគត​បាន​ឡើយ។ ត្រូវ​ចាំ​ថា វា​ជា​ការ​ស្រលាញ់​ដែល​អ្នក​ត្រូវ​ដក​ទុក​សម្រាប់​ស្រលាញ់​ខ្លួន​ឯង មិន​​មែន​សម្រាប់​ចែក​រំលែក​ឱ្យ​ជន​ទី​បី​ដែល​នាំ​ឱ្យ​រកាំរកូស​គ្រួសារ​ឡើយ។

៣. នារី​រឹងមាំ​មិន​ចាំបាច់​ទាល់​តែ​ពូកែ​រក​លុយ​ឱ្យ​បាន​ច្រើន​នោះ​ទេ តែ​ត្រូវ​ចេះ​រក​លុយ​ចាយ​ដោយ​ខ្លួន​ឯង​ខ្លះ​ មិន​ត្រូវ​ពឹង​ប្ដី​ទាំង​ស្រុង​ឡើយ។ ទោះ​យ៉ាង​ណា ការ​រក​លុយ​ចាយ​ខ្លួន​ឯង​នេះ​មិន​មែន​សម្រាប់​យក​ទៅ​ចាយ​ខុស​ផ្លូវ​នោះ​ទេ តែ​វា​សម្រាប់​ការ​ចាយ​វាយ​លើ​អ្វី​ដែល​ខ្លួន​យើង​ស្រលាញ់​ចង់​បាន ដោយ​មិន​ចាំបាច់​លា​ដៃ​សុំ​លុយ​ប្ដី​ សូម្បី​តែ​លើ​របស់​បន្តិច​បន្តួច។

៤. បុរស​ពេល​រៀប​ការ​រួច​គឺត្រូវ​ការ​អ្វី​ច្រើន​ជាង​នេះ​ពី​ប្រពន្ធ។ អ្វី​ដែល​កូន​ស្រី​គួរ​ធ្វើ​សម្រាប់​ស្វាមី​នៅ​ពេល​នេះ​គឺ ធ្វើ​ជា​ប្អូន​ស្រី​ដែល​ចេះ​ញ៉ិកញ៉ក់​គួរ​ឱ្យ​ស្រលាញ់ ជា​មិត្ត​ល្អ​ម្នាក់​ដែល​អាច​ប្រឹក្សា​យោបល់​ជាមួយ​បាន​គ្រប់​ពេល ធ្វើ​ជា​ភរិយា​ដែល​អាច​ឱ្យ​ប្ដី​ដើរ​ចេញ​ទៅ​ក្រៅ​ដោយ​មាន​មោទកភាព និង​ជំនឿ​ចិត្ត ពេល​នៅ​ផ្ទះ ធ្វើ​ជា​ម្ដាយ​ដែល​អាច​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​កូនៗ​បាន និង​ចេះ​ចាត់ចែង​ការងារ​ផ្ទះ​។

ពេល​នៅ​លើ​គ្រែ គឺ​ជា​នារី​ដែល​មាន​មន្តស្នេហ៍​ ចេះ​ផ្ដល់​ការ​ថ្នាក់ថ្នម​ ហើយ​ពេល​មាន​ព្យុះភ្លៀង ឬ​មាន​បញ្ហា គឺ​ជា​អ្នក​​ដែល​ចេះ​វិភាគ​បាន​វែងឆ្ងាយ និង​រួម​ដោះស្រាយ​ជាមួយ​ស្វាមី​បាន​យ៉ាង​ម៉ត់ចត់។ សម្រាប់​បុរស នារី​បែប​នេះ​គឺ​ជា​គ្រាប់ពេជ្រ​សម្រាប់​គ្រួសារ​ និង​ខ្លួន​គាត់​ខ្លាំង​ណាស់។

៥. កុំ​បង្រៀន​ឱ្យ​មនុស្ស​ប្រុស​ទទួល​បាន​ការ​លើកលែង​ច្រើន​ដង​ពេក។ អ្នក​អាច​ឱ្យ​គាត់​ធ្វើ​ខុស​នៅ​លើក​ទី​១ តែ​កុំ​ឱ្យ​គាត់​​បាន​ចិត្ត មាន​​ឱកាស​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ជា​លើក​ទី​២​ឱ្យ​សោះ។ ត្រូវ​ចេះ​អធ្យាស្រ័យ​ តែ​ក៏​មិន​ត្រូវ​បើក​ឱ្យ​មាន​កំហុស​ច្រើន​ដង​ពេក​ដែរ ព្រោះ​វា​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់ និង​ជា​លេស ដោយ​គ្រាន់​តែ​ប្រើ​​ពាក្យ​ "សុំទោស" ជា​មិន​ខាន។

៦. កូន​ៗ​គឺ​ជា​របស់​មាន​តម្លៃ​ក្នុង​ជីវិត​អ្នក​ តែ​ក៏​កុំ​ភ្លេច​យក​ពេល​មើល​ថែ​ខ្លួន​អ្នក​។ ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​គ្រប់​ពេល​ មិន​ថា​ក្នុង​វ័យ​ចាស់​កម្រិត​ណា​ក៏​ដោយ។ មិន​​ត្រូវ​គិត​ថា មាន​កូន មាន​ប្ដី​ហើយ មិន​បាច់​ថែ​រក្សា​សម្រស់​ ឬតែង​ខ្លួន​​ឱ្យ​អ្នក​ណា​មើល​ឡើយ។ មើល​ថែ​រក្សា​សុខភាព​ខ្លួន​ឯង ទើប​ជា​នារី​ឆ្លាត។ ត្រូវ​ប្រាប់​ខ្លួន​ឯង​រឿយៗ​ថា បើ​ទូល​របស់​ធ្ងន់ គេ​អាច​ជួយ​ទូល​បាន តែ​បើ​ទូល​ជំងឺ គ្មាន​អ្នក​ណា​អាច​មក​ឈឺ​ជំនួស​យើង​បាន​ឡើយ។

៧. ត្រូវ​ចាំ​ថា ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា​គឺ​ជា​រឿង​ដែល​ត្រូវ​ដោះ​ស្រាយ មិន​មែន​ជា​ការ​ដើរ​ចេញ​ឡើយ​។ មាន​រឿង​អី​ក៏​ដោយ ដាច់​ខាត​ត្រូវ​រក​ពេល​និយាយ​គ្នា​ឱ្យ​ដឹង​ខុស​ត្រូវ មិន​ត្រូវ​តម​មាត់​តម​សម្ដី​រៀង​ខ្លួន ហើយ​ដើរ​ចេញ​ចោល​ផ្ទះ​ឡើយ។ ការ​តម​សម្ដី​មិន​ស្ដី​រក​គ្នា​យូរ​អាច​ធ្វើ​សម្លាប់​ជីវិត​អាពាហ៍ពិពាហ៍​នេះ​បាន។

៨. មនុស្ស​ស្រី​ ក្រោយ​រៀប​ការ​រួច មាន​របស់​បី​យ៉ាង​ដែល​មិន​អាច​បោះបង់​ចោល​បាន។ ត្រូវ​ទទួល​ស្គាល់​ថា គ្មាន​អ្នក​ណា​អាច​រស់​នៅ​ជាមួយ​យើង​បាន​រហូត​នោះ​ទេ។ បើ​គេ​មិន​អាច​រស់​នៅ​ជាមួយ​យើង​បាន គួរ​កាត់​ចិត្ត ហើយ​ទទួល​ស្គាល់​ការ​ពិត មិន​មែន​ត្រូវ​ឱប​ក្រសោប​ ទ្រាំ​រស់​នៅ​ជាមួយ​គ្នា​ទាំង​គ្មាន​ក្ដី​សុខ​ឡើយ។ ​មិន​ថា​អ្នក​មាន​បញ្ហា​ត្រូវ​បែក​គ្នា​ជាមួយ​ប្ដី ដោយ​សារ​ដោះ​ស្រាយ​មិន​បាន ឬ​រស់​នៅ​ជាមួយ​គ្នា​លែង​បានក៏​ដោយ​ តែ​របស់​៣​យ៉ាង​នេះ​ដាច់​ខាត​មិន​ត្រូវ​បោះបង់​ឡើយ គឺ រូប​សម្រស់​​ កូនៗ និង​លុយ

៩. រវាង​ម្ដាយ​ក្មេក​និង​កូន​ប្រសា​ច្បាស់​ជា​មិន​អាច​ជិតស្និទ្ធ​ ឬ​កក់​ក្ដៅ​ដូច​ម្ដាយ​និង​កូន​ស្រី​បង្កើត​ឡើយ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា កូន​ស្រី​ត្រូវ​ប្រណិប័តន៍​​ឱ្យ​បាន​ល្អ​ជាមួយ​ម្ដាយ​ក្មេក​ឱ្យ​បាន​ដូច​អ្វី​ដែល​កូន​ប្រណិប័តន៍​ចំពោះ​ម្ដាយ​បង្កើត​ដែរ ឬ​ហោច​ណាស់​បង្ហាញ​ទង្វើ​ល្អ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន។

១០. ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា "ជន​ទី៣" បើ​មនុស្ស​ប្រុស​មិន​អនុញ្ញាត ពួក​គេ​ក៏​មិន​ហ៊ាន​ចូល​មក​បំផ្លាញ​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ​របស់​អ្នក​បាន​ដែរ។ កុំ​ជឿ​ឱ្យ​សោះ ពេល​មនុស្ស​ប្រុស​ប្រាប់​ថា​ មិន​បាន​ដឹង មិន​បាន​ស្រលាញ់ គឺ​នាង​ចង់​តោង​ទេ។ នេះ​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ។ មនុស្ស​ប្រុស​ ជា​ពិសេស​នៅ​ពេល​រៀបការ​រួច​ ជា​មនុស្ស​ចេះ​គិត និង​អាច​ចាត់ចែង​រឿង​រ៉ាវ​បាន ឱ្យ​តែ​គេ​ចង់៕

ចុចអាន៖ កុំ​ឲ្យ​នៅ​អាល័យ​ជីវិតនៅលីវ គួរ​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​ហើយ​សិន​ សឹម​រៀប​ការ

ចុចអាន៖ មុន​រៀបការ​បុរសគួរ​តែ​អាន​អត្ថបទនេះសិន​ព្រោះ​​នេះ​ជា​ទុក្ខលំបាករបស់​ប្រពន្ធដែល​នាងចង់ឲ្យអ្នកដឹង

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម