មុនរៀបការបុរសគួរតែអានអត្ថបទនេះសិនព្រោះនេះជាទុក្ខលំបាករបស់ប្រពន្ធដែលនាងចង់ឲ្យអ្នកដឹង
- 2018-05-07 02:35:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនរៀបការបុរសគួរតែអានអត្ថបទនេះសិនព្រោះនេះជាទុក្ខលំបាករបស់ប្រពន្ធដែលនាងចង់ឲ្យអ្នកដឹង
តាំងពីក្លាយជាប្រពន្ធគេ ជាម្ដាយគេ នាងតែងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យគ្រួសារមួយពោរពេញដោយសុភមង្គល។ ពេលខ្លះនាងជួបរឿងលំបាកជាច្រើន តែភាពជាស្ត្រីតែងមានការអត់ធ្មត់ខ្ពស់ ទើបចេះតែទ្រាំឱបក្រសោបម្នាក់ឯង។ ទាំងនេះជាអ្វីដែលនាងចង់ឲ្យប្ដីដឹងបំផុត៖
១. បើនាងធ្វើអ្វីមិនត្រូវចិត្ត សូមកុំរករឿងឈ្លោះនាងអី ព្រោះនាងខំធ្វើគ្រប់យ៉ាងអស់ពីលទ្ធភាពហើយ។ ម្ហូបពេលខ្លះក៏ប្រៃ ក៏ផ្អែម នេះព្រោះតែកូនទាញមុខទាញក្រោយ។ ផ្ទះពេលខ្លះក៏រញ៉េរញ៉ៃ ក៏ព្រោះតែនាងរៀបមិនឈ្នះ។ ខោអាវពេលខ្លះក៏មិនបានអ៊ុតជូនប្ដី ក៏ព្រោះតែត្រូវរៀបចំខ្លួនឲ្យកូនៗ និងមានរឿងជាច្រើនទៀតដែលនាងតែងព្យាយាមធ្វើដើម្បីប្ដី។ បើមិនបានជួយនាង សូមកុំស្ដីបន្ទោសថែមទៅបានហើយ។
២. បើថ្ងៃណានាងហ៊ានប្រើពាក្យធ្ងន់ស្រាលដាក់ក៏ព្រោះតែនាងមានរឿងលំបាកស្ទះពេញទ្រូងហើយ សូមឲ្យយល់ចិត្តនាងផង។ នាងធ្វើបែបនោះ ក៏ព្រោះតែចង់បានពាក្យលួងលោម ការអាណិត ការថ្នាក់ថ្នម។ នេះជាធម្មជាតិរបស់មនុស្សស្រី តើអាចធ្វើដើម្បីនាងបានទេ?
៣. ពេលចង់បានកូននាងព្រមលំបាកពពោះ ៩ខែ១០ថ្ងៃ ត្រូវមើលថែកូនតាំងពីក្នុងផ្ទៃរហូតដល់ថ្ងៃសម្រាល។ នាងស៊ូទ្រាំក្នុងនាមជាម្ដាយ ជាប្រពន្ធ តែនាងសុំតែម្យ៉ាងសូមប្ដីមើលថែនាង ធ្វើការងារផ្ទះជំនួសនាងផង។
៤. ពេលនាងធ្វើខុស នាងមិនចង់លឺពាក្យធ្ងន់ៗពីប្ដីឡើយ កុំថាឡើយដល់ប្រើអំពើហិង្ស។ នាងខ្លាំងតែសម្ដីទេ តែរាងកាយនាង បេះដូងនាងមិនរឹងមាំឡើយ សូមកុំឲ្យនាងជួប នាងឃើញភាពកោងកាចរបស់ប្ដីអី។
៥. មួយថ្ងៃៗនាងហត់នឹងមើលថែកូន ការងារផ្ទះសព្វគ្រប់បែបយ៉ាង ហើយថែមទាំងការងារក្រៅទៀត។ បើប្ដីទំនេរនាំនាងទៅសម្រាកលម្ហែកម្សាន្តខ្លះផង កុំគិតរឿងផឹកស៊ីជួបជុំមិត្តភក្ដិរាល់ថ្ងៃពេក។ នាងក៏ត្រូវការពេល និងការយកចិត្តទុកដាក់ពីប្ដីដែរ។ ជុំមិត្តភក្តិ ដើរលេងខាងក្រៅនាងមិនហាមទេ តែកុំញឹកពេកព្រោះពេលនេះអ្នកមានតួនាទីជាប្ដី ជាឪពុកគេហើយ។
៦. នាងជាប្រពន្ធនាងត្រូវមានកូន នាងជាមេផ្ទះនាងហត់រាល់ថ្ងៃ សម្រស់នាងអាចមិនស្អាតដូចកាលពីនាងនៅក្រមុំទៀតទេ។ អ្វីដែលនាងមាននោះគឺក្ដីស្រឡាញ់ ភាពស្មោះត្រង់ និងការមើលថែរក្សាគ្រួសារឲ្យរុងរឿងទៅមុខតែប៉ុណ្ណោះ ដូច្នេះតើប្ដីអាចនៅស្រឡាញ់នាងទៀតទេ?
៧. នាងខំធ្វើគ្រប់យ៉ាងដើម្បីក្លាយជាប្រពន្ធល្អ ជាកូនប្រសាល្អ ខំផ្គាប់ចិត្តសាច់ញាតិគ្រួសារខាងប្ដី មិនឲ្យឃ្នើសចិត្ត តែនាងសុំឲ្យប្ដីស្រលាញ់នាង និងគ្រួសារនាងដូចគ្នា។ ពេលខឹងពេលឈ្លោះកុំដៀលនាង កុំដៀលគ្រួសារនាងទោះនាងអាចអត់ធ្មត់ទ្រាំឮ មិនអាចធ្វើអ្វីដាក់ប្ដីបានតែនាងពិតជាឈឺចាប់ខ្លាំងណាស់។
៨. បើប្ដីអស់ចិត្តឈប់ស្រលាញ់នាង លែងត្រូវការនាងសូមប្ដីប្រាប់នាងឲ្យត្រង់មក នាងនឹងសុខចិត្តសម្រក់ទឹកភ្នែកដើរចេញ ល្អជាងឲ្យនាងស្រលាញ់ប្ដីយ៉ាងងប់ងុល តែប្ដីកំពុងមានស្រីក្បត់នាង។ នាងមិនអាចទទួលយកបានឡើយ កុំយកលេសថាគ្រាន់តែជាស្រីលេងសើច គ្រាន់តែភ្លេចខ្លួនមួយពេល បើប្ដីពិតជាមានទំនួលខុសត្រូវជាប្ដីល្អ ជាឪពុកល្អ ទោះស្រីនោះស្អាតដូចស្រីមកពីឋានសួគ៌ក៏ប្ដីមិនខ្វល់មិនចាប់អារម្មណ៍ឡើយ។
ទោះប្ដីចាត់ទុកស្រីនោះ ជាឋានៈអ្វីក៏ដោយ ក៏នាងមិនអាចទទួលយកបានដែរ។ បេះដូងនាង រាងកាយនាង អ្វីៗគ្រប់យ៉ាងនាងប្រគល់ជូនប្ដីតែម្នាក់គត់។ នាងសូមតែម្យ៉ាងពីប្ដី សូមឲ្យស្រលាញ់នាង ដូចកាលគ្រាហ៍ដំបូង ហើយកាន់ដៃនាងតែម្នាក់គត់រហូតដល់ចុងក្រោយនៃជីវិត៕
ចុចអាន៖រៀបការនឹងបុរសបែបណាទើបមិនខកខ្លួន? ៧ចំណុចដែលត្រូវមើល មុនជ្រើសគេជាគូជីវិត