កុំ​បង្ហិន​ពេល​ស្រលាញ់​បុរស ៦​ប្រភេទ​នេះ ព្រោះ​ចុង​ក្រោយ​អ្នក​នឹង​ខាត​គ្រប់​យ៉ាង

  • 2018-08-28 10:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ភាព​សង្ហា​អាច​ទាក់ទាញ​ឲ្យ​យើង​ចង់​​បើក​ចិត្ត​ទទួល​យក​មនុស្ស​ប្រុស​ណា​ម្នាក់​មែន ប៉ុន្តែ​ចុង​ក្រោយ ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រស់​បាន​យូរ​អង្វែង គឺ​អត្តចរិត​ និង​និស្ស័យ​កំណើត​របស់​គេ។ បើ​ពេល​នេះ​អ្នក​កំពុង​ទាក់ទង​​បុរស​ណា​ម្នាក់​ ហើយ​ចេះ​តែ​គ្មាន​ជំនឿ​ចិត្ត​ថា​គួរ​ចំណាយ​ពេល​មើល​ចិត្ត​គ្នា​ទៀត​ឬ​ក៏​អត់ ថ្ងៃ​នេះ​កញ្ញា​សូម​​ចែក​រំលែក​អំពី​បុរស​ចំនួន ៦​ប្រភេទ​ដែល​អ្នក​គួរ​ចៀសវាង ដើម្បី​កុំ​ឲ្យ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់ ខាត​បង់​ទាំង​ពេលវេលា និង​កម្លាំង​កាយ​ចិត្ត​ទៅ​ថ្ងៃ​ក្រោយ៖

១. មនុស្ស​ប្រុស​ឫក​ធំ ស្រលាញ់​និង​អំនួត​ខ្លួន​ឯង​ជ្រុល

មនុស្ស​ប្រុស​ដែល​ចូល​ចិត្ត​អំនួត​ដែល​ខ្លួន​សង្ហា ឡូយ ឬ​ពូកែ​នេះ គឺ​ចូល​ក្នុង​ចំណោម​មនុស្ស​ដែល​ចូល​ចិត្ត​ទាមទារ​ចំណាប់​អារម្មណ៍​អ្នក​ដទៃ​គ្រប់​ពេល។ មនុស្ស​ប្រភេទ​នេះ​ច្រើន​សម្លឹង​រក​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​ម្នាក់​ជា​គូ​ស្នេហ៍ ហើយ​នឹង​មិន​ដែល​បន្ទោស​ខ្លួន​ឯង​ឡើយ​នៅ​ពេល​ខ្លួន​ធ្វើ​ខុស រួម​ទាំង​មិន​អាច​ទ្រាំ​បាន​ដែរ​បើ​ខ្លួន​ត្រូវ​គេ​រិះគន់។ អ្វី​ដែល​សំខាន់​គឺ​គេ​ធ្វើ​អ្វី​គិត​តែ​ចិត្ត​ខ្លួន​ឯង​ម្នាក់​គត់ ដូច្នេះ​អ្នក​គិត​ទៅ​មើល​ថា​គួរ​ប្រថុយ​ចិត្ត​ជាមួយ​គេ​ឬ​ក៏​អត់?

២. មនុស្ស​ប្រុស​ព្រាន​មាន​មួយ​មិន​ស្កប់​ដប់​មិន​ស្កល់​​

សម្រាប់​មនុស្ស​ប្រុស​ដែល​មិន​ចេះ​ស្កប់ បើ​ទោះ​បី​អ្នក​ជា​សង្សារ ឬ​ប្រពន្ធ​ល្អ​យ៉ាង​ណា ក៏​គេ​អាច​ក្បត់​អ្នក​បាន​ជានិច្ច ដោយ​មិន​ខ្វល់​ថា​អ្នក​មាន​អារម្មណ៍​បែប​ណា​នោះ​ទេ។ ដំបូង​ៗ​អ្នក​អាច​មាន​អារម្មណ៍​ថា​ចង់​បង្ក្រាប​ចរិត​របស់​គេ និង​លង់​នឹង​ពាក្យ​សម្ដី​លួងលោម​របស់​គេ ក៏​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ព្រោះ​មនុស្ស​បែប​នេះ​ពូកែ​សម្ដី​ខ្លាំង ប៉ុន្តែ​ទង្វើ​វិញ​គឺ​ខុស​គ្នា៣៦០​ដឺ​ក្រ​តែម្ដង។ ចង់​មិន​ចង់​អ្នក​អាច​នឹង​ត្រូវ​រង​ទុក្ខ​រហូត​រក​ផ្លូវ​ចេញ​លែង​ឃើញ ដូច្នេះ​​បើ​ដឹង​ចរិត​គេ​ច្បាស់​​ហើយ​គួរ​ប្រញាប់​ដក​ខ្លួន​ឲ្យ​បាន​លឿន​ប្រសើរ​ជាង។

៣. គ្មាន​ភាព​ចាស់​ទុំ គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង

វា​អាច​ជា​រឿង​ធម្មតា​ដែល​យើង​មាន​អារម្មណ៍​គ្មាន​ជំនឿ​ចិត្ត​លើ​រឿង​មួយ​ចំនួន ប៉ុន្តែ​បើ​អ្នក​កំពុង​មើល​ចិត្ត​គ្នា​ជាមួយ​មនុស្ស​ដែល​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​គ្រប់​រឿង និង​ត្រូវ​សុំ​យោបល់​ និង​ការ​យល់​ព្រម​ពី​អ្នក​រហូត វា​ក៏​ចាត់​ទុក​ថា​ជា​សញ្ញា​ដែល​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ។ មនុស្ស​ប្រុស​ដែល​មាន​ភាព​ចាស់​ទុំ​គ្រប់គ្រាន់​នឹង​​អាច​ជា​ទ្រូង​បង្អែក​ដ៏​រឹង​មាំ​សម្រាប់​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់។ ផ្ទុយ​ទៅ​វិញ​បើ​គេ​មាន​ចរិត​កូន​ក្មេង គ្មាន​ទំនួល​ខុស​ត្រូវ មិន​ចេះ​គិតគូរ​អនាគត​ខ្លួន​ និង​គ្រួសារ​នោះ អ្នក​ដែល​នឿយ​​ហត់​បំផុត​នឹង​ជា​អ្នក។

៤. មនុស្ស​អាត្មានិយម

វា​ជា​សញ្ញា​មិន​ល្អ​ទេ​បើ​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បុរស​ប្រភេទ​នេះ ព្រោះ​នៅ​ពេល​អ្នក​ត្រូវ​ប្រឈម​មុខ​​នឹង​បញ្ហា ភាគ​រយ​ខ្ពស់​គឺ​គេ​នឹង​មិន​ចាប់​អារម្មណ៍ ឬ​ជួយ​ដល់​អ្នក​នោះ​ឡើយ បើ​សិន​រឿង​នោះ​មិន​ពាក់ព័ន្ធ​គេ​ផ្ទាល់។

៥. មិន​ចាត់​ទុក​អ្នក​សំខាន់​

បើ​គេ​ចូលចិត្ត​យក​អ្នក​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ ឬ​ចាត់​ទុក​មិត្តភ័ក្ដិ​​គេ​សំខាន់​ជាង​អ្នក​ អ្នក​នឹង​កើត​អារម្មណ៍​តូច​ចិត្ត ហើយ​ទំនាក់ទំនង​អ្នក​នឹង​រលាយ​មិន​យូរ​មិន​ឆាប់ ព្រោះ​ស្នេហា​ល្អ​មួយ​គួរ​មាន​ទាំង​ការ​ផ្ដល់​ឲ្យ​ ការ​ទទួល​យក និង​ការ​ចែក​រំលែក។ បើ​គេ​មិន​ព្រម​លះបង់​អ្វី​​សោះ​ដើម្បី​ទំនាក់ទំនង​ជាមួយ​អ្នក​ទេ នោះ​ក៏​មាន​ន័យ​ថា​គេ​មិន​បាន​ចាប់​អារម្មណ៍ ឬចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់​ដែរ។

៦. ពូកែ​រិះគន់ យក​គំនិត​ខ្លួន​ឯង​ជាធំ

ចំពោះ​មនុស្ស​ដែល​ចូលចិត្ត​វិភាគ រិះគន់​គ្រប់​រឿង​​សូម្បី​តែ​​រឿង​តូចៗ​ប៉ុន​ក្រចក​​ដៃ និង​តែង​យក​គំនិត​ខ្លួន​ឯង​ជាធំ បើ​ចៃដន្យ​មាន​រឿង​ឈ្លោះ​គ្នា​គេ​នឹង​មិន​ទទួល​យក​គំនិត និង​ហេតុផល​អ្នក​ឡើយ ព្រោះ​គេ​គិត​ថា​ខ្លួន​ឯង​ចេះ​ដឹង​ច្រើន​ជាង​ និង​យក​គំនិត​គេ​ជា​ធំ។ អ្នក​អាច​នឹង​ត្រូវ​គិត​សា​ឡើង​វិញ​ថា តើ​អាច​ទ្រាំ​រស់​នៅ​ជាមួយ​មនុស្ស​បែប​នោះ​មួយ​ជីវិត​បាន​ឬ​ទេ ?

ចុចអាន៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម