មនុស្សស្រីនឹងផ្ដើមអស់ចិត្តស្រឡាញ់ម្ដងបន្តិចៗ ឲ្យតែមនុស្សប្រុសធ្វើបែបនេះ
- 2018-08-22 02:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីនឹងផ្ដើមអស់ចិត្តស្រឡាញ់ម្ដងបន្តិចៗ ឲ្យតែមនុស្សប្រុសធ្វើបែបនេះ
មនុស្សស្រីពេលស្រឡាញ់នរណាម្នាក់ហើយ នាងនឹងស្រឡាញ់ខ្លាំង។ នេះជាធម្មជាតិមនុស្សស្រីដែលមិនអាចប្រកែកបាន តែបើនាងអស់ចិត្តវិញ គ្មានអ្វីអាចជួយស្រោចស្រង់នោះទេ។ អាចនឹងមានរឿងជាច្រើនដែលនាំឲ្យនាងអស់ចិត្តស្រឡាញ់ម្ដងបន្តិចៗ រហូតហៅលែងឮ។ ទាំងនេះគឺជារឿងដែលនាំឲ្យមនុស្សស្រីទៅជាអស់អារម្មណ៍លើស្នេហាទៀត៖
១. មិនដែលផ្ដោតសំខាន់លើនាង
គ្រប់ពេលនៅជាមួយនាងអ្នកតែងតែផ្ដោតទៅលើអីផ្សេង ដូចជាការលេងទូរស័ព្ទ ឬមើលរឿង លេង Game ជាដើម។ មនុស្សស្រីឆាប់អន់ចិត្ត និងគិតច្រើនណាស់ ព្រោះសកម្មភាពបែបនេះបញ្ជាក់ថាអ្នកមិនខ្វល់ មិនយកចិត្តទុកដាក់នាងនាងឡើយ។
២. មិនយល់ពីនាង
ការពិតមនុស្សស្រីងាយយល់ខ្លាំងណាស់ តែពេលខ្លះអ្នកមិនចង់យល់ ឬធ្វើមិនយល់តែម្ដង។ អ្នកតែងធ្វើបញ្ច្រាសអារម្មណ៍នាង ឬធ្វើបាបចិត្តនាងដោយមិនអើពើ។ ពេលខ្លះនាងពិតជាចង់ឲ្យអ្នកយល់ពីចិត្តនាងខ្លាំង ព្រោះនាងពិតជាចង់បានវាពីមនុស្សដែលនាងស្រឡាញ់ណាស់។ បើអ្នកព្យាយាមយល់ពីនាងបន្តិច គ្រប់យ៉ាងនឹងល្អប្រសើរ ហើយនាងកាន់តែស្រឡាញ់អ្នកខ្លាំងឡើងៗទៀតផង។
៣. គ្រប់គ្រងលើនាង
ទាំងការសម្រេចចិត្ត ការធ្វើអ្វីមួយ អ្នកតែងតែបញ្ជានេះបញ្ជានោះ ហើយបើនាងមិនធ្វើតាមទេអ្នកខឹងនាងជាដើម។ នេះជាទង្វើដ៏អាក្រក់មួយដែលធ្វើឲ្យមនុស្សស្រីឆាប់ធុញ និងមិនចូលចិត្ត ព្រោះមនុស្សស្រីក៏ត្រូវការអ្វីជារបស់ខ្លួនឯងដែរ មិនមែនចាំឲ្យតែអ្នកគ្រប់គ្រងទេ។
៤. បិទសេរីភាព និងការចូលចិត្តរបស់នាង
អ្នកតែហាមនេះ ហាមនោះ មិនឲ្យធ្វើនេះ មិនឲ្យធ្វើនោះគ្រប់យ៉ាងឲ្យតែអ្នកមិនចូលចិត្ត។ ហាមនាងមិនឲ្យស្លៀកសំលៀកបំពាក់ដែលនាងចូលចិត្ត ហាមនាងមិនឲ្យដើរលេង ឬក៏ឲ្យនាងផ្លាស់ប្ដូរទម្លាប់ដែលនាងចូលចិត្ត។ នេះមិនមែនជារឿងល្អដែលអ្នកក្នុងនាមជាសង្សារត្រូវធ្វើឡើយ ព្រោះអាចឲ្យនាងមានអារម្មណ៍មិនល្អ និងធុញទ្រាន់ខ្លាំង។
៥. មិនដែលឃើញទង្វើល្អៗរបស់នាង
រឿងដែលនាងធ្វើដើម្បីអ្នកជាច្រើនអ្នកមិនដែលមើលឃើញទេ តែបើនាងធ្វើអីខុសតិចតួចអ្នកចាប់បានណាស់។ ទង្វើបែបនេះបង្កឲ្យមានការអន់ចិត្ត និងធ្វើឲ្យនាងចាប់ផ្ដើមចង់ដើរចេញពីអ្នកព្រោះគិតថាគ្មានតម្លៃទោះបីជាបន្តទៀត។
៦. លេងសើចជាមួយស្រីផ្សេងទាំងកំពុងមាននាង
សម្រាប់អ្នកប្រហែលវាជារឿងលេងសើច តែសម្រាប់នាងវាជារឿងដែលធ្វើបាបចិត្តនាងខ្លាំងណាស់។ អ្នកគិតថានាងនឹងមិនអីទេឲ្យតែអ្នកនៅតែស្រឡាញ់នាង ប៉ុន្តែការគិតបែបនេះគឺខុសហើយ ព្រោះមិនយូរឡើយឲ្យតែអ្នកលេងល្បែងស្នេហ៍បែបនេះ នាងនឹងចាកចេញដោយមិនត្រឡប់ឡើយ។
៧. ឲ្យនាងរត់តាមអ្នកតែឯង
អ្នកមិនដែលតបស្នងការស្រឡាញ់នាងទៅវិញ ដោយគិតតែឲ្យនាងតាមអ្នក ខ្វល់ពីអ្នក គិតពីអ្នកតែឯង។ យូរៗទៅនៅពេលដែលមនុស្សស្រីតាមស្រឡាញ់អ្នកតែម្នាក់ឯងបែបនេះ នាងនឹងហត់ ហើយចាប់ផ្ដើមអស់ចិត្តបន្តិចម្ដងៗ រហូតដល់ដើរចេញក៏ថាបាន។
បើអ្នកដឹងថាខ្លួនឯងកំពុងខុសជាមួយនាងហើយ គួរតែបញ្ឈប់ទៅមុនគ្រប់យ៉ាងបញ្ចប់ ព្រោះបើមនុស្សស្រីឆ្អែតហើយ អ្នកអាចនឹងគ្មានឱកាសទៀតនោះទេ៕
ចុចអាន៖មនុស្សស្រីដែលអាចចងបេះដូងមនុស្សប្រុសល្អម្នាក់ជាប់ តែងមាន ៦យ៉ាងនេះ