ចង់ក្លាយជាអ្នកមាន លុយចាយហូរហៀរ គួរបញ្ឈប់ទម្លាប់អ្នកក្រទាំងនេះសិន
- 2018-01-03 23:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជាអ្នកមាន លុយចាយហូរហៀរ គួរបញ្ឈប់ទម្លាប់អ្នកក្រទាំងនេះសិន
ការក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភគឺជាក្ដីស្រមៃរបស់មនុស្សគ្រប់រូប។ ប៉ុន្តែបើក្លាយជាអ្នកមានជារឿងងាយស្រួលនោះ លើលោកនេះនឹងលែងមានអ្នកក្រមិនខាន។ លោក Tom Corley អ្នកស្រាវជ្រាវមួយរូបបានរកឃើញភាពខុសគ្នាមួយចំនួនរវាងអ្នកមាន និងអ្នកខ្សត់ទ្រព្យ។ គាត់បានចំណាយពេល៥ឆ្នាំដើម្បីស្វែងយល់ពីលក្ខណៈខុសគ្នានេះ ហើយរកឃើញថាដើម្បីក្លាយជាអ្នកមានបាន ដាច់ខាតត្រូវបោះបង់ទម្លាប់អាក្រក់ដូចខាងក្រោមនេះចោលសិន៖
មិនចូលចិត្តជួបមនុស្សថ្មីៗ
៦៨%នៃអ្នកមាននិយាយថា ពួកគេចូលចិត្តជួបមនុស្សថ្មីក្នុងជីវិត ហើយមានតែ១១%នៃអ្នកក្រប៉ុណ្ណោះដែលនិយាយដូចគ្នានេះ។ ភាគច្រើននៃអ្នកដែលមានទ្រព្យសម្បត្តិតែងចំណាយពេលជាមួយមនុស្សថ្មីក្រៅពីអ្នកដែលពួកគេធ្លាប់ជួប ដើម្បីបានរៀនសូត្រពីអ្វីថ្មីៗ និងចែករំលែកអ្វីដែលពួកគេមាន។ ហេតុនេះហើយ ទើបគេឃើញថាក្រុមអ្នកមានតែងដឹងច្រើនពីសង្គម និងការវិវត្តនៃបច្ចេកវិទ្យា មិនមែនព្រោះតែពួកគេមានលុយច្រើនអាចទិញសម្ភារៈនិយមបាននោះទេ តែមកពីពួកគេព្យាយាមយល់ដឹង និងដើរទាន់សម័យកាល។
ដេកចាំតែព្រេងសំណាង
សម័យនេះទៅហើយ ការដេករង់ចាំទ្រព្យសម្បត្តិពីជាតិមុនដើម្បីក្លាយជាអ្នកមានគួរតែលែងមានហើយ។ ការពឹងពាក់លើព្រេងវាសនា គឺជាការយកលេសមួយរបស់មនុស្សខ្ជិលច្រអូស ដោយមិនខំធ្វើការបញ្ចេញកម្លាំង ឬធ្វើការខ្លាចហត់ តែចង់បានផ្លែផ្កាច្រើន។ ដូច្នេះទោះដេកចាំ១០-២០ឆ្នាំទៀតក៏មិនងាយសម្រេចក្ដីស្រមៃនេះបានដែរ។
ស្អប់ការងារដែលខ្លួនកំពុងធ្វើ
“ខ្ញុំស្រឡាញ់អ្វីដែលខ្ញុំកំពុងធ្វើ" ស្ទើរតែ៩០%នៃបុគ្គលិកជោគជ័យតែងនិយាយបែបនេះ។ អ្នកក្រភាគច្រើនតែងមើលឃើញថាការងាររបស់ខ្លួនអន់ ឬដល់ថ្នាក់ស្អប់ខ្ពើមការងារប្រចាំថ្ងៃរបស់ខ្លួនផង។ បុគ្គលជោគជ័យជាច្រើនមុននឹងដើរដល់វិថីមួយនេះ ពួកគេធ្វើការមិនរើសមុខឡើយ មានតែបុគ្គលបរាជ័យទេដែលប្រកាន់ខ្លួននោះ។ វិធីមួយដែលអាចធ្វើឱ្យអ្នករីករាយបាន គឺគួរតែប្ដូរការងារទៅរកអ្វីដែលអ្នកស្រលាញ់ កុំបានត្រឹមអង្គុយរអ៊ូតែមិនធ្វើអ្វីនោះ។
មិនយកទុកដាក់រឿងសុខភាព
បើចង់បានតែទ្រព្យសម្បត្តិ តែសុខភាពទ្រុឌទ្រោម ក៏ក្ដីស្រមៃមួយនេះមិនអាចទៅមុខកើតដែរ។ សាកស្រមៃទៅមើល បើសុខភាពអ្នកមួយថ្ងៃៗគិតតែឈឺមិនឈប់ តើមានកម្លាំងឯណាទៅរកលុយដើម្បីក្លាយជាអ្នកមាន ឬទោះបីមានលុយហើយ តើមានកម្លាំងឯណាដើម្បីចាយលុយទាំងនោះឱ្យរីករាយបានទៅ។ អ៊ីចឹងគួរផ្ដោតសំខាន់លើការថែរក្សាសុខភាព កុំគិតថា សព្វថ្ងៃខ្លួនមានចំណូលតិចតួច ញ៉ាំអីឱ្យតែបានៗគឺមិនល្អឡើយ។
មិនហ៊ានប្រថុយប្រថាន
មានតែ៦%ប៉ុណ្ណោះនៃអ្នកក្រដែលហ៊ានប្រថុយធ្វើអ្វីមួយក្នុងគោលបំណងបង្កើនស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ ចំណែកអ្នកមានវិញ មានដល់ទៅ៥០%ដែលហ៊ានសម្រេចចិត្តធ្វើរឿងនេះ។ ក្រៅពីនេះ បុគ្គលជោគជ័យជាច្រើនគិតថា ក្នុងមួយជីវិតហោចណាស់ក៏គួរប្រថុយអ្វីមួយដែលគិតថាអាចនឹងជោគជ័យនៅថ្ងៃមុខ ព្រោះពួកគេគិតថា បរាជ័យគ្មានអ្វីគួរឱ្យខ្លាច តែវាអាចជាមេរៀនឱ្យមនុស្សចាប់ផ្ដើមរឹងប៉ឹងបន្តិចម្ដងៗ។
មិនចូលចិត្តអាន
ការមិនបានអានស្មើនឹងមិនបានគិត។ បុគ្គលជោគជ័យស្ទើរតែទាំងអស់តែងចំណាយពេលរបស់ពួកគេក្នុងការអានហោចណាស់៣០នាទីក្នុងមួយថ្ងៃ ខណៈអ្នកក្រមានតែ២%ប៉ុណ្ណោះដែលសុខចិត្តលះបង់ពេលវេលាទៅអានសៀវភៅឬចំណេះដឹងមានប្រយោជន៍។
ដេកទ្រមក់
ស្ទើរតែពាក់កណ្ដាលនៃបុគ្គលជោគជ័យក្រោកពីដំណេកហោចណាស់៣ម៉ោងមុនចាប់ផ្ដើមការងាររបស់ពួកគេ ដែលភាគច្រើនគឺម៉ោង៥ព្រឹក។ ពួកគេចំណាយពេលក្រោកពីព្រលឹមនេះមកធ្វើផែនការសម្រាប់ថ្ងៃនេះ និងហាត់ប្រាណដើម្បីសុខភាពផង។ ការក្រោកពីព្រលឹមមិនមែនបានន័យថា មិនបានគេងគ្រប់គ្រាន់ទេ ភាគច្រើននៃបុគ្គលជោគជ័យគេងចន្លោះពី៧ទៅ៨ម៉ោងក្នុងមួយយប់។
សេពគប់បុគ្គលអត់បានការ
៩៦%នៃបុគ្គលជោគជ័យដឹងច្បាស់ថាមនុស្សដែលខ្លួនកំពុងសេពគប់ជាមួយមនុស្សប្រភេទណា ហើយមនុស្សប្រភេទណាដែលគួរចៀសវាង។ មនុស្សដែលចូលចិត្តនិយាយដើមគេ ចូលចិត្តត្អូញត្អែរពីជីវិតខ្លួនឯង ចំណាយពេលវេលាឱ្យកន្លងទៅទទេៗ និងមនុស្សដែលចូលចិត្តគិតអ្វីក្នុងផ្លូវអវិជ្ជមាន មិនមែនមិត្តរបស់បុគ្គលអ្នកមានស្ដុកស្ដម្ភឡើយ។
ចាយលុយដូចសេដ្ឋី
បើក្លាយជាសេដ្ឋីហើយ ចង់ចាយប៉ុណ្ណាក៏ចាយចុះ តែបើខ្លួនកំពុងនៅខ្វះមុខខ្វះក្រោយ តែមើលខ្ទង់ចំណាយមិនដែលសល់ប្រាក់ក្នុងកាបូប ឬគណនីសោះ តើមានផ្លូវឯណាដែលអាចក្លាយជាអ្នកមានបាននោះ។ មនុស្សសម័យនេះប្រហែលជាសម្បូរដោយអ្នកដែលសុខចិត្តចំណាយលុយលើរបស់ប្រេនៗ ទិញទូរសព្ទ ឡាន នាឡិកា សម្លៀកបំពាក់ថ្លៃៗ ទាំងដែលខ្លួនមិនទាន់មានជីវភាពធូរធារ និងមិនចាំបាច់ផងនោះ។ ទម្លាប់ដំបូងនៃបុគ្គលជោគជ័យគឺបែងចែកខ្ទង់ចំណាយច្បាស់លាស់ ដូចជាប៉ុន្មានភាគរយសម្រាប់អាហារ ប៉ុន្មានសម្រាប់ប្រាក់សន្សំ ប៉ុន្មានសម្រាប់របស់ចាំបាច់ ប៉ុន្មានសម្រាប់ពេលឈឺថ្កាត់ជាដើម៕
ទម្លាប់នៃការចាប់ផ្តើមថ្ងៃថ្មី របស់ស្រ្តីជោគជ័យ