ចេះធ្វើម្ហូបឬអត់ មិនមែនជា “សញ្ញាប័ត្រ” ដើម្បីវាយតម្លៃមនុស្សស្រីឡើយ
- 2018-08-01 02:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះធ្វើម្ហូបឬអត់ មិនមែនជា “សញ្ញាប័ត្រ” ដើម្បីវាយតម្លៃមនុស្សស្រីឡើយ
គេតែងនិយាយតគ្នាថា៖ ផ្លូវដែលជិតបំផុតដើម្បីទៅដល់បេះដូងមនុស្សប្រុសគឺតាមក្រពះ។ តើឃ្លានេះមានន័យដូចម្ដេច? និយាយឲ្យស្រួលស្ដាប់ទៅគឺ បើចង់ឲ្យមនុស្សប្រុសស្រលាញ់អ្នក គឺត្រូវចេះធ្វើម្ហូប។
ចង់បានប្ដី ទាល់តែចេះធ្វើម្ហូប? នៅក្នុងគំនិតរបស់មនុស្សប្រុសជាច្រើន មនុស្សស្រីមួយរូបដែលចេះធ្វើម្ហូប គឺជាប្រពន្ធល្អម្នាក់។ ហេតុអ្វីបាននិយាយដូចនេះ? ព្រោះតំណែងចុងក្រោយរបស់ស្ត្រីនោះគឺជាប្រពន្ធ និងម្ដាយ។ ដើម្បីធ្វើតំណែងនោះឲ្យបានល្អ ជំនាញមួយក្នុងជំនាញទាំងឡាយដែលចាំបាច់នោះគឺ ធ្វើម្ហូប។
ចេះធ្វើម្ហូបមានន័យថាស្មើនឹងអាចធានាសុខភាពឲ្យគ្រួសារ សង្សារ ឲ្យប្ដី និងកូន ទៅថ្ងៃក្រោយ។ យ៉ាងណាក្ដី តើការចេះធ្វើម្ហូបទើបធ្វើឲ្យមនុស្សស្រី ក្លាយជាស្រីគ្រប់ល័ក្ខិណ៍ឬ? បើមិនចេះធ្វើម្ហូប តើមនុស្សស្រីមិនអាចយកប្ដីបានឬយ៉ាងម៉េច? តើពួកគេត្រូវធ្វើម្ហូបដោយសារគំនាបសង្គម ឬដោយសារតែពួកគេត្រូវចេះដោយសារតែវាជាចរិតរបស់មនុស្សស្រី?
ជាបឋម មនុស្សស្រីគួរចេះធ្វើម្ហូបមែន ប៉ុន្តែដើម្បីមើលថែខ្លួនឯង មិនមែនដើម្បីអ្នកណាផ្សេងឡើយ។ ការចេះធ្វើម្ហូបគឺជាជំនាញ មិនមែនកាតព្វកិច្ចឡើយ។ អ្នកចេះក៏ចេះទៅ អ្នកមិនចេះក៏គ្មានអ្នកជេរស្ដីឡើយ។ ឃ្លាដែលថា ផ្លូវដែលជិតបំផុតដើម្បីទៅដល់មនុស្សប្រុសគឺតាមផ្លូវក្រពះ ក៏និយាយដែរថា វាគ្រាន់តែជាផ្លូវជិតប៉ុណ្ណោះ មិនមែនផ្លូវតែមួយគត់ឡើយ។ មានមនុស្ស្ស្រីមួយគំនរ ធ្វើម្ហូបឡើងឆ្ងាញ់ តែមិនមែនជាប្រពន្ធល្អឯណា។ ហើយក៏មានមនុស្សស្រីច្រើនដែរ ដែលមិនចេះធ្វើម្ហូប តែនៅតែជាម្ដាយ និងប្រពន្ធដ៏ល្អធម្មតា។
យកប្ដីគឺដើម្បីពឹងផ្អែកគ្នា បើយកប្រពន្ធមកដោយសារតែនាងចេះធ្វើម្ហូបនោះ មិនបាច់យកប្រពន្ធទេ ជួលចុងភៅតែម្ដងទៅ៕
ចុចអាន៖
រឿងដែលកូនប្រសាស្រីគួរធ្វើ និងមិនគួរធ្វើ ជាមួយគ្រួសារខាងប្តី
អនាគតកូនក្រមុំម្នាក់ៗ គួរតែមានច្បាប់ទាំង ៥ នេះ ទុកត្រៀមសម្រាប់ថ្ងៃរៀបការ