ធ្វើ​បាន​ចាត់​ទុក​ថា​អស្ចារ្យ! ៩​មេរៀន​ជីវិត​ដែល​គ្រប់​គ្នា​ងាយ​យល់​ប៉ុន្តែ​មិន​ងាយ​ធ្វើ​បាន

  • 2018-07-19 08:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឃ្លា​អប់​រំ លើក​ទឹក​ចិត្ត ក៏​ដូច​ជា​វិធីសាស្ត្រ​ជោគជ័យ​​រាប់​រយ​រាប់​ពាន់​ឃ្លា​​បាន​លេច​អណ្ដែត​លើ​បណ្ដាញ​សង្គម​របស់​យើង ហើយ​ឃ្លា​ខ្លះ ឬ​អត្ថបទ​ខ្លះ យើង​ក៏​​បាន​អាន​និង​ទន្ទេញ​រត់​មាត់។ ប៉ុន្តែ​ប្រាកដ​ទេ​ថា​ យើង​អាច​ជោគជ័យ​បាន? ជា​ការ​ពិត បើ​យើង​មាន​តែ​ទ្រឹស្ដី​ប៉ុន្តែ​គ្មាន​ការ​អនុវត្ត នោះ​វា​ចាត់​ទុក​ថា​មិន​បាន​ការ​ដដែល។ ខាង​ក្រោម​នេះ កញ្ញា​សូម​បង្ហាញ​ពី​ឃ្លា​អប់​រំ​មួយ​ចំនួន មាន​មនុស្ស​ជា​ច្រើន​​យល់​បាន ប៉ុន្តែ​តិច​តួច​ប៉ុណ្ណោះ​ដែល​ធ្វើ​បាន។

១. គ្រប់​បរាជ័យ​ គឺ​មេរៀន​ដើម្បី​ឲ្យ​យើង​ឈាន​ទៅ​ខាង​មុខ។ ដឹង​ថា​បរាជ័យ​គឺ​ជា​មេរៀន ប៉ុន្តែ​មនុស្ស​ជា​ច្រើន នៅ​តែ​​មិន​ព្រម​រៀន​ពី​បរាជ័យ​ហើយ​បណ្ដោយ​ឲ្យ​កំហុស​ដដែល​ៗ​កើត​ឡើង។

២. មនុស្ស​ស្លាប់​មិន​អាច​យក​លុយ​ទៅ​ជាមួយ​បាន ប៉ុន្តែ​លុយ​អាច​យក​សេចក្ដី​ស្លាប់​មក​ឲ្យ​មនុស្ស​បាន។ ដឹង​ថា​លុយ​មិន​អាច​ទិញ​គ្រប់​យ៉ាង ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​លុយ។

៣. មនុស្ស​មាន​បុណ្យ​​ស្ដាប់​មិន​ឮ​ពាក្យ​និន្ទា មនុស្ស​ដែល​ស្ដាប់​ឮ​តែ​ពាក្យ​និន្ទា​គឺ​ជា​មនុស្ស​គ្មាន​បុណ្យ។ ដឹង​ថា​មិន​ត្រូវ​ខ្វល់​ពី​សម្ដី​មិន​ល្អ​របស់​អ្នក​ដទៃ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​យក​មក​គិត​ឲ្យ​ពិបាក​ចិត្ត។

៤. មនុស្ស​មាន​ចិត្ត​រក​វិធី​ដោះស្រាយ មនុស្ស​អត់​ចិត្ត​រក​លេស​ដោះសា។

៥. ពាក្យ​ថា “ខ្ជិល” តែ​មួយ​ម៉ាត់​គឺ​គ្រប់គ្រាន់​នឹង​បំផ្លាញ​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា​បាន មិន​ថា​អ្នក​មាន​ក្ដី​ស្រមៃ​យ៉ាង​ណា​ ឬ​មាន​តំណែង​យ៉ាង​ណា​ក៏ដោយ។ លះបង់​ភាព​ខ្ជិល​បាន ជីវិត​អ្នក​នឹង​លែង​លំបាក។

៦. ផ្លូវ​ត្រង់​​មើល​ទៅ​​ដូច​ជា​សុវត្ថិភាព​ ប៉ុន្តែ​ការ​ពិត​បែរ​ជា​គ្រោះថ្នាក់ ផ្លូវ​កាច់​កោង​មើល​ទៅ​​ដូច​ជា​គ្រោះថ្នាក់​​ប៉ុន្តែ​ក៏​ហាក់​ដូច​ជា​សុវត្ថិភាព។ ប្រៀប​ដូច​​ផ្លូវ​ជីវិត​ដែល​រលូន ​ច្រើន​នាំ​តែ​បរាជ័យ​ដល់​អ្នក​​​ដើរ​ជានិច្ច ព្រោះ​​ពួក​គេ​រវល់​តែ​វក់​នឹង​ក្ដី​សុខ​រហូត​ភ្លេច​គិត​កសាង​ភាព​រឹងមាំ​សម្រាប់​ខ្លួន​ឯង។

៧. ធ្វើ​ម៉េច​ទើប​ដឹង​ថា​មនុស្ស​ដែល​អ្នក​កំពុង​​ស្រលាញ់​នឹង​អាច​យក​គ្នា​ជា​អនាគត​បាន? ចម្លើយ​នោះ​គឺ បើ​ស្រលាញ់​កាន់​តែ​យូរ​កាន់​តែ​ហត់​ គឺ​បញ្ឈប់​ទៅ។

៨. បើ​សត្រូវ​ធ្វើ​ឲ្យ​អ្នក​ខឹង​បាន នោះ​មាន​ន័យ​ថា​អ្នក​​ចាញ់​ប្រៀប​របស់​គេ បើ​មិត្ត​ធ្វើ​ឲ្យ​អ្នក​ខឹង​បាន នោះ​មាន​ន័យ​ថា​អ្នក​នៅ​ខ្វល់ខ្វាយ​ពី​មិត្តភាព​ដែល​កំពុង​មាន។

៩. មនុស្ស​ដែល​​មាន​ក្ដី​សុខ អាច​មិន​មែន​មនុស្ស​ដែល​មាន​អ្វី​គ្រប់​យ៉ាង ប៉ុន្តែ​គេ​មាន​ក្ដី​សុខ​ជាមួយ​អ្វី​ដែល​គេ​មាន ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន