ជាមនុស្សល្អ និងរស់នៅដោយសេចក្ដីសុខសម្រាប់ខ្លួនឯង គួរតែមានការគិតបែបនេះ
- 2018-06-29 07:38:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាមនុស្សល្អ និងរស់នៅដោយសេចក្ដីសុខសម្រាប់ខ្លួនឯង គួរតែមានការគិតបែបនេះ
ក្នុងលោកតែងតែមានរបស់ដែលផ្ទុយគ្នា ដូច្នេះទោះអ្នកជាមនុស្សល្អប៉ុណ្ណាក៏នៅតែមានអ្នកស្អប់ចៀសមិនរួច។ កុំដើរអួតប្រាប់គេថាអ្នកជាមនុស្សល្អអី ព្រោះមនុស្សល្អពិតគេមិនបាច់អួតក៏មានអ្នកដឹងដែរ អ្វីដែលសំខាន់អ្នកអាចរស់នៅដោយស្ងប់ចិត្តទៅបានហើយ។ ខាងក្រោមនេះជារឿងដែលមនុស្សមានសេចក្ដីសុខម្នាក់មានក្នុងជីវិតប្រចាំថ្ងៃ ហើយបើអ្នកចង់មានជីវិតមួយដែលស្ងប់ និងក្លាយជាមនុស្សល្អម្នាក់សម្រាប់ខ្លួនឯងនោះ គួរតែព្យាយាមបង្រៀនខ្លួនឲ្យមាន៖
១. អ្នកមិនដឹងទេថាប៉ុន្មានដងហើយដែលឈ្មោះអ្នកត្រូវបានគេនិយាយ តែអ្វីដែលអ្នកត្រូវធ្វើនោះមិនមែនស្វែងរកអ្នកដែលនិយាយអាក្រក់ពីអ្នកនោះទេ ព្រោះអ្នកមិនអាចហាមមាត់គេឡើយ។ អ្វីដែលសំខាន់គឺគឺអ្នកដឹងថាខ្លួនឯងល្អ ហើយបង្ហាញអំពើល្អនោះចេញទៅខាងក្រៅ។
មានពាក្យមួយឃ្លាគេនិយាយថា «បើអ្នកមិនពិការភ្នែកទេ កុំស្គាល់ខ្ញុំតាមរយៈមាត់របស់គេ»។
**២.** ធ្វើជាមនុស្ស ចាំបាច់ត្រូវមានការគោរពគ្នា។ មិនថាអ្នកដទៃចរិតបែបណានោះទេ ប៉ុន្តែអ្នកត្រូវដឹងពីចរិតខ្លួនឯង ហើយចាប់ផ្ដើមធ្វើជាមនុស្សទី១ ដែលមានការគោរពទៅអ្នកដទៃ។ ឃើញគេនិយាយអាក្រក់ពីអ្នកដទៃ អ្នកមិនត្រូវនិយាយអាក្រក់ពីគេតដូចគ្នាគ្រាន់តែនៅស្ងៀមហើយធ្វើតែរឿងល្អ និយាយតែពាក្យល្អទៅបានហើយ។
៣. មានរឿងជាច្រើនដែលអ្នកត្រូវធ្វើ ប៉ុន្តែត្រូវចាំណា ក្នុងភ្នែកអ្នកដទៃរឿងនោះគឺជារឿងអត់ប្រយោជន៍បំផុត ហើយគេចាំតែសើចចំអកឲ្យអ្នកប៉ុណ្ណោះ តែអ្វីដែលអ្នកត្រូវធ្វើគឺផ្ដោតលើអ្វីដែលអ្នកកំពុងធ្វើ មិនមែនផ្ដោតលើអ្វីដែលគេកំពុងនិយាយនោះទេ។
៤. ការពិត មនុស្សខ្លះគ្រាន់តែពាក់មុខសម្ដែងជាស្រឡាញ់អ្នកតែប៉ុណ្ណោះ ទាំងការពិតគេព្យាយាមយករឿងរបស់អ្នកទៅចែកចាយអ្នកដទៃទៀត។ មនុស្សមានមុខពីរគឺពិបាកបំផុត ប៉ុន្តែអ្នកត្រូវគិតថានោះមកពីគេអន់ជាងអ្នក ដូច្នេះទើបគេព្យាយាមរកគ្រប់វិធីបំបាក់មុខអ្នក។ កុំខ្វល់ច្រើនពេក គេកាន់តែនិយាយ អ្នកកាន់តែត្រូវធ្វើឲ្យល្អ។
៥. បើអ្នកជួបមនុស្សដែលនិយាយដើមអ្នក អ្នកត្រូវនិយាយល្អពីគេ។ បើអ្នកជួបមនុស្សដែលកំពុងស្អប់អ្នក អ្នកត្រូវផ្ដល់ក្ដីស្រឡាញ់ឲ្យគេ។ បើអ្នកជួបមនុស្សដែលចង់ឃើញអ្នកបរាជ័យអ្នកត្រូវជួយគេ។ ដឹងថាហេតុអីទេ? ព្រោះមនុស្សទាំងអស់នោះខ្វះសេចក្ដីល្អ ខ្វះក្ដីស្រឡាញ់ ខ្វះភាពជោគជ័យ ដូច្នេះហើយអ្នកគួរតែជួយពួកគេ។
៦. នៅជាមួយមនុស្សមិនល្អអ្នកគួរតែស្ងប់ស្ងាត់ ព្រោះបើអ្នកកាន់តែនិយាយគេកាន់តែមានរឿងច្រើននិយាយពីក្រោយខ្នងអ្នក។ មិនបាច់រវល់ថាគេជាមនុស្សប្រភេទណាទេ គ្រាន់តែដឹងថាអ្នកមិនបាននិយាយពីគេវិញទៅបានហើយ។ ធ្វើការរបស់ខ្លួនឲ្យតែល្អទៅ អ្នកណាយ៉ាងម៉េចនោះជារឿងគេ ព្រោះវេលាមានមិនច្រើនទេ បើអ្នករវល់តែគិតរឿងគេ នោះរឿងអ្នកនឹងអាក្រក់ទៅតាមគេ។
សេចក្ដីសុខនឹងមាននៅពេលដែលយើងអាចអប់រំចិត្តឲ្យបានស្ងប់ មិនច្រណែន មិនឈ្នានីស មិននិយាយអាក្រក់ពីគេ៕
ចុចអាន៖មិនចង់ក្រគួរអាន! ៩ វិធីគិតរបស់អ្នកមាន ដែលធ្វើឲ្យពួកគេរកស៊ីកាន់តែមានឡើងៗ