បុគ្គលិកធ្វើការមិនលាឈប់ទេ បើក្រុមហ៊ុន ឬមេអាចផ្ដល់ឲ្យគេ ៧ចំណុចនេះ
- 2018-06-29 08:42:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកធ្វើការមិនលាឈប់ទេ បើក្រុមហ៊ុន ឬមេអាចផ្ដល់ឲ្យគេ ៧ចំណុចនេះ
គឺជារឿងធម្មតារបស់ស្ថាប័ននានា ដែលត្រូវការមនុស្សមានសមត្ថភាពមករួមការងារ និងព្យាយាមថែរក្សាបុគ្គលិកដែលមានសក្ដានុពលខ្លាំងឲ្យនៅធ្វើការបានយូរ។ ប៉ុន្តែក្រុមហ៊ុនជាច្រើនតែងជួបប្រទះបញ្ហាលំហូរបុគ្គលិក ឬបុគ្គលិកលាឈប់ញឹកញាប់។ ដូច្នេះបើចង់ឲ្យបុគ្គលិកនៅជាមួយអ្នកបានយូរ អ្នកត្រូវដឹងពីវិធីចងចិត្តរបស់ពួកគេមិនមែនត្រឹមតែដំឡើងប្រាក់ខែមួយមុខឡើយ។ ចង់ដឹងថាវិធីទាំងនោះមានអ្វីខ្លះ សូមតាមដានជាមួយកញ្ញាខាងក្រោមនេះ៖
១. ធ្វើឲ្យមានអារម្មណ៍កក់ក្ដៅ
ការដែលមេដឹកនាំធ្វើឲ្យកូនចៅមានអារម្មណ៍កក់ក្ដៅថាពួកគេអាចរីកចម្រើនជាមួយក្រុមហ៊ុនបាន ការសួរនាំពីគោលដៅ ឬអ្វីដែលពួកគេត្រូវការទៅអនាគត រួមទាំងការធ្វើឲ្យពួកគេជឿជាក់លើភាពរីកចម្រើនក្នុងអាជីពរបស់ពួកគេ នឹងអាចកាត់បន្ថយឱកាសដែលពួកគេនឹងលាឈប់ ព្រោះអ្នកណាៗក៏ត្រូវការមានអាជីពមួយដែលរីកចម្រើនទៅមុខជានិច្ចដែរ។
២. សរសើរ លើកទឹកចិត្តពេលធ្វើការងារបានល្អ
ការសិក្សាមួយពីក្រុមហ៊ុន Gallup បានបង្ហាញថា បុគ្គលិកដែលទទួលបានការសរសើរ ឬការដែលបុគ្គលិកមានអារម្មណ៍ថាខ្លួនឯងសំខាន់ នឹងធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការធ្វើការកាន់តែច្រើន ព្រមទាំងអាចបន្ថែមសមិទ្ធផលការងារបានល្អថែមទៀត។ ដូច្នេះបើសិនកូនចៅរបស់អ្នកធ្វើការបានល្អ អ្នកក៏មិនគួរភ្លេចនិយាយសរសើរពួកគេដែរ។
៣. ទទួលមតិ ឬហេតុផលពីបុគ្គលិក
ក្នុងការសិក្សារបស់ Gallup បានរកឃើញថា មូលហេតុមួយដែលធ្វើឲ្យបុគ្គលិកលាឈប់ គឺការដែលមេដឹកនាំមិនស្ដាប់ ឬព្យាយាមយល់ពីកូនចៅ ដែលបែបនេះនឹងធ្វើឲ្យបាត់បង់អារម្មណ៍ល្អជាមួយមេ ឬរហូតធ្វើឲ្យពួកគេមានអារម្មណ៍ពិបាក ចង់ផ្លាស់ប្ដូរកន្លែងធ្វើការតែម្ដង។ ដូច្នេះបើទោះបីអ្នកជាមេរបស់គេក៏ដោយ ប៉ុន្តែការស្ដាប់មតិយោបល់របស់អ្នកក្រោមបង្គាប់គឺជាអ្វីដែលមិនគួរមើលរំលង។
៤. ធ្វើឲ្យបុគ្គលិកយល់ពីគោលបំណងនៃការងារដែលខ្លួនធ្វើ
នៅក្នុងសៀវភៅ Give and Take របស់ Adam Grant បានបញ្ជាក់ថា នៅពេលបានដឹងពីគោលបំណងនៃការងារ វាមិនត្រឹមតែធ្វើឲ្យគេធ្វើការបានស្រួលចិត្តនោះទេ ប៉ុន្តែវាក៏បន្ថែមប្រសិទ្ធភាពក្នុងការធ្វើការផងដែរ។ ដូច្នេះការដែលអ្នកបង្ហាញឲ្យបុគ្គលិកដឹងថាការងារដែលពួកគេធ្វើមានគោលបំណង ឬនឹងហុចផលយ៉ាងណាចំពោះស្ថាប័ន វានឹងធ្វើឲ្យពួកគេបានយល់ពីតម្លៃការងារខ្លួនឯង និងតាំងចិត្តធ្វើវាអស់ពីសមត្ថភាព។
៥. ផ្ដល់ Feedback លើការងាររបស់ពួកគេ
លទ្ធផលស្រាវជ្រាវរបស់ Gallup បានរកឃើញថា កំហុសឆ្គងលំដាប់ទីពីរដែលនាំឲ្យបុគ្គលិកលាឈប់ គឺការខ្វះទំនាក់ទំនងរវាងមេដឹកនាំ និងកូនចៅ។ ចំណុចនេះ មេដឹកនាំគួរតែផ្ដល់ដំបូន្មាន ឬ Feedback ចំពោះការធ្វើការរបស់ពួកគេយ៉ាងទៀងទាត់ ព្រមទាំងផ្ដល់យុទ្ធសាស្ត្រថ្មីៗឲ្យពួកគេផង ដើម្បីឲ្យពួកគេមានឱកាសកែលម្អ និងអភិវឌ្ឍខ្លួនឯង។ ប៉ុន្តែបើបុគ្គលិកធ្វើខុសហើយ អ្នកមិនតឿន ឬប្រាប់ពួកគេភ្លាមៗ និងទុកនិយាយពេលវាយតម្លៃ Probation ឬវាយតម្លៃប្រចាំឆ្នាំ វានឹងអាចធ្វើឲ្យបុគ្គលិកមានអារម្មណ៍រងសម្ពាធខ្លាំងជាងការ Feedback ជាប្រចាំ។
៦. ឲ្យពួកគេមានអារម្មណ៍ថាខ្លួនឯងមានតម្លៃ
អ្នកណាៗក៏ចង់មានអារម្មណ៍ថាខ្លួនឯងមានតម្លៃដែរ ជាពិសេសការមានតម្លៃក្នុងខ្សែភ្នែករបស់មេដឹកនាំ។ វានឹងធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការធ្វើការបន្ត។ ដូច្នេះមេដឹកនាំគួរបង្ហាញឲ្យកូនចៅបានឃើញថា ពួកគេមានសារសំខាន់ចំពោះក្រុមហ៊ុន មិនថាតាមរយៈពាក្យសម្ដី ឬទង្វើនោះទេ ព្រោះថានៅពេលណាដែលបុគ្គលិកមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃហើយ ឱកាសដែលពួកគេអាចនឹងលាឈប់ក៏ទៅតាមនោះដែរ។
៧. ផ្ដល់ក្ដីស្រលាញ់ ស្មើភាព
បុគ្គលិកក៏គ្រាន់តែជាមនុស្សធម្មតាដែលត្រូវការក្ដីស្រលាញ់ និងការយល់ចិត្តពីមេដឹកនាំ រួមទាំងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារផងដែរ។ ដូច្នេះហើយវាពិតជាសំខាន់ណាស់ដែលអ្នកគួរបង្កើតបរិយាកាសល្អមួយឲ្យបុគ្គលិកធ្វើការមិនមានអារម្មណ៍រងសម្ពាធ ឬស្រ្តេសខ្លាំងពេក។ ក្រៅពីនេះ អ្នកមិនគួរលម្អៀង ឬស្រលាញ់ម្នាក់អត់ម្នាក់ដាច់ខាត ប៉ុន្តែគួរប្រព្រឹត្តចំពោះអ្នកគ្រប់គ្នាស្មើៗគ្នា។ បើអ្នកធ្វើឲ្យបុគ្គលិកមានអារម្មណ៍ស្រលាញ់អ្នកបាន គេក៏មិនងាយទៅណាចោលអ្នកដែរ។
សរុបមកអ្វីដែលកញ្ញាបានលើកមកខាងលើនេះ គឺសុទ្ធតែជាចំណុចសំខាន់សម្រាប់ផ្លូវចិត្ត។ ដូចដែលបានបញ្ជាក់ខាងលើ ការដែលចង់ឲ្យបុគ្គលិកល្អៗនៅជាមួយយើងឲ្យបានយូរ គឺមិនមែនត្រឹមតែដំឡើងប្រាក់ខែនោះទេ ប៉ុន្តែត្រូវគិតគូរពីអារម្មណ៍របស់ពួកគេដែរ។ ទោះបីមិនអាចទប់គេជាប់១០០% ប៉ុន្តែវាអាចមានប្រសិទ្ធភាពខ្ពស់គួរសមដែរ ៕
ចុចអាន៖
អ្នកធ្វើការខ្លាចបំផុតបើជួបមិត្តរួមការងារមានចរិត ៧យ៉ាងនេះ
ធំហើយ ត្រូវធ្វើខ្លួនឲ្យរឹងមាំ ៥ចំណុចនេះ ទើបចូលសង្គម គ្មានអ្នកមើលងាយ