ត្រៀមខ្លួនក្រមួយជីវិតទៅ បើនៅតែមាន ៦ចំណុចនេះជាប់ខ្លួន
- 2018-07-09 08:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមខ្លួនក្រមួយជីវិតទៅ បើនៅតែមាន ៦ចំណុចនេះជាប់ខ្លួន
ប្រាក់ខែឬប្រាក់ចំណូលច្រើនយ៉ាងណាក៏ដោយ បើអ្នកជាមនុស្សចាយលុយគ្មានគំនិត នោះជីវភាពរបស់ខ្លួននឹងមិនអាចប្រសើរឡើងបានឡើយ ផ្ទុយទៅវិញនឹងអាចកាន់តែដុនដាប។ ខាងក្រោមនេះគឺជាទម្លាប់នាំអ្នកទៅរកភាពក្រីក្រកាន់តែខ្លាំង បើទោះបីប្រាកខែច្រើនប៉ុណ្ណាក៏មិនអាចទប់ទល់បាន៖
**១. ពេលបានឡើងប្រាក់ខែ ក៏បន្ថែមខ្ទង់ចំណាយ**
ធ្លាប់អីចឹងអត់ នៅពេលបានឡើងប្រាក់ខែតិចតួច ក៏គិតរកជួលបន្ទប់ថ្មី ឲ្យល្អជាងហ្នឹងបន្តិច ថ្លៃជាងមុនបន្តិច ហើយនៅពេលបាន Bonus ឌុបជាមួយប្រាក់ខែ ក៏យកទៅប្ដូរម៉ូតូ ឬឡានថ្មី។ មនុស្សយើងភាគច្រើន ពេលមានចំណូលច្រើនជាងមុនក៏មានអារម្មណ៍ថាចង់បានជីវិតដែលប្រសើរជាងមុន ស្រណុកជាងមុន ចូលហាងច្រើនជាងមុន ប្រើប្រ៊េនៗច្រើនជាងមុន... ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យយើងកាន់តែក្រជាងមុនដូចគ្នា។
២. រស់នៅជាមួយបច្ចុប្បន្ន តែមិនគិតគូរអនាគត
មនុស្សជាច្រើនពេលជួបបញ្ហាអ្វីលំបាកៗក៏មិនដោះស្រាយ ចេះតែបណ្ដោយៗ សូម្បីតែទម្លាប់ចាយលុយ គឺចង់បានអីទិញភ្លាម ដើម្បីឆ្លើយតបតម្រូវការខ្លួនបច្ចុប្បន្ន ប៉ុន្តែក៏មិនបានសម្លឹងទុកទៅថ្ងៃមុខទៅជាយ៉ាងណា មិនមើលថាលុយជាប់ខ្លួនពេលនេះមានប៉ុណ្ណា លុយក្នុងកុងប៉ុណ្ណា មានបំណុលជាប់ខ្លួនប៉ុណ្ណា មិនចាប់អារម្មណ៍ថារាល់ថ្ងៃចំណូលតិចជាងមុនឬក៏អត់ទេ។ បើទោះបីយើងនៅក្មេងក៏ដោយ ប៉ុន្តែត្រូវគិតគូរឲ្យហើយថាតើពេលចូលនិវត្ត ឬពេលលែងមានការងារ យើងត្រូវមានលុយប៉ុន្មាន ហើយលុយនោះបានមកពីណា? ពីការបណ្ដាក់ទុន ពីការសន្សំ ឬប្រាក់សោធននិវត្ត?
៣. គិតថាពេលនេះមិនទាន់ដល់ពេលត្រូវសន្សំលុយ
គិតថាមិនទាន់សន្សំលុយពេលនេះក៏បានដែរ គិតថាអាយុនៅតិច សប្បាយៗសិនទៅ តិចទៀតចាំសន្សំ… ទាំងនេះគឺជាការគិតខុសទាំងស្រុង។ ត្រូវចាំថាបើអ្នកចាប់ផ្ដើមសន្សំលុយកាន់តែឆាប់ អ្នកនឹងសល់លុយកាន់តែច្រើន។ បើទោះបីមិនបានបណ្ដាក់ទុន ប៉ុន្តែទម្លាប់សន្សំលុយគឺជារឿងល្អ និងត្រឹមត្រូវដែលយើងត្រូវតែមាន។
៤. ចែកមិនដាច់ថាអ្វីចាំបាច់ ហើយអ្វីគ្រាន់តែចង់បាន
បើយើងគ្មានគោលដៅត្រឹមត្រូវ យើងនឹងមិនអាចចែកដាច់ថាអ្វីដែលចាំបាច់ ហើយអ្វីដែលយើងគ្រាន់តែចង់បាន ប៉ុន្តែវាមិនចាំបាច់។ ឧទាហរណ៍ មួយរយៈនេះឡានចេះតែខូច ត្រូវតែដូរចេញ ទូរសព្ទស៊េរីថ្មីចេញមកទៀតហើយ ត្រូវតែទិញ...។
ដំណោះស្រាយល្អ គឺយើងត្រូវមានគោលដៅផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវថាតើយើងត្រូវការអ្វីខ្លះជាចាំបាច់ដូចជាត្រូវការទិញផ្ទះ ត្រូវការលុយដើម្បីរកស៊ី ត្រូវការលុយព្យាបាលជំងឺ -ល-។ នៅពេលគោលដៅទាំងនេះដិតជាប់ក្នុងខួរក្បាលរបស់យើង យើងនឹងហាមចិត្តខ្លួនឯងខ្លះនៅពេលចង់បានអ្វីដែលមិនចាំបាច់។
៥. មានបំណុលតែមិនប្រញាប់ដោះ
បើដឹងថាខ្លួនមានបំណុលហើយគួរណាស់តែព្យាយាមរំដោះឲ្យបានឆាប់បំផុត ព្រោះជាធម្មតាបំណុលបើទុកកាន់តែយូរ ការប្រាក់កើនឡើងកាន់តែច្រើន។ ដូច្នេះបើអ្នកបានលុយមកច្រើនហើយ ដូចជាត្រូវប៉ាន់អ្វីមួយ ឬបាន Bonus ពីកន្លែងការងារ គួរណាស់យកទៅដោះបំណុលឲ្យអស់សិន មុននឹងយកទៅចាយវាយលើអ្វីគ្មានប្រយោជន៍។
៦. អាប់ឌែតរបស់ប្រើប្រាស់ជាប់ខ្លួនគ្រប់ពេលវេលា
នារីៗមួយចំនួន “អីយ៉ា ទូរសព្ទស៊េរីថ្មីចេញទៀតហើយ ត្រូវតែទិញ!” បែបនេះប្រាក់ខែច្រើនយ៉ាងណាក៏មិនសល់ដែរ។ អ្នកខ្លះចូលចិត្តនិយាយថាខ្លួនជាមនុស្សទាន់សម័យ ខ្លួនចូលចិត្តបច្ចេកវិទ្យា ប៉ុន្តែមនុស្សឆ្លាតគឺចេះប្រើចំណង់ចំណូលចិត្តរបស់ខ្លួនដើម្បីបង្កើតលុយ មិនមែនយកចំណង់ចំណូលចិត្តដើម្បីបង្ហិនលុយនោះទេ។
លុយច្រើនយ៉ាងណាក៏ដោយ បើយើងចាយមិនប្រណី ថ្ងៃណាមួយវាគង់តែអស់ ហើយយើងនៅតែក្រ ៕
ចុចអាន៖