១០ យ៉ាងមិនគួរភ្លេច ពេលក្លាយទៅជាអ្នកមាន
- 2018-05-17 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ យ៉ាងមិនគួរភ្លេច ពេលក្លាយទៅជាអ្នកមាន
ពេលខ្លះមុននឹងក្លាយជាអ្នកមាន គឺប្រៀបបាននឹងឡើងភ្នំដ៏ខ្ពស់មួយ អ្នកបានឆ្លងកាត់ពុះពារនូវគ្រប់ឧបសគ្គ ទម្រាំបានដល់ចំណុចកំពូល។ កាលបើបានឈានដល់ គោលដៅខ្លួនចង់បានហើយ មានរឿងខ្លះអ្នកត្រូវចង់ចាំក្នុងចិត្តដាច់ខាត ដើម្បីជៀសវាងបាត់បង់នូវអ្វី ដែលអ្នកខំព្យាយាមមកអស់រយៈកាលជាយូរ និងជៀសឲ្យផុតពីសេចក្តីវិនាសអន្តរាយក្នុងជីវិតផងដែរ។
១. មិនប្រឡូកប្រឡាក់ជាមួយនឹងល្បែងស៊ីសង
ជាពិសេសនៅកាស៊ីណូ បើអ្នកញៀននឹងវាហើយ អ្នកច្បាស់ជាដកខ្លួនមិនរួច ដរាបណាកាន់តែចង់ឈ្នះ អ្នកនឹងផុងខ្លួនកាន់តែខ្លាំង រហូតដល់ជំពាក់បំណុលគេជុំទិសក៏មាន។ ត្រូវចាំថាល្បែងដែលអាចធ្វើឲ្យអ្នកសប្បាយ និងមិនស្តាយក្រោយ គឺមានតែការលេងជាមួយមិត្តភ័ក្ដិ សាច់ញាតិ ក្រុមគ្រួសារ ម្តងម្កាលតែប៉ុណ្ណោះ។
២. ការតស៊ូដែលចាប់ផ្ដើមពីដៃទទេ
ភាពជោគជ័យមានបាន មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែបើអ្នកមិនប្រយ័ត្ន អ្នកអាចនឹងបាត់បង់ភាពជាខ្លួនឯងបានយ៉ាងងាយ ដោយសារតែជិវិតអ្នកកាលនៅក្រ និងពេលក្លាយជាអ្នកមាន វាខុសគ្នាស្រឡះ ដូច្នេះហើយអ្នកមិនត្រូវរើសអើងមនុស្សដូចគ្នាឡើយ ទោះបីជាពួកគេមានឋានៈជាអ្វីក៏ដោយ។
៣. មនុស្សដែលជួយយកអសារអ្នក កាលគ្រាក្រ
មិនថាអ្នកខ្លាំងពូកែ ឆ្លាតដល់កម្រិតណាក៏ដោយ បើគ្មានការជួយជ្រោមជ្រែងពីអ្នកដទៃ អ្នកក៏គ្មានថ្ងៃនេះដែរ ទោះបីជាតិចតួចក្តី ប៉ុន្តែគេក៏ជាផ្នែកមួយនៃភាពជោគជ័យមួយនេះ។
៤. លុយមិនមែនអាចកែប្រែអ្វីៗបានគ្រប់យ៉ាង
ត្រូវហើយលុយអាចដោះស្រាយបញ្ហាបាន ប៉ុន្តែមិនមែនបានគ្រប់ពេលទេ។ ឧទាហរណ៍ថា អ្នករវល់ជាមួយការងារខ្លាំង រហូតគ្មានពេលទៅសួរសុខទុក្ខឪពុកម្ដាយ អ្នកបានត្រឹមផ្ញើលុយកាក់ជូនទៅគាត់ ប៉ុន្តែពេលខ្លះវាគ្មានតម្លៃស្មើនឹង ការយកចិត្តទុកដាក់ ឃើញមុខកូនមកលេងផ្ទាល់នោះទេ។
៥. សុភមង្គលអ្នកបានមកពីការចេះជួយអ្នកដទៃ
អ្នកដឹងទេថាមានលុយច្រើន ហើយមិនកំណាញ់ដាក់អ្នកដទៃ គឺជាសុភមង្គលមួយដែលកម្ររកបាន។ បើអ្នកបរិច្ចាគលុយ ឬរបស់របរ ទៅឲ្យអ្នកក្រខ្សត់តាម ទឹកចិត្តដែលអាចធ្វើទៅបាន នោះអ្នកនឹងសប្បាយរីករាយ ជាងភាពអាត្មានិយមគិតតែពីការចំណាយសម្លាប់ខ្លួនឯង។
៦. គ្រប់គ្រងអារម្មណ៍ខ្លួនឯង
មិនថាស្រី មិនថាប្រុស កុំភ្លើតភ្លើន ស្រីញីអូនបង ភ្លេចប្តីភ្លេចប្រពន្ធ ជះលុយទិញទឹកចិត្ត និងក្តីស្រលាញ់ក្លែងក្លាយ ទៅឲ្យមនុស្សដែលគិតលុយជាធំ។
៧. ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
រីករាយនឹងជីវិតដែលអ្នកកំពុងតែមានសព្វថ្ងៃ ប៉ុន្តែមិនអួតក្អេងក្អាង ហើយប្រៀបធៀបអ្នកដទៃ គិតថាខ្លួនឯងអស្ចារ្យគ្មាននរណាដល់ ព្រោះជីវិតមនុស្សម្នាក់ៗស្ថិតនៅចំណុចខុសៗគ្នា ទោះថ្ងៃនេះក្រពិត ឲ្យតែមានចិត្តតស៊ូ គេក៏គង់មានឧកាសជោគជ័យដូចអ្នកដែរ។
៨. ទទួលយកជំនួយពីអ្នកដទៃ
គ្មាននរណាល្អឥតខ្ចោះនោះទេ មានរឿងខ្លះដែលអ្នកមិនទាន់ដឹង មិនទាន់ចេះគ្រប់គ្រងច្បាស់លាស់ ដូច្នេះហើយអ្នកអាចរកជំនួយការផ្ទាល់ខ្លួនម្នាក់ដែលមានសមត្ថភាព មកបំពេញចំណុចខ្សោយ ទាំងអស់នោះ ព្រមទាំងទទួលយកមតិយោបល់ល្អៗពីគេផងដែរ។
៩. ជៀសឲ្យផុតពីគ្រឿងញៀនគ្រប់ប្រភេទ
មិនថាបារី ស្រា កញ្ឆាបែបណានោះទេ ឲ្យតែរបស់ធ្វើឲ្យញៀនត្រូវជៀសឲ្យផុត ព្រោះវាមានផលប៉ះពាល់ខ្លាំងណាស់ សម្រាប់អាយុជីវិត។ បើពេលខ្លះ ធុញទ្រាន់ ស្មុគស្មាញខ្លាំង គួរស្វែងរកអ្វីមកជំនួសរបស់អស់ទាំងនេះ ព្រោះអ្នកអាចនឹងញៀនដោយមិនដឹងខ្លួន ចាប់តាំងពីការសាកល្បងលើកដំបូង។
១០. គោលដៅក្នុងជីវិត
កាន់តែមានលុយច្រើន មនុស្សកាន់តែត្រូវការសេរីភាព ហើយមិនសូវជាខ្វល់ខ្វាយព្រួយបារម្ភ ពីភាពអវិជ្ជមាននាពេលអនាគតប៉ុន្មានទេ។ យ៉ាងណាមិញទោះបីជាអ្នក មានបានដោយសារការខិតខំប្រឹងប្រែងដោយខ្លួនឯង ឬកើតមកជាកូនអ្នកមានស្រាប់ក៏ដោយ អ្នកត្រូវមានគោលដៅ និងបំណងច្បាស់លាស់មួយសម្រាប់ជីវិត ដើម្បីកុំឲ្យទ្រព្យសម្បត្តិទាំងនោះ វិនាសហិនហោចទៅវិញ ដោយសារការមិនចេះចាត់ចែង៕
ចុចអានបន្ត៖