អាហារ​៦​យ៉ាង​​នេះ​មិន​ល្អ​សម្រាប់​កូន​តូច​ដូច​អ្វី​ដែល​ឪពុក​ម្តាយ​គិត​ទេ​

  • 2018-08-06 01:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​ម្តាយ​ភាគ​ច្រើន​ចាប់​ផ្តើម​ឱ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​តាំង​ពី​នៅ​តូច។​ មាន​អាហារ​ខ្លះ​ឪពុក​ម្តាយ​គិត​ថា​ល្អ​បំផុត​សម្រាប់​កូន​តូច​ហើយ​ព្យាយាម​ឱ្យ​កូន​ញ៉ាំ​រាល់​ថ្ងៃ។​ តែ​ផ្ទុយ​ទៅ​វិញ​ អាហារ​ទាំង​៦​យ៉ាង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូន​តូចៗ​ដោយ​មិន​ដឹង​ខ្លួន៖

១.​ ទឹក​ផ្លែ​ឈើ

ឪពុក​ម្តាយ​ភាគ​ច្រើន​ឱ្យ​កូន​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ដូច​ជា​ទឹក​ក្រូច​ជា​ដើម​ដោយ​គិត​ថា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​គ្រប់​មុខ។​ ប៉ុន្តែ​អ្នក​ត្រូវ​គិត​ថា​ទឹក​ផ្លែឈើ​ដែល​កូន​អ្នក​ញ៉ាំ​នោះ​មិន​មែន​មាន​តែ​ផ្លែឈើ​សុទ្ធ​ទេ​ វា​ក៏​មាន​ជាតិ​ស្ករ​នៅ​ក្នុង​នោះ​ដែរ។ ជាតិ​ស្ករ​ទាំង​នោះ​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ ហើយ​វា​ក៏​អាក្រក់​ចំពោះ​មេតាប៉ូលីស​នៃ​កាបូន​អ៊ីដ្រាត​។ យោង​ទៅ​តាម​ The American Academy of Pediatrics​ បាន​ណែនាំ​ថា​គួរ​តែ​ឱ្យ​កូន​ញ៉ាំ​ផ្លែឈើ​ស្រស់​ជា​ជាង​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ដប។

២.​ យ៉ាអ៊ួរ

ដើម្បី​ជ្រើស​រើស​យ៉ាអ៊ួរ​ដែល​ល្អ​ អ្នក​ត្រូវ​មើល​ការ​ណែនាំ​ឱ្យ​បាន​ច្បាស់​មុន​នឹង​ឱ្យ​កូន​ញ៉ាំ។​ អ្នក​មិន​ត្រូវ​ទិញ​យៅអ៊ួរ​ណា​ដែល​មិន​បាន​ក្លាស្សេ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​។ ហើយ​អ្នក​គួរ​តែ​ឱ្យ​កូន​ញ៉ាំ​យ៉ាអ៊ួរ​ធម្មជាតិ​ប្រសើរ​ជាង​ញ៉ាំ​ទឹក​ដោះ​គោ​កំប៉ុង​។ ចំពោះ​យ៉ាអ៊ួរ​ដែល​មាន​រសជាតិ​ផ្លែឈើ​ អ្នក​មិន​គួរ​ឱ្យ​កូន​ញ៉ាំ​ទេ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ កាល់ឡូរី​ដែល​អាច​ធ្វើ​ឱ្យ​ធាត់​និង​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ គួរ​តែ​ឱ្យ​ញ៉ាំ​រសជាតិ​ដើមទើប​ល្អ។

៣.​ Cereals

Cereals​គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​ងាយ​ស្រួល​ញ៉ាំ​ដោយ​គ្រាន់​តែ​លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ ហើយ​ឪពុក​ម្តាយ​ភាគ​ច្រើន​ឧស្សាហ៍​ឱ្យ​កូន​ញ៉ាំ​ព្រោះ​វា​ងាយ​ស្រួល​ ហើយ​សម្បូរ​ជីវជាតិ​បំប៉ន។​ ប៉ុន្តែ​តាម​ពិត​ សារធាតុ​បំប៉ន​ទាំង​នោះ​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​ផលិត​ពី​រោង​ចក្រ​មាន​តែ​កាបូន​អ៊ីដ្រាត​ទេ​ដែល​នៅ​សល់​។ ហេតុ​នេះ​ហើយ​ នៅ​ពេល​ដែល​កូន​អ្នក​ញ៉ាំ​ហើយ​នឹង​ឆាប់​ឃ្លាន​វិញ។ អ្នក​គួរ​តែ​បន្ថែម​គ្រាប់​ធញ្ញជាតិ​ ឬ​ផ្លែ​ឈើ​ស្រស់។

៤.​ ទឹក​ឃ្មុំ

កូន​ក្មេង​ក្រោម​អាយុ​២ឆ្នាំ​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​នោះ​ទេ​ ព្រោះ​ថា​កូន​អ្នក​អាច​នឹង​រង​ប្រតិកម្ម​។ ជាពិសេស​វា​អាច​មាន​បាក់តេរី​ដែល​ធ្វើ​ឱ្យ​កូន​អ្នក​ឆ្លង​ជំងឺ​ដែល​ហៅ​ថា​ Botulism Poisoning។

៥.​ ទំពាំង​បាយ​ជូរ

ទំពាំងបាយជូរ​មាន​ផ្ទុក​វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ក្មេង​ត្រូវ​ការ​។ ប៉ុន្តែ​វា​ក៏​មាន​ហេតុផល​ដែល​មិន​គួរ​ឱ្យ​កូន​អ្នក​ញ៉ាំ​ដែរ​គឺ​ក្មេង​អាច​ងាយ​នឹង​ឈ្លក់​ហើយ​លេប​គ្រាប់។ ហេតុនេះ​ហើយ​ជំនួស​ដោយ​ការ​ញ៉ាំ​ទំពាំង​បាយ​ជូរ​ អ្នក​គួរ​តែ​ឱ្យ​កូន​ញ៉ាំ​ចេក​វិញ​ប្រសើរ​ជាង។

៦.​ វីតាមីន​គ្រាប់

វីតាមីន​មាន​ច្រើន​ប្រភេទ​ច្រើន​យ៉ាង។ ហើយ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ឪពុក​ម្តាយ​ឱ្យ​កូន​ញ៉ាំ​វីតាមីន​ជំនួយ​ដោយ​ផ្អែក​លើ​ចំណេះ​ដឹង​ដែល​គាត់​មាន​និង​បទ​ពិសោធន៍​ដោយ​មិន​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​និង​គិត​ពី​ផល​អវិជ្ជមាន។ អ្នក​គួរ​ឱ្យ​កូន​ញ៉ាំ​វីតាមីន​តែ​នៅ​ពេល​ដែល​មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ មិន​មែន​ញ៉ាំ​ស្ទើរ​តែ​រាល់​ថ្ងៃ​នោះ​ទេ។ យក​ល្អ​គួរ​តែ​កូន​តូច​ញ៉ាំ​ផ្លែ​ឈើ​ស្រស់​ដែល​សម្បូរ​វីតាមីន​វិញ៕

ចុចអាន៖

ប្រភព៖ Voice of Vietnam ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា