៩​យ៉ាង​​ទារក​ខ្លាច! ​ចង់​ឲ្យ​កូន​កើត​មក​​ពេញ​លក្ខណៈ អ្នក​ម្ដាយ​គ្រប់​រូប​ត្រូវ​ចៀសវាង

  • 2018-03-22 07:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រយៈ​ពេល ៩​ខែ ទារក​​នៅ​ក្នុង​ផ្ទៃ​របស់​ម្ដាយ​មាន​ការ​វិវត្ត​ឡើង​​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​ខណៈ​ដែល​ពួក​គេ​មាន​ការ​ចម្រើន​លូតលាស់ មាន​រឿង ៩​យ៉ាង​ដែល​ពួក​គេ​ខ្លាច ឬ​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​​របស់​គេ ហើយ​អ្វី​ដែល​ពួក​គេ​ខ្លាច​នោះ អាច​ជា​ទម្លាប់​​ក្នុង​ជីវិត​រស់​នៅ​របស់​ម្ដាយ។ ដូច្នេះ​ថ្ងៃ​នេះ យើង​មក​ស្វែង​យល់​ទាំង​អស់​គ្នា​ថា​តើ​ក្នុង​ខែ​នីមួយ​ៗ​ទារក​ខ្លាច​អ្វី​ខ្លះ?

ខែ​ទី​១៖ ខ្លាច “សីតុណ្ហភាព​ខ្ពស់”

សម្រាប់​អ្នក​ម្ដាយ​ដែល​ទើប​មាន​ផ្ទៃ​ពោះ ស៊ុត​ដែល​ទើប​ចាប់​កំណើត​គឺ​ខ្លាច​សីតុណ្ហភាព​ខ្ពស់​ (ក្ដៅ) បំផុត ដូច្នេះ​អ្នក​ម្ដាយ​សូម​ចៀសវាង​សីតុណ្ហភាព​ក្ដៅ​ៗ ហើយ​អ្វី​ដែល​រឹត​តែ​មិន​គួរ​នោះ​គឺ​ទៅ​សូណា ឬ​ងូត​ទឹក​ក្ដៅ។ ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​​ក្ដៅ​ខ្លួន​ខ្លាំង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​ប្រសាទ​ទារក។

ខែ​ទី​ពីរ៖ ខ្លាច “ថ្នាំ”

នៅ​ពេល​ទារក​អាយុ ២​ខែ គឺ​នឹង​ចាប់​ផ្ដើម​លេច​​ជា​រូបរាង​កាយ អ្នក​ម្ដាយ​ក៏​នឹង​ចាប់​ផ្ដើម​មាន​អាការ​ចាញ់​កូន​​​តាម​បែប​ផ្សេង​ៗ​ដូច​ជា ចង់​ញ៉ាំ​របស់​ជូរ រាង​កាយ​មិន​មាន​កម្លាំង​កំហែង​ ប៉ុន្តែ​កំឡុង​ពេល​នេះ​ អ្នក​ម្ដាយ​មិន​គួរ​ញ៉ាំ​ថ្នាំ​​ដោយ​គ្មាន​វេជ្ជបញ្ជា​ដាច់​ខាត ដើម្បី​ការពារ​កុំ​ឲ្យ​ទារក​មាន​សភាព​រាងកាយ​​ទន់​ខ្សោយ ឬ​មិន​ពេញ​លក្ខណៈ។

ខែ​ទី​បី៖ ខ្លាច “បារី និង​ស្រា”

កំឡុង​ពេល​នេះ បេះដូង​របស់​ទារក​ចាប់​ផ្ដើម​លោត ហើយ​ថែម​ទាំង​មាន​ការ​លូតលាស់​លឿន​ខ្លាំង។ អ្នក​ម្ដាយ​ភាគ​ច្រើន​អាច​នឹង​មាន​អាការ​ចាញ់ ដោយ​ក្អួត​ចង្អោរ​ពេល​ព្រឹក ប៉ុន្តែ​មិន​ចាំបាច់​ព្រួយ​បារម្ភ​ទេ គឺ​គ្រាន់​តែ​ជៀសវាង​ជក់​បារី ​ផឹក​ស្រា អាហារ​មាន​ជាតិ​ខ្លាញ់​ និង​ជាតិស្ករ​ច្រើន​ គឺ​គ្រប់គ្រាន់​ហើយ។

ខែ​ទី​៤៖ ខ្លាច “សំឡេង​ឮ​ៗ”

កំឡុង​ពេល​នេះ​ អ្នក​​ត្រូវ​បរិយាកាស​ជុំវិញ​ដែល​ល្អ​ឲ្យ​ទារក ហើយ​ចៀសវាង​សំឡេង​រំខាន​ឮ​ៗ​ខ្លាំង​ពេក ទើប​កូន​មាន​ការ​ចម្រើន​លូតលាស់​ល្អ។

ខែ​ទី​៥៖ ខ្លាច “សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់”

នៅ​ពេល​ទារក​​រីក​លូតលាស់​បាន ៥​ខែ​ហើយ គឺ​នឹង​ចាប់​ផ្ដើម​មាន​រោម/សក់។ កំឡុង​ពេល​នេះ អ្នក​ម្ដាយ​ត្រូវ​បរិភោគ​អាហារ​​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ច្រើន​ជាង​មុន ប្រមាណ ៣០០កាឡូរី។

ខែ​ទី​៦៖ ខ្លាច “សំឡេង​រំខាន”

ក្នុង​ខែ​នេះ ទារក​នឹង​​ចាប់​ផ្ដើម​លូតលាស់​អវយវៈ​​ផ្នែក​ខាង​ក្នុង ហើយ​នឹង​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​តបត​ជាមួយ​នឹង​សំឡេង​ខាង​ក្រៅ ជា​ពិសេស​សំឡេង​រំខាន ដូច្នេះ​អ្នក​គួរ​ចៀសវាង​ទី​កន្លែង​ដែល​មាន​សំឡេង​រំខាន​ច្រើន។

ខែ​ទី​៧៖ ខ្លាច “សំពាធ​ផ្នែក​អារម្មណ៍”

ទារក​ក្នុង​ខែ​នេះ​នឹង​អាច​បើក​ភ្នែក​បាន​ក្នុង​រយៈ​ពេល​មួយ​ភ្លែត​ៗ និង​អាច​កម្រើក​ដៃ​កម្រើក​ជើង​បាន។ នេះ​ជា​ពេល​វេលា​ដែល​ទារក​នឹង​អាច​ទទួល​​ផល​ប៉ះពាល់​ពី​អារម្មណ៍​របស់​ម្ដាយ បាន​ងាយ ដូច្នេះ​បើ​អ្នក​ម្ដាយ​ស្ត្រេស​ខ្លាំង​ពេក គឺ​នឹង​មាន​ផល​មិន​ល្អ​ដល់​ការ​រីក​លូតលាស់​របស់​ទារក។

ខែ​ទី​៨៖ ខ្លាច “ម្ដាយ​ហត់​នឿយ”

ចូល​ដល់​ខែ​នេះ អវយវៈ​ផ្សេង​ៗ​ក្នុង​រាងកាយ​របស់​ទារក​គឺ​លូតលាស់​ពេញលេញ​ហើយ។ ក្នុង​កំឡុង​ពេល​នេះ បើ​អ្នក​ម្ដាយ​ហត់​នឿយ​ខ្លាំង​ពេក នោះ​នឹង​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​ទារក ដូច្នេះ​ហើយ​គួរ​ចៀសវាង​ធ្វើ​ការងារ​ដែល​ត្រូវ​ប្រើ​កម្លាំង​បាយ កាត់​បន្ថយ​ការងារ​ផ្ទះ និង​ការ​ហាត់​ប្រាណ​ដែល​ត្រូវ​ប្រើ​កម្លាំង​ច្រើន។

ខែ​ទី​៩៖ ខ្លាច “ម្ដាយ​​មាន​ទុក្ខ​កង្វល់"

ពេល​ឃើញ​ថា​កូន​ជិត​កើត​ហើយ អ្នក​ម្ដាយ​ជា​ច្រើន​នឹង​ចាប់​ផ្ដើម​ខ្វាយខ្វល់​ចិត្ត ខ្លាច​ថា​នឹង​មិន​អាច​បង្កើត​កូន​ចេញ​មក​បាន​ដោយ​សុវត្ថិភាព។ បើ​​អ្នក​មាន​អារម្មណ៍​បែប​នេះ​ច្រើន គួរ​តែ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ឲ្យ​បាន​ធូរ​ស្រាល​ចិត្ត​វិញ ៕

ចុចអាន៖

ប្រភព៖ tnews ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន