អ្នកធ្វើការខ្លាចបំផុតបើជួបមិត្តរួមការងារមានចរិត ៧យ៉ាងនេះ
- 2018-06-27 08:10:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្វើការខ្លាចបំផុតបើជួបមិត្តរួមការងារមានចរិត ៧យ៉ាងនេះ
ការមានមិត្តរួមការងារ ក្រុមការងារល្អ គឺចាត់ទុកថាជាសំណាងធំមួយសម្រាប់អ្នកធ្វើការ ព្រោះជាច្រើនលើកច្រើនសា បុគ្គលិកដែលលាឈប់គឺទ្រាំមិនបាននឹងសម្ពាធការងារដែលបង្កឡើងដោយមិត្តរួមការងារនេះតែម្ដង។ ខាងក្រោមនេះគឺជាបុគ្គលិក ៧ប្រភេទដែលអ្នកធ្វើការភាគច្រើនមិនចង់ជួប៖
១. មិនធ្វើការតែពូកែយកមុខមាត់
នៅកន្លែងធ្វើការមួយៗ អាចនឹងមានបុគ្គលិកប្រភេទនេះ គឺអ្នកដែលមិនពូកែធ្វើការ ប៉ុន្តែពូកែនិយាយយកមុខនៅមុខថ្នាក់ដឹកនាំ។ អ្វីដែលធ្វើឲ្យមិត្តរួមការងារមិនចូលចិត្តបុគ្គលប្រភេទនេះ គឺនៅពេលពួកគេព្យាយាមខ្សែលើអ្នកដទៃ ជាពិសេសអ្នកដែលមានតំណែងទាបជាងខ្លួន។
២. ពូកែនិយាយដើម
ចំណុចនេះគ្មានអ្នកណាយល់ថាល្អឡើយ ដែលមនុស្សធ្វើការជាមួយគ្នាបែរយករឿងផ្ទាល់ខ្លួនរបស់គ្នាមកនិយាយហែកហួរពីក្រោយខ្នង។ បើអ្នកឃើញមិត្តរួមការងារដែលពូកែនិយាយដើម គួរតែព្យាយាមដកខ្លួនឲ្យឆ្ងាយ ព្រោះមិនយូរមិនឆាប់ គេនឹងអាចយករឿងរបស់អ្នកទៅនិយាយដូចដែលគេនិយាយរឿងអ្នកដទៃប្រាប់អ្នកអីចឹង។
៣. អាត្មានិយម
បុគ្គលប្រភេទនេះ មិនថាការងារអ្វីក៏ត្រូវខ្លួនឯងជាអ្នករើសមុន ហើយពេលមានបញ្ហាក៏ចូលចិត្តប្រកែកយករួចខ្លួនម្នាក់ឯង។ ពេលមានផលប្រយោជន៍មិនចេះបែងចែកអ្នកដទៃ ប៉ុន្តែពេលឃើញរបស់អ្នកដទៃគឺស្រវាចង់បានជាងអ្វីទៅទៀត។
៤. មួលបង្កាច់
មនុស្សប្រភេទនេះ គ្មាននរណាចង់រាប់អាននោះទេ មិនថាក្នុងឋានៈអ្វីក៏ដោយ។ អ្នកដែលនិយាយអ្វីឲ្យអាក្រក់ដល់មិត្តរួមការងារ និយាយឲ្យអ្នកដទៃយល់ច្រឡំ គឺជាបុគ្គលដែលអ្នកមិនគួរស្និទ្ធស្នាលជាមួយឡើយ។
៥. ចូលចិត្តរិះគន់អ្នកដទៃ
មនុស្សមួយចំនួនអាចនឹងរិះគន់ដើម្បីឲ្យអ្នកដទៃអាចកែប្រែទៅជាល្អប្រសើរ ប៉ុន្តែមនុស្សមួយចំនួនគឺមានចរិតរិះគន់ជាប់ខ្លួនតែម្ដង។ បុគ្គលប្រភេទនេះមានការគិតអវិជ្ជមានច្រើន ហើយមិត្តរួមការងារដែលស្ដាប់ហើយនឹងមានអារម្មណ៍មិនល្អតាម។
៦. ពូកែខ្ចី
អ្នកពូកែខ្ចីទីនេះសំដៅលើអ្នកដែលខ្ចីមិនរើសមុខ គឺខ្ចីគ្រប់យ៉ាងដែលខ្លួនចង់ខ្ចី មិនថាលុយកាក់ ឬរបស់របរប្រើប្រាស់ផ្សេងៗដោយមិនក្រែងចិត្តអ្នកធ្វើការជាមួយ។ ពេលខ្លះខ្ចីហើយភ្លេចសងរហូតបាត់របស់ ជួនកាលខ្ចីហើយសងដែរប៉ុន្តែខ្ចីញឹក។
៧. ពូកែច្រណែន
បើមានមិត្តរួមការងារពូកែច្រណែន គឺប្រាកដជាមានការលំបាកបន្តិច។ វាពិបាកនៅពេលដែលអ្នកខ្លះ មានចិត្តច្រណែនអ្នក ប៉ុន្តែបែរមករករឿងឈ្លោះជាមួយអ្នក ដើម្បីបង្ហាញថាអ្នកគ្មានអ្វីល្អ ឬនិយាយរឿងមិនល្អពីអ្នកជាដើម ៕
ចុចអាន៖
បើបានជួបមិត្ត ៥ប្រភេទនេះហើយជីវិតអ្នកពិតជាសំណាងខ្លាំងណាស់
អាយុជាង២០ បើនៅបន្តធ្វើរឿងទាំងនេះ ១០ឆ្នាំទៀត អ្នកអាចនឹងដេកស្ដាយក្រោយ