អាយុជាង២០ បើ​នៅ​បន្ត​ធ្វើ​រឿង​ទាំង​នេះ ១០​ឆ្នាំ​ទៀត អ្នក​អាច​នឹង​ដេក​ស្ដាយ​ក្រោយ​

  • 2018-06-16 05:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​តើ​អាច​មាន​១០ឆ្នាំ​ប៉ុន្មាន​ដង? ដូច្នេះ​យើង​គួរ​តែ​ធ្វើ​អ្វី​ដែល​មាន​ខ្លឹមសារ និង​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង មុន​ឈាន​ដល់​វេលា​បាត់​បង់​ឱកាស។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ដែល​មិន​គួរ​​បន្ត​ធ្វើ​សម្រាប់​អ្នក​នៅ​ជា​យុវវ័យ បើ​មិន​ចង់​ឱ្យ​ស្ដាយ​ក្រោយ ពិបាក​កែកុន​នៅ​១០​ឆ្នាំ​បន្ទាប់​ទៀត។

១. មិន​សូវ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​ឱ្យ​បាន​ច្រើន

ពាក្យ​ថា​មនុស្ស​ជា​ទី​ស្រលាញ់​មិន​មែន​សំដៅ​តែ​លើ​សង្សារ ឬ​ប្ដី​ប្រពន្ធ​នោះ​ទេ។ តែ​វា​សំដៅ​លើ​មនុស្ស​ដែល​ផ្ដល់​ក្ដី​ស្រលាញ់​ទៅ​ឱ្យ​អ្នក​ដូច​ជា​ ប៉ាម៉ាក់ បង​ប្អូន សាច់​ញាតិ និង​មិត្ត​ភ័ក្ដិ ឬ​អ្នក​រួម​ការងារ​ដែល​​យើង​គិត​ថា​គេ​ជា​ចំណែក​មួយ​ក្នុង​ជីវិត​នេះ។ ប៉ុន្តែ​ពេល​ខ្លះ យើង​បែរ​ជា​ភ្លេច​ផ្ដល់​ពេលវេលា​សម្រាប់​ពួក​គេ ដោយ​សារ​តែ​លេស​រវល់​ការងារ ឬ​បញ្ហា​​ផ្ទាល់​ខ្លួន​ជា​ដើម។

ហេតុ​នេះ​ហើយ ទាន់​នៅ​មាន​ពេល​វេលា គួរ​តែ​ឆ្លៀត​ពេល​នៅ​ក្បែរ​អ្នក​ទាំង​នោះ​ដើម្បី​បង្កើត​អនុស្សាវរីយ៍ និង​អ្វី​ដែល​ល្អ​ៗ​និង​គ្នា​ឱ្យ​បាន​កាន់​តែ​ច្រើន ព្រោះ​ជីវិត​មនុស្ស​មើល​មិន​ឃើញ​ទេ លេង​ជាមួយ​គ្នា​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​អាច​ទៅ​ចោល​យើង​ក៏​ថា​បាន។

២. ពាក់​របាំង​មុខ​ខ្លួន​ឯង​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ដទៃ

ធ្លាប់​ទេ? ពេល​ខ្លះ​យើង​ត្រូវ​លាក់​ទុក​អារម្មណ៍​ខ្លួន​ឯង ហើយ​ប្រើ​អារម្មណ៍​ក្លែងក្លាយ​ដើម្បី​ទៅ​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ដើម្បី​ចង់​បាន​អ្វី​មួយ​ត្រលប់​មក​វិញ។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ជា​ញឹកញាប់ វា​អាច​នឹង​បណ្ដាល​ឱ្យ​ទៅ​ជា​ការ​បាក់​ទឹក​ចិត្ត ឬ​បាត់​បង់​អារម្មណ៍​ពិត​សម្រាប់​ខ្លួន​ឯង លែង​មាន​គោលដៅ​សម្រាប់​ខ្លួន​ឯង។ អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​ជា​ច្រើន​គិត​បារម្ភ​ពី​អ្វី​ដែល​អ្នក​ដទៃ​មើល​មក​អ្នក អ្នក​ខ្លាច​ថា​គេ​វាយ​តម្លៃ​អ្នក​ក្នុង​ផ្លូវ​បែប​នេះ​បែប​នោះ​ជា​ដើម។

ដូច្នេះ​គួរ​ប្រាប់​ខ្លួន​ឯង​ថា គ្មាន​អ្នក​ណា​កើត​មក​គ្មាន​កំហុស ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​ក៏​យើង​កើត​មក​មិន​មែន​ដើម្បី​ផ្គាប់ផ្គុន​អ្នក​ណា​ម្នាក់​ដែរ។ ចង់​គេ​គិត​អ្វី​ក៏​គិត​ទៅ សំខាន់​យើង​អាច​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ដោយ​មាន​សេរីភាព ហើយ​មិន​ប៉ះពាល់​សិទ្ធិ​របស់​អ្នក​ណា​ម្នាក់​គឺ​គ្រប់គ្រាន់​ទៅ​ហើយ។

៣. មិន​គិត​ពី​បញ្ហា​សុខភាព​ទាន់​ខ្លួន​នៅ​ក្មេង

ពេល​ឈឺ ទើប​ដឹង​ថា​សុខភាព​សំខាន់​យ៉ាង​ណា។ ប៉ុន្តែ​ពេល​នៅ​ជា មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ចាប់អារម្មណ៍​លើ​ការ​ផ្ដល់​រង្វាន់ ឬ​ផ្ដល់​របស់​មានតម្លៃ​ដល់​ខ្លួន​ឯង​ឡើយ។ របស់​មាន​តម្លៃ​ទាំង​នោះ គឺ​សំដៅ​លើ​អាហារ​ដែល​មាន​សុវត្ថិភាព ការ​លំហែ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា ខួរ​ក្បាល​មិន​ស្មុគស្មាញ​ជា​ដើម។ បើ​អ្នក​មិន​ធ្លាប់​បាន​គិត​ពី​រឿង​បែប​នេះ​​ឱ្យ​បាន​ខ្លាំង​ក្លា​ពី​មុន​មក​ទេ ពេល​នេះ​គួរ​ចាប់​ផ្ដើម​គិត​វា​ឱ្យ​ហើយ ព្រោះ​បើ​ពេល​ចាស់​ទៅ​ហើយ​ឈឺ គឺ​មិន​ងាយ​ព្យាបាល​ដូច​ពេល​នៅ​ក្មេង​មាន​កម្លាំង​ឡើយ។

៤. ឱ្យ​អ្នក​ដទៃ​មក​កំណត់​បំណង​ប្រាថ្នា​របស់​ខ្លួន

រឿង​ដ៏​លំបាក​ទី​មួយ​ក្នុង​ជីវិត​មនុស្ស​គឺ​ការ​ដឹង​ថា​ខ្លួន​ឯង​ជា​នរណា ហើយ​រឿង​លំបាក​ទី​២​គឺ​ការ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន។ ដូច្នេះ​ដើម្បី​ដឹង​ថា​ខ្លួន​ជា​នរណា ហើយ​អាច​ពេញ​ចិត្ត​នឹង​របស់​ខ្លួន​ឯង គឺ​កំណត់​គោលដៅ​ច្បាស់​លាស់​សិន សួរ​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់​សិន កុំ​ឃើញ​គេ​ធ្វើ​បាន​ជោគជ័យ ឬ​មាន​គេ​ធ្វើ​ច្រើន យើង​ក៏​ចង់​ធ្វើ​តាម​គេ ទាំង​ដែល​ការ​ពិត​វា​មិន​មែន​ជា​បំណង​ប្រាថ្នា​ពិតប្រាកដ ហើយ​គ្មាន​ទេពកោសល្យ​លើ​រឿង​ទាំង​អស់​នោះ​សោះ។

៥. រៀបការ​ឆាប់​ពេក

ពេល​នៅ​ខ្លួន​មួយ អ្នក​អាច​មាន​សេរីភាព​ពេញ​លេញ​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ដែល​ខ្លួន​មាន និង​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត។ ប៉ុន្តែ​នៅ​ពេល​អ្នក​ក្លាយ​ជា​អ្នក​ដឹក​នាំ​គ្រួសារ អ្នក​ត្រូវ​ចង​ភ្ជាប់​ដោយ​ចំណង​ច្រើន​ប្រការ​ណាស់ ព្រោះ​បន្ទុក​គ្រួសារ​មិន​មែន​ជា​រឿង​លេង​សើច​ឡើយ។ ដូច្នេះ​ទាន់​នៅ​មាន​ឱកាស មាន​សមត្ថភាព អ្នក​គួរ​ប្រើ​ជីវិត​នៅ​លីវ​នេះ​ឱ្យ​បាន​សប្បាយ​សិន ហើយ​ធ្វើ​អ្វីដែល​ខ្លួន​ចង់​បាន​សិន មុន​នឹង​សម្រេច​ចិត្ត​រៀប​ការ​ទាំង​នៅ​ក្មេង។

៦. មិន​ហ៊ាន​ដើរ​ចេញ​ពី​ស្នេហា​ដែល​គ្មាន​ក្ដី​សុខ

មាន​មនុស្ស​ច្រើន​​នាក់​ដែល​ព្យាយាម​​​កុហក​ខ្លួន​ឯង​​ឱ្យ​ជាប់​ឃុំ​ក្នុង​ស្នេហា​ដែល​គ្មាន​អនាគត ស្នេហា​ដែល​មាន​តែ​ការ​ក្បត់​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត ស្នេហា​ដែល​មិន​ដែល​ផ្ដល់​ក្ដី​សុខ​ដល់​ខ្លួន​អ្នក​សូម្បី​តែ​បន្តិច ស្នេហា​ដែល​ចេះ​តែ​ធ្វើ​ឱ្យ​អ្នក​យំ ឬ​ខូច​ចិត្ត​ឥត​ឈប់​ឈរ។ ប៉ុន្តែ​នេះ​​​វា​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​ខ្លួន​ឯង ឬ​ភ័យ​ខ្លាច​ភាព​ឯកោ​ប៉ុណ្ណោះ។

អ្វី​ដែល​ជា​បញ្ហា​ពិត​ប្រាកដ​គឺ​ កុំ​ភ្លេច​ថា បើ​បន្ត​រស់​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​បែប​នេះ អ្នក​អាច​នឹង​ឈឺចាប់​អស់​មួយ​ជីវិត ហើយ​នៅ​តែ​ស្ថិត​ក្នុង​ការ​បោក​ប្រាស់​បែប​នេះ​មិន​អាច​ចេញ​ផុត​ឡើយ។ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​ក្លាហាន​ដើរ​ចេញ​ពី​វា អ្នក​អាច​នឹង​ឈឺ​ចាប់​ក្នុង​រយៈ​ពេល​មួយ តែ​មិន​មែន​អស់​មួយ​ជីវិត​ឡើយ។ ពេល​វេលា​នឹង​ធ្វើ​ជា​អ្នក​ព្យាបាល​របួស​បេះដូង​មួយ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព។

៧. មិន​ហ៊ាន​ប្រាប់​គេ​តាម​ត្រង់​​ថា "យើង​ស្រលាញ់​គេ”

ភាគ​ច្រើន​នារី​ដែល​នៅ​វ័យ​ក្មេង​ចេះ​តែ​អៀន ឬ​ខ្លាច​ថា​បើ​សារភាព​ប្រាប់​ភាគី​ខាង​ប្រុស​មុន​គឺ​ជា​រឿង​មិន​ល្អ ឬ​គេ​គិត​ថា​ចិត្ត​ងាយ។ ប៉ុន្តែ​ពេល​អាយុ​ច្រើន​ទៅ អ្នក​នឹង​ដឹង​ថា បើ​កាល​នោះ​បាន​សារភាព​អារម្មណ៍​ពិត​ប្រាប់​គេ​​ ប្រហែល​ពេល​នេះ​អាច​មាន​ក្ដី​សុខជាមួយ​គ្នា មិន​មែន​មក​អង្គុយ​ស្ដាយ​ក្រោយ ឃើញ​គេ​ត្រូវ​បាន​ទៅ​អ្នក​ផ្សេង​ឡើយ។

៨. មិន​បន្ត​ការ​រៀន

មិន​មែន​បាន​ន័យ​ថា មាន​សញ្ញាប័ត្រ​មួយ​កាន់​នៅ​នឹង​ដៃ​គឺ​គ្រប់គ្រាន់​នោះ​ទេ។ ជីវិត​មនុស្ស​យើង​ត្រូវ​ការ​រៀន​សូត្រ​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​រៀន​នៅ​សាលា។ ការ​រៀន​ពី​អ្វី​ថ្មី​នៅ​កន្លែង​ធ្វើ​ការ ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ការ​ស្វែង​រក​​ឱកាស​ដែល​មាន និង​ស្រាវជ្រាវ​អ្វី​ថ្មី​នឹង​បង្កើត​ឱ្យ​អ្នក​នូវ​ទំនុក​ចិត្ត​ និង​ក្លាយ​ជា​មនុស្ស​ថ្មី ដើរ​ទាន់​សម័យ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ចេះ​តែ​បង្ខាំង​ខ្លួន​ឯង មិន​ឱ្យ​ប្រឡូក​ក្នុង​ស្ថានភាព​ថ្មីៗ​ដែល​កំពុង​កើត​មាន ថ្ងៃ​ក្រោយ​អ្នក​នឹង​ស្ដាយ​ក្រោយ​ជា​មិន​ខាន។

៩. មិន​​ដើរ​កម្សាន្ត​ខ្លះ

អ្នក​ណា​ក៏​ចូល​ចិត្ត​ដើរ​កម្សាន្ត​ដែរ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​បែរ​ជា​រង់ចាំ​ និង​ប្រាប់​ខ្លួន​ឯង​ថា​ ចាំ​មាន​លុយ​ច្រើន​សិន សឹម​ដើរ​លេង។ ការ​គិត​បែប​នេះ​ អាច​ថា​មិន​ខុស តែ​ក៏​មិន​ត្រូវ​១០០%​ដែរ។ ការ​ដែល​ចាំ​ថា មាន​លុយ​ច្រើន គឺ​ជា​ពាក្យ​ដែល​ពិបាក​វាស់​បំផុត​សម្រាប់​តណ្ហា​របស់​មនុស្ស។ គ្មាន​ទេ ពាក្យ​ថា​គ្រប់​សម្រាប់​មនុស្ស។

ដូច្នេះ​បើ​អ្នក​ធ្វើ​ការ​ហត់​នឿយ អ្នក​ប្រឹង​ដើម្បី​បាន​លុយ ហេតុ​អី​ក៏​មិន​ចំណាយ​ខ្លះ​ដើម្បី​ឱ្យ​ខ្លួន​ឯង​បាន​លំហែ និង​សប្បាយចិត្ត? មិន​មែន​ត្រូវ​ប្រើ​ខួរ​ក្បាល និង​កម្លាំង​គិត​តែ​រឿង​រក​លុយ​មួយ​មុខ​នោះ​ទេ ព្រោះ​ពេល​ចាស់​ទៅ អ្នក​នឹង​គ្មាន​កម្លាំង​ដើរ​លេង​បាន​ឆ្ងាយ​ដូច​ពេល​នេះ​ឡើយ៕

ប្រភព៖ tapoos ប្រែ​សម្រួល៖ សរ សុគន្ធី