បុរស​​ពិត​មិន​សំដៅ​​​លើ​សាច់​ដុំ​ ភាព​រឹង​មាំ​ទាំង​នេះ ទើប​ជា​​អ្វី​ដែល​​មនុស្ស​ស្រី​​ប្រាថ្នា

  • 2018-06-27 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​​​រឹង​មាំ បុរស​ពិត​​ ដែល​​ស្រីៗ​​តែ​​ង​មាន​ចម្ងល់​នោះ តើ​សំដៅ​លើ​អ្វី? ភាគច្រើន​ដែល​បាន​ឭ គឺ​គេ​សំដៅ​លើ​បុរស​ណា​​ដែល​មាន​​រូប​រាង​កាយ​មាំ មាឌ​ធំ មាន​សាច់​ដុំ​កង់ៗ​អី​ជា​ដើម។ ប៉ុន្តែ​នៅ​ក្នុង​​​ទំនាក់​ទំនង​ស្នេហាបុរស​​ពិត​មិន​សំដៅ​​​លើ​សាច់​ដុំ​ជា​សំខាន់​អី​នោះ​ទេ តែ​ចង់​មាន​ន័យ​ថាគាត់​អាច​ធ្វើ​រឿង ១០ យ៉ាង​ដូច​ខាងក្រោម​ចំពោះ​មនុស្ស​​​ខ្លួន​ស្រលាញ់ នោះ​ទើប​ជា​សេច​ក្តី​​ប្រាថ្នា​របស់​នារី​គ្រប់​រូប​​យ៉ាង​ពិត​ប្រាកដ។

​​​១. បុរស​ពិត​​ចេះ​ស្រលាញ់ ហើយ​ក៏​​ចេះ​គោរព​ឲ្យ​តម្លៃ​​​​​​​មិន​ថា​​ក្នុង​​កាលៈទេសៈ​បែប​ណា​​​

គាត់​​​​មិន​មែន​ស្រលាញ់​តែ​រូប​រាង ស្រលាញ់​​តែ​ពេល​​តុប​តែង​ខ្លួន ឬ​សម្លឹង​​​ឃើញ​​​ចង់​បាន​អ្វី​មួយ​ពី​​នាង​​នោះ​ទេ។ ផ្ទុយ​ទៅ​​វិញ គាត់​ស្រលាញ់​​​នូវ​អត្តចរិត​ដ៏​​​ល្អ​​ថ្លៃថ្នូរ ព្រម​ទាំង​មាន​​​​ការ​គោរព​​ឲ្យ​តម្លៃ​នូវ​​អ្វី​ដែល​​​ជា​ខ្លួន​នាង។

​​​២. បុរស​ពិត គឺ​មាន​តែ​នាង​ម្នាក់​​ក្នុង​បេះដូង​​​

គាត់​​មិន​ភូតភរ​កុហក ​ប៉ុន្តែ​​ស្មោះស្ម័គ្រ​នឹង​ស្នេហា ​ហើយ​​ក៏​ចង់​ឲ្យ​​នាង​​ស្មោះ​ត្រង់​នឹង​គាត់​វិញ​ដូច​គ្នា។ គាត់​ដឹង​ថា​ស្នេហា​មិន​​មែន​​ងាយ ដូច​ពាក្យ​ប្រុស​ព្រាន​​បាន​តែ​និយាយ​ផ្អែម​​​​ យក​រួច​តែ​​ខ្លួន​នោះ​ទេ។ វា​តែង​​លាយ​លំ​ជាមួយ​ ភាព​លំបាក ការ​ពុះ​ពារ​​គ្រប់​បែប​យ៉ាង​ ដើម្បី​ថែរក្សា​ស្នេហា​មួយ​​ឲ្យ​រឹង​មាំ​ឋិតថេរ។ គាត់​​ក៏​ជា​មនុស្ស​ម្នាក់​ ដែល​មិន​ធ្វើ​​ឲ្យ​នាង​សង្ស័យ​​ច្រើន និង​​អាច​ទុក​ចិត្ត​​​​ខ្លាំង​បំផុត។

​​​៣. បុរស​ពិត អាច​​ការពារ​នាង​បាន​ ទាំង​រូបរាង​កាយ​ និង​​អារម្មណ៍​ផ្លូវ​ចិត្ត​​​

​គាត់​​ការពារ​មិន​ឲ្យ​អ្នក​ណា​មក​បៀតបៀន​ និង​អាច​​ធ្វើ​ឲ្យ​នាង​មាន​សុវត្ថិភាព​​ពេញ​លេញ​​ពេល​នៅ​ជិត​គាត់។ មិនមែន​​ការពារ​ត្រឹម​តែ​រូប​រាង​កាយ ប៉ុន្តែ​ចេះ​លួង​លោម​​ពេល​នាង​ពិបាក​ចិត្ត និង​​​​ជា​ទី​​បង្អែក​ដែល​នាង​​អាច​ពឹង​ពាក់​បាន។

​​​៤. បុរស​ពិត ធ្វើ​​ឲ្យ​នាង​លង់​ស្នេហ៍​កាន់​តែ​​ខ្លាំង​​ឡើងៗ​ ទោះ​នៅ​ជាមួយ​គ្នា​យូរ​ប៉ុនណា​ក៏​ដោយ​​​

គាត់​ចេះ​ថ្នាក់​ថ្នម មាន​មន្ត​ស្នេហ៍​ មាន​ភាព​រ៉ូមែនទិក ហើយ​​ពេល​នៅ​ក្បែរ​គាត់ តែង​និយាយ​កំប្លែង​ និយាយ​ពី​នេះ​ពីនោះ​ឲ្យ​សើច និង​អាច​ផ្តល់​ស្នាម​ញញឹម​ដ៏​ពិត​ប្រាកដ​សម្រាប់​នាង។

​​​៥. បុរស​ពិត​ មាន​ភាព​ដឹក​នាំ​ខ្ពស់​នៅ​ក្នុង​ខ្លួន​​​

គាត់​អាច​ដឹកនាំ​ទាំង​​ខ្លួន​ឯង គ្រួសារ និង​ស្នេហា។ ពេល​​មាន​បញ្ហា​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា គាត់​​មិន​ដេក​ចាំ ឲ្យ​​នាង​មក​និយាយ​រក​មុន​ទេ ប៉ុន្តែ​គាត់​ព្យាយាម​រក​ដំណោះ​ស្រាយ​ណា​មួយ​ខ្លួន​ឯង​ បើ​​​នៅ​​តែ​មិន​អាច​ដោះ​​ស្រាយ​បាន គាត់​ក៏​មិន​​ខ្លាច​ក្នុង​ការ​ពឹង​អ្នក​ណា​ ដែល​ទុក​ចិត្ត​បំផុត​ ដើម្បី​សុំ​ជា​យោបល់​ល្អៗ​នោះ​ដែរ។

​​​៦. បុរស​ពិត​​ មាន​​ជំហរ​ក្នុង​ការ​សម្រេច​ចិត្ត​​​

​គាត់​ដឹង​ថា​​ធ្វើ​​ជា​មនុស្ស​ប្រុសត្រូវ​ហ៊ាន​សម្រេច​ចិត្ត មិន​ស្ទាក់​ស្ទើរ​ មិន​​​​ឲ្យ​នាង​សម្រេច​​តែ​ម្នាក់​ឯង។ ​​ការ​សម្រេច​ចិត្ត​​របស់​គាត់ គឺ​​ផ្អែក​លើ​​តម្រូវ​ការ​​ទាំង​សង​ខាង មិន​អាត្មានិយម សម​ហេតុផល និង​អាច​កែ​អ្វីៗ​ឲ្យ​ល្អ​​ប្រសើរ​ឡើង​​វិញ។

​​​៧. បុរស​ពិត មាន​​ទំនួល​ខុស​ត្រូវ​ខ្ពស់​​​

ពេល​​​ធ្វើ​ខុស​ គាត់​ហ៊ាន​ទទួល​ស្គាល់​កំហុស ដោយ​មិន​ព្យាយាម​​បន្ទោស​នេះ​បន្ទោស​នោះ។ គាត់​​​មិន​​ដែល​គិត​ថា ខ្លួន​​ឯង​អន់​​នោះ​​ទេ គ្រាន់​តែ​និយាយ​សុំ​ទោស​មួយ​ម៉ាត់ ព្រោះ​​​នេះ​បញ្ជាក់​ថា​គាត់​​មាន​ទំនុក​ចិត្ត ​ហ៊ាន​ទទួល​ការ​ពិត និង​កែប្រែ​កំហុស។

​​​៨. បុរស​ពិត​​ ​​តែង​និយាយ​​រឿង​​ក្នុង​ចិត្ត ប្រាប់​​ដល់​នាង​​​

គាត់​មិន​លាក់​ទុក​ក្នុង​ចិត្ត​តែ​ឯង ពេល​គាត់​មិន​​យល់​ស្រប​ជាមួយ​​គំនិត​នាង គាត់​តែង​និយាយ​ចេញ​មក​តាម​សម្រួល ​ដោយ​មិន​គំហក​ដាក់​នាង។

​​​៩. បុរស​ពិត តែង​​រក​វិធី​ការពារ​​ស្នេហា​​​

មិន​​ថា​​នៅ​ចំពោះ​មុខ គ្រួសារ មិត្តភ័ក្តិ ឬ​អ្នក​ដទៃ​​​ឡើយ ប្រសិន​បើ​មាន​នរណា​​សួរ​សំណួរ​​មិន​សមរម្យ ឬ​​មើល​ងាយ​ទំនាក់​​ទំនង​ស្នេហា​ គាត់​មិន​អាច​​នៅ​ស្ងៀម​​បណ្តោយឲ្យ​គេ​និយាយ​តាម​តែ​ចិត្ត​នោះ​ទេ។ ​គាត់​​ព្យាយាម​​​តវ៉ា រក្សា​ការពារ​កិត្តិយស​ដល់​ស្នេហា​របស់​​គាត់។

​​​១០. បុរស​ពិត មិន​មែន​ស្រលាញ់​អ្នក​តែ​មួយ​ថ្ងៃ ប៉ុន្តែ​ជា​រៀង​រហូត​​​

គាត់​​អាច​​បន្ត​ជីវិត​គូរស់​នៅ​ជា​មួយ​អ្នក បង្កើត​កូន​បង្កើត​ចៅ មាន​គ្រួសារ​​មួយ​ដ៏​​មាន​សុភមង្គល​ពេញ​មួយ​ជីវិត៕

ចុចអានបន្ត៖

ប្រភព៖ lifehack ប្រែ​សម្រួល៖ ដេត ឈុនអ៉ី