សញ្ញា​បង្ហាញ​ថា​អ្នក​មាន​ជំងឺ​គិត​ច្រើន​ជ្រុល ល្មម​ដល់​ពេល​បន្ធូរ​ចេញ​ខ្លះ​ហើយ

  • 2018-06-20 08:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​រវល់​តែ​យក​រឿង​តូចតាច​មក​គិត​ទាំង​អស់ ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ប្រាកដ​ជា​ហត់​នឿយ​ខ្លាំង។ មិន​ថា​និយាយ ឬ​ធ្វើ​អ្វី​មួយ​គឺ​ត្រូវ​គិត​​បារម្ភ​មុន​ជានិច្ច រហូត​ពេល​ខ្លះ​យើង​ក៏​ក្លាយ​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ដោយ​មិន​ដឹង​ខ្លួន ហើយ​បើ​សិន​មិន​ព្រម​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ចាប់​ពី​ពេល​នេះ​ទេ បន្ត​ទៅ​មុខ​នឹង​អាច​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត។ មុន​នឹង​វា​ឈាន​ដល់​កម្រិត​ធ្ងន់​បែប​នោះ សូម​មក​សាក​ល្បង​ពិនិត្យ​ខ្លួន​ឯង​ជាមួយ កញ្ញា​ ទាំង​អស់​គ្នា​​ថា​​កំពុង​មាន​បញ្ហា​គិត​ច្រើន​នេះ​ឬ​ក៏​អត់៖

៦. ខួរក្បាលចងចាំតែ​រឿង​មិន​ល្អ

មិន​ថា​ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាង​ណា ប៉ុន្តែ​អ្នក​នៅ​តែ​ចងចាំ​រឿង​អាក្រក់​ៗ​​ទុក​ក្នុង​ចិត្ត មិន​ព្រម​ឲ្យ​​អ្វី​មក​លុប​ ឬ​បំភ្លេច​វា​ចោល​បាន​ឡើយ។ មិន​មែន​តែ​មួយ​រឿង​ទេ ប៉ុន្តែ​មាន​រឿង​​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក ហើយ​ឲ្យ​តែ​ចាប់​ផ្ដើម​គិត​ពេល​ណា ក៏​ឈឺ​ក្បាល​ពេល​នោះ។ នេះ​ហើយ​ជា​អាការៈ​ស្រេ្តស​ដែល​អ្នក​សន្សំ​បន្តិច​ម្ដង​ៗ បើ​សិន​មិន​ព្រម​បំភ្លេច​រឿង​អាក្រក់​ៗ​ខ្លះ​ចោល​ទេ ជីវិត​របស់​អ្នក​នឹង​កាន់​តែ​អាប់អួរ​ឡើង ហើយ​​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​ថែមទៀត។

៥. ​បារម្ភ​ថា​អ្នក​ដទៃ​មើល​មក​ខ្លួន​មិន​ល្អ

វា​គឺ​ជា​អារម្មណ៍​នៅ​ពេល​អ្នក​មិន​ជឿ​ជាក់​លើ​ខ្លួន​​ឯង​ទាល់​តែ​សោះ មិន​ថា​និយាយ​ស្ដី ឬ​ធ្វើ​អ្វី​ក៏​មាន​អារម្មណ៍​ក្រែង​ៗ ព្រោះ​ខ្លាច​ថា​ខ្លួន​ឯង​ធ្លោយ​ធ្វើ​អ្វី​មួយ​មិន​ទំនង​ក្នុង​ភ្នែក​អ្នក​ដទៃ ខ្លាច​គេ​សម្លឹង​មើល​មក​អ្នក​ដោយ​ខ្សែ​ភ្នែក​ចម្លែក​ៗ។ ការ​ពិត​ទៅ​អ្នក​កំពុង​គិត​ច្រើន​ជ្រុល​ទៅ​វិញ​ទេ ព្រោះ​មិន​ថា​អ្នក​និយាយ ឬ​បញ្ចេញ​កាយវិការ​អ្វី វា​​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា​អ្នក​មិន​ល្អ​ដែរ ព្រោះ​អ្នក​ណា​ៗ​ក៏​​ធ្លាប់​ធ្វើ​អ្វី​ឆ្គង ហើយ​គេ​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ដូច​អ្វី​ដែល​អ្នក​គិត​ដែរ។

៤. គ្មាន​ក្ដី​សុខ​ជាមួយ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ

បើ​អ្នក​​មិន​ព្រម​បញ្ចេញ​អារម្មណ៍​ឲ្យ​អស់​ពី​ខ្លួន អ្នក​ក៏​នឹង​មិន​មាន​ក្ដី​សុខ​ជាមួយ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​​បាន​ឡើយ ព្រោះ​ថា​អ្នក​កំពុង​ស្ត្រេស​ខ្លាំង​ពេក។ អ្នក​ខ្លាច​ថា​ធ្វើ​ហើយ​មាន​លទ្ធផល​មិន​ល្អ មិន​ត្រូវ​ចិត្ត​អ្នក​ដទៃ គិត​ៗ​រហូត​ទាល់​តែ​ស្រេ្តស ទាំង​គ្មាន​​រឿង​អ្វី​ធ្ងន់ធ្ងរ​​ឲ្យ​ត្រូវ​គិត​ផង។ ដូច្នេះ​ធ្វើ​កុំ​ភ័យ​បារម្ភ​ខ្លាំង​ពេក សំខាន់​ឲ្យ​តែ​អ្នក​ខំ​ប្រឹង​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព​សិន​ទៅ​គឺ​គ្រប់គ្រាន់​ហើយ។

៣. មាន​រឿង​អី​ក៏​ញញឹម

នៅ​ពេល​មាន​បញ្ហា អ្នក​ជ្រើសរើស​មិន​និយាយ​វា​ឲ្យ​អ្នក​ណា​ស្ដាប់​ឡើយ ព្រោះ​គិត​ថា​​គង់​គ្មាន​អ្នក​ណា​ចង់​ស្ដាប់​ទេ បាន​ត្រឹម​តែ​លាក់​បញ្ហា​ទុក​ម្នាក់​ឯង ដល់​ពេល​មាន​អ្នក​សួរ​នាំ​ក៏​ចេះ​តែ​ខំ​ញញឹម​ព្រោះ​មិន​ចង់​ឲ្យ​គេ​ដឹង។ អ្នក​ចាប់​ផ្ដើម​លាក់​ភាព​ស្រ្តេស​នៅ​ក្នុង​ចិត្ត​ច្រើន​ពេក​ហើយ​ណា៎ ដូច្នេះ​គួរ​តែ​បញ្ចេញ​វា​មក​ខ្លះ មុន​នឹង​រាងកាយ​របស់​អ្នក​មាន​បញ្ហា​ដោយ​សារ​សន្សំ​អារម្មណ៍​ស្រ្តេស​ទុក​ច្រើន​ខ្លាំង​ពេក។

២. បារម្ភ​ច្រើន​ពេល​ជួប​មនុស្ស​ថ្មី​ៗ

មិន​ថា​ជួប​​មិត្ត​ថ្មី ឬ​សង្គម​ថ្មី​ៗ អ្នក​តែង​​មាន​ការ​ព្រួយ​បារម្ភ​មុន​ជានិច្ច​ថា​​តើ​គេ​នឹង​ចូល​ចិត្ត​អ្នក​ឬ​អត់ ចង់​ស្គាល់​អ្នក​ឬ​អត់ ចុង​ក្រោយ​​ក៏​គិត​ដល់​ស្រ្តេស​មែនទែន។ យក​ល្អ អ្នក​គួរ​ចាំ​ដល់​ជួប​គេ​សិន​ទៅ ចាំ​គិត មិន​ចាំ​បាច់​គិត​តាំង​ពី​មិន​ទាន់​ជួប​គេ​នោះ​ទេ ព្រោះ​វា​នឹង​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ពេល​ទៅ​ជួប​ពួក​គេ។

១. លាក់​ទុក​គ្រប់​រឿងរ៉ាវ​របស់​ខ្លួន​ជា​អាថ៌កំបាំង

នេះ​ព្រោះ​តែ​អ្នក​ខ្លាច​ថា អ្នក​ដទៃ​នឹង​ដឹង​រឿង​របស់​អ្នក ហើយ​គេ​នឹង​ទទួល​យក​មិន​បាន។ តែ​ការ​ពិត​ទៅ​លើ​លោក​នេះ គ្មាន​អ្នក​ណា​ដែល​មិន​ធ្លាប់​ធ្វើ​ខុស​ពី​មុន​នោះ​ទេ តែ​វា​ស្ថិត​នៅ​ត្រង់​ថា​គេ​ចែក​រំលែក​រឿង​ទាំង​នោះ​ឲ្យ​អ្នក​ដទៃ​ដឹង​ឮ​ឬ​ក៏​អត់។ បើ​សិន​រឿង​រ៉ាវ​របស់​អ្នក​ក្នុង​អតីតកាល​មិន​បាន​អាក្រក់​ណាស់ណា​ ហើយ​ចង់​និយាយ​វា​ឲ្យ​អ្នក​ដទៃ​ស្ដាប់ វា​ក៏​មិន​ខុស​ឆ្គង​អ្វី​ដែរ។ ការ​លាក់​ទុក​រឿង​ដែល​មិន​អាច​និយាយ​​ជាមួយ​ខ្លួន​ឯង គឺ​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​រឿង​ខ្លះ​និយាយ​ឲ្យ​អ្នក​ដទៃ​ស្ដាប់​ខ្លះ​ក៏​ល្អ​ដែរ ដើម្បី​ជា​ការ​​បន្ធូរ​​អារម្មណ៍ ​ជាជាង​​សន្សំ​ស្រ្តេស​ទុក​តែ​ម្នាក់​ឯង។

ការ​​ដែល​ជា​មនុស្ស​គិត​ច្រើន​គឺ​ពិបាក​បញ្ឈប់​​ណាស់ ប៉ុន្តែ​វា​ក៏​មិន​មែន​មាន​ន័យ​ថា​ឈប់​មិន​បាន​ដែរ ដោយ​គ្រាន់​តែ​ធ្វើ​អ្វី​ៗ​រាល់​ថ្ងៃ​ឲ្យ​​បាន​ល្អ​បំផុត ឈប់​ភ័យ​បារម្ភ​ពី​អ្វី​ដែល​មិន​ទាន់​កើត​ឡើង ចេះ​ទម្លាក់​ចោល​នូវ​រឿង​ខ្លះ ព្រម​ទទួល​ស្គាល់​​​ឲ្យ​បាន​ថា អ្វី​ដែល​​ត្រូវ​កើត វា​នឹង​កើត បើ​យើង​ធ្វើ​អស់​ពី​សមត្ថភាព​ហើយ លទ្ធផល​ចេញ​មក​យ៉ាង​ម៉េច​យើង​ក៏​គួរ​តែ​រីករាយ​នឹង​ទទួល ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម