ទុក្ខ​លំបាក​ខុស​ៗ​គ្នា​​​ដែល​មនុស្ស​ស្រី​ត្រូវ​ដឹង​មុន​រើស​បុរស​ណា​ម្នាក់​ជា​​ប្ដី

  • 2018-06-19 06:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី រៀបការ​ជាមួយ​អ្នក​ណា​ក៏​មាន​ទុក្ខ​ដែរ!

រៀបការ​ជាមួយ​បុរស​អ្នក​មាន ហ៊ឺហា​ប៉ុន្តែ​ឯកោ

​អាច​រស់​ស្រួល មាន​លុយ មាន​ឡាន​ ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ ។ល។ ជីវិត​បែប​នេះ​គឺ​ជា​ក្ដី​ស្រមៃ​របស់​មនុស្ស​ស្រី​ជា​ច្រើន​លើលោក។ ប៉ុន្តែ​​បុរស​​មាន​លុយ​ជា​ធម្មតា​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​នៅ​ខាង​ក្រៅ និង​ជប់លៀង​មិន​លោះ​ថ្ងៃ។ រៀបការ​ជាមួយ​បុរស​បែប​នេះ គឺ​ប្រៀប​ដូច​ជា​រៀប​ការ​ជាមួយ​ទូរទស្សន៍ រៀបការ​ជាមួយ​ហាង​សាឡន ជីវិត​​ខាង​ក្រៅ​មើល​ទៅ​ស្រណុក​សុខ​ស្រួល​ណាស់ ប៉ុន្តែ​ក្ដី​ទុក្ខ​ដែល​លាក់​​នៅ​​ក្នុង​ចិត្ត តើ​អ្នក​ណា​ទៅ​អាច​យល់​បាន?

រៀបការ​ជាមួយ​បុរស​សង្ហា

បុរស​សង្ហា​មុខ​មាត់​ស្អាត បើ​ទោះ​បី​គេ​ស្រលាញ់​អ្នក​តែ​ម្នាក់ ប៉ុន្តែ​គេ​ក៏​ជា​គោលដៅ​របស់​នារី​ៗ​ដទៃ​ដូច​គ្នា។ បើ​បុរស​រូប​នោះ​​ចិត្ត​ទូលាយ​តាម​នោះ​ដែរ អ្នក​​អាច​ត្រៀម​ប្រេង​កូឡា ប្រេង​ខ្យល់ បំពង់​ហឺត​ឲ្យ​ហើយ​ទៅ។

រៀបការ​ជាមួយ​បុរស​​មាន​ពេល​វេលា

គេ​ចូល​ធ្វើ​ការ និង​​ត្រលប់​មក​ផ្ទះ​វិញ​ទៀង​ពេល ពូកែ​ធ្វើ​ម្ហូប មាន​ពេល​ដើរ​ផ្សារ​ទំនើប​ជាមួយ​អ្នក និង​ពូកែ​មើល​កូន​ទៀត។ ស្វាមី​បែប​នេះ គឺ​​ជា​ស្វាមី​​ក្នុង​ក្ដី​ស្រមៃ​របស់​មនុស្ស​ស្រី​ជា​ច្រើន។ ប៉ុន្តែ​​មាន​គុណវិបត្តិ​​ទេ? វា​អាច​មាន បើ​គាត់​មាន​ពេល ប៉ុន្តែ​អត់​លុយ! អ្នក​អាច​នឹង​ត្រូវ​ហត់​នឿយ​ក្នុង​ការ​ចេញ​រក​លុយ​​ជាមួយ​គាត់​ដើម្បី​ទប់​ទល់​សេដ្ឋកិច្ច​គ្រួសារ។ នៅ​ពេល​អ្នក​​ឃើញ​នារី​ផ្សេង​ដែល​មាន​ប្ដី​ចិញ្ចឹម​យ៉ាង​ល្អ មាន​ជីវិត​សុខ​ស្រួល បើ​​អ្នក​ចេះ​តែ​យក​ជីវិត​ទៅ​ប្រៀបធៀប​ជាមួយ​គេ ជីវិត​គូ​របស់​អ្នក​នឹង​គ្មាន​ក្ដី​សុខ។

រៀបការ​ជាមួយ​មនុស្ស​ប្រុស​ពូកែ​យក​ចិត្ត

មនុស្ស​ប្រុស​ប្រភេទ​នេះ​ច្រើន​មាន​សម្ដី​ផ្អែម ប៉ិន​​និយាយ​ស្ដី​ឲ្យ​អ្នក​រំភើប។ គ្រាន់​តែ​អ្នក​ផ្លាស់​ប្ដូរ​ម៉ូដ​សក់ ផ្លាស់​ប្ដូរ​ស្ទីល​ស្លៀក​ពាក់ គេ​នឹង​ជា​មនុស្ស​ដំបូង​ដែល​សរសើរ​អ្នក​​ដោយ​សម្ដី​​ដ៏​ផ្អែម។ ប៉ុន្តែ​ត្រូវ​ចាំ​ដែរ​ថា មនុស្ស​ប្រុស​ប្រភេទ​នេះ​មិន​មែន​ពូកែ​យក​ចិត្ត​ដាក់​អ្នក​តែ​ម្នាក់​ទេ​ណា។ បើ​អ្នក​មិន​គិត​ មិន​ប្រកាន់​អ្វី អ្នក​ក៏​មិន​ពិបាក​ចិត្ត​ដែរ ប៉ុន្តែ​ជឿ​ទៅ​ មនុស្ស​ស្រី​ភាគ​ច្រើន​គឺ​ពូកែ​គិត​ច្រើន​ណាស់ ពេល​ឃើញ​ប្ដី​និយាយ​ផ្អែម ឬ​សរសើរ​ស្រី​ផ្សេង។

រៀបការ​ជាមួយ​បុរស​​ដ៏​សាមញ្ញ​​ម្នាក់

គេ​​ស្មោះ​ត្រង់ និង​មិន​ចែក​រំលែក​ក្ដី​ស្រលាញ់​ឲ្យ​នារី​ផ្សេង​ កែវ​ភ្នែក​របស់​គេ​ ក៏​មិន​ចេះ​បាញ់​ដាក់​នារី​ដទៃ​ផ្ដេសផ្ដាស។ ប៉ុន្តែ​ភាព​សាមញ្ញ​របស់​គាត់ ពេល​ខ្លះ​ក៏​ក្លាយ​ជា​ភាព​សោះកក្រោះ។ ជួន​កាល​អ្នក​ទិញ​ស្បែក​ជើង​ថ្មី​មក​ពាក់​មួយ​អាទិត្យ​ហើយ គេ​ក៏​មិន​សង្កេត​ឃើញ​ផង។ យូរ​ៗ​អ្នក​នឹង​មាន​អារម្មណ៍​ថា គេ​ជា​មនុស្ស​មិន​រ៉ូមែនទិក មិន​ចេះ​និយាយ​ផ្អែម ហើយ​​កាន់​តែ​គួរ​ឲ្យ​ខ្លាច បើ​ថ្ងៃ​ណា​មួយ​ អ្នក​មាន​ចិត្ត​ច្រណែន​មិត្តភ័ក្ដិ​ដែល​មាន​ប្ដី​ពូកែ​យក​ចិត្ត។

នៅ​លើ​លោក​នេះ​គ្មាន​បុរស​ណា​ដែល​មាន​ទាំង​លុយ ទាំង​ពេល គ្មាន​បុរស​ណា​ដែល​ពូកែ​យក​ចិត្ត​តែ​អត់​មាន​ចរិត​ព្រាន បើ​ទោះ​ជា​មាន​ក៏​មិន​ងាយ​ធ្លាក់​មក​ដល់​ដៃ​អ្នក​ ឬ​​ពុំ​ដូច្នោះ​ទេ​ក៏​គេ​​មើល​មិន​ឃើញ​អ្នក​ដែរ ​បើ​អ្នក​​មិន​ល្អ​​សព្វគ្រប់ ឬ​មាន​គ្រប់យ៉ាង​តាម​ដែល​គេ​ចង់​បាន។​

រៀបការ​ជាមួយ​អ្នក​ណា​ក៏​ជីវិត​អ្នក​គេច​មិន​ផុត​បញ្ហា​ដែរ អ្វី​ដែល​សំខាន់​ បើ​សម្រេច​ចិត្ត​ជ្រើសរើស​នរណា​ម្នាក់​ហើយ អ្នក​ត្រូវ​ទទួល​​យក និង​សម្រប​ខ្លួន​តាម​នោះ ​ព្រោះ​នេះ​ជា​ជីវិត​ពិត មិន​មែន​ប្រលោមលោក​នោះ​ទេ ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម