មេរៀនជីវិតដើម្បីក្លាយជានារីមានទំនុកចិត្ត និងរឹងមាំដែលបុរសខ្វះមិនបាន
- 2018-05-06 07:20:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនជីវិតដើម្បីក្លាយជានារីមានទំនុកចិត្ត និងរឹងមាំដែលបុរសខ្វះមិនបាន
មិនមែនដូចពីបុរាណដែលមនុស្សស្រីត្រូវការពឹងពាក់មនុស្សប្រុសដើម្បីបានសុភមង្គលនោះទេ។ នារីសម័យថ្មីនេះដឹងពីវិធីរកសុភមង្គលសម្រាប់ខ្លួនឯង និងធ្វើខ្លួនឱ្យរឹងមាំរហូតក្លាយជាវត្ថុមានតម្លៃសម្រាប់មនុស្សគ្រប់គ្នា។ មានរឿងជាច្រើនដែលនារីគួរតែស្វែងយល់ និងធ្វើឱ្យបានដើម្បីក្លាយជានារីមានតម្លៃដែលបុរសត្រូវការ។
១. រៀនផឹកស្រា តែត្រូវចេះផឹកដោយអាចគ្រប់គ្រងខ្លួនឯងបាន។ បើអ្នកផឹករហូតមិនអាចគ្រប់គ្រងខ្លួនបាន យកល្អកុំផឹកល្អជាង ដើម្បីកុំឱ្យមនុស្សវាយតម្លៃ និងមើលងាយ។
២. រៀនដើរដោយពាក់ស្បែកជើងកែងខ្ពស់ ព្រោះនារីដែលពាក់ស្បែកជើងកែងកាន់តែខ្ពស់មើលទៅកាន់តែមានទំនុកចិត្ត។ ប៉ុន្តែបើអ្នកមិនចេះពាក់ស្បែកជើងកែងទេ គួរតែទិញស្បែកជើងណាដែលអ្នកគិតថាពាក់ស្រួល និងអាចឱ្យអ្នកដើរបានយ៉ាងនឹងន ព្រោះការពិត ទំនុកចិត្តក៏មិនអាចកើតមានបានដែរ បើអ្នកប្រឹងពាក់ស្បែកជើងខ្ពស់ តែពិបាកដើរ ដើរមិនត្រង់ផ្លូវនោះ ឬដើរទាំងឈឺជើងនោះ។
៣. បង្រៀនខ្លួនឯងឱ្យចេះបើកចំហ ប៉ុន្តែក៏មិនមែនត្រូវបើកចំហគ្រប់រឿងនៅចំពោះមុខមនុស្សប្រុសដែរ។ នារីដែលឆ្លាតវៃដឹងថារឿងណាគួរនិយាយ រឿងណាគួរលាក់។ បុរសនឹងកាន់តែចង់បាននារីណាដែលចេះធ្វើឱ្យគេឆ្ងល់ពីតម្លៃរបស់នាង មិនមែនជាអ្នកដែលបើកកកាយការពិតឱ្យគេដឹងទាំងអស់នោះទេ។
៤. កុំខ្មាសអៀនក្នុងការសុំជំនួយ។ មិនថាពីមនុស្សភេទដូចគ្នា ឬពីមនុស្សប្រុសឡើយ។ បុរសនឹងកាន់តែពេញចិត្ត បើអ្នកក្លាហានហ៊ានហាមាត់សុំជំនួយគេត្រង់ៗ ជាជាងលាក់ធ្វើជាពូកែ មិនត្រូវការគេជួយ តែការពិតខ្លួនមិនចេះសោះនោះ។
៥. សម្រស់របស់អ្នកថ្វីតែវាមិនស្អាតឥតខ្ចោះ តែអ្នកត្រូវតែមានអ្វីដែលជារបស់អ្នក។ ត្រូវចាំថា ក្នុងលោកនេះ គ្មានទេនារីដែលស្រស់ស្អាត គ្មានកន្លែងខ្វះចន្លោះនោះ តែលក្ខណៈពិសេសផ្ទាល់ខ្លួន (Unique) ទៅវិញទេដែលនាំឱ្យអ្នកស្រស់ស្អាតស៊ីដាច់គេបាននោះ។
៦. វាសនារបស់អ្នកគឺស្ថិតនៅលើអ្នកខ្លួនឯង។ ត្រូវចាំថា ទោះបីបុរសម្នាក់នោះស្រលាញ់អ្នក ធ្វើល្អដាក់អ្នកខ្លាំងយ៉ាងណា តែព្រេងវាសនា និងជីវិតអ្នកមិនមែនគេជាអ្នកកំណត់ឱ្យនោះទេ។
៧. កុំកំណត់តម្លៃរបស់ខ្លួនដោយសារបុរសណាម្នាក់។ អ្នកមានតម្លៃខ្លាំងលើសលប់ ខ្លាំងជាងឋានៈជាមិត្តស្រី ឬជាភរិយាគេទៅទៀត។ ចូរកុំកំណត់ថា ពេលនេះអ្នកគឺជាប្រពន្ធគេហើយ ដូច្នេះគ្មានអ្វីអាចលើសនេះបាន សូមគិតថា អ្នកនឹងនៅតែអាចធ្វើអ្វីដែលអស្ចារ្យជាងសព្វថ្ងៃនេះ ហើយអាចនាំជោគជ័យដល់ខ្លួនឯង និងស្វាមីបានទៀតផង។
ចុចអាន៖ ជាមនុស្សស្រីដែលល្អ និងមានភាពជឿជាក់ខ្ពស់ គួរកុំបណ្ដោយឲ្យមានចំណុចទាំងនេះ
៨. បង្រៀនខ្លួនឯងឱ្យចេះធ្វើប្រពន្ធល្អ និងម្ដាយល្អម្នាក់ដែលអាចនៅជិតស្និទ្ធជាមួយកូនៗបាន។ វានឹងគ្មានអ្វីពិបាកឡើយ ព្រោះសម័យនេះ អ្នកអាចរកវិធីទាំងនេះបានដោយសួរបទពិសោធន៍ពីម្ដាយ ចាស់ទុំ ឬរកបានក្នុងអ៊ីនធឺណិត។
៩. ត្រូវមានលុយសាកួជាប់ខ្លួនជានិច្ច សម្រាប់ពេលបន្ទាន់ណាមួយដែលត្រូវការ មិនមែនរកលុយបានមកចាយទាំងអស់ ហើយយកលេសថាជាការផ្ដល់អំណោយដល់ខ្លួនឯង សម្រាប់ការខំប្រឹងធ្វើការកន្លងមក ហើយពេលទាល់ច្រក គ្មានអ្វីជាប់ខ្លួនសម្រាប់ដោះស្រាយសោះ។
១០. មិនថារវល់ការងារ ឬការរកស៊ីយ៉ាងណា អ្នកត្រូវចេះឆ្លៀតពេលកម្សាន្តសម្រាប់ខ្លួនឯង និងឱ្យពេលវេលាខ្លះសម្រាប់គ្រួសារ៕