​ប្រពន្ធ​ចូល​ចិត្ត​ប្រចណ្ឌ​ប្តី ត្រូវ​ដឹង​​ពី​រឿង ៧​ យ៉ាង​នេះសិន ដើម្បី​កុំ​ឲ្យ​ឈាន​ទៅ​បែកបាក់​គ្នា

  • 2018-06-04 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​កើត​ចេញ​ពី​​សេចក្ដី​​ស្រលាញ់ មាន​​ការ​ស្រលាញ់​ តែង​មាន​​ការ​ប្រចណ្ឌ បើ​ប្រចណ្ឌ​ក៏​​ត្រូវ​ឲ្យ​មាន​ហេតុ​ផល​ សម​រម្យ​មួយ​​អាច​​ទទួល​​យក​បាន​ ទើប​គ្មាន​រឿង​ឈ្លោះ​ទាស់​ទែង រហូត​ដល់​បែក​បាក់​គ្នា ដោយ​​សារ​តែ​ ការ​ប្រចណ្ឌ​នេះ។

១. មិន​​សម្ដែង​ទឹក​មុខ​ក្រញេវក្រញូវ

​ពេល​​ប្តី​​នៅ​ខាង​ក្រៅ​យូរ ហើយ​ត្រូវ​ត្រលប់​មក​ផ្ទះ​វិញ​យឺតយ៉ាវ ពិត​ណាស់​​វា​ពិបាក​បន្តិច​មែន​ក្នុង​ការ​ ​ធ្វើ​​ចិត្ត​​​​​ឲ្យ​​នឹង​ថ្កល់​មិន​​​ខឹង ប៉ុន្តែ​ទោះ​បី​ជា​ខឹង​ដល់​កម្រិត​ណា​ក៏​ដោយ ត្រូវ​តែ​ទ្រាំ​ទប់​សិន ព្រោះ​​ប្រពន្ធ​ដែល​ឆ្លាត គឺ​​ទុក​ពេល​ឲ្យ​ប្តី​រ៉ាយរ៉ាប់​ហេតុផល តាម​ដាន​មើល ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់​លាស់​សិន​ មុន​​​​ឆេវឆាវ​ច្រឡោត​ដាក់។ ជួន​កាល​អ្វីៗ​វា​មិន​មែន​​ដូច​ការ​ស្មាន​ទាំង​អស់​នោះ​ទេ គាត់​អាច​រវល់​ជាមួយ​​​ការងារ ឬ​មាន​កិច្ចការ​អ្វី​ផ្សេង​ដែល​​​ត្រូវ​បញ្ចប់​​​បន្ទាន់។

២. ​រក​រឿង​បាន​លុះ​ត្រា​តែ​មាន​ភស្តុតាង​ជាក់​ស្ដែង​នៅ​ក្នុង​ដៃ

នារី​ភាគ​ច្រើន​តែង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ជន​​រង​គ្រោះ ដោយ​សារ​តែ​អារម្មណ៍​ទី៦ គ្រាន់​តែ​សង្កេត​ឃើញ​ថា​ប្តី​​ប្លែក​អី​បន្តិច គឺ​​​គិត​​ដល់​​រឿង​មាន​​ស្រី​ក្រៅ​​ភ្លែត​តែ​ម្ដង។ បើ​អ្នក​​មិន​ចង់​ឲ្យ​​ខ្លួន​ឯង ក្លាយ​ជា​អ្នកមាន​កំហុស​ដោយ​សារ​តែ​ប្រចណ្ឌ​​ខុស​រឿង កុំ​វាយ​តម្លៃ​ទម្លាក់​កំហុស​លើ​ប្តី ដោយ​គ្មាន​ភស្តុតាង ព្រោះ​អាច​ធ្វើ​ឲ្យ​គាត់​​កាន់តែ​​ធុញ​ និង​គិត​ថា​អ្នក​គ្មាន​ជំនឿ​ទុក​ចិត្ត​​នៅ​ក្នុង​ជីវិត​គូ។ យ៉ាង​ណា​មិញ ​អ្នក​​មាន​សិទ្ធិ​និយាយ វែក​ញែក​តតាំង​​បាន លុះ​ត្រា​​ណា​តែ​មាន ភស្តុតាង​ជាក់​ស្ដែង​នៅ​ក្នុង​ដៃ​សិន។

៣. កុំ​​ជឿ​ពាក្យ​គេ​​ឆ្កឹះឆ្កៀល​ដោយ​មិន​បាន​ឃើញ​នឹង​​ភ្នែក​ផ្ទាល់

​នៅ​ក្នុង​​សង្គម​យើង​នេះ​សម្បូរ​ណាស់​​អ្នក​ដែល​ចូល​ចិត្ត​ខ្វាយ​ខ្វល់​ចេះ​ដឹង​រឿង​គេ​ហួស​ហេតុ អ្នក​ខ្លះ​​ចង់​ឲ្យ​ប្តី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា ​ឃើញ​១ រាយការណ៍​ថា​១០ ឬ​ក៏​គ្មាន​ច្បាស់​ការ​ផង​ តែ​ធ្វើ​ដូច​ជា​ជាក់​លាក់​ណាស់​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​លើ​ខ្លួន​យើង​ទេ ​ហេតុ​អ្វី​​គ្រាន់​តែ​ស្តាប់​ឮ​ត្រូវ​ឆេះ​ដូច​ភ្លើង​នោះ ​ព្រោះ​អត់​ទាន់​បាន​ឃើញ​​​នឹង​ភ្នែក​ខ្លួន​ឯង​ផ្ទាល់​ផង​ហ្នឹង។ បើ​មាន​​​អ្នក​មកប្រាប់​អីចឹង​មែន អ្នក​ត្រូវ​ញញឹម​ហើយ​និយាយ​​តប​ថា ខ្ញុំ​ជឿជាក់​លើ​ប្តី​ខ្ញុំ។ ពេល​ជួប​មុខ​ប្តី ក៏​កុំ​ទាន់​អាល​ខឹង​ដែរ ត្រូវ​ធ្វើ​ជានិយាយ​លេង ហើយ​សួរ​ធម្មតា​​ៗ​ពីអ្វី​ដែល​អ្នក​បាន​ឮ។

៤. រឹងមាំ​ជា​មួយ​នឹង​ភាព​ទន់​ភ្លន់

ជា​មនុស្ស​ស្រី​រឹង​មាំ បង្ហាញ​ពី​​ភាព​ទន់​ភ្លន់ មិន​មែន​ទន់​ជ្រាយ ​ព្រោះ​វា​​ជា​ពេល​មួយ​ដែល​អ្នក​ អាច​បញ្ជាក់​ប្រាប់​គាត់​ថា អ្នក​​មិន​មែន​មិន​ដឹង​ថា​គាត់​កំពុង​តែ​ធ្វើ​អ្វី​នោះ​ទេ គ្រាន់​តែ​​ត្រូវ​រង់​ចាំ​មើល​​ដោយ​ភាព​អត់​ធ្មត់ នោះ​គាត់​​អាច​នឹង​ភ្ញាក់​​​រឭក​ ខ្មាស​ខ្លួន​ឯង​ និង​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ខុស​ចំពោះ​អ្នក។

៥. ​ថែរក្សា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ

​​បើ​អ្នក​យល់​ថា ស្វាមី​របស់​​មើល​ទៅ​ហាក់​បី​ដូច​ជា​ធុញ​ទ្រាន់ កុំ​ទាន់​អាល​ចោទ​ប្រកាន់​ផ្តេស​ផ្តាស ពេល​ខ្លះ​ អាច​មក​ពី​អ្នក​មិន​​​បាន​យក​ចិត្ត​ដាក់ ផ្អែមល្ហែម​​ជាមួយ​គាត់​ដូច​​ពី​មុន។ អ្វី​ដែល​ត្រូវ​ធ្វើ​ គឺ​ថែរក្សា​ខ្លួន​ឯង​ ទាំង​សុខភាព​និង​សម្រស់ ​ប្រសើរ​ជាង​ការ​គិត​​រក​រឿង​ឈ្លោះ ឬ​រក​វិធី​សងសឹក​​​ឥតប្រយោជន៍។

៦. ផ្តល់​ឧកាស​ឲ្យ​កែ​កំហុស

កុំ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​​ដែល​ខំ​រក្សា​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​ មក​បែក​បាក់​ក្នុង​ពេល​តែ​មួយ​នាទី។​ ប្រាកដ​ណាស់​អ្នក​នៅ​តែ​មាន​ចិត្ត​ស្រលាញ់​គាត់ អីចឹង​ហេតុ​អី​ក៏​មិន​​សាក​បើក​ចិត្ត ផ្តល់​ឧកាស​ឲ្យ​គាត់​កែ​ខ្លួន​សិន​ទៅ។​ បើ​គាត់​ដឹង​កំហុស​ហើយ អ្នក​ត្រូវ​ព្យាយាម​ទុក​ចិត្ត ស្រលាញ់​គាត់ ដើម្បី​​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​​​​ភ័យ​ខ្លាច​​ក្នុង​​ការ​​បាត់​បង់​អ្នក។

៧. បន្ត​ភាព​​ផ្អែមល្ហែម​ និង​ភាព​កក់​ក្តៅ

ជន​ទី​៣​អាច​​ចូល​មក​ជ្រៀតជ្រែក​បាន ប្រសិន​បើ​អ្នក គ្មាន​ពេល​​វេលា​គ្រប់​គ្រាន់​នៅ​ក្បែរ​គាត់ មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​មាន​អារម្មណ៍​​ធុញ​នឹង​គ្នា។ ដើម្បី​ជៀស​កុំ​ឲ្យ​រឿង​បែប​នោះ​ អាច​កើត​ឡើង​​បាន ទោ​បី​ជា​រៀប​ការ​យូរ​ប៉ុន​ណា​ក៏​ដោយ ត្រូវ​បន្ត​ភាព​ផ្អែម​ល្ហែម ផ្តល់​ភាព​កក់​ក្តៅ ​ប្រើ​ពេល​វេលា​នៅ​ក្បែរ​គ្នា​ឲ្យ​បាន​ច្រើន ដើរ​លេង​ខាងក្រៅ​ជាមួយ​កូនៗ រំលឹក​អនុស្សាវរីយ៍​ល្អៗ ទើប​ធ្វើ​ឲ្យ​គាត់​ដឹង​ថា គ្រួសារ​មាន​ន័យ​និង​សំខាន់​​យ៉ាង​ណា។

ចុចអានបន្ត៖

​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី