​អាយុ ៣០ឡើង​ទៅ​ត្រូវ​រៀន​យល់​រឿង​ទាំង​នេះ តែ​បើ​យល់​បាន​មុន​នេះ កាន់​តែ​ល្អ

  • 2018-05-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាស់​បុរាណ​ច្រើន​និយាយ​ថា របស់​របរ​គេ​បែង​ចែក​តាម​ប្រភេទ ចំណែក​មនុស្ស​គេ​បែង​ចែក​តាម​វ័យ។ ប្រសិន​បើ​អ្នក​មាន​វ័យ​ចាប់​ពី​ ៣០ឆ្នាំ​ឡើង​ទៅ​ គឺ​គួរ​តែ​ដល់​ពេល​ត្រូវ​ចងចាំ និង​រៀន​សូត្រ​មេរៀន​ជីវិត​ខាង​ក្រោម​នេះ​​ហើយ​៖

១. ក្នុង​សេចក្ដី​ស្នេហា​ មិន​មាន​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​នោះ​ទេ គឺ​មាន​តែ​អ្នក​ដែល​មិន​ចេះ​ស្រលាញ់ និង​អ្នក​មិន​ចេះ​ថែ​រក្សា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

២. នៅ​ពេល​ទទួល​បាន​ជោគជ័យ​​ក្នុង​មុខ​របរ ឬ​ការងារ​ហើយ យើង​ក៏​ត្រូវ​ថែរក្សា​សុខភាព​រាង​កាយ​របស់​ខ្លួន​ដែរ។ ហើយ​បើ​មិន​ទាន់​ជោគជ័យ គឺ​រឹត​តែ​ត្រូវ​ថែ​ទាំ​សុខភាព ព្រោះ​បើ​អ្នក​ក្រ​​ ហើយ​ឈឺ​ទៀត​ គឺ​ទុក្ខ​ជាន់​លើ​ទុក្ខ​ហើយ។

៣. បើ​មាន​មនុស្ស​ដែល​ស្គាល់ និង​យល់​ចិត្ត​អ្នក នោះ​ចាត់​ទុក​ថា​ជា​សំណាង​​ធំ​មួយ ប៉ុន្តែ​បើ​គ្មាន​នរណា​ស្គាល់ និង​យល់​ចិត្ត​អ្នក​ទេ អ្នក​ត្រូវ​តែ​ស្គាល់ និង​យល់​ពី​ខ្លួន​ឯង។

៤. មិត្ត​ដែល​ល្អ ត្រូវ​ចេះ​ស្ងើច​សរសើរ​គ្នា មិន​មែន​មើល​ឃើញ​តែ​ផល​ប្រយោជន៍​ពី​គ្នា​នោះ​ទេ។

៥. ហូប​បាយ​ត្រូវ​ហូប​ម្ដង​មួយ​ម៉ាត់ ការងារ​ក៏​ត្រូវ​ធ្វើ​ម្ដង​មួយ​មុខ​ដែរ។ គ្មាន​អ្វី​ដែល​ធ្វើ​ភ្លាម​បាន​សម្រេច​ភ្លែត​ទេ គ្រប់​យ៉ាង​គឺ​មាន​ដំណាក់កាល​របស់​វា បើ​ធ្វើ​អ្វី​យក​តែ​លឿន លទ្ធផល​អាច​នឹង​មិន​បាន​អ្វី​ទាំង​អស់។

៦. គ្រប់​រឿង គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ជ្រុង​ល្អ និង​ជ្រុង​មិន​ល្អ។ ពេល​ខ្លះ វា​ស្ទើរ​តែ​គ្មាន​ខុស ឬ​ត្រូវ​ទេ។ អ្វី​ដែល​យើង​គិត​ថា​ខុស ប៉ុន្តែ​អ្នក​ដទៃ​អាច​គិត​ថា​ត្រូវ ហើយ​អ្វី​ដែល​​យើង​ខំ​​ស្រវេស្រវា​​ដើម្បី​បាន​មក អាច​ជា​អ្វី​ដែល​អ្នកដទៃ​ព្យាយាម​បោះបង់​ចោល​ក៏​មាន។

៧. គុណ​ភាព​ជីវិត​ល្អ ឬ​មិន​ល្អ អាស្រ័យ​លើ​ការ​គិត​របស់​យើង​ជា​អ្នក​កំណត់។ ស្ថិត​នៅ​ហាង​​ទំនើប​ លើ​តុ​មាន​​ម្ហូប​​អាហារ​ឆ្ងាញ់​ៗ ប៉ុន្តែ​ព័ទ្ធ​ជុំវិញ​ដោយ​មនុស្ស​លាក់​ពុត បោក​ប្រាស់ វា​មិន​ស្មើ​នឹង​មាន​មិត្ត​​យល់​ចិត្ត​បី​បួន​នាក់ អង្គុយ​ផឹក​តែ​ ព្រោកប្រាជ្ញ​គ្នា​នោះ​ឡើយ។

៨. ការ​ឃ្លាត​ឆ្ងាយ​រវាង​បង​ប្អូន​ជា​សាច់​ឈាម​បង្កើត គឺ​ជា​ការ​ឈឺចាប់​​ខ្លាំង​មួយ​ ដូច្នេះ​ហើយ​គួរ​តែ​ចេះ​លើក​លែង អភ័យទោស អត់ធ្មត់​ខ្លះ ដើម្បី​ឲ្យ​ចិត្ត​របស់​យើង​ទូលាយ និង​​មាន​ភាព​កក់ក្ដៅ។

៩. ចំពោះ​ការ​សង​គុណ​ឪពុក​ម្ដាយ​ សូម​​ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ កុំ​​ធ្វើ​បុណ្យ​ធំ​គគ្រឹកគគ្រេង​ពេល​ឪពុក​ម្ដាយ​​ស្លាប់ ប៉ុន្តែ​បែរ​ព្រងើយ​កន្តើយ​ពេល​នៅ​រស់។ ការ​ពិត​​ឪពុក​ម្ដាយ​មិន​​​បាន​ត្រូវ​ការ​ឲ្យ​កូន​ចំណាយ​​លុយ​ច្រើន​មក​លើ​ខ្លួន​នោះ​ទេ ប៉ុន្តែ​គាត់​គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​កូន​និយាយ​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន សួរនាំ​ខ្វាយខ្វល់​សុខទុក្ខ​របស់​គាត់ និង​នៅ​​ស្ដាប់​រឿង​​ដែល​គាត់​និយាយ​ ក៏​គាត់​សប្បាយ​ចិត្ត​ទៅ​ហើយ។  

១០. តំណែង​ និង​កិត្តិយស​គឺ​គ្រាន់​តែ​ជា​កែវ​ទទេរ​​មួយ ប៉ុន្តែ​អត្តចរិត និង​ការ​អប់រំ ទើប​ជា​អ្វី​ដែល​ស្ថិត​ក្នុង​កែវ​នោះ។ កែវ​​ដែល​ស្អាត តែ​បើ​ខាង​ក្នុង​មាន​តែ​ទឹក​កខ្វក់​នោះ​ វា​ក៏​គ្មាន​តម្លៃ ហើយ​កែវ​ដែល​សាមញ្ញ នឹងមាន​តម្លៃ​ បើ​ខាង​ក្នុង​ជា​ទឹក​​មាន​តម្លៃ។

មើល​ថែ​សុខភាព​រាង​កាយ​អ្នក​ឲ្យ​បាន​ល្អ គ្រប់​យ៉ាង​លើ​លោក​នេះ​​មិន​មែន​ជា​របស់​យើង​នោះ​ទេ មាន​តែ​សុខភាព​នេះ​ហើយ​ដែល​ជា​​ទ្រព្យ​របស់​យើង ៕

ចុចអាន៖

ប្រភព៖ jitsook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន