៣វិធីយកឈ្នះមនុស្សច្រណែន ឈ្នានីសអ្នក ដោយមិនបាច់សងសឹក
- 2018-05-13 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣វិធីយកឈ្នះមនុស្សច្រណែន ឈ្នានីសអ្នក ដោយមិនបាច់សងសឹក
អត្ថបទនេះ កញ្ញា សូមផ្ញើជូនជាពិសេសសម្រាប់អ្នកកំពុងមានអារម្មណ៍ថាដូចជាកំពុងដើរលុយក្នុងភ្លើង។
ជឿជាក់ថា អ្នកគ្រប់គ្នាប្រាកដជាធ្លាប់ជួបបញ្ហាដែលត្រូវគេច្រណែន និយាយមួលបង្កាច់ ។ល។ ហើយមិនដឹងថាត្រូវធ្វើដូចម្ដេចល្អ។ អ្នកប្រាកដជាមិនចង់ “បន្ទាបខ្លួន” ទៅឈ្លោះ ឬអធិប្បាយការពិត ឲ្យអ្នករាល់ៗគ្នាដែល “ត្រចៀកស្រាល” នោះឡើយ ព្រោះទោះបីខំបកស្រាយយ៉ាងណា ក៏មនុស្សប្រភេទនេះនៅតែរករឿងបង្ខូចអ្នកទាល់តែបាន ដោយព្យាយាមនិយាយយកតែឈ្នះ គ្មានហេតុផល ក្បាលកន្ទុយអ្វីឡើយ។
មូលហេតុគឺដោយសារគោលបំណងរបស់គេ មិនមែន “ចង់បានការពិត” នោះទេ ប៉ុន្តែគឺ “ត្រូវការឲ្យអ្នកអាប់ឱន” ទើបពួកគេអាចសប្បាយចិត្ត (មនុស្សដែល “មើលឃើញតម្លៃខ្លួនឯងទាប” រមែងរិះរកវិធីធ្វើបាបអ្នកដទៃ ដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ខ្ពស់បន្តិច)។
បើអ្នកទៅឈ្លោះគ្នាជាមួយមនុស្សទាំងអស់នេះ បញ្ហានឹងគ្មានថ្ងៃបញ្ចប់ឡើយ តែផ្ទុយទៅវិញការឈ្លោះគ្នានេះ នឹងបំផ្លាញភាពស្ងប់សុខរបស់អ្នក។ ខាងក្រោមនេះ កញ្ញា មានវិធីខ្លះៗដើម្បីមកចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នាសម្រាប់ដោះស្រាយបញ្ហាបែបនេះ៖
១. កុំភ្លេចថា មនុស្សដែលច្រណែន មានគំនិតអាក្រក់ ស្អប់ខ្ពើមអ្នកដទៃ គឺប្រៀបដូច “ធ្លាក់នរកទាំងរស់” បាត់ទៅហើយ
ចិត្តក្ដៅឆួល ក្រហល់ក្រហាយ ស្ត្រេស... ទាំងនេះហើយគឺជា នរក។ ធ្លាប់ឮគេនិយាយឬអត់ថា “ឋានសួគ៌នៅក្នុងចិត្ត នរកក៏នៅក្នុងចិត្ត”? ចិត្តច្រណែន ស្អប់ខ្ពើមអ្នកដទៃ គឺជា “ការដាក់ទោស” មនុស្សទាំងអស់នោះ ស្រាប់ទៅហើយ ហើយជាកម្មពៀរដែលយើងអាចឃើញភ្លាមៗផ្ទាល់នឹងភ្នែក។
កុំទៅគិតសងសឹកពួកគេអី ទុកឲ្យ “កម្មពៀរ” ជាអ្នកចាត់ការពួកគេទៅ គឺល្អបំផុត ព្រោះបើអ្នកតបទៅវិញដោយផ្លូវអាក្រក់នោះ អ្នកនឹងអាចប្រឡូកប្រឡាក់កម្មពៀរដែរ។
២. ចំណុចសំខាន់គឺ កុំបណ្ដោយឲ្យមនុស្សបែបនេះទាញអ្នកចូល “នរកក្នុងចិត្ត” ជាមួយគេដែរ
អ្នកត្រូវជ្រើសរើសយក “ឋានសួគ៌នៅក្នុងចិត្ត” ដោយមិនបាច់ចុះទៅ “កើតទុក្ខ” ជាមួយពួកគេឡើយ ទោះបន្តិចបន្តួចក៏ដោយ ព្រោះបើអ្នកព្រមកាត់បន្ថយក្ដីសុខ និងក្ដីស្ងប់ក្នុងចិត្ត នោះអ្នកនឹងមានទុក្ខច្រើន ដោយសារមនុស្សរបៀបនេះ។ មានន័យថា “គេយកឈ្នះអ្នកបានហើយ”។
ផ្ទុយទៅវិញ មនុស្សដែលច្រណែនអ្នក ស្អប់អ្នក នឹងកាន់តែពិបាកក្នុងខ្លួននៅពេលដែលឃើញអ្នកមានក្ដីសុខ។ ដូច្នេះហើយ ទើបគេនិយាយថា “ការសងសឹកដែលល្អបំផុត គឺត្រូវជោគជ័យកាន់តែខ្លាំង!”
៣. Take Action បញ្ចេញសកម្មភាពការពារខ្លួនឯង
ការមិនព្រមឲ្យទឹកមាត់អ្នកដទៃ មកក្លាយជា “ថ្នាំពិស” ក្នុងចិត្តរបស់អ្នក មិនមែនមានន័យថា អ្នកយល់ព្រមធ្វើជា “កម្រាលជូតជើង” ឲ្យអ្នកដទៃនោះទេ។ ដំណោះស្រាយល្អអ្នកត្រូវ
១. ការពារចិត្តមិនឲ្យ គិតអវិជ្ជមាន និងកើតទុក្ខទៅតាមអ្នកដទៃដែលគិតអាក្រក់មកលើយើង
២. មានវិធានការការពារខ្លួនឯង ព្រោះយើងត្រូវធ្វើជា “មនុស្សឆ្លាត និងចេះវៃ” ដែរ។
សរុបមក ក្ដីសុខទាំងអស់របស់អ្នក គឺអ្នកជាអ្នកគ្រប់គ្រង ១០០% ព្រោះក្ដីសុខស្ថិតនៅក្នុងចិត្តរបស់អ្នកផ្ទាល់។ កុំបន្ទាបខ្លួនទៅឈ្លោះតបជាមួយមនុស្សអាក្រក់ ដោយវិធីអាក្រក់ដូចគ្នា ព្រោះពួកគេពូកែជាងអ្នកទៅទៀត ចំពោះវិធីថោកទាបបែបនោះ ៕
ចុចអាន៖