ធ្វើបាន៥លើ៨ចំណុចនេះ អ្នកគឺជាភរិយាដែលស្វាមីស្រឡាញ់បំផុតហើយ
- 2018-05-30 06:20:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើបាន៥លើ៨ចំណុចនេះ អ្នកគឺជាភរិយាដែលស្វាមីស្រឡាញ់បំផុតហើយ
ក្រោយរៀបការ អ្វីដែលស្វាមីភរិយារំពឹងពីគ្នាអាចមានច្រើន តែថ្ងៃនេះ អ្វីដែលកញ្ញានឹងលើកមកនិយាយពីទង្វើរបស់ភរិយាដែលអាចចងចិត្តស្វាមីឱ្យស្រលាញ់ងប់ងុល ដោយមិនចាំបាច់តែរឿងលើគ្រែមួយមុខនោះទេ។ បើអ្នកអាចធ្វើបាន៥ចំណុចក្នុងចំណោមនេះ អ្នកនឹងឃើញថាស្វាមីផ្ដល់ក្ដីស្រឡាញ់ចំពោះអ្នកគឺច្រើនជាងអ្វីដែលអ្នករំពឹងទុក។
១.បង្ហាញអារម្មណ៍មោទក ឬចេះលើកសរសើរប្ដី
អ្វីដែលបុរសត្រូវការគឺការពោលសរសើរពីមនុស្សដែលខ្លួនស្រឡាញ់។ វាបង្ហាញថាគាត់ពិតជាធ្វើបានល្អ ហើយមានសមត្ថភាពពិតប្រាកដ និងមានការគាំទ្រជានិច្ចពីអ្នកដែលជាភរិយា។
២.ចេះគ្រប់គ្រងលុយកាក់
ក្នុងជីវិតរៀបការរបស់បុរសតែងចង់បានអ្នកដែលជួយសន្សំសំចៃ និងធ្វើឱ្យហិរញ្ញវត្ថុក្នុងគ្រួសារបានកើនឡើង។ ជាធម្មជាតិ បុរសមិនសូវពូកែរឿងទុកដាក់លុយកាក់ និងសន្សំសំចៃឡើយ។ ហេតុនេះហើយបើអ្នកជានារីដែលចេះដឹងពីវិធីចាយវាយ និងសន្សំសំចៃសម្រាប់កាលៈទេសៈចាំបាច់ទាំងឡាយសម្រាប់ក្រុមគ្រួសារ នោះនឹងធ្វើឱ្យប្ដីរបស់អ្នកមានមោទកភាព និងកោតសរសើរអ្នកមិនដាច់ពីមាត់។
៣.ចេះតបគុណឪពុកម្ដាយទាំងសងខាងបានស្មើគ្នា
អ្នកណាក៏ចេះស្រឡាញ់ដឹងគុណឪពុកម្ដាយរបស់ខ្លួនដូចគ្នា ហើយភាគច្រើនសម្ពាធរបស់បុរសក្រោយរៀបការរួច គឺទំនាក់ទំនងរបស់ប្រពន្ធនិងម្ដាយរបស់ខ្លួន ដែលអាចមានបញ្ហាច្រើន។ ប៉ុន្តែបើបានប្រពន្ធដែលចេះបែងចែកសម្រាប់ការតបគុណឪពុកម្ដាយទាំងសងខាង មិនប្រកាន់ថាខាងនេះខាងនោះ ស្វាមីនឹងសប្បាយចិត្ត និងកក់ក្ដៅក្នុងចិត្ត។
៤.ចេះដឹងទុក្ខធុរៈរឿងលើគ្រែ
សម្ព័ន្ធភាពរវាងប្ដីប្រពន្ធគឺជារឿងសំខាន់។ ក្នុងនាមជាភរិយាគួរចេះបង្កើតសកម្មភាពបែបរ៉ូមែនទិក ដូចជាបបួលគ្នាទៅមើលកុនតែពីរនាក់ ឬទៅកន្លែងណាដែលអាចធ្វើរឿងផ្អែមល្ហែមជាមួយគ្នា។ ក្រៅពីនេះ ប្រពន្ធក៏ត្រូវដឹងថាគួរផ្គាប់ផ្គុនស្វាមីរឿងលើគ្រែដោយវិធីណា ដូចជាការឱបថើប ឬការនិយាយពាក្យផ្អែមជាដើម។
៥.ចេះគ្រប់គ្រងអារម្មណ៍ និងដោះស្រាយបញ្ហាដោយសន្តិវិធី
បើនិយាយពីឈ្មោះជាប្ដីប្រពន្ធ គេចមិនផុតឡើយពីរឿងឈ្លោះប្រកែក មាត់ធំមាត់តូចដាក់គ្នា។ ប៉ុន្តែភាគីទាំងពីរត្រូវចេះសង្កត់ចិត្តរៀងខ្លួន ហើយយកបញ្ហាមកដោះស្រាយនៅពេលបាត់ខឹង។ ជានារីតែងត្រូវការឱ្យមនុស្សដែលខ្លួនស្រឡាញ់មកតាមអង្វរ ឬលួងលោម ប៉ុន្តែអ្នកក៏ត្រូវមើលផងដែរថា តើបញ្ហានោះធំឬតូច ជាប្រភេទបញ្ហាបែបណា មិនមែនត្រូវតែឱ្យគេមកលួងរហូតនោះទេ។
៦. ចេះស្រលាញ់ខ្លួនឯង
ក្នុងចំណុចនេះចង់សំដៅលើការចេះថែរក្សារូបសម្រស់និងសុខភាពខ្លួនឯង។ មិនមែនអាងតែរៀបការរួច លែងគិតគូរពីរូបសម្រស់ លែងតុបតែងមុខ ធ្វើសក់ឱ្យបានស្អាតបាត ឬស្លៀកពាក់ឱ្យឡូយឆាយដូចពេលនៅលីវទេ។ មនុស្សប្រុសស្រឡាញ់ភាពស្អាតរបស់នារី ហើយបើរៀបការហើយ មើលមកប្រពន្ធមិនចេះរៀបចំខ្លួន ហើយមិនចេះថែទាំសុខភាព ញ៉ាំអីមិនគិត ងាកឈឺៗ នោះចំណងអាពាហ៍ពិពាហ៍ក៏អាចនឹងបញ្ហាទៅតាមនោះដែរ។
៧. ចេះចាត់ចែងការងារក្នុងនិងក្រៅផ្ទះ
ជានារីសម័យថ្មី មិនមែនត្រូវចេះតែការងារក្នុងជើងក្រាន ចានឆ្នាំងមួយមុខទេ ហើយក៏មិនមែនមិនចេះការងារក្នុងផ្ទះសោះនោះដែរ។ ប្រពន្ធឆ្លាតវៃតែងដឹងពីវិធីរៀបចំផ្ទះសម្បែង ដាំស្ល ធ្វើម្ហូបណាដែលប្ដីចូលចិត្ត ម្ហូបណាដែលកូនចូលចិត្ត ហើយម្ហូបណាដែលចាស់ទុំក្នុងផ្ទះចូលចិត្ត។ ក្រៅពីនេះ នារីដែលទាន់សម័យក៏ចេះពីវិធីរកលុយសម្រាប់ខ្លួនឯងដែរ មិនមែនចាំតែហុចដៃសុំលុយប្ដីមួយមុខនោះទេ។
៨. មានផែនការសម្រាប់អនាគត
បើបានប្រពន្ធដែលចេះជួយគិតគូរពីអនាគតគ្រួសារ ស្វាមីនឹងសប្បាយចិត្តរីកថ្លើម ព្រោះបន្ទុកគ្រួសារមិនគួរទម្លាក់តែលើស្វាមីម្នាក់ឯងនោះទេ។ អ្នកគួរចេះលើកផែនការណាមួយមកពិភាក្សាជាមួយប្ដីឱ្យបានញឹកញាប់ ដូចជា ផែនការមានកូន ផែនការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ឬផែនការសម្រាប់អនាគតកូនៗជាដើម៕
ចុចអាន៖
ប្រពន្ធដែលជួយឲ្យប្ដីចម្រុងចម្រើន អាចធ្វើរឿងទាំង ៦ នេះបានដោយខ្លួនឯង
១០ចំណុចកូនស្រីត្រូវចាំជាប់ក្នុងចិត្ត មុនពេលរៀបការ ទើបមិនឈឺចាប់នៅពេលក្រោយ