១០ចំណុចកូនស្រីត្រូវចាំជាប់ក្នុងចិត្ត មុនពេលរៀបការ ទើបមិនឈឺចាប់នៅពេលក្រោយ
- 2018-05-26 00:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ចំណុចកូនស្រីត្រូវចាំជាប់ក្នុងចិត្ត មុនពេលរៀបការ ទើបមិនឈឺចាប់នៅពេលក្រោយ
ជីវិតគ្រួសារក្រោយរៀបការហើយ ពិតជាមិនងាយស្រួលដូចរឿងប្រលោមលោកដែលយើងធ្លាប់បានអាននោះទេ។ ដូចចាននៅក្នុងរាវ ច្បាស់ជានឹងប៉ះទង្គិចគ្នាចៀសមិនបាន។ ដូច្នេះកូនស្រីគ្រប់រូបគួរប្រាប់ខ្លួនឱ្យចងចាំរឿងទាំង១០ខាងក្រោមនេះ ទើបមិនធ្វើឱ្យខ្លួនឯងឈឺចាប់ ពេលមានបញ្ហាក្នុងគ្រួសារប្ដីប្រពន្ធ។
១. ក្នុងមួយជីវិតនេះ អ្នកដែលស្រលាញ់អ្នកខ្លាំង និងស្មោះស្ម័គ្របំផុត គឺមានតែឪពុកម្ដាយនិងខ្លួនអ្នកតែប៉ុននោះ។ ទោះបីបុរសដែលស្រលាញ់អ្នកពោលក្ដែងៗថា ស្រលាញ់អ្នកលើសអ្វីទាំងអស់ តែគ្មានអ្នកណានឹងហ៊ានលះបង់ដើម្បីអ្នកដូចឪពុកម្ដាយរបស់អ្នកឡើយ។
២. ត្រូវរៀនផ្ដល់ក្ដីស្រលាញ់ឱ្យខ្លួនឯងឱ្យបានច្រើនស្មើនឹងក្ដីស្រលាញ់ដែលអ្នកចែករំលែកទៅស្វាមី។ បានន័យថា បើអ្នកប្រគល់ការស្រលាញ់ទៅស្វាមី៥០% ត្រូវចេះទុក៥០%ទៀតសម្រាប់មើលថែខ្លួន ព្រោះគ្មានអ្នកណាដឹងពីអនាគតបានឡើយ។ ត្រូវចាំថា វាជាការស្រលាញ់ដែលអ្នកត្រូវដកទុកសម្រាប់ស្រលាញ់ខ្លួនឯង មិនមែនសម្រាប់ចែករំលែកឱ្យជនទីបីដែលនាំឱ្យរកាំរកូសគ្រួសារឡើយ។
៣. នារីរឹងមាំមិនចាំបាច់ទាល់តែពូកែរកលុយឱ្យបានច្រើននោះទេ តែត្រូវចេះរកលុយចាយដោយខ្លួនឯងខ្លះ មិនត្រូវពឹងប្ដីទាំងស្រុងឡើយ។ ទោះយ៉ាងណា ការរកលុយចាយខ្លួនឯងនេះមិនមែនសម្រាប់យកទៅចាយខុសផ្លូវនោះទេ តែវាសម្រាប់ការចាយវាយលើអ្វីដែលខ្លួនយើងស្រលាញ់ចង់បាន ដោយមិនចាំបាច់លាដៃសុំលុយប្ដី សូម្បីតែលើរបស់បន្តិចបន្តួច។
៤. បុរសពេលរៀបការរួចគឺត្រូវការអ្វីច្រើនជាងនេះពីប្រពន្ធ។ អ្វីដែលកូនស្រីគួរធ្វើសម្រាប់ស្វាមីនៅពេលនេះគឺ ធ្វើជាប្អូនស្រីដែលចេះញ៉ិកញ៉ក់គួរឱ្យស្រលាញ់ ជាមិត្តល្អម្នាក់ដែលអាចប្រឹក្សាយោបល់ជាមួយបានគ្រប់ពេល ធ្វើជាភរិយាដែលអាចឱ្យប្ដីដើរចេញទៅក្រៅដោយមានមោទកភាព និងជំនឿចិត្ត ពេលនៅផ្ទះ ធ្វើជាម្ដាយដែលអាចផ្ដល់ក្ដីស្រលាញ់ដល់កូនៗបាន និងចេះចាត់ចែងការងារផ្ទះ។
ពេលនៅលើគ្រែ គឺជានារីដែលមានមន្តស្នេហ៍ ចេះផ្ដល់ការថ្នាក់ថ្នម ហើយពេលមានព្យុះភ្លៀង ឬមានបញ្ហា គឺជាអ្នកដែលចេះវិភាគបានវែងឆ្ងាយ និងរួមដោះស្រាយជាមួយស្វាមីបានយ៉ាងម៉ត់ចត់។ សម្រាប់បុរស នារីបែបនេះគឺជាគ្រាប់ពេជ្រសម្រាប់គ្រួសារ និងខ្លួនគាត់ខ្លាំងណាស់។
៥. កុំបង្រៀនឱ្យមនុស្សប្រុសទទួលបានការលើកលែងច្រើនដងពេក។ អ្នកអាចឱ្យគាត់ធ្វើខុសនៅលើកទី១ តែកុំឱ្យគាត់បានចិត្ត មានឱកាសធ្វើឱ្យអ្នកឈឺចាប់ជាលើកទី២ឱ្យសោះ។ ត្រូវចេះអធ្យាស្រ័យ តែក៏មិនត្រូវបើកឱ្យមានកំហុសច្រើនដងពេកដែរ ព្រោះវានឹងក្លាយទៅជាទម្លាប់ និងជាលេស ដោយគ្រាន់តែប្រើពាក្យ "សុំទោស" ជាមិនខាន។
៦. កូនៗគឺជារបស់មានតម្លៃក្នុងជីវិតអ្នក តែក៏កុំភ្លេចយកពេលមើលថែខ្លួនអ្នក។ ត្រូវចេះស្រលាញ់ខ្លួនឯងគ្រប់ពេល មិនថាក្នុងវ័យចាស់កម្រិតណាក៏ដោយ។ មិនត្រូវគិតថា មានកូន មានប្ដីហើយ មិនបាច់ថែរក្សាសម្រស់ ឬតែងខ្លួនឱ្យអ្នកណាមើលឡើយ។ មើលថែរក្សាសុខភាពខ្លួនឯង ទើបជានារីឆ្លាត។ ត្រូវប្រាប់ខ្លួនឯងរឿយៗថា បើទូលរបស់ធ្ងន់ គេអាចជួយទូលបាន តែបើទូលជំងឺ គ្មានអ្នកណាអាចមកឈឺជំនួសយើងបានឡើយ។
៧. ត្រូវចាំថា ប្ដីប្រពន្ធឈ្លោះគ្នាគឺជារឿងដែលត្រូវដោះស្រាយ មិនមែនជាការដើរចេញឡើយ។ មានរឿងអីក៏ដោយ ដាច់ខាតត្រូវរកពេលនិយាយគ្នាឱ្យដឹងខុសត្រូវ មិនត្រូវតមមាត់តមសម្ដីរៀងខ្លួន ហើយដើរចេញចោលផ្ទះឡើយ។ ការតមសម្ដីមិនស្ដីរកគ្នាយូរអាចធ្វើសម្លាប់ជីវិតអាពាហ៍ពិពាហ៍នេះបាន។
៨. មនុស្សស្រី ក្រោយរៀបការរួច មានរបស់បីយ៉ាងដែលមិនអាចបោះបង់ចោលបាន។ ត្រូវទទួលស្គាល់ថា គ្មានអ្នកណាអាចរស់នៅជាមួយយើងបានរហូតនោះទេ។ បើគេមិនអាចរស់នៅជាមួយយើងបាន គួរកាត់ចិត្ត ហើយទទួលស្គាល់ការពិត មិនមែនត្រូវឱបក្រសោប ទ្រាំរស់នៅជាមួយគ្នាទាំងគ្មានក្ដីសុខឡើយ។ មិនថាអ្នកមានបញ្ហាត្រូវបែកគ្នាជាមួយប្ដី ដោយសារដោះស្រាយមិនបាន ឬរស់នៅជាមួយគ្នាលែងបានក៏ដោយ តែរបស់៣យ៉ាងនេះដាច់ខាតមិនត្រូវបោះបង់ឡើយ គឺ រូបសម្រស់ កូនៗ និងលុយ។
៩. រវាងម្ដាយក្មេកនិងកូនប្រសាច្បាស់ជាមិនអាចជិតស្និទ្ធ ឬកក់ក្ដៅដូចម្ដាយនិងកូនស្រីបង្កើតឡើយ។ ប៉ុន្តែត្រូវចាំថា កូនស្រីត្រូវប្រណិប័តន៍ឱ្យបានល្អជាមួយម្ដាយក្មេកឱ្យបានដូចអ្វីដែលកូនប្រណិប័តន៍ចំពោះម្ដាយបង្កើតដែរ ឬហោចណាស់បង្ហាញទង្វើល្អឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
១០. ត្រូវចាំក្នុងចិត្តថា "ជនទី៣" បើមនុស្សប្រុសមិនអនុញ្ញាត ពួកគេក៏មិនហ៊ានចូលមកបំផ្លាញទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកបានដែរ។ កុំជឿឱ្យសោះ ពេលមនុស្សប្រុសប្រាប់ថា មិនបានដឹង មិនបានស្រលាញ់ គឺនាងចង់តោងទេ។ នេះគ្រាន់តែជាលេសប៉ុណ្ណោះ។ មនុស្សប្រុស ជាពិសេសនៅពេលរៀបការរួច ជាមនុស្សចេះគិត និងអាចចាត់ចែងរឿងរ៉ាវបាន ឱ្យតែគេចង់៕
ចុចអាន៖ កុំឲ្យនៅអាល័យជីវិតនៅលីវ គួរធ្វើរឿងទាំងនេះឲ្យហើយសិន សឹមរៀបការ
ចុចអាន៖ មុនរៀបការបុរសគួរតែអានអត្ថបទនេះសិនព្រោះនេះជាទុក្ខលំបាករបស់ប្រពន្ធដែលនាងចង់ឲ្យអ្នកដឹង