ប្រពន្ធនិងស្រីខុសគ្នាត្រង់ណា? ប្រពន្ធលេងមួយក្បាច់នេះ ​ធ្វើ​ឲ្យប្ដី​ស្បថ​លែង​ចង់​មាន​ស្រី​ទៀត

  • 2018-05-25 10:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​កាល​នៅ​ជា​សង្សារ​ស្រលាញ់​គ្នា​ផ្អែម​ល្ហែម​យ៉ាង​ណា ប៉ុន្តែ​ក្រោយ​រៀបការ​ហើយ​ ស្នេហា​​នឹង​មាន​ភាព​ផ្អែមល្ហែម​តិច​ជា​ង​មុន។ ជីវិត​បែប​នេះ​ ដំបូង​ៗ​អាច​នឹង​មាន​អារម្មណ៍​កក់ក្ដៅ ស្ងប់ស្ងាត់​ល្អ ប៉ុន្តែ​យូរ​ៗ​ទៅ​នឹង​ចាប់​ផ្ដើម​មាន​ភាព​ធុញ​ទ្រាន់។ នេះ​គឺ​ជា​ការ​ពិសោធន៍​ដែល​ស្វាមី​ភរិយា​គ្រប់​គូ​ត្រូវ​ឆ្លងកាត់​ឲ្យ​បាន ប៉ុន្តែ​អ្នក​ដែល​មិន​យល់​អាច​នឹង​​ដោះស្រាយ​បញ្ហា​ដោយ​វិធី​ខុស​ៗ ដូច​ជា​ការ​មាន​សហាយ​ស្មន់​ជន​ទី​៣។

មាន​បុរស​ម្នាក់​​​បាន​ចាប់​ផ្ដើម​ធុញ​ទ្រាន់​នឹង​ភាព​ស្ងប់ស្ងាត់​នៃ​ជីវិត​រៀបការ។ គេ​ចាប់​ផ្ដើម​យល់សប្តិឃើញ​មនុស្ស​ស្រី​ស្អាត​ៗ សិចស៊ី​រៀងរាល់​យប់ ហើយ​ថ្ងៃ​មួយ​គេ​ក៏​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថា “បើ​អាច​មាន​ស្រី​ក្រៅ​បាន​មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ”។

ប្រពន្ធ​នៅ​ពេល​ឃើញ​ប្ដី​របស់​ខ្លួន​ផុស​ដូច្នេះ នាង​ក៏​មិន​បាន​និយាយ​អ្វី។ ព្រឹក​បន្ទាប់​ នាង​ក៏​ប្រាប់​ប្ដី​ថា “ខ្ញុំ​នឹង​សុំ​ធ្វើ​ជា​ស្រី​របស់​បង”។ គេ​គិត​ថា​ប្រពន្ធ​ប្រាកដ​ជា​ខឹង​ដែល​គេ​បាន​ផុស​បែប​នោះ ដូច្នេះ​ហើយ​ក៏​មក​រក​រឿង​គេ ប៉ុន្តែ​នាង​ក៏​មិន​បាន​ឡូឡា​អ្វី​ដែរ ក្រៅ​ពី​និយាយ​ដោយ​អារម្មណ៍​យ៉ាង​ស្ងប់​ថា៖ “ធ្វើ​ប្រពន្ធ​គេ​យូរ​ហើយ ក៏​ធុញ​ដូច​គ្នា សាក​ធ្វើ​ជា​ស្រី​លួចលាក់​របស់​គេ​ម្ដង​ប្រហែល​ល្អ។ ខ្ញុំ​អាច​ជា​ប្រពន្ធ​មិន​ល្អ​គ្រប់គ្រាន់ ប៉ុន្តែ​អាច​ធ្វើ​ជា​ស្រី​ដែល​បាន​ពិន្ទុ ១០០ពេញ​ក៏​ថា​បាន”។

ឮ​បែប​នេះ ប្ដី​ក៏​យល់​ព្រម។ គេ​ចង់​ឲ្យ​នាង​ធ្វើ​ជា​​ស្រី​កំណាន់​ក្រៅ​ម៉ោង ដោយ​ធ្វើ​ជា​ប្រពន្ធ​ផង ជា​ស្រី​កំណាន់​ផង ប៉ុន្តែ​នាង​មិន​ព្រម។ នាង​ចង់​ធ្វើ​ជា​ស្រី​កំណាន់​សុទ្ធ​តែ​ម្ដង។

ល្ងាច​ថ្ងៃ​ដដែល​នោះ នាង​ក៏​ទូរសព្ទ​ទៅ​ប្ដី ដោយ​ប្រើ​សំឡេង​ផ្អែម​រលួយ​រហូត​​ធ្វើ​ឲ្យ​គេ​​ចង់​ទន់​ជង្គង់៖ “បង​ហ្អា នៅ​ក្បែរ​​ផ្សារ​ទំនើប​មាន​ហាង​លក់​អាហារ​បរទេស​ទើប​បើក​ថ្មី ឮ​ថា​ឆ្ងាញ់​ណាស់​ណា៎ ហើយ​មាន​បរិយាកាស​រ៉ូមែនទិក សក្ដិសម​សម្រាប់​គូ​ស្នេហ៍​ខ្លាំង​ម៉ង”។ ក្នុង​ចិត្ត​របស់​ប្ដី​ឡើង​រំភើប​ញាប់ញ័រ។ ក្រោយ​ពី​ញ៉ាំ​អាហារ​ដែល​ប្រពន្ធ​ធ្វើ​រាល់​ថ្ងៃ​ឡើង​ទ្រលាន់ ទី​បំផុត​ពេល​នេះ​ប្រពន្ធ​របស់​គេ ដែល​ក្លាយ​ជា​ស្រី​កំណាន់​របស់​គេ បាន​ផ្លាស់​ប្ដូរ​បរិយាកាស​ឲ្យ​កាន់​តែ​រ៉ូមែនទិក​​​វិញ​ម្ដង​ហើយ។

គេ​ប្រញាប់​ដើរ​ចូល​ក្នុង​ហាង ហើយ​ក៏​ឃើញ​ថា​ ប្រពន្ធ​របស់​ខ្លួន​មិន​បាន​ស្ថិត​ក្នុង​សភាព​ដូច​រាល់​ដង​នោះ​ទេ។ នាង​បាន​កាត់​សក់​ថ្មី Makeup យ៉ាង​ស្អាត​ខ្ញង់ សម្លៀក​បំពាក់​ក៏​សិចស៊ី​ ឃើញ​ហើយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​គេ​ខ្លាំង​ជាង​កាល​មិន​ទាន់​ការ​ទៅ​ទៀត។ គេ​សង្កេត​ឃើញ​ថា មាន​មនុស្ស​ប្រុស​មិន​តិច​ទេ​ចោល​ភ្នែក​ក្រឡេក​មើល​នាង​​មិន​ដាក់​នៅ​ពេល​នោះ។

ឃើញ​ប្ដី​ធ្វើ​មុខ​រាង​ភ្ញាក់​ផ្អើល សំឡឹង​មើល​ខ្លួន​​មិន​ដាក់​ភ្នែក​បែប​នេះ នាង​ក៏​ដើរ​ចូល​ទៅ​ខ្សឹប​ដល់​ត្រចៀក​ថា៖ “បង​គិត​ថា​ខ្ញុំ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​នឹង​ធ្វើ​ស្រី​របស់​បង​បាន​ហើយ​នៅ?”

បុរស​ជា​ប្ដី​ពេល​នេះ​មាន​អារម្មណ៍​ដូច​ជា​បេះដូង​កំពុង​លោត​ចេញ​ក្រៅ។ ខណៈ​កំពុង​ចាប់​ផ្ដើម​និយាយ​ញ៉ាំបាយ ញ៉ែ​​គ្នា​ជាមួយ​​ស្រី​កំណាន់​យ៉ាង​ល្អូកល្អិន អ្នក​បម្រើ​ហាង​ក៏​មក​ដល់​ល្មម​ព្រម​ទាំង​​ហុច​ក្រដាស​គិត​លុយ​ឲ្យ។ គេ​​ហុច​ដៃ​ទទួល​ធម្មតា​ ប៉ុន្តែ​ក៏​​រាង​ភ្ញាក់​បន្តិច​​ពេល​ឃើញ​ចំនួន​លុយ​អស់ ១០០ដុល្លារ។ ជា​ធម្មតា​ប្រពន្ធ​របស់​គេ​គឺ​ជា​អ្នក​ចាត់ចែង​រឿង​លុយកាក់ ហើយ​នៅ​ពេល​ចេញ​មក​ញ៉ាំ​បាយ​ខាង​ក្រៅ​ផ្ទះ​នាង​គឺ​ជា​អ្នក​ចេញ​លុយ។ ព្រោះ​ទម្លាប់​បែប​នេះ គេ​ក៏​ឲ្យ​អ្នក​បម្រើ​​ទៅ​យក​លុយ​ពី​នាង ប៉ុន្តែ​ប្រពន្ធ​ក៏​មិន​ខ្ចី​ទាញ​កាបូប​លុយ​ចេញ​មក ថែម​ទាំង​និយាយ​ថា៖ “មិន​ដែល​មាន​​ប្រុស​ណា​ឲ្យ​​ស្រី​ស្នេហ៍​ចេញ​លុយ​ឲ្យ​ទេ​”។

នៅ​ព្រឹក​បន្ទាប់ ប្រពន្ធ​ក៏​​និយាយ​ប្រាប់​ប្ដី​ថា ចាប់​ពី​ពេល​នេះ​ទៅ គេ​ត្រូវ​ទៅ​គេង​នៅ​បន្ទប់​ទទួល​ភ្ញៀវ។ នាង​ថា៖ “គ្មាន​សហាយ​ស្មន់​មែនទែន​ឯណា​គេង​ជាមួយ​គ្នា​​រហូត​​​ទេ”។ នាង​និយាយ​ ​មាន​ហេតុផល ដូច្នេះ​ចាប់​ពី​ថ្ងៃ​នោះ​មក ប្រពន្ធ​ក៏​គេង​ក្នុង​បន្ទប់​គេង ចំណែក​ប្ដី​ក៏​គេង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ។ អ្នក​ទាំង​ពីរ​មិន​អាច​និយាយ​គ្នា​មុន​ចូល​គេង ឬ​​ធ្វើ​អ្វី​ដូច​កាល​ពី​មុន​ទៀត​ទេ។

ព្រឹក​ឡើង ប្ដី​មាន​អារម្មណ៍​ថា​ហេវ​ខ្លាំង ក៏​ទៅ​អង្គុយ​អាន​កាសែត​នៅ​តុ​បាយ​ដូច​ទម្លាប់​​ជា​ប្រចាំ រង់​ចាំ​​ឲ្យ​ប្រពន្ធ​យក​អាហារ​ពេល​ព្រឹក​មក​ឲ្យ។ ប៉ុន្តែ​ប្រពន្ធ​មិន​បាន​ចូល​ចង្ក្រាន​ធ្វើ​អាហារ​ពេល​ព្រឹក​ទៀត​ឡើយ។ នាង​កំពុង​​តែ​រវល់​ញាប់​ដៃ​ជាមួយ​ការ​តុបតែង​មុខ​ឯណោះ។ គេ​ខឹង​ខ្លាំង ទ្រាំ​មិន​បាន​ក៏​សួរ៖ “ហើយ​ម៉េច អត់​ដាំបាយ​ធ្វើ​ម្ហូប​អី​ទេ​ហ្អី?”

“អាហ្នឹង​ការងារ​របស់​ប្រពន្ធ​តើ​បង” នាង​ឆ្លើយ​តប​វិញ​យ៉ាង​រំភើយ ហើយ​ក៏​បន្ត​​ទៀត​ថា៖ "​កុំ​ភ្លេច ៣០០ដុល្លារ​ ថ្លៃ​គ្រឿង​សម្អាង និង​ខោ​អាវ​ស្អាត​​ៗ​សម្រាប់​ស្រី​ស្នេហ៍"។

ជា​ច្រើន​ថ្ងៃ​បន្ទាប់​មក គេ​ក៏​គ្មាន​បាយព្រឹក​ហូប​ដូច​មុន អាហារ​ពេល​ល្ងាច​ក៏​ត្រូវ​ញ៉ាំ​ខាង​ក្រៅ​ផ្ទះ។ ប្រពន្ធ​លែង​ធ្វើ​ការងារ​ផ្ទះ ផ្ទះ​ដែល​ធ្លាប់​តែ​ស្អាត​ក៏​ប្រែ​ជា​គគ្រិច​រញ៉េរញ៉ៃ។ ថ្ងៃ​ទី​៤ បន្ទាប់​ពី​ក្រោក​ពី​គេង ទើប​គេ​ដឹង​ថា​ព្រឹក​នេះ​គេ​​អស់​ស្រោម​ជើង​ស្អាត​ពាក់​ហើយ ហើយ​ក៏​គ្មាន​អាវ​ទុក​ប្ដូរ​ដែរ។ ប្រពន្ធ​ក៏​មិន​ចាប់​អារម្មណ៍ ហើយ​ក៏​និយាយ​ដោយ​ចង្អុរ​ទៅ​គំនរ​ខោ​អាវ​ប្រឡាក់​ថា៖ “ហើយ​មាន​ស្រី​លួច​លាក់​ឯណា​​ទៅ​បោក​ស្រោម​ជើង​ឲ្យ​បង​ឯង បង​ឯង​បោក​ខ្លួន​ឯង​តិច​ទៅ!”។

​មុន​ចេញ​​ទៅ Shopping ប្រពន្ធ​លា​ដៃ​ពី​មុខ​ប្ដី ​ប្ដី​ក៏​បាន​ត្រឹម​តែ​ហុច​​កាត​ក្រេឌីត​ឲ្យ​។ បើ​ទោះ​បី​មិន​បាន​ចេញ​ទៅ​ទិញ​ជាមួយ​នាង ប៉ុន្តែ​ក្នុង​ចិត្ត​របស់​​គេ​ក៏​ចេះ​តែ​​រសាប់រសល់​​គ្រប់​ពេល ព្រោះ​ ទូរសព្ទ​ដៃ​របស់​គេ​បាន​លោត​សារ​មក​ថា៖ “សូម​អរគុណ​ដែល​បាន​ចំណាយ​ទឹក​ប្រាក់​តាម​រយៈ​កាត​ក្រេឌីត​ចំនួន ១០០០ដុល្លារ”។

មិន​យូរ​ប៉ុន្មាន ប្រពន្ធ​ក៏​មក​ដល់​ដោយ​យូរ​អីវ៉ាន់​រណែងរណោង។ ប្ដី​ឃើញ​ដូច្នេះ​ក៏​បញ្ចេញ​ទឹក​មុខ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង។ នាង​មិន​ចាប់​អារម្មណ៍​ថែម​ទាំង​និយាយ​ទាំង​ទឹក​មុខ​ហាក់​មាន​ក្ដី​សុខ​ថា៖ “មនុស្ស​ស្រី​អារម្មណ៍​ល្អ តែង​ខ្លួន​ស្អាត​ៗ គួរ​ឲ្យ​ចាប់​អារម្មណ៍ បង​គិត​ថា​គេ​ធ្វើ​ម៉េច? មិន​ដោយ​សារ​គេ​ទំនេរ ​និង​មាន​លុយ​ទេ​ហ្អី? ស្រី​លួច​លាក់​គេ​មិន​ដែល​ខ្វល់​ទេ ថា​អ្នក​ម្ខាង​ទៀត​​មាន​អី​ហូប ធ្វើ​ការ​ហត់​ឬ​អត់ មាន​អារម្មណ៍​បែប​ណា​ទេ ដូច្នេះ​ហើយ​នាង​ក៏​អាច​ទន់​ភ្លន់​ជាមួយ​បង​គ្រប់ពេល​គ្រប់​វេលា។ គ្រាន់​​ជា​ស្រី​កំដរ នាង​មិន​បាច់​នៅ​ជាមួយ​បង​មួយ​ជីវិត​ឯ​ណា ដូច្នេះ​នាង​ក៏​គ្មាន​អី​ត្រូវ​ខ្វល់​ដែរ ពេល​ចាយ​លុយ​របស់​បង មែន​អត់? អូន​ធ្វើ​ជា​ប្រពន្ធ​បង ១០ឆ្នាំ​ហើយ បង​ឲ្យ​កាដូ​អូន​ម្ដង​ៗ​តម្លៃ​មិន​ដែល​លើស​ពី ៣០ដុល្លារ​ទេ ប៉ុន្តែ​គ្រាន់​តែ​ធ្វើ​ស្រី​បង​បាន​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​ក៏​ចាយ​លុយ​បង​អស់​រាប់​ពាន់​ដុល្លារ។ មើល​ទៅ​ធ្វើ​ជា​ស្រី​អីចឹង​ហើយ​ស្រួល ខ្ញុំ​ធ្វើ​ជា​ស្រី​បង ស្រួល​ខ្លួន​ជាង​ធ្វើ​ជា​ប្រពន្ធ​បង​ឆ្ងាយ​ណាស់”។

នៅ​​ខែ​នោះ ប្រពន្ធ​មាន​ក្ដី​សុខ​ខ្លាំង​មែន​ទែន​ដែល​បាន​ធ្វើ​ខ្លួន​ជា​ស្រី​របស់​ប្ដី មិន​បាច់​ធ្វើ​ការងារ​ផ្ទះ ដើរ​លេង​សប្បាយ​ៗ​រាល់​ថ្ងៃ តែង​តែ​ខ្លួន​លាប​ម្សៅ​ស្អាត​ៗ ប៉ុន្តែ​ជីវិត​របស់​ប្ដី​របស់​នាង​ក៏​​ប្រែ​ជា​លំបាក។ សម្លៀក​បំពាក់​គ្មាន​អ្នក​បោក​ឲ្យ គ្មាន​អ្នក​ណា​ដាំបាយ​ធ្វើ​ម្ហូប​ឲ្យ​ញ៉ាំ ផ្ទះ​ក៏​ស្ទើរ​តែ​ក្លាយ​ជា​នរក​គ្មាន​របៀបរៀបរយ ចំណែក​លុយ ឃើញ​សារ​ធនាគារ​ម្ដង​ៗ​គេ​ឡើង​​ចង់​ខ្យល់​ចាប់។

គេ​លែង​ចង់​បែប​នេះ​ទៀត​ហើយ។ គេ​បាន​ទៅ​សុំ​ទោស​ប្រពន្ធ ដោយ​ប្រាប់​ថា ខ្លួន​មិន​បាន​យល់​នូវ​តម្លៃ​នៃ​​អ្វី​ដែល​ខ្លួន​មាន។ ត​ទៅ​នេះ គេ​នឹង​មើល​ថែ​នាង​​ឲ្យ​បាន​ល្អ ហើយ​ក៏​លែង​ចង់​មាន​ស្រី​​ត​ទៀត​ដែរ។ ប្រពន្ធ​ស្ងាត់​មាត់​មួយ​សន្ទុះ ហើយ​ក៏​ងក់​ក្បាល​យល់​ព្រម។

ព្រឹក​បន្ទាប់ គេ​ក៏​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​នាង​ធ្វើ។ ពេល​នោះ​រំភើប​ចិត្ត​ដល់​ថ្នាក់​ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ នៅ​ទី​បំផុត​ គេ​ក៏​យល់​ហើយ​ថា មាន​​ស្រី​គឺ​គ្រាន់​តែ​​មក​​​បន្ថែម​​អារម្មណ៍​ខ្វះខាត​បន្តិច​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​អារម្មណ៍​រោលរាល​នោះ​រលត់​បាត់​ទៅ ពួក​គេ​ក៏​ត្រូវ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ មនុស្ស​ប្រុស​ឆ្លាត​នឹង​ចាត់​ទុក​គ្រួសារ​សំខាន់​លំដាប់​ទី​មួយ​ជានិច្ច។ ការ​មាន​ជីវិត​គូ និង​មាន​ស្រី​លួចលាក់​ក្នុង​ពេល​តែ​មួយ​ វា​មិន​មែន​ស្រួល​ដូច​ដែល​យើង​គិត​នោះ​ទេ។

មនុស្ស​ប្រុស​ទាំង​ឡាយ​ដែល​គិត​ចង់​មាន​ស្រី ឬ​កំពុង​មាន​ស្រី សូម​គិត​ផង ថា​ប្រពន្ធ​របស់​អ្នក​បាន​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​ដើម្បី​អ្នក? កាល​ពី​មុន​ នាង​មាន​រាង​ស្អាត ផាត់​មុខ​លាប​ក្រចក​ឡើង​ស្អាត ប៉ុន្តែ​ពេល​នេះ​ នាង​គ្មាន​ពេល​មើល​ថែ​ខ្លួន​ឯង​ទៀត​ទេ ដោយ​រវល់​តែ​បោក​ខោ​អាវ ដាំបាយ ធ្វើ​ម្ហូប មើល​ថែកូន មើល​ថែ​ទាំ​ឪពុក​ម្ដាយ​ចាស់​ៗ​ផង។ នៅ​ពេល​រៀបការ​អ្នកបាន​ស្បថ​ថា នឹង​ធ្វើ​ឲ្យ​នាង​មាន​ក្ដី​សុខ​មួយ​ជីវិត ចុះ​ពេល​នេះ​អ្នក​ធ្វើ​បាន​ទេ?

កុំ​មាន​ស្រី ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ខូច​ចិត្ត។ ប្រពន្ធ​របស់​អ្នក​មិន​បាន​ជាប់​សាច់​ឈាម​អ្វី​ជាមួយ​អ្នក​នោះ​ទេ ប៉ុន្តែ​នាង​ព្រម​លះបង់​គ្រប់​យ៉ាង​ដើម្បី​អ្នក។ នោះ​ក៏​ព្រោះ​តែ​ក្ដី​ស្រលាញ់។ បើ​អ្នក​​បំផ្លាញ ជាន់​ឈ្លី​ទឹក​ចិត្ត​របស់​នាង វា​ក៏​មិន​មាន​អ្វី​ចម្លែក​ដែរ​ដែល​នាង​ជ្រើសរើស​ចេញ​ពី​ជីវិត​អ្នក។ សូម​មើល​ថែ​នាង​ឲ្យ​បាន​ល្អ ព្រោះ​នាង​​គឺ​ជា​មនុស្ស​ដែល​សក្ដិសម​បំផុត​នឹង​ទទួល​បាន​ការ​តបស្នង​បែប​ហ្នឹង ៕

ចុចអាន៖

ប្រភព៖ liekr ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម