“កុំចាំដល់ឃើញក្ដារមឈូស ទើបប្រាប់ថាស្រឡាញ់” ចំណាយពេលអានបន្តិចទៅ អ្នកមានប្ដីមានប្រពន្ធ
- 2018-02-05 09:08:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“កុំចាំដល់ឃើញក្ដារមឈូស ទើបប្រាប់ថាស្រឡាញ់” ចំណាយពេលអានបន្តិចទៅ អ្នកមានប្ដីមានប្រពន្ធ
ស្វាមីភរិយាមួយគូ សម្រេចចិត្តលែងលះគ្នាដោយហេតុផលការគិតមិនចុះសម្រុងនឹងគ្នា។ បើកុំតែយល់ពីអារម្មណ៍កូន ពួកគេប្រហែលលែងលះគ្នាយូរហើយ តែឥលូវនេះកូនរបស់ពួកគេធំល្មមនឹងអាចទទួលស្គាល់ការពិតបាន ដូច្នេះទើបពួកគេឯកភាពគ្នាទៅលែងលះនៅសាលាស្រុក។ ក្រោយលែងលះគ្នាចប់សព្វគ្រប់ ខាងប្ដីក៏ពោល៖
“ទៅញ៉ាំបាយជាមួយគ្នាមួយពេលទៅ”
ខាងស្រីក៏គិតថា យ៉ាងណាៗបានជាលែងគ្នាទៅហើយ ទៅញ៉ាំបាយជាមួយគ្នាមួយពេលក៏មិនអីដែរ។
កុម្ម៉ង់អាហាររួចរាល់មួយសន្ទុះ អ្នកលើកម្ហូបក៏លើកមុខម្ហូប ត្រីឆាជូរអែមមក រួចហើយខាងប្ដីក៏ដួសសាច់ត្រីឲ្យប្រពន្ធ។
“ញ៉ាំទៅ ខ្ញុំដឹង ម៉ាក់ចូលចិត្តត្រី”
ខាងស្រីក៏បើកភ្នែកធំៗដាក់ប្ដីហើយនិយាយឡើងថា៖
“បងឯងតែអីចឹង ចូលចិត្តគិតខ្លួនឯង ថាខ្លួនឯង យកតែចិត្តខ្លួនឯងជាធំ មានធ្លាប់គិតពីអារម្មណ៍អ្នកដទៃខ្លះអត់? រៀបការជាមួយគ្នាយូរហើយ បងមិនដែលដឹងអីបន្តិចសោះថាម្ហូបដែលខ្ញុំស្អប់បំផុតគឺត្រី!”
ខាងប្រុសឮបែបនេះក៏ក្ដៅឆេវភ្លាម
“អូនក៏មិនដែលយល់ពីបងបន្តិចដែរ បងខំយកចិត្តអូនគ្រប់យ៉ាង ឲ្យអូនដឹងថាបងស្រឡាញ់អូនប៉ុណ្ណា បងខំផ្ដល់របស់ល្អបំផុតឲ្យអូន ដឹងអត់ ម្ហូបដែលបងចូលចិត្តបំផុតក្នុងជីវិតនេះគឺត្រីជូរអែម!”
ក្រោយញ៉ាំបាយរួច ដោយសារការខ្លាចមានការផ្លាស់ប្ដូរចិត្ត ទាំងពីរនាក់ក៏សម្រេចថាមិនទាក់ទងគ្នារយៈពេលមួយខែ។
ក្រោយទៅដល់ផ្ទះរៀងខ្លួនមិនដល់ ១៥នាទី ទូរសព្ទរបស់ខាងប្រុសក៏រោទ៍ឡើង ដោយជាលេខរបស់ប្រពន្ធ។ គេស្ទាក់ស្ទើរមិនដឹងថាគួរលើកឬក៏អត់? តែទីបំផុតគេក៏សម្រេចចិត្តថាមិនលើក។
យប់នោះ ខាងប្ដីគេងរសាប់រសល់ ហាក់ដូចមានភ្លើងមួយដុំធំកំពុងឆាបឆេះក្នុងចិត្តរបស់គេ។ គេងើបអង្គុយមួយសន្ទុះធំ ហើយក៏សម្រេចចិត្តចុចទូរសព្ទទៅប្រពន្ធវិញដើម្បីសារភាពការពិតថាគេនៅតែស្រឡាញ់នាង ហើយក្នុងជីវិតនេះគេមិនអាចរស់ខ្វះនាងបានឡើយ។
ពេលទូរសព្ទទៅ ចូលហើយក៏គ្មានអ្នកលើក។ គេក៏ព្យាយាមតេទៅម្ដងហើយម្ដងទៀត ជាច្រើនដង ទីបំផុតក៏មានអ្នកទទួល។
“ហាឡូជម្រាបសួរ” សំឡេងបុរសចម្លែកម្នាក់ដែលគេមិនធ្លាប់ឮបាននិយាយ គេមានអារម្មណ៍ថាខឹងភ្លាម ដោយគិតថា នេះមិនទាន់បានមួយយប់ស្រួលបួលផងនាងមានអ្នកថ្មីហើយ? គេប្រុងនឹងដាក់ទូរសព្ទចុះ សំឡេងបុរសម្នាក់នោះក៏និយាយឮៗបន្ត៖
“បងជាប្ដីគាត់មែន? ឃើញគាត់ Save លេខដាក់ឈ្មោះថា ‘ប៉ារបស់កូន’”
“ហ្នឹងហើយ ខ្ញុំជាប្ដីរបស់នាង” គេឆ្លើយតបដោយសម្ដីគំរោះគំរើយមិនពេញចិត្ត “លោកប្រញាប់មកមន្ទីរពេទ្យឲ្យលឿនមក បងស្រីគ្រោះថ្នាក់ចរាចរណ៍ ពេលនេះអាការធ្ងន់ធ្ងរណាស់ លោកគ្រូពេទ្យកំពុងព្យាយាមជួយគាត់”
គេមានអារម្មណ៍តក់ស្លុតខ្លាំង ហើយក៏ប្រញាប់បើករថយន្តទៅកាន់មន្ទីរពេទ្យ។
ល្ងាចនោះ នៅពេលគេនិងនាងបែកគ្នា ដោយសារខូចចិត្តខ្លាំង នាងក៏ដើរឆ្លងផ្លូវទាំងអារម្មណ៍មិននៅក្នុងខ្លួនរហូតត្រូវរថយន្តបុក។ មុននាងសន្លប់បាត់ស្មារតី នាងបានទាញទូរសព្ទខលទៅរកប្ដី ប៉ុន្តែគេមិនទទួលទូរសព្ទរបស់នាងឡើយ។ “លោកគ្រូពេទ្យ ប្រពន្ធខ្ញុំយ៉ាងម៉េចហើយ លោកគ្រូពេទ្យសុំជួយជីវិតប្រពន្ធខ្ញុំផង ខ្ញុំសុំអង្វរ” និយាយរួចគេក៏លុតជង្គង់ក្រាបដល់ជើងគ្រូពេទ្យ។
លោកគ្រូពេទ្យលើកខ្លួនគេឡើងមកវិញហើយនិយាយថា៖
“ពួកយើងព្យាយាមអស់ពីសមត្ថភាពហើយ ប៉ុន្តែខួរក្បាលរបស់នាងរងប៉ះទង្គិចខ្លាំងណាស់ បើសិននាងដឹងខ្លួនវិញក៏ត្រូវក្លាយជាមនុស្សរុក្ខជាតិដែរ ដូច្នេះហើយសូមលោកត្រៀមចិត្តទុកផង”
ក្រោយមកគេក៏ត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់វះកាត់ ដោយនៅខណៈនោះលោកគ្រូពេទ្យ និងគិលានុបដ្ឋាកមួយក្រុមក៏ដើរចេញមក ហើយប្រាប់ថា៖
“ពួកខ្ញុំចូលរួមសោកស្ដាយផង ពួកខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ។ ប្រពន្ធរបស់លោកអាចមានជីវិតត្រឹមតែយប់នេះប៉ុណ្ណោះ លោកចូលទៅមើលនាងទៅ ប៉ុន្តែពេលនេះនាងនិយាយអ្វីលែងបានហើយ”
គេក៏ដើរចូលបន្ទប់វះកាត់ទាំងខ្លួនត្រជាក់ស្រេង សូម្បីម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ពេទ្យក៏នៅត្រជាក់មិនដល់ក្នុងចិត្តរបស់គេនៅពេលនេះឡើយ។
នៅលើគ្រែ សភាពរបស់ប្រពន្ធគេហាក់មើលលែងយល់ថាជានរណា ព្រោះមានក្រណាត់រុំពេញក្បាល សល់តែរង្វង់មុខដែលហើមធំ។
“មនុស្សល្អរបស់ប៉ា កុំកើតអីណា!” និយាយមិនទាន់ចប់ ទឹកភ្នែកគេក៏ធ្លាយចេញមកដូចភ្លៀង។
គេចាប់ដៃប្រពន្ធជាប់ណែន ក្រឡេកមើលផ្ទៃមុខរបស់នាង នៅពេលនេះភ្នែកទាំងគូរបស់នាងក៏មានហូរទឹកភ្នែកជោកថ្ពាល់ ហើយហាក់ដូចនាងកំពុងព្យាយាមហើបមាត់និយាយជាមួយគេ។
គេផ្អៀងត្រចៀកដាក់ជិតមាត់របស់ភរិយា
“អូន... តេទៅបង ព្រោះចង់... ប្រាប់បងថា ក្នុងទូរទឹកកក មាន… មាន... គាវ... បងអាចយកមកកម្ដៅហូប... ពេលល្ងាច ហើយចង់ប្រាប់បងថា អូន... ចូលចិត្តមីស្រុះដែលបងធ្វើ ហើយ… អូនស្រឡាញ់បងខ្លាំងណាស់…”
និយាយមិនទាន់ចប់សេចក្ដី មាត់របស់នាងក៏គាំង មិនអាចស្រូបខ្យល់ដង្ហើមចេញចូលទៀតបាន។ គេយំស្រែកដូចមនុស្សឡប់សតិ ដោយឱបរាងកាយប្រពន្ធយ៉ាងណែន។
មីស្រុះដែលនាងចូលចិត្តញ៉ាំ គេធ្លាប់ធ្វើតែម្ដងគត់គឺនៅពេលនាងឈឺ ហើយគេក៏គិតថាជាមីដែលពិបាកញ៉ាំបំផុតក្នុងជីវិតរបស់គេ!
ជីវិតរបស់មនុស្សយើងស្ដួចស្ដើង និងខ្លីណាស់ ខ្លីរហូតពេលខ្លះ យើងគ្មានសិទ្ធិសូម្បីតែនិយាយពាក្យថាស្រឡាញ់ឲ្យមនុស្សក្បែរខ្លួនយើងបានឮ។ ខ្លីព្រោះអ្វី? ស្ដួចស្ដើងព្រោះអ្វី? ព្រោះចង់ឈ្នះមែនទេ? ព្រោះទោសៈមែនទេ? ព្រោះអារម្មណ៍ឆេវឆាវមែនទេ? ហេតុអ្វីមិនកាត់បន្ថយខ្លះទៅចរិតចង់ឈ្នះនោះ? ហេតុអ្វីមិនបើកចិត្តទូលាយចំពោះគ្នា? ហេតុអ្វីមិនព្យាយាមយល់ពីគ្នា? ហេតុអ្វីនិយាយគ្នាដោយហេតុផលត្រឹមត្រូវ? “សូមកុំចាំដល់ឃើញក្ដារមឈូស ទើបហ៊ាននិយាយថាស្រឡាញ់មនុស្សក្នុងគ្រួសារ” ៕